អេសាយ 41:1-14
អេសាយ 41:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱកោះទាំងប៉ុន្មានអើយ ចូរនៅស្ងៀមនៅមុខយើងចុះ ហើយឲ្យប្រជាជាតិទាំងឡាយបានចម្រើនកម្លាំងឡើង ត្រូវឲ្យគេចូលមកជិត រួចឲ្យគេនិយាយចុះ ចូរយើងមូលគ្នាមកវិនិច្ឆ័យសម្រេចក្តីយើង។ តើអ្នកណាបានលើកម្នាក់ឡើងពីទិសខាងកើត ទាំងហៅមកដល់ជើងខ្លួនក្នុងសេចក្ដីសុចរិត ព្រមទាំងប្រគល់អស់ទាំងសាសន៍ដល់អ្នកនោះ ហើយលើកឲ្យគ្រប់គ្រងលើអស់ទាំងស្តេចផង ក៏យកគេដូចជាធូលី ប្រគល់ដល់ដាវរបស់អ្នកនោះ ហើយដូចជាចំបើង ដែលត្រូវផាត់តាមខ្យល់ ដោយធ្នូដែរ។ អ្នកនោះដេញតាមគេ ក៏ដើរដោយសុខសាន្ត ទៅតាមផ្លូវដែលជើងខ្លួនមិនដែលជាន់ឡើយ តើអ្នកណាបានធ្វើ ហើយសម្រេចការនេះ ដោយហៅអស់ទាំងតំណមនុស្សតាំងពីដើមមក គឺយើង យេហូវ៉ានេះ ដែលជាដើម ហើយជាអ្នកនៅជាមួយមនុស្សជាន់ក្រោយបង្អស់ដែរ គឺយើងនេះហើយ កោះទាំងប៉ុន្មានបានឃើញ ហើយក៏ភ័យខ្លាច អស់ទាំងចុងផែនដីក៏ញាប់ញ័រ គេនាំគ្នាចូលមកជិត។ គេជួយគ្នាទៅវិញទៅមក ហើយគ្រប់គ្នានិយាយដល់បងប្អូនខ្លួនថា "ចូរមានចិត្តក្លាហានឡើង" ដូច្នេះ ជាងឈើគេកម្លាចិត្តជាងទង ហើយអ្នកដែលផែដោយញញួរ ក៏កម្លាចិត្តដល់អ្នកដែលដំដែក ដោយនិយាយពីការផ្សាថា នេះល្អហើយ រួចក៏វាយភ្ជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណាឡើយ។ តែអ្នក ឱអ៊ីស្រាអែល ជាអ្នកបម្រើយើងអើយ ព្រមទាំងយ៉ាកុប ដែលយើងបានរើស ជាពូជអ័ប្រាហាំ ដ៏ជាសម្លាញ់របស់យើងផង គឺអ្នកដែលយើងបានចាប់នាំមកពីចុងផែនដី ហើយបានហៅមកពីទីឆ្ងាយបំផុត ដោយនិយាយនឹងអ្នកថា អ្នកជាអ្នកបម្រើរបស់យើង យើងបានរើសអ្នក មិនមែនបោះបង់ចោលអ្នកទេ កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។ មើល៍ អស់អ្នកដែលខឹងក្តៅក្រហាយនឹងអ្នក គេនឹងត្រូវខ្មាស ហើយជ្រប់មុខនៅ ពួកអ្នកដែលតតាំងនឹងអ្នក គេនឹងបានដូចជាទទេសោះ ហើយនឹងត្រូវវិនាសសូន្យទៅ។ អ្នកនឹងរកគេ គឺពួកអ្នកដែលតតាំងនឹងអ្នកនោះ តែមិនប្រទះឃើញឡើយ ឯពួកអ្នកដែលច្បាំងនឹងអ្នក គេនឹងបានដូចជាទទេសោះ ហើយដូចជារបស់ដែលគ្មានផង។ ដ្បិតយើងនេះ គឺយេហូវ៉ាជាព្រះនៃអ្នក យើងនឹងកាន់ដៃស្តាំអ្នក ដោយពោលនឹងអ្នកថា កុំឲ្យភ័យខ្លាចឡើយ យើងនឹងជួយអ្នក ឱយ៉ាកុបជាដង្កូវអើយ កុំឲ្យខ្លាចឡើយ ហើយអ្នករាល់គ្នា ជាពូជពង្សអ៊ីស្រាអែលដែរ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងជួយអ្នក ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គជាអ្នកប្រោសលោះអ្នក។
អេសាយ 41:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សម្នានៅតាមកោះ ទាំងឡាយអើយ ចូរនៅស្ងៀមស្ងាត់ស្ដាប់ខ្ញុំនិយាយ! ប្រជារាស្ត្រទាំងឡាយអើយ ចូរមានកម្លាំងឡើងវិញ ចូរនាំគ្នាបោះជំហានចូលមក រួចសឹមនិយាយ! យើងឡើងមក ដើម្បីរកខុសត្រូវជាមួយគ្នា។ តើនរណាបានហៅអ្នកដែលត្រូវរកយុត្តិធម៌ ឲ្យមកពីទិសខាងកើត? តើនរណាឲ្យលោកមានជ័យជម្នះ លើប្រជាជាតិទាំងឡាយ ព្រមទាំងបង្ក្រាបស្ដេចនានា? ដាវរបស់លោកកម្ទេចពួកគេ ឲ្យទៅជាធូលីដី ព្រួញរបស់លោកធ្វើឲ្យពួកគេខ្ចាត់ខ្ចាយ ដូចកម្ទេចចំបើងប៉ើងតាមខ្យល់។ លោកដេញតាមពួកគេ លោកឆ្លងកាត់ទ័ពរបស់គេ ដោយឥតមានគ្រោះថ្នាក់អ្វីឡើយ ជើងរបស់លោកក៏មិនបាច់ជាន់ដីដែរ។ តើនរណាបានគ្រោងទុក និងសម្រេចព្រឹត្តិការណ៍ទាំងនេះ? គឺព្រះអង្គដែលបានណែនាំមនុស្សគ្រប់ជំនាន់ តាំងពីដើមដំបូងរៀងមក។ យើងជាព្រះអម្ចាស់ដែលនៅមុនគេ ហើយយើងក៏នៅជាមួយ មនុស្សចុងក្រោយបង្អស់ដែរ។ ប្រជាជននៅតាមកោះនានាឃើញអ្នកនោះ ហើយនាំគ្នាភ័យខ្លាច។ ប្រជាជនដែលនៅទីដាច់ស្រយាលនៃផែនដី នឹងនាំគ្នាចូលមកជិត ទាំងញ័ររន្ធត់។ ពួកគេជួយគ្នាទៅវិញទៅមក ម្នាក់ៗពោលទៅកាន់បងប្អូនរបស់ខ្លួនថា “ចូរមានចិត្តក្លាហានឡើង!”។ ជាងចម្លាក់លើកទឹកចិត្តជាងស្មិត អ្នកដុតដែកលើកទឹកចិត្តអ្នកដំដែក ដោយពោលថា “ផ្សារដូច្នេះ ល្អណាស់!”។ បន្ទាប់មក គាត់យកដែកគោលមកដំភ្ជាប់ រូបចម្លាក់កុំឲ្យរង្គើ។ ចំពោះអ្នកវិញ ជនជាតិអ៊ីស្រាអែលជាអ្នកបម្រើរបស់យើង កូនចៅយ៉ាកុបដែលយើងបានជ្រើសរើស ពូជពង្សរបស់អប្រាហាំ ដែលជាមិត្តសម្លាញ់របស់យើងអើយ! យើងបានដឹកដៃអ្នក ពីស្រុកដាច់ស្រយាលនៃផែនដី យើងបានហៅអ្នកពីស្រុកចុងកាត់មាត់ញកមក យើងបាននិយាយទៅកាន់អ្នកថា: អ្នកជាអ្នកបម្រើដែលយើងបានជ្រើសរើស យើងនឹងមិនបោះបង់ចោលអ្នកឡើយ! កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាព្រះរបស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសម្តែងបារមី រកយុត្តិធម៌ឲ្យអ្នក។ ពួកចងកំហឹងនឹងអ្នក មុខជាត្រូវអាម៉ាស់ និងបាក់មុខ ពួកប្រឆាំងនឹងអ្នក មុខជាវិនាសបាត់បង់ និងរលាយសូន្យទៅ។ អ្នកនឹងស្វែងរកពួកដែលធ្លាប់ប្រឆាំងនឹងអ្នក តែរកពួកគេមិនឃើញទៀតទេ ពួកដែលធ្លាប់ធ្វើសឹកជាមួយអ្នក ប្រែជាសាបសូន្យ រលាយបាត់អស់ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងកាន់ដៃស្ដាំរបស់អ្នកហើយ យើងប្រាប់អ្នកថា: កុំភ័យខ្លាចអ្វី យើងជួយអ្នកហើយ! កូនចៅយ៉ាកុប! ពូជពង្សអ៊ីស្រាអែលអើយ! អ្នកទន់ខ្សោយប្រៀបបាននឹងដង្កូវមែន តែកុំភ័យខ្លាចអ្វី យើងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល យើងជួយអ្នក និងលោះអ្នកជាមិនខាន - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អេសាយ 41:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱកោះទាំងប៉ុន្មានអើយ ចូរនៅស្ងៀមនៅមុខអញចុះ ហើយឲ្យប្រជាជាតិទាំងឡាយបានចំរើនកំឡាំងឡើង ត្រូវឲ្យគេចូលមកជិត រួចសឹមឲ្យគេនិយាយចុះ ចូរឲ្យយើងមូលគ្នាមកវិនិច្ឆ័យសំរេចក្តីយើង តើអ្នកណាបានលើកម្នាក់ឡើងពីទិសខាងកើត ទាំងហៅមកដល់ជើងខ្លួនក្នុងសេចក្ដីសុចរិត ព្រមទាំងប្រគល់អស់ទាំងសាសន៍ដល់អ្នកនោះ ហើយលើកឲ្យគ្រប់គ្រងលើអស់ទាំងស្តេចផង ក៏យកគេដូចជាធូលី ប្រគល់ដល់ដាវរបស់អ្នកនោះ ហើយដូចជាជញ្ជ្រាំង ដែលត្រូវផាត់ដោយខ្យល់ ដល់ធ្នូដែរ អ្នកនោះដេញតាមគេ ក៏ដើរដោយសុខសាន្ត ទៅតាមផ្លូវដែលជើងខ្លួនមិនដែលជាន់ឡើយ តើអ្នកណាបានធ្វើ ហើយសំរេចការនេះ ដោយហៅអស់ទាំងដំណមនុស្សតាំងពីដើមមក គឺអញ យេហូវ៉ានេះ ដែលជាដើម ហើយជាអ្នកនៅជាមួយនឹងមនុស្សជាន់ក្រោយបង្អស់ដែរ គឺអញនេះហើយ កោះទាំងប៉ុន្មានបានឃើញ ហើយក៏ភ័យខ្លាច អស់ទាំងចុងផែនដីក៏ញាប់ញ័រ គេនាំគ្នាចូលមកជិត គេជួយគ្នាទៅវិញទៅមក ហើយគ្រប់គ្នានិយាយដល់បងប្អូនខ្លួនថា ចូរមានចិត្តក្លាហានឡើង ដូច្នេះ ជាងឈើគេកំឡាចិត្តជាងទង ហើយអ្នកដែលផែដោយញញួរ ក៏កំឡាចិត្តដល់អ្នកដែលដំដែក ដោយនិយាយពីការផ្សាថា នេះល្អហើយ រួចក៏វាយភ្ជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណាឡើយ។ តែឯង ឱអ៊ីស្រាអែល ជាអ្នកបំរើអញអើយ ព្រមទាំងយ៉ាកុប ដែលអញបានរើស ជាពូជអ័ប្រាហាំ ដ៏ជាសំឡាញ់របស់អញផង គឺឯងដែលអញបានចាប់នាំមកពីចុងផែនដី ហើយបានហៅមកពីទីឆ្ងាយបំផុត ដោយនិយាយនឹងឯងថា ឯងជាអ្នកបំរើរបស់អញ អញបានរើសឯង មិនមែនបោះបង់ចោលឯងទេ កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ មើល អស់អ្នកដែលខឹងក្តៅក្រហាយនឹងឯង គេនឹងត្រូវខ្មាស ហើយជ្រប់មុខនៅ ពួកអ្នកដែលតតាំងនឹងឯង គេនឹងបានដូចជាទទេសោះ ហើយនឹងត្រូវវិនាសសូន្យទៅ ឯងនឹងរកគេ គឺពួកអ្នកដែលតតាំងនឹងឯងនោះ តែមិនប្រទះឃើញឡើយ ឯពួកអ្នកដែលច្បាំងនឹងឯង គេនឹងបានដូចជាទទេសោះ ហើយដូចជារបស់ដែលគ្មានផង ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង ដោយពោលនឹងឯងថា កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង ឱយ៉ាកុបជាដង្កូវអើយ កុំឲ្យខ្លាចឡើយ ហើយឯងរាល់គ្នា ជាពូជពង្សអ៊ីស្រាអែលដែរ ដ្បិតព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញនឹងជួយឯង ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាអ្នកប្រោសលោះឯង