អេសាយ 40:28-31
អេសាយ 40:28-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើអ្នកមិនបានដឹង តើមិនបានឮទេឬ ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ព្រះអង្គមិនដែលល្វើយឡើយ ក៏មិនដែលអស់កម្លាំងផង គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ព្រះអង្គបានទេ។ ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។ ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ ពួកកំលោះក៏នឹងដួលដែរ។ តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
អេសាយ 40:28-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា ព្រះអម្ចាស់ជាព្រះដែលគង់នៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល? ព្រះអង្គមិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯព្រះតម្រិះរបស់ព្រះអង្គ ក៏គ្មាននរណាអាចស្ទង់បានដែរ។ ព្រះអង្គប្រទានកម្លាំងពលំ ដល់អ្នកនឿយហត់ និងខ្សោះល្វើយ។ ក្មេងជំទង់ៗតែងនឿយហត់ និងអស់កម្លាំង ហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ រីឯអ្នកជឿសង្ឃឹមលើព្រះអម្ចាស់ តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។
អេសាយ 40:28-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើឯងមិនបានដឹង តើមិនបានឮទេឬអី ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ទ្រង់មិនដែលល្វើយឡើយ ក៏មិនដែលអស់កំឡាំងផង គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ទ្រង់បានទេ ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ទៅបាន ពួកកំឡោះក៏នឹងដួលជ្រលាកបានផង តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចំរើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។