អេសាយ 40:26-31
អេសាយ 40:26-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរងើយភ្នែកអ្នកមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំឲ្យពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ព្រះអង្គក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្តាដ៏ធំរបស់ព្រះអង្គ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ។ ឱពួកយ៉ាកុបអើយ ហេតុអ្វីបានជានិយាយ ឱពួកអ៊ីស្រាអែលអើយ ហេតុអ្វីបានជាថា ផ្លូវដែលអ្នកប្រព្រឹត្ត នោះលាក់កំបាំងនឹងព្រះយេហូវ៉ា ហើយរឿងរ៉ាវរបស់អ្នកបានរំលងផុតពីព្រះនៃអ្នកដូច្នេះ? តើអ្នកមិនបានដឹង តើមិនបានឮទេឬ ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ព្រះអង្គមិនដែលល្វើយឡើយ ក៏មិនដែលអស់កម្លាំងផង គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ព្រះអង្គបានទេ។ ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។ ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ ពួកកំលោះក៏នឹងដួលដែរ។ តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
អេសាយ 40:26-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! តើនរណាបានបង្កើតផ្កាយទាំងនោះ? គឺព្រះអម្ចាស់ដែលបានហៅហ្វូងតារាទាំងនោះ ឲ្យរះឡើង ផ្ដុំគ្នាជាកងទ័ព ព្រះអង្គហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។ ដោយសារមហិទ្ធិឫទ្ធិ និងព្រះចេស្ដាដ៏ខ្លាំងពូកែ ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។ ម្នាលកូនចៅរបស់លោកយ៉ាកុបអើយ! ម្នាលប្រជាជនអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖ ព្រះអម្ចាស់មិនយល់ទុក្ខលំបាករបស់ខ្ញុំទេ ព្រះរបស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ឲ្យខ្ញុំឡើយ។ តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា ព្រះអម្ចាស់ជាព្រះដែលគង់នៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល? ព្រះអង្គមិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯព្រះតម្រិះរបស់ព្រះអង្គ ក៏គ្មាននរណាអាចស្ទង់បានដែរ។ ព្រះអង្គប្រទានកម្លាំងពលំ ដល់អ្នកនឿយហត់ និងខ្សោះល្វើយ។ ក្មេងជំទង់ៗតែងនឿយហត់ និងអស់កម្លាំង ហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ រីឯអ្នកជឿសង្ឃឹមលើព្រះអម្ចាស់ តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។
អេសាយ 40:26-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំឲ្យពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ទ្រង់ក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្តាដ៏ធំរបស់ទ្រង់ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ។ ឱពួកយ៉ាកុបអើយ ហេតុអ្វីបានជានិយាយ ឱពួកអ៊ីស្រាអែលអើយ ហេតុអ្វីបានជាថា ផ្លូវដែលឯងប្រព្រឹត្ត នោះលាក់កំបាំងនឹងព្រះយេហូវ៉ា ហើយរឿងរ៉ាវរបស់ឯងបានរំលងផុតពីព្រះនៃឯងដូច្នេះ តើឯងមិនបានដឹង តើមិនបានឮទេឬអី ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ទ្រង់មិនដែលល្វើយឡើយ ក៏មិនដែលអស់កំឡាំងផង គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ទ្រង់បានទេ ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ទៅបាន ពួកកំឡោះក៏នឹងដួលជ្រលាកបានផង តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចំរើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។