អេសាយ 40:1-31
អេសាយ 40:1-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះនៃអ្នករាល់គ្នា ព្រះអង្គមានព្រះបន្ទូលថា៖ ចូរកម្សាន្តទុក្ខ ចូរកម្សាន្តទុក្ខប្រជារាស្ត្ររបស់យើង ចូរលួងលោមចិត្តដល់ក្រុងយេរូសាឡិម ហើយស្រែកប្រាប់ក្រុងនោះថា គ្រាធ្វើសឹកសង្គ្រាមរបស់គេបានចប់សព្វគ្រប់ហើយ អំពើទុច្ចរិតរបស់គេក៏ទទួលបានការអត់ទោស ហើយគេបានទទួលមួយជាពីរពីព្រះហស្តនៃព្រះយេហូវ៉ា ស្នងនឹងអំពើបាបរបស់គេដែរ»។ មានឮសំឡេងមួយកំពុងតែស្រែកនៅទីរហោស្ថានថា៖ «ចូររៀបចំផ្លូវសម្រាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ។ ឯគ្រប់ទាំងច្រកភ្នំ នោះនឹងត្រូវលើកឡើង ហើយគ្រប់ទាំងភ្នំធំតូច នឹងត្រូវពង្រាបទៅ នៅកន្លែងណាដែលគ្រលិកគ្រលុក នោះត្រូវធ្វើឲ្យស្មើ ហើយកន្លែងណាដែលរដិបរដុបនឹងត្រូវធ្វើឲ្យរាបចុះ នោះសិរីល្អនៃព្រះយេហូវ៉ានឹងសម្ដែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា ដ្បិតព្រះឧស្ឋនៃព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ»។ មានឮសំឡេងមួយកំពុងតែថា៖ «ចូរប្រកាសចុះ» នោះមានម្នាក់សួរថា៖ «តើត្រូវឲ្យស្រែកថាដូចម្តេច?»។ ចូរថា៖ «មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេក៏ដូចជាផ្កានៅទីវាល។ ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់ដង្ហើមនៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្ដាជន គេពិតដូចជាស្មៅដែរ។ ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នា ស្ថិតស្ថេរនៅជាដរាប»។ ឱក្រុងស៊ីយ៉ូន ជាអ្នកនាំដំណឹងល្អអើយ ចូរឡើងទៅប្រកាសប្រាប់ពីលើភ្នំខ្ពស់ចុះ ឱយេរូសាឡិម ជាអ្នកនាំដំណឹងល្អអើយ ចូរបន្លឺសំឡេងឡើងជាខ្លាំង ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ដល់ទីក្រុងនៃស្រុកយូដាទាំងប៉ុន្មានថា "មើល៍ ព្រះនៃអ្នករាល់គ្នា!"។ មើល៍ ព្រះអម្ចាស់យេហូវ៉ានឹងយាងមក ដោយមានព្រះចេស្តា ហើយព្រះពាហុនៃព្រះអង្គនឹងកាន់កាប់ត្រួតត្រាឲ្យព្រះអង្គ ព្រះអង្គនាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលព្រះអង្គសងដល់គេក៏នៅចំពោះព្រះអង្គ។ ព្រះអង្គនឹងឃ្វាលហ្វូងរបស់ព្រះអង្គ ដូចជាគង្វាល ព្រះអង្គនឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម។ តើអ្នកណាបានវាល់ទឹកទាំងប៉ុន្មានដោយក្បង់ដៃ ហើយវាស់ផ្ទៃមេឃដោយចំអាមដែរ ព្រមទាំងដាក់ធូលីដីទាំងអស់ចុះក្នុងរង្វាល់ ហើយថ្លឹងអស់ទាំងភ្នំធំ ដោយជញ្ជីង និងភ្នំតូចទាំងប៉ុន្មានដោយជញ្ជីង តើអ្នកណាបានស្ទង់ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ឬបានបង្រៀនព្រះអង្គដោយខ្លួនធ្វើជាអ្នកជួយប្រឹក្សា? តើព្រះអង្គបានប្រឹក្សានឹងអ្នកណា ហើយអ្នកណាបានពន្យល់ព្រះអង្គ ឬបង្រៀនព្រះអង្គក្នុងផ្លូវយុត្តិធម៌? ឬឲ្យព្រះអង្គមានចំណេះ ឬបង្ហាញផ្លូវនៃយោបល់ដល់ព្រះអង្គ? អស់ទាំងសាសន៍ប្រៀបដូចជាទឹកមួយដំណក់នៅក្នុងថាំង ហើយក៏រាប់ទុកដូចជាលម្អងធូលីនៅលើថាសជញ្ជីងដែរ ព្រះអង្គលើកកោះទាំងប៉ុន្មានឡើង ដូចជារបស់យ៉ាងតិចតួច ឯព្រៃល្បាណូននោះមិនគ្រាន់នឹងដុត ហើយសត្វទាំងប៉ុន្មាននៅព្រៃនោះ ក៏មិនល្មមនឹងធ្វើជាតង្វាយដុតផង។ អស់ទាំងសាសន៍រាប់ដូចជាគ្មានតម្លៃនៅចំពោះព្រះអង្គ ព្រះអង្គរាប់គេទុកដូចជាតិចជាងសូន្យទៅទៀត ហើយជាឥតប្រយោជន៍ផង។ ដូច្នេះ តើអ្នករាល់គ្នានឹងធៀបផ្ទឹមព្រះ ដូចជាអ្នកណា ឬប្រៀបព្រះអង្គទៅនឹងអ្វី? ឯរូបព្រះ គឺមានជាងម្នាក់បានសិតធ្វើទេ ហើយជាងទង គេស្រោបដោយមាស ក៏ធ្វើខ្សែប្រាក់ឲ្យផង។ ចំណែកអ្នកណាដែលខ្វះខាតគ្មានល្មមនឹងធ្វើដូច្នោះបាន គេក៏រើសយកឈើដែលមិនចេះពុកវិញ គេរកជាងមានស្នាដៃមកឆ្លាក់ធ្វើរូបមួយតម្កល់ឡើងជាប់ មិនឲ្យត្រូវរើចេញឡើយ។ តើអ្នករាល់គ្នាមិនបានដឹងទេឬ តើមិនបានឮ តើឥតមានអ្នកណាប្រាប់ដល់អ្នករាល់គ្នា តាំងពីដើមមក តើអ្នករាល់គ្នាមិនបានយល់សេចក្ដី តាំងពីកំណើតលោកិយ៍រៀងមកទេឬ? គឺព្រះដែលគង់ពីលើរង្វង់ផែនដី ហើយមនុស្សនៅផែនដីប្រៀបដូចជាកណ្តូប គឺព្រះអង្គដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ ហើយសន្ធឹងទៅ ដូចជាត្រសាលសម្រាប់អាស្រ័យនៅ ព្រះអង្គទម្លាក់ងារពួកអ្នកគ្រប់គ្រងឲ្យសូន្យទៅ ក៏ធ្វើឲ្យពួកចៅក្រមនៅផែនដីទៅជាឥតប្រយោជន៍ដែរ អើពួកទាំងនោះនឹងមិនដែលបានដាំចុះឡើយ ក៏នឹងបានសាបព្រោះសឹងតែមិនទាន់ផង ដើមគេនឹងមិនដែលចាក់ឫសចុះក្នុងដីឡើយ ព្រះអង្គនឹងផ្លុំខ្យល់ទៅ នោះគេនឹងស្វិតក្រៀម រួចខ្យល់កួចនឹងផាត់យកគេទៅ ដូចជាជញ្ជ្រាំង។ ដូច្នេះ ព្រះដ៏បរិសុទ្ធមានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នានឹងប្រៀបផ្ទឹមយើងដូចជាអ្នកណា ឬអ្នកឲ្យស្មើនឹងយើងនោះ? ចូរងើយភ្នែកអ្នកមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំឲ្យពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ព្រះអង្គក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្តាដ៏ធំរបស់ព្រះអង្គ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ។ ឱពួកយ៉ាកុបអើយ ហេតុអ្វីបានជានិយាយ ឱពួកអ៊ីស្រាអែលអើយ ហេតុអ្វីបានជាថា ផ្លូវដែលអ្នកប្រព្រឹត្ត នោះលាក់កំបាំងនឹងព្រះយេហូវ៉ា ហើយរឿងរ៉ាវរបស់អ្នកបានរំលងផុតពីព្រះនៃអ្នកដូច្នេះ? តើអ្នកមិនបានដឹង តើមិនបានឮទេឬ ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ព្រះអង្គមិនដែលល្វើយឡើយ ក៏មិនដែលអស់កម្លាំងផង គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ព្រះអង្គបានទេ។ ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។ ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ ពួកកំលោះក៏នឹងដួលដែរ។ តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
អេសាយ 40:1-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះរបស់អ្នករាល់គ្នាមានព្រះបន្ទូលថា៖ «ចូរជួយសម្រាលទុក្ខប្រជាជនរបស់យើង កុំបង្អង់ឡើយ! ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការ យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! ព្រះអម្ចាស់បានដាក់ទោសគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត ហើយគេក៏បានរងទុក្ខទោសនោះ មួយទ្វេជាពីរដែរ!»។ មានសំឡេងមួយស្រែកថា៖ «នៅវាលរហោស្ថាន ចូរបើកផ្លូវថ្វាយព្រះអម្ចាស់ ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវថ្វាយព្រះនៃយើង ត្រូវបំពេញច្រកភ្នំទាំងឡាយ ហើយពង្រាបភ្នំតូចភ្នំធំទាំងប៉ុន្មានឲ្យរាប កន្លែងណាមានដីខ្ពស់ទាប ត្រូវធ្វើឲ្យទៅជាវាលរាបស្មើ កន្លែងណារដិបរដុបក៏ត្រូវពង្រាបឲ្យស្មើផងដែរ។ ពេលនោះ ព្រះអម្ចាស់នឹងសម្តែងសិរីរុងរឿង ឲ្យមនុស្សលោកឃើញក្នុងពេលជាមួយគ្នា ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ»។ មានសំឡេងមួយបង្គាប់ថា៖ «ចូរស្រែកប្រកាសចុះ!» សំឡេងមួយទៀតសួរថា៖ «តើឲ្យខ្ញុំស្រែកប្រកាសអំពីរឿងអ្វី?»។ «មនុស្សលោកប្រៀបដូចជាស្មៅ រីឯអំពើល្អទាំងប៉ុន្មានរបស់គេ ប្រៀបដូចជាផ្កាដែលដុះតាមវាលស្មៅ។ នៅពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។ ប្រជារាស្ត្រនេះប្រៀបបាននឹងស្មៅ។ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោន ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះនៃយើង នៅស្ថិតស្ថេរអស់កល្បជានិច្ច»។ ក្រុងស៊ីយ៉ូនជាអ្នកនាំដំណឹងល្អអើយ ចូរឡើងទៅលើភ្នំខ្ពស់! ក្រុងយេរូសាឡឹមជាអ្នកនាំដំណឹងល្អអើយ ចូរស្រែកឲ្យអស់ទំហឹង កុំខ្លាចអ្វីឡើយ! ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅស្រុកយូដាថា: មើលហ្ន៎ ព្រះរបស់អ្នករាល់គ្នា! មើលហ្ន៎ ព្រះជាអម្ចាស់យាងមក ប្រកបដោយឫទ្ធានុភាព ព្រះអង្គយាងមកប្រកបដោយព្រះបារមី ដើម្បីគ្រងរាជ្យ។ ព្រះអង្គនាំអស់អ្នកដែលព្រះអង្គបានលោះ មកជាមួយ ពួកគេនាំគ្នាដើរនៅខាងមុខព្រះអង្គ។ ព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គ ដូចគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ ព្រះអង្គលើកព្រះហស្ដឡើងប្រមូលកូនចៀម ព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរា ហើយព្រះអង្គថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។ តើនរណាយកដៃក្បង់ទឹកសមុទ្រមកវាល់ ហើយយកបាតដៃវាស់ទំហំផ្ទៃមេឃ? តើនរណាយករង្វាល់មកវាល់ធូលី ហើយថ្លឹងទម្ងន់ភ្នំធំតូចទាំងឡាយ? តើនរណាស្ទង់ព្រះវិញ្ញាណនៃព្រះអម្ចាស់ តើនរណាធ្វើជាទីប្រឹក្សាជួយគំនិតព្រះអង្គ? តើព្រះអង្គសុំនរណាឲ្យធ្វើជាទីប្រឹក្សា ដើម្បីថ្វាយយោបល់ព្រះអង្គ? តើនរណាបង្រៀនព្រះអង្គអំពីមាគ៌ាដ៏សុចរិត? តើនរណាបង្រៀនព្រះអង្គឲ្យស្គាល់ប្រាជ្ញា ហើយណែនាំព្រះអង្គឲ្យស្គាល់មាគ៌ា នៃបញ្ញាឈ្លាសវៃ? ប្រជាជាតិទាំងឡាយប្រៀបដូចជា ដំណក់ទឹកដែលធ្លាក់ទៅក្នុងពាង ពួកគេមានតម្លៃដូចធូលីដីនៅលើជញ្ជីង។ កោះទាំងឡាយប្រៀបបាននឹងធូលីដី ដែលផាត់ទៅតាមខ្យល់។ ព្រៃឈើនៅស្រុកលីបង់ពុំមានច្រើនល្មម សម្រាប់ធ្វើជាអុស ហើយសត្វដែលនៅក្នុងព្រៃនោះក៏ពុំមានច្រើន ល្មម សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអង្គដែរ។ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ប្រជាជាតិទាំងអស់គ្មានតម្លៃអ្វីទាល់តែសោះ គឺពួកគេថោកជាងអ្វីៗដែលឥតប្រយោជន៍ និងឥតបានការទៅទៀត។ តើអ្នករាល់គ្នាចង់ប្រៀបប្រដូចព្រះជាម្ចាស់ ទៅនឹងព្រះណា? តើអ្នករាល់គ្នាយកអ្វីមកតំណាងព្រះអង្គ? អ្នករាល់គ្នាប្រដូចព្រះអង្គ ទៅនឹងព្រះក្លែងក្លាយឬ? ទេ! គឺជាងទេតើ ដែលសូនធ្វើរូបព្រះទាំងនោះ ជាងមាសយកមាសមកស្រោបរូបនោះ ព្រមទាំងធ្វើខ្សែកប្រាក់ពាក់ឲ្យទៀតផង។ រីឯជនក្រីក្រដែលគ្មានមាសគ្មានប្រាក់ គេជ្រើសរើសយកឈើខ្លឹម ហើយរកជាងមួយរូបដ៏ចំណាន ឲ្យឆ្លាក់ធ្វើរូបព្រះដ៏រឹងមាំ។ តើអ្នករាល់គ្នាមិនធ្លាប់ដឹងទេឬ? តើអ្នករាល់គ្នាមិនធ្លាប់ឮទេឬ? តើគេមិនបានផ្សព្វផ្សាយប្រាប់អ្នករាល់គ្នា តាំងពីដើមដំបូងមកទេឬ? តើអ្នករាល់គ្នាពុំយល់អំពីដើមកំណើតរបស់ ផែនដីនេះទេឬ? ព្រះអង្គដែលគង់នៅពីលើលំហអាកាស ទ្រង់ទតមើលមនុស្សនៅលើផែនដី ឃើញមនុស្សដូចសត្វស្រមោច ព្រះអង្គលាតសន្ធឹងផ្ទៃមេឃ ដូចគេលាតសន្ធឹងក្រណាត់មួយផ្ទាំង ព្រះអង្គដំឡើងផ្ទៃមេឃធ្វើជាព្រះដំណាក់ ដូចដំឡើងព្រះពន្លា។ ព្រះអង្គបានធ្វើឲ្យមេដឹកនាំទាំងឡាយ ទៅជាឥតប្រយោជន៍ ព្រះអង្គធ្វើឲ្យអ្នកកាន់អំណាចទាំងប៉ុន្មាន នៅលើផែនដីទៅជាឥតបានការ។ អ្នកទាំងនោះប្រៀបបាននឹងដើមឈើដែលដុះ ទោះបីលូតលាស់ ឬមិនលូតលាស់ ចាក់ឫស ឬមិនចាក់ឫសក្ដី ពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ ក៏ស្វិតក្រៀមអស់ រួចត្រូវខ្យល់កួចយកបាត់ទៅដូចកម្ទេចចំបើង។ ព្រះដ៏វិសុទ្ធមានព្រះបន្ទូលថា៖ តើអ្នករាល់គ្នាប្រៀបប្រដូចយើង ទៅនឹងនរណា? តើនរណាអាចស្មើនឹងយើងបាន? ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! តើនរណាបានបង្កើតផ្កាយទាំងនោះ? គឺព្រះអម្ចាស់ដែលបានហៅហ្វូងតារាទាំងនោះ ឲ្យរះឡើង ផ្ដុំគ្នាជាកងទ័ព ព្រះអង្គហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។ ដោយសារមហិទ្ធិឫទ្ធិ និងព្រះចេស្ដាដ៏ខ្លាំងពូកែ ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។ ម្នាលកូនចៅរបស់លោកយ៉ាកុបអើយ! ម្នាលប្រជាជនអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖ ព្រះអម្ចាស់មិនយល់ទុក្ខលំបាករបស់ខ្ញុំទេ ព្រះរបស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ឲ្យខ្ញុំឡើយ។ តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា ព្រះអម្ចាស់ជាព្រះដែលគង់នៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល? ព្រះអង្គមិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯព្រះតម្រិះរបស់ព្រះអង្គ ក៏គ្មាននរណាអាចស្ទង់បានដែរ។ ព្រះអង្គប្រទានកម្លាំងពលំ ដល់អ្នកនឿយហត់ និងខ្សោះល្វើយ។ ក្មេងជំទង់ៗតែងនឿយហត់ និងអស់កម្លាំង ហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ រីឯអ្នកជឿសង្ឃឹមលើព្រះអម្ចាស់ តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។
អេសាយ 40:1-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះនៃឯងរាល់គ្នា ទ្រង់មានបន្ទូលថា ចូរកំសាន្តទុក្ខ ចូរកំសាន្តទុក្ខរាស្ត្រអញចុះ ត្រូវឲ្យលួងលោមចិត្តនៃក្រុងយេរូសាឡិម ហើយស្រែកប្រាប់គេថា គ្រាធ្វើសឹកសង្គ្រាមរបស់គេបានសំរេចហើយ អំពើទុច្ចរិតរបស់គេក៏បានអត់ទោសឲ្យ ហើយគេបានទទួលសំណង១ជា២ពីព្រះហស្តនៃព្រះយេហូវ៉ា ឲ្យស្នងនឹងអំពើបាបគេដែរ។ មានឮសំឡេង១កំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវសំរាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ ឯគ្រប់ទាំងច្រកភ្នំ នោះនឹងត្រូវលើកឡើង ហើយគ្រប់ទាំងភ្នំធំតូច នឹងត្រូវពង្រាបទៅ នៅកន្លែងណាដែលគ្រលិកគ្រលុក នោះត្រូវធ្វើឲ្យស្មើ ហើយកន្លែងណាដែលរដិបរដុបនឹងត្រូវធ្វើឲ្យរាបចុះ នោះសិរីល្អនៃព្រះយេហូវ៉ានឹងសំដែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា ដ្បិតព្រះឱស្ឋនៃព្រះយេហូវ៉ាបានមានបន្ទូលហើយ។ មានឮសំឡេង១កំពុងតែថា ចូរប្រកាសចុះ នោះមានម្នាក់សួរថា តើត្រូវឲ្យស្រែកថាដូចម្តេច ចូរថា មនុស្សជាតិទាំងឡាយប្រៀបដូចជាស្មៅ ហើយអំពើដ៏ល្អទាំងប៉ុន្មានរបស់គេក៏ដូចជាផ្កានៅទីវាល ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់នៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្តាជន គេពិតដូចជាស្មៅដែរ ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញ នោះស្ថិតស្ថេរនៅជាដរាប។ ឱអ្នកដែលនាំដំណឹងល្អ មកដល់ក្រុងស៊ីយ៉ូនអើយ ចូរឡើងទៅប្រកាសប្រាប់ពីលើភ្នំខ្ពស់ចុះ ឱអ្នកដែលនាំដំណឹងល្អមកដល់ក្រុងយេរូសាឡិមអើយ ចូរបន្លឺសំឡេងឡើងជាខ្លាំង ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ដល់ទីក្រុងនៃស្រុកយូដាទាំងប៉ុន្មានថា មើលន៏ ព្រះនៃអ្នករាល់គ្នា មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងយាងមក ដោយមានព្រះចេស្តា ហើយព្រះពាហុនៃទ្រង់នឹងកាន់កាប់ត្រួតត្រាឲ្យទ្រង់ មើល ទ្រង់នាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលទ្រង់សងដល់គេក៏នៅចំពោះទ្រង់ ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចីទៅដោយថ្នម។ តើអ្នកណាបានវាល់ទឹកទាំងប៉ុន្មាន នៅក្នុងទូកដៃ ហើយវាស់ផ្ទៃមេឃដោយចំអាមដែរ ព្រមទាំងដាក់ធូលីដីទាំងអស់ចុះក្នុងរង្វាល់ ហើយថ្លឹងអស់ទាំងភ្នំធំ ដោយជញ្ជីង នឹងភ្នំតូចទាំងប៉ុន្មានដោយត្រាជូ តើអ្នកណាបានស្ទង់ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ឬបានបង្រៀនទ្រង់ដោយខ្លួនធ្វើជាអ្នកជួយប្រឹក្សា តើទ្រង់បានប្រឹក្សានឹងអ្នកណា ហើយអ្នកណាបានពន្យល់ទ្រង់ ឬបង្រៀនទ្រង់ក្នុងផ្លូវយុត្តិធម៌ ឬឲ្យទ្រង់មានចំណេះ ឬបង្ហាញផ្លូវនៃយោបល់ដល់ទ្រង់ មើល អស់ទាំងសាសន៍ប្រៀបដូចជាទឹក១ដំណក់នៅក្នុងថាំង ហើយក៏រាប់ទុកដូចជាលំអងធូលីនៅលើថាសជញ្ជីងដែរ មើល ទ្រង់លើកកោះទាំងប៉ុន្មានឡើង ដូចជារបស់យ៉ាងតិចតួច ឯព្រៃល្បាណូននោះមិនគ្រាន់នឹងដុត ហើយសត្វទាំងប៉ុន្មាននៅព្រៃនោះក៏មិនល្មមនឹងធ្វើជាដង្វាយដុតផង អស់ទាំងសាសន៍រាប់ដូចជាទទេសោះនៅចំពោះទ្រង់ ទ្រង់រាប់គេទុកដូចជាតិចជាងសូន្យទៅទៀត ហើយជាឥតប្រយោជន៍ផង។ ដូច្នេះតើអ្នករាល់គ្នានឹងធៀបផ្ទឹមព្រះ ដូចជាអ្នកណា ឬប្រៀបទ្រង់នឹងភាពអ្វី ឯរូបព្រះ គឺមានជាងម្នាក់បានសិតធ្វើទេ ហើយជាងទង គេស្រោបដោយមាស ក៏ធ្វើខ្សែប្រាក់ឲ្យផង ចំណែកអ្នកណាដែលខ្វះខាតគ្មានល្មមនឹងធ្វើដូច្នោះបាន គេក៏រើសយកឈើដែលមិនចេះពុកវិញ គេរកជាងមានស្នាដៃឲ្យមកឆ្លាក់ធ្វើរូប១ដំកល់ឡើងជាប់ មិនឲ្យត្រូវរើចេញឡើយ តើអ្នករាល់គ្នាមិនបានដឹងទេឬ តើមិនបានឮ តើឥតមានអ្នកណាប្រាប់ដល់អ្នករាល់គ្នា តាំងពីដើមមក តើអ្នករាល់គ្នាមិនបានយល់សេចក្ដីតាំងពីកំណើតលោកីយរៀងមកទេឬអី គឺព្រះដែលគង់ពីលើរង្វង់ផែនដី ហើយមនុស្សនៅផែនដីប្រៀបដូចជាកណ្តូបវិញ គឺទ្រង់ដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ ហើយសន្ធឹងទៅ ដូចជាត្រសាលសំរាប់អាស្រ័យនៅ ទ្រង់ទំលាក់ងារពួកអ្នកគ្រប់គ្រងឲ្យសូន្យទៅ ក៏ធ្វើឲ្យពួកចៅក្រមនៅផែនដីទៅជាឥតប្រយោជន៍ដែរ អើពួកទាំងនោះនឹងមិនដែលបានដាំចុះឡើយ ក៏នឹងបានសាបព្រោះសឹងតែមិនទាន់ផង អើ ដើមគេនឹងមិនដែលចាក់ឫសចុះក្នុងដីឡើយ ទ្រង់នឹងផ្លុំខ្យល់ទៅ នោះគេនឹងស្វិតក្រៀម រួចខ្យល់កួចនឹងផាត់យកគេទៅ ដូចជាជញ្ជ្រាំង ដូច្នេះ ព្រះដ៏បរិសុទ្ធទ្រង់មានបន្ទូលថា ឯងរាល់គ្នានឹងប្រៀបផ្ទឹមអញដូចជាអ្នកណា ឲ្យអញបានស្មើនឹងគេនោះ ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំឲ្យពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ទ្រង់ក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្តាដ៏ធំរបស់ទ្រង់ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ។ ឱពួកយ៉ាកុបអើយ ហេតុអ្វីបានជានិយាយ ឱពួកអ៊ីស្រាអែលអើយ ហេតុអ្វីបានជាថា ផ្លូវដែលឯងប្រព្រឹត្ត នោះលាក់កំបាំងនឹងព្រះយេហូវ៉ា ហើយរឿងរ៉ាវរបស់ឯងបានរំលងផុតពីព្រះនៃឯងដូច្នេះ តើឯងមិនបានដឹង តើមិនបានឮទេឬអី ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ទ្រង់មិនដែលល្វើយឡើយ ក៏មិនដែលអស់កំឡាំងផង គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ទ្រង់បានទេ ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ទៅបាន ពួកកំឡោះក៏នឹងដួលជ្រលាកបានផង តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចំរើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។