អេសាយ 38:1-22

អេសាយ 38:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ ព្រះបាទ​ហេ‌សេ‌គា​ប្រឈួន ហៀប​នឹង​សុគត ហើយ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​មក​គាល់​ទ្រង់​ទូល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ផ្តាំ​ដល់​វង្សា​របស់​អ្នក​ចុះ ដ្បិត​អ្នក​ត្រូវ​ស្លាប់​ហើយ មិន​រស់​ទេ»។ ពេល​នោះ ព្រះបាទ​ហេ‌សេ‌គា​ក៏​បែរ​ព្រះ‌ភក្ត្រ​ទៅ​ជញ្ជាំង ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ទូល‌បង្គំ​ដែល​បាន​ដើរ​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ពិត​ត្រង់ ហើយ​ដោយ​ចិត្ត​ស្មោះ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​ល្អ​នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ជា​យ៉ាង​ណា» រួច​ព្រះបាទ​ហេ‌សេ‌គា​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង។ នោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ហោរា​អេសាយ​ថា «ចូរ​ទៅ​ប្រាប់​ហេ‌សេ‌គា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ដាវីឌ បុព្វ‌បុរស​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះថា យើង​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​អ្នក ក៏​បាន​ឃើញ​ទឹក​ភ្នែក​អ្នក​ហើយ។ យើង​នឹង​ចម្រើន​អាយុ​អ្នក​ឡើង​ដប់​ប្រាំ​ឆ្នាំ​ទៀត ហើយ​នឹង​ដោះ​អ្នក និង​ទី​ក្រុង​នេះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ ព្រម​ទាំង​ការពារ​ទី​ក្រុង​នេះ​ផង។ នេះ​នឹង​បាន​ទុក​ជា​ទី​សម្គាល់​ពី​ព្រះ‌យេហូវ៉ា​ដល់​អ្នក ថា​ព្រះ‌យេហូវ៉ា​នឹង​សម្រេច​ការ​នេះ ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ហើយ គឺ​យើង​នឹង​ធ្វើ​ឲ្យ​ស្រមោល ដែល​បាន​ជ្រេ​ទៅ​នៅ​នាឡិការ ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​វិញ»។ ដូច្នេះ ស្រមោល​ក៏​ថយ​មក​វិញ​ដប់​ចុច តាម​ដែល​បាន​ជ្រេ​ទៅ​ហើយ។ នេះ​ជា​ពាក្យ​ដែល​ព្រះបាទ​ហេ‌សេ‌គា ជា​ស្តេច​យូដា បាន​សរសេរ ក្នុង​កាល​ដែល​ទ្រង់​ប្រឈួន ហើយ​បាន​ជា​ឡើង​វិញ។ "យើង​បាន​ពោល​ថា យើង​នឹង​ទៅ​ឯ​ទ្វារ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក្នុង​កាល​ដែល​នៅ​ពាក់​កណ្ដាល​អាយុ​ទេ សំណល់​នៃ​ឆ្នាំ​អាយុ​បាន​បង្អត់​ដល់​យើង​ហើយ។ យើង​បាន​ពោល​ថា យើង​នឹង​លែង​ឃើញ​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា នៅ​ស្ថាន​របស់​មនុស្ស​រស់​នេះ​ទៀត យើង​នឹង​ខាន​ឃើញ​មនុស្ស ដែល​នៅ​កណ្ដាល​ពួក​មនុស្ស​លោក​ត​ទៅ។ ជីវិត​របស់​យើង​បាន​ត្រូវ​រើរុះ​ចេញ គឺ​បាន​លើក​យក​ចេញ​ពី​យើង ដូច​ជា​ត្រសាល​របស់​គង្វាល យើង​បាន​មូរ​បំព្រួញ​ជីវិត ដូច​ជា​អ្នក​ត្បាញ ព្រះ‌អង្គ​នឹង​កាត់​យើង​ចេញ​ពី​តំបាញ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ព្រះ‌អង្គ​នឹង​ផ្តាច់​ជីវិត​យើង​ទៅ ដរាប​ដល់​ពេល​ព្រឹក យើង​បាន​គិត​ថា ព្រះ‌អង្គ​នឹង​បំបាក់​អស់​ទាំង​ឆ្អឹង​យើង ដូច​ជា​សិង្ហ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ព្រះ‌អង្គ​ផ្តាច់​ជីវិត​យើង យើង​បាន​យំ​ចេច‌ចាច​ដូច​ជា​សត្វ​ត្រចៀក‌កាំ ឬ​ដូច​ជា​ក្រសារ ក៏​បាន​ថ្ងូរ​ដូច​ព្រាប​ដែរ ឯ​ភ្នែក​យើង​បាន​ស្រវាំង​ទៅ ដោយ​ងើយ​មើល​ទៅ​លើ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ត្រូវ​សង្កត់‌សង្កិន សូម​ធានា​ឲ្យ​ទូល‌បង្គំ​ផង តើ​ទូល‌បង្គំ​នឹង​ថ្លែង​ដូច​ម្តេច? ដ្បិត​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​ទូល‌បង្គំ ហើយ​ព្រះ‌អង្គ​ផ្ទាល់​បាន​សម្រេច​ការ​នោះ។ ទូល‌បង្គំ​ដើរ​សន្សឹមៗ​អស់​មួយ​ជីវិត​ទូល‌បង្គំ ដោយ​ព្រោះ​សេចក្ដី​ជូរ​ចត់​នៅ​ក្នុង​ចិត្ត។ ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ដោយ​សេចក្ដី​ទាំង​នេះ​ហើយ ដែល​មនុស្ស​រស់​នៅ ហើយ​ជីវិត​នៃ​វិញ្ញាណ​ទូល‌បង្គំ ក៏​នៅ​ទាំង​មូល​ក្នុង​សេចក្ដី​ទាំង​នេះ ដូច្នេះ សូម​ព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ជា ហើយ​ឲ្យ​ទូល‌បង្គំ​បាន​រស់​វិញ។ ទូល‌បង្គំ​មាន​សេចក្ដី​ជូរ​ចត់​យ៉ាង​ខ្លាំង នោះ​គឺ​ឲ្យ​ទូល‌បង្គំ​មាន​សេចក្ដី​សុខ​ទេ ព្រះ‌អង្គ​បាន​ប្រោស ឲ្យ​ទូល‌បង្គំ​រួច​ពី​រណ្តៅ​នៃ​សេចក្ដី​ពុក​រលួយ ដោយ​សេចក្ដី​ស្រឡាញ់​ដល់​ព្រលឹង​ទូល‌បង្គំ ដ្បិត​ព្រះ‌អង្គ​បាន​បោះ​ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូល‌បង្គំ ទៅ​ក្រោយ​ព្រះ‌អង្គ​ហើយ។ ពី​ព្រោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នឹង​ឈោង​ដៃ​រក​ព្រះ‌អង្គ​មិន​បាន ហើយ​សេចក្ដី​ស្លាប់​ក៏​នឹង​អួត​សរសើរ​ព្រះ‌អង្គ​មិន​បាន​ដែរ ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ នឹង​សង្ឃឹម​ដល់​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ​មិន​បាន​ឡើយ។ ឯ​មនុស្ស​រស់​គឺ​ជា​មនុស្ស​រស់​ហើយ ដែល​នឹង​សរសើរ​ដល់​ព្រះ‌អង្គ ដូច​ជា​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ដែរ ឪពុក​នឹង​បន្ត​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ​ឲ្យ​កូន​ស្គាល់​ត​ទៅ ព្រះ‌យេហូវ៉ា​សង្គ្រោះ​ទូល‌បង្គំ ហើយ​យើង​ខ្ញុំ​នឹង​ច្រៀង​តាម​ប្រដាប់​ភ្លេង​មាន​ខ្សែ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដរាប​អស់​មួយ​ជីវិតរបស់​យើង​ខ្ញុំ"។ ហោរា​អេសាយ​បាន​ប្រាប់​ថា៖ «ត្រូវ​ឲ្យ​គេ​យក​ផែន​ល្វា​មួយ​មក​បិទ​លើ​បូស នោះ​ទ្រង់​នឹង​បាន​ជា» ហើយ​ព្រះបាទ​ហេ‌សេ‌គា​ក៏​បាន​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​មាន​ទី​សម្គាល់​ណា​ឲ្យ​យើង​បាន​ដឹង​ថា យើង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន?»។

ចែក​រំលែក
អាន អេសាយ 38

អេសាយ 38:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ ព្រះ‌បាទ​ហេ‌សេគា​ប្រឈួន​ជា​ទម្ងន់ ហៀប​នឹង​សុគត។ ព្យាការី​អេសាយ ជា​កូន​លោក​អម៉ូស មក​គាល់​ព្រះអង្គ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា សូម​ព្រះ‌ករុណា​ផ្ដែ‌ផ្ដាំ​ព្រះ‌រាជ‌វង្សា‌នុវង្ស​ឲ្យ​ហើយ​ទៅ ដ្បិត​ព្រះ‌ករុណា​មិន​អាច​រស់​រាន​ត​ទៅ​ទៀត​បាន​ទេ គឺ​ព្រះ‌ករុណា​ជិត​សោយ​ទិវង្គត​ហើយ»។ ព្រះ‌បាទ​ហេ‌សេគា​បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​រក​ជញ្ជាំង ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «ឱ! ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ថា ទូលបង្គំ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ទូលបង្គំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ប៉ុណ្ណោះ!»។ ព្រះ‌បាទ​ហេ‌សេគា​បង្ហូរ​ជល‌នេត្រ​យ៉ាង​ខ្លាំង។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេសាយ​ដូច​ត​ទៅ៖ «ចូរ​វិល​ទៅ​ប្រាប់​ស្ដេច​ហេ‌សេគា​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ដាវីឌ​ដែល​ជា​អយ្យកោ​របស់​ព្រះ‌ករុណា មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ​នេះ: “យើង​បាន​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​បន្ថែម​អាយុ​ឲ្យ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។ យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូ‌សាឡឹម​នេះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី យើង​ក៏​នឹង​ការ‌ពារ​ក្រុង​នេះ​ដែរ”»។ លោក​អេសាយ​ទូល​ស្ដេច​វិញ​ថា៖ «ព្រះ‌អម្ចាស់​នឹង​ប្រទាន​ទី​សម្គាល់​មួយ ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ព្រះ‌អម្ចាស់​មុខ​ជា​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ គឺ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ស្រមោល​ថ្ងៃ ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ព្រះ‌បាទ​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ»។ ពេល​នោះ ស្រមោល​ដែល​ជ្រេ​ទៅ​ហើយ​ក៏​ថយ​ក្រោយ​វិញ​ដប់​កាំ​មែន។ ក្រោយ​ពេល​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ​វិញ ស្ដេច​ក៏​លើក​ទំនុកតម្កើង ព្រះ‌អម្ចាស់​ដូច​ត​ទៅ: «ខ្ញុំ​នឹក​ថា ខ្ញុំ​រស់​បាន​តែ​ពាក់​កណ្ដាល​អាយុ ហើយ​ខ្ញុំ​ត្រូវ​លា​ចាក​លោក​នេះ ទៅ​កាន់​ស្ថាន​មនុស្ស​ស្លាប់ ដើម្បី​បន្ត​អាយុ​ជីវិត ដែល​នៅ​សល់​នៅ​ស្ថាន​នោះ។ ខ្ញុំ​នឹក​ថា ខ្ញុំ​នឹង​លែង​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់ ព្រះ‌អម្ចាស់​ក្នុង​ពិភព​របស់​មនុស្ស​ទៀត​ហើយ ហើយ​នៅ​ក្នុង​ពិភព​នេះ ខ្ញុំ​ក៏​នឹង​លែង​ឃើញ​មុខ​មនុស្ស​ណា​ម្នាក់​ដែរ។ ជីវិត​ខ្ញុំ​ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ដូច​គង្វាល​រើ​ជំរំ​របស់​គេ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​ចប់ នៅ​ពេល​ល្ងាច ដូច​ជាង​តម្បាញ​មូរ​ក្រណាត់ ដែល​គាត់​បាន​ត្បាញ​ហើយ​នោះ​ដែរ។ ខ្ញុំ​នឹង​ត្រូវ​វិនាស​មុន​ពេល​ថ្ងៃ​រះ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​សព្វ​សព៌ាង្គ​កាយ ប្រៀប​ដូច​ជា​មាន​សត្វ​សិង្ហ​មក​ទំពា​ឆ្អឹង​ខ្ញុំ ព្រះ‌អម្ចាស់​អើយ ចាប់​ពី​ថ្ងៃ​ដល់​យប់ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​ចប់។ ខ្ញុំ​ស្រែក​យំ​ដូច​សត្វ​ត្រចៀក​កាំ ខ្ញុំ​ថ្ងូរ​ដូច​ព្រាប ភ្នែក​ខ្ញុំ​សម្លឹង​មើល​ទៅ​លើ​មេឃ ទាំង​ទុក្ខ​សោក ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​វេទនា​ខ្លាំង​ណាស់ សូម​ជួយ​ស្រោច​ស្រង់​ទូលបង្គំ​ផង! តើ​ខ្ញុំ​អាច​ថ្លែង​ដូច​ម្ដេច? តើ​ខ្ញុំ​ទូល​ទៅ​ព្រះអង្គ​ដូច​ម្ដេច​ខ្លះ? ព្រះអង្គ​ទេ​តើ​ដែល​បាន​ធ្វើ ឲ្យ​ការណ៍​នេះ​កើត​ឡើង ខ្ញុំ​មាន​ចិត្ត​ជូរ​ចត់​ជា​ខ្លាំង ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ទាន​ដំណេក​មិន​លក់​ឡើយ។ ព្រះ‌អម្ចាស់​អើយ មនុស្ស​មាន​ជីវិត ដោយ‌សារ​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ ទូលបង្គំ​នៅ​មាន​ដង្ហើម​ចេញ​ចូល ក៏​ដោយ‌សារ​តែ​ព្រះ‌ហឫទ័យ​សប្បុរស​នេះ​ដែរ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ មាន​កម្លាំង និង​មាន​ជីវិត​ឡើង​វិញ។ ឥឡូវ​នេះ ចិត្ត​ជូរ​ចត់​របស់​ទូលបង្គំ ប្រែ​មក​ជា​ចិត្ត​ដ៏​សុខ‌សាន្ត ដ្បិត​ព្រះអង្គ​ផ្ទាល់​សព្វ ព្រះ‌ហឫទ័យ​ស្រង់​ជីវិត​ទូលបង្គំ ឲ្យ​ចៀស​ផុត​ពី​រណ្ដៅ​មច្ចុរាជ ព្រះអង្គ​លែង​នឹក​នា​ពី​អំពើ​បាប​របស់​ទូលបង្គំ ទៀត​ហើយ។ ក្នុង​ស្ថាន​មនុស្ស​ស្លាប់ គ្មាន​នរណា​អាច​លើក​តម្កើង​ព្រះអង្គ​បាន​ឡើយ មច្ចុរាជ​ក៏​ពុំ​អាច​សរសើរ​តម្កើង​ព្រះអង្គ ហើយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ ក៏​ពុំ​អាច​សង្ឃឹម​លើ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ របស់​ព្រះអង្គ​បាន​ទៀត​ដែរ។ មាន​តែ​អ្នក​ដែល​នៅ​រស់​ប៉ុណ្ណោះ ដែល​អាច​លើក​តម្កើង​ព្រះអង្គ ដូច​ទូលបង្គំ​លើក​តម្កើង​ព្រះអង្គ​នៅ​ថ្ងៃ​នេះ។ ឪពុក​នឹង​តំណាល​ប្រាប់​កូនៗ​របស់​ខ្លួន អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ យើង​ខ្ញុំ​នឹង​ប្រគំ​តូរ្យ‌តន្ត្រី នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត​យើង​ខ្ញុំ»។ បន្ទាប់​មក លោក​អេសាយ​បង្គាប់​ទៅ​រាជ​បម្រើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មក​លាប​លើ​ដំបៅ​របស់​ព្រះ‌ករុណា​ទៅ នោះ​ស្ដេច​នឹង​បាន​ជា​សះ​ស្បើយ​មិន​ខាន»។ ពេល​នោះ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ទី​សម្គាល់​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មុខ​ជា​អាច​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន?»។

ចែក​រំលែក
អាន អេសាយ 38

អេសាយ 38:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ ហេសេគា​ទ្រង់​ព្រះ​ប្រឈួន​ហៀប​នឹង​សុគត ហើយ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​មក​គាល់​ទ្រង់​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ផ្តាំ​ដល់​វង្សា​របស់​ឯង​ចុះ ដ្បិត​ឯង​ត្រូវ​ស្លាប់​ហើយ មិន​រស់​ទេ នោះ​ហេសេគា​ទ្រង់​ក៏​បែរ​ព្រះ‌ភក្ត្រ​ទៅ​ឯ​ជញ្ជាំង ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូលបង្គំ​ដែល​បាន​ដើរ​នៅ​ចំពោះ​ទ្រង់ ដោយ​ពិត​ត្រង់ ហើយ​ដោយ​ចិត្ត​ស្មោះ​ចំពោះ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​ល្អ​នៅ​ព្រះ‌នេត្រ​ទ្រង់​ជា​យ៉ាង​ណា រួច​ហេសេគា​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​អេសាយ​ថា ចូរ​ទៅ​ប្រាប់​ហេសេគា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ដាវីឌ ឰយុកោ​ឯង ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​ឯង​ហើយ មើល អញ​នឹង​ចំរើន​អាយុ​ឯង​ឡើង​១៥​ឆ្នាំ​ទៀត ហើយ​នឹង​ដោះ​ឯង នឹង​ទី​ក្រុង​នេះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ ព្រម​ទាំង​ការ‌ពារ​ទី​ក្រុង​នេះ​ផង នេះ​នឹង​បាន​ទុក​ជា​ទី​សំគាល់​ពី​ព្រះ‌យេហូវ៉ា​ដល់​ឯង ថា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរេច​ការ​នេះ ដែល​ទ្រង់​បាន​មាន​បន្ទូល​ហើយ គឺ​អញ​នឹង​ធ្វើ​ឲ្យ​ស្រមោល ដែល​បាន​ជ្រេ​ទៅ​នៅ​នាឡិកា​ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​វិញ ដូច្នេះ ស្រមោល​ក៏​ថយ​មក​វិញ​១០​ចុច តាម​ដែល​បាន​ជ្រេ​ទៅ​ហើយ។ នេះ​ជា​ពាក្យ​ដែល​ហេសេគា ជា​ស្តេច​យូដា បាន​សរសេរ ក្នុង​កាល​ដែល​ទ្រង់​ប្រឈួន ហើយ​បាន​ជា​ឡើង​វិញ។ យើង​បាន​ពោល​ថា យើង​នឹង​ទៅ​ឯ​ទ្វារ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក្នុង​កាល​ដែល​នៅ​ពាក់​កណ្តាល​អាយុ​ទេ សំណល់​នៃ​ឆ្នាំ​អាយុ​បាន​បង្អត់​ដល់​យើង​ហើយ យើង​បាន​ពោល​ថា យើង​នឹង​លែង​ឃើញ​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា នៅ​ស្ថាន​របស់​មនុស្ស​រស់​នេះ​ទៀត យើង​នឹង​ខាន​ឃើញ​មនុស្ស ដែល​នៅ​កណ្តាល​ពួក​មនុស្ស​លោក​ត​ទៅ ជីវិត​របស់​យើង​បាន​ត្រូវ​រើរុះ​ចេញ គឺ​បាន​លើក​យក​ចេញ​ពី​យើង ដូច​ជា​ត្រសាល​របស់​អ្នក​គង្វាល យើង​បាន​មូរ​បំព្រួញ​ជីវិត ដូច​ជា​អ្នក​ត្បាញ ទ្រង់​នឹង​កាត់​យើង​ចេញ​ពី​តំបាញ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ទ្រង់​នឹង​ផ្តាច់​ជីវិត​យើង​ទៅ ដរាប​ដល់​ពេល​ព្រឹក យើង​បាន​គិត​ថា ទ្រង់​នឹង​បំបាក់​អស់​ទាំង​ឆ្អឹង​យើង ដូច​ជា​សិង្ហ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ទ្រង់​ផ្តាច់​ជីវិត​យើង យើង​បាន​យំ​ចេច‌ចាច​ដូច​ជា​សត្វ​ត្រចៀក‌កាំ ឬ​ដូច​ជា​ក្រសារ ក៏​បាន​ថ្ងូរ​ដូច​ព្រាប​ដែរ ឯ​ភ្នែក​យើង​បាន​ស្រវាំង​ទៅ ដោយ​ងើយ​មើល​ទៅ​លើ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ត្រូវ​សង្កត់‌សង្កិន សូម​ធានា​ឲ្យ​ទូលបង្គំ​ផង តើ​ទូលបង្គំ​នឹង​ថា​ដូច​ម្តេច ទ្រង់​បាន​ទាំង​មាន​បន្ទូល​មក​ទូលបង្គំ ហើយ​បាន​សំរេច​តាម​សំដី​ផង ទូលបង្គំ​បាន​ដើរ​សន្សឹមៗ​គ្រប់​១​ជីវិត ដោយ​ព្រោះ​សេចក្ដី​ជូរ​ចត់​នៅ​ក្នុង​ចិត្ត ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ដោយ​សេចក្ដី​ទាំង​នេះ​ហើយ ដែល​មនុស្ស​រស់​នៅ ហើយ​ជីវិត​នៃ​វិញ្ញាណ​ទូលបង្គំ ក៏​នៅ​ទាំង​មូល​ក្នុង​សេចក្ដី​ទាំង​នេះ​ឯង ដូច្នេះ សូម​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ជា ហើយ​ឲ្យ​ទូលបង្គំ​បាន​រស់​វិញ មើល ទូលបង្គំ​មាន​សេចក្ដី​ជូរ​ចត់​យ៉ាង​ខ្លាំង នោះ​គឺ​ឲ្យ​ទូលបង្គំ​មាន​សេចក្ដី​សុខ​ទេ ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​រួច​ពី​រណ្តៅ​នៃ​សេចក្ដី​ពុក‌រលួយ ដោយ​សេចក្ដី​ស្រឡាញ់​ដល់​ព្រលឹង​ទូលបង្គំ ដ្បិត​ទ្រង់​បាន​បោះ​ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូលបង្គំ ទៅ​ក្រោយ​ទ្រង់​ហើយ ពី​ព្រោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់នឹង​ឈោង​ដៃ​រក​ទ្រង់​មិន​បាន ហើយ​សេចក្ដី​ស្លាប់​ក៏​នឹង​អួត​សរសើរ​ទ្រង់​មិន​បាន​ដែរ ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ នឹង​សង្ឃឹម​ដល់​សេចក្ដី​ពិត​របស់​ទ្រង់​មិន​បាន​ឡើយ ឯ​មនុស្ស​រស់ គឺ​ជា​មនុស្ស​រស់​ហើយ ដែល​នឹង​សរសើរ​ដល់​ទ្រង់ ដូច​ជា​ទូលបង្គំ​នៅ​ថ្ងៃ​នេះ​ដែរ ឪពុក​នឹង​បន្ត​សេចក្ដី​ពិត​របស់​ទ្រង់​ឲ្យ​កូន​ស្គាល់​ត​ទៅ ព្រះ‌យេហូវ៉ា ទ្រង់​ជួយ​សង្គ្រោះ​ទូលបង្គំ ដូច្នេះ យើង​ខ្ញុំ​នឹង​ច្រៀង​បទ​របស់​ទូលបង្គំ តាម​ប្រដាប់​ភ្លេង​មាន​ខ្សែ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដរាប​ដល់​អស់​១​អាយុ​នៃ​យើង​ខ្ញុំ។ រីឯ​អេសាយ លោក​បាន​ប្រាប់​ថា ត្រូវ​ឲ្យ​គេ​យក​ផែន​ល្វា​១​មក​បិទ​លើ​បូស នោះ​ទ្រង់​នឹង​បាន​ជា ហើយ​ហេសេគា​ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា តើ​មាន​ទី​សំគាល់​ណា​ឲ្យ​យើង​បាន​ដឹង​ថា យើង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន។

ចែក​រំលែក
អាន អេសាយ 38