អេសាយ 37:1-7
អេសាយ 37:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះកាលស្តេចព្រះបាទហេសេគាបានស្តាប់ពាក្យទាំងនោះហើយ ទ្រង់ក៏ហែកព្រះពស្ត្រ ហើយស្លៀកពាក់សំពត់ធ្មៃវិញ រួចយាងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។ ទ្រង់ចាត់អេលាគីម ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយពួកចាស់ទុំក្នុងពួកសង្ឃ ឲ្យស្លៀកពាក់សំពត់ធ្មៃ ទៅឯហោរាអេសាយ ជាកូនអ័ម៉ូស។ គេក៏ជម្រាបដល់លោកថា៖ «ព្រះបាទហេសេគាមានរាជអង្ការដូច្នេះថា "ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល និងសេចក្ដីដំណៀល ប្រៀបដូចជាកូនដែលគ្រប់ខែ តែគ្មានកម្លាំងនឹងសម្រាលមកសោះ។ ប្រហែលជាព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គនឹងឮអស់ទាំងពាក្យរបស់រ៉ាបសាកេនេះទេដឹង ជាពាក្យដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយព្រះអង្គនឹងបន្ទោសដល់គេ ដោយព្រោះពាក្យដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គបានឮហើយ ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ"»។ ពួកជំនិតរបស់ព្រះបាទហេសេគា ក៏មកជួបហោរាអេសាយ ហើយហោរាអេសាយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាត្រូវទូលដល់ចៅហ្វាយអ្នកថា "ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា កុំខ្លាចចំពោះពាក្យសម្ដីដែលអ្នកបានឮ ជាពាក្យដែលពួកបម្រើរបស់ស្តេចអាសស៊ើរ បានប្រមាថដល់យើងនោះឡើយ។ មើល៍ យើងនឹងបណ្ដាលគំនិតវា ឲ្យសម្រេចនឹងត្រឡប់ទៅឯស្រុកវាវិញ ដោយវាឮដំណឹងមួយ រួចយើងនឹងឲ្យវាដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់វាទៅ"»។
អេសាយ 37:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះបាទហេសេគាទទួលដំណឹងនេះ ស្ដេចហែកព្រះភូសាចោល យកបាវមកស្លៀក រួចយាងទៅព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះរាជាចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង និងលោកសេបណាជាស្មៀនហ្លួង ព្រមទាំងលោកបូជាចារ្យចាស់ៗដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស។ ពួកគេជម្រាបលោកដូចតទៅ៖ «ព្រះបាទហេសេគាមានរាជឱង្ការថា: ថ្ងៃនេះជាថ្ងៃមានអាសន្ន ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាទេ។ ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថព្រះអម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅ។ ប្រហែលជាព្រះអម្ចាស់ជាព្រះរបស់លោក ឮពាក្យរបស់មេទ័ពនោះដែរ ហើយព្រះអង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះអង្គបានឮ។ ហេតុនេះ សូមទូលអង្វរព្រះអម្ចាស់ជាព្រះរបស់លោក សូមព្រះអង្គមេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។ មន្ត្រីរបស់ព្រះបាទហេសេគានាំគ្នាទៅជួបលោកអេសាយ ហើយលោកអេសាយប្រាប់ពួកគេថា៖ «អស់លោកត្រូវទូលព្រះករុណាថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “កុំភ័យខ្លាច ព្រោះតែពាក្យដែលអ្នកបានឮ គឺពាក្យដែលពួកអាស្ស៊ីរីប្រមាថមាក់ងាយយើងនោះឡើយ។ បន្តិចទៀត ស្ដេចស្រុកអាស្ស៊ីរីទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្ដេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេធ្វើគុតដោយមុខដាវនៅស្រុកនោះ”»។
អេសាយ 37:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះកាលស្តេចហេសេគាបានស្តាប់ពាក្យទាំងនោះហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រ ហើយស្លៀកពាក់សំពត់ធ្មៃវិញ រួចយាងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ទ្រង់ចាត់អេលាគីម ជាឧកញ៉ាវាំង នឹងសេបណា ជាស្មៀនហ្លួង ហើយពួកចាស់ទុំក្នុងពួកសង្ឃ ឲ្យស្លៀកពាក់សំពត់ធ្មៃ ទៅឯហោរាអេសាយ ជាកូនអ័ម៉ូស គេក៏ជំរាបដល់លោកថា ហេសេគាទ្រង់មានបន្ទូលដូច្នេះ ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល នឹងសេចក្ដីដំនៀល ប្រៀបដូចជាកូនដែលគ្រប់ខែ តែគ្មានកំឡាំងនឹងសំរាលមកសោះ ប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃអ្នក ទ្រង់នឹងឮអស់ទាំងពាក្យរបស់រ៉ាបសាកេនេះទេដឹង ជាពាក្យដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយទ្រង់នឹងបន្ទោសដល់គេ ដោយព្រោះពាក្យដែលព្រះយេហូវ៉ាជាព្រះនៃអ្នក ទ្រង់បានឮហើយ ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ។ ពួកជំនិតរបស់ស្តេចហេសេគា ក៏មកឯអេសាយ ហើយអេសាយលោកមានប្រសាសន៍ថា ត្រូវឲ្យអ្នករាល់គ្នាទូលដល់ចៅហ្វាយអ្នកថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ កុំឲ្យខ្លាចចំពោះពាក្យសំដីដែលឯងបានឮ ជាពាក្យដែលពួកបំរើរបស់ស្តេចអាសស៊ើរ បានប្រមាថដល់អញនោះឡើយ មើល អញនឹងបណ្តាលគំនិតវា ឲ្យសំរេចនឹងត្រឡប់ទៅឯស្រុកវាវិញ ដោយវាឮដំណឹង១ រួចអញនឹងឲ្យវាដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់វាទៅ។