អេសាយ 36:1-22

អេសាយ 36:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ទី​ដប់​បួន ក្នុង​រាជ្យ​ស្តេច​ហេ‌សេ‌គា ព្រះបាទ​សាន‌ហេរីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​ឡើង​មក​ច្បាំង​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​កំផែង​នៅ​ស្រុក​យូដា។ រួច​ស្តេច​អាស‌ស៊ើរ​ចាត់​រ៉ាបសា‌កេ ឲ្យ​នាំ​ពល‌ទ័ព​យ៉ាង​ធំ ពី​ក្រុង​ឡាគីស ទៅ​ឯ​ស្តេច​ហេ‌សេ‌គា នៅ​ក្រុង​យេរូ‌សាឡិម លោក​ក៏​ឈរ​នៅ​ត្រង់​ប្រឡាយ​ទឹក នៃ​ព្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ឯ​ចម្ការ​ជាង​ប្រមោក។ នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា​ជា​ឧកញ៉ា​វាំង និង​សេប‌ណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា​កូន​អេសាភ ជា​អ្នក​តែង​ពង្សាវ‌តារ ក៏​ចេញ​ទៅ​ឯ​លោក។ រ៉ាបសា‌កេ​ប្រាប់​គេ​ថា៖ «ចូរ​ទៅ​ប្រាប់​ហេ‌សេ‌គា​ឥឡូវ ថា​ស្តេច​ដ៏​ជា​ធំ គឺ​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​មាន​រាជ‌ឱង្ការ​ដូច្នេះ តើ​អ្នក​ទី​ពឹង​ទុក​ចិត្ត​ដល់​អ្នក​ណា? យើង​ថា គំនិត​របស់​អ្នក និង​កម្លាំង​សម្រាប់​ច្បាំង នោះ​ជា​ឥត​ប្រយោជន៍​ទទេ តើ​ទី​ពឹង​អ្នក​ណា បាន​ជា​អ្នក​បះ‌បោរ​នឹង​យើង​ដូច្នេះ? មើល៍! អ្នក​ពឹង​ដល់​ស្រុក​អេស៊ីព្ទ​ទុក​ជា​ឈើ​ច្រត់ គឺ​ជា​ដើម​ត្រែង​កំបាក់​នោះ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទម្លុះ​ដៃ​វិញ គឺ​ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ គេ​បែប​យ៉ាង​នោះ ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ។ តែ​បើ​អ្នក​និយាយ​មក​យើង​ថា "យើង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង" តើ​មិន​មែន​ជា​ព្រះ​នោះ ដែល​ហេ‌សេ‌គា​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​អាស‌នា​ទ្រង់​ចេញ​ទេ​ឬ ដោយ​ប្រាប់​ដល់​ពួក​សាសន៍​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ថា "អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​បង្គំ​នៅ​មុខ​អាស‌នា​មួយ​នេះ​វិញ?"។ ដូច្នេះ ចូរ​អ្នក​ចុះ​សន្យា​នឹង​ស្តេច​ស្រុក​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​របស់​យើង​ឥឡូវ​ចុះ នោះ​យើង​នឹង​ឲ្យ​សេះ​ពីរ​ពាន់​ដល់​អ្នក បើ​អ្នក​រក​អ្នក​ជិះ​បាន បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ឈ្នះ​មេ‌ទ័ព​មួយ​យ៉ាង​តូច ក្នុង​ពួក​អ្នក​បម្រើ​របស់​ចៅ‌ហ្វាយ​យើង​បាន ទាំង​ទុក​ចិត្ត​នឹង​ស្រុក​អេស៊ីព្ទ​ឲ្យ​បាន​រទេះ​ចម្បាំង និង​ទ័ព​សេះ​ទៀត? តើ​យើង​បាន​ឡើង​មក​ច្បាំង​បំផ្លាញ​ស្រុក​នេះ ដោយ​ឥត​ព្រះ‌យេហូវ៉ា​ឬ? គឺ​ព្រះ‌យេហូវ៉ា​ទេ​តើ ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​បង្គាប់​យើង​ថា ចូរ​ឡើង​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​នេះ​ចុះ»។ ឯ​អេលា‌គីម សេប‌ណា និង​យ៉ូអា ក៏​ឆ្លើយ​តប​ទៅ​រ៉ាបសា‌កេថា៖ «សូម​មាន​ប្រសាសន៍ ជា​ភាសា​អើរ៉ាម​មក​យើង​ខ្ញុំ​ប្របាទ​វិញ ដ្បិត​យើង​ខ្ញុំ​ស្តាប់​បាន សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា​មក​យើង​ខ្ញុំ ឲ្យ​ពួក​បណ្ដា‌ជន​ដែល​នៅ​លើ​កំផែង​ស្តាប់​ឡើយ»។ ប៉ុន្តែ រ៉ាបសា‌កេ​តប​ថា៖ «ចុះ​តើ​ចៅ‌ហ្វាយ​យើង​បាន​ចាត់យើង ឲ្យ​មក​និយាយ​សេចក្ដី​ទាំង​នេះ ចំពោះ​តែ​ចៅ‌ហ្វាយ​អ្នក និង​ខ្លួន​អ្នក​ប៉ុណ្ណោះ​ឬ? គឺ​បាន​ចាត់​យើង​ឲ្យ​មក និយាយ​នឹង​មនុស្ស​ដែល​អង្គុយ​នៅ​លើ​កំផែង​វិញ​ទេ​តើ ដើម្បី​ឲ្យ​គេ​បាន​ស៊ី​លាមក ហើយ​ផឹក​ទឹក​នោម​របស់​ខ្លួន​ជា‌មួយ​អ្នក​ដែរ»។ នោះ​រ៉ាបសា‌កេ​ក៏​ឈរ​បន្លឺ​ឡើង ជា​ភាសា​របស់​ពួក​សាសន៍​យូដា ប្រាប់​ថា៖ «ចូរ​ស្តាប់​រាជ‌ឱអង្ការ​នៃ​ស្តេច​ដ៏​ជា​ធំ គឺ​ស្តេច​អាស‌ស៊ើរ​ចុះ ទ្រង់​មាន​រាជ‌អង្ការ​ដូច្នេះ​ថា "កុំ​បណ្តោយ​ឲ្យ​ហេ‌សេ‌គា​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​គាត់​មិន​អាច​នឹង​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​បាន​ទេ។ ក៏​កុំ​ឲ្យ​ហេ‌សេ‌គា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពោល​ថា ព្រះ‌យេហូវ៉ា​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា​រួច​ជា​មិន​ខាន ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ"។ កុំ​ស្តាប់​តាម​ហេ‌សេ‌គា​ឲ្យ​សោះ ដ្បិត​ស្តេច​អាស‌ស៊ើរ ទ្រង់​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា ចូរ​ចង​ជា​ស្ពាន​មេត្រី​នឹង​យើង ហើយ​ចេញ​មក​ជួប​យើង​ចុះ នោះ​នឹង​បាន​ស៊ី​ផល​ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ផល​ដើម​ល្វា ក៏​នឹង​ផឹក​ទឹក​អណ្តូង​របស់​ខ្លួន​គ្រប់​គ្នា ដរាប​ដល់​យើង​មក​នាំ​អ្នក​រាល់​គ្នា​ទៅ​នៅ​ឯ​ស្រុក​មួយ ដូច​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​នេះ ជា​ស្រុក​មាន​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ ជា​ស្រុក​មាន​នំបុ័ង និង​ចម្ការ​ទំពាំង‌បាយ‌ជូរ​ផង។ ចូរ​ប្រយ័ត្ន ក្រែង​ហេ‌សេ‌គា​បបួល​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ថា "ព្រះ‌យេហូវ៉ា​នឹង​ជួយ​ឲ្យ​រួច​ជា​មិន​ខាន" តើ​មាន​ព្រះ​របស់​សាសន៍​ដទៃ​ណា ដែល​ជួយ​ស្រុក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​បាន? តើ​ព្រះ​របស់​ពួក​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ​នៅ​ឯ​ណា? តើ​ព្រះ​របស់​ពួក​ក្រុង​សេផា‌វែម​នៅ​ឯ​ណា? តើ​ព្រះ​ទាំង​នោះ​ជួយ​ពួក​សាម៉ារី ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ឬ? ក្នុង​បណ្ដា​ព្រះ​ទាំង​ប៉ុន្មាន​នោះ តើ​មាន​ព្រះ​ណា ដែល​ជួយ​ស្រុក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន? បាន​ជា​ព្រះ‌យេហូវ៉ា​នឹង​ជួយ​ឲ្យ​ក្រុង​យេរូ‌សាឡិម រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ដែរ»។ ប៉ុន្តែ គេ​នៅ​តែ​ស្ងៀម ឥត​ឆ្លើយ​ដល់​លោក សូម្បី​តែ​មួយ​ម៉ាត់ ដ្បិត​ស្ដេច​បាន​ហាម​ថា កុំ​ឲ្យ​ឆ្លើយ​នឹង​គេ​ឡើយ។ នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា ជា​ឧកញ៉ា​វាំង និង​សេប‌ណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវ‌តារ គេ​វិល​មក​គាល់​ព្រះបាទ​ហេ‌សេ‌គា​វិញ ទាំង​អាវ​រហែក ក៏​ទូល​ទ្រង់​តាម​ពាក្យ​របស់​រ៉ាបសា‌កេ​ទាំង​អស់។

ចែក​រំលែក
អាន អេសាយ 36

អេសាយ 36:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​ដប់‌បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហេ‌សេគា ព្រះ‌ចៅ​សានហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​វាយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​កំពែង​រឹង‌មាំ នៅ​ស្រុក​យូដា។ បន្ទាប់​មក ស្ដេច​ស្រុក​អាស្ស៊ីរី​ចាត់​មេ‌ទ័ព​មួយ​រូប​ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស ឲ្យ​មក​ជួប​ព្រះ‌បាទ​ហេ‌សេគា​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នាំ​កង‌ពល​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ គាត់​ឈរ​នៅ​ក្បែរ​ព្រែក​ជីក ដែល​នៅ​ជាប់​នឹង​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ជ្រលក់​ល័ក្ខ។ ពេល​នោះ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម‌រាជ‌វាំង ចេញ​ទៅ​ជួប​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​នោះ ដោយ​មាន​លោក​សេបណា​ជា​ស្មៀន​ហ្លួង ព្រម​ទាំង​លោក​យ៉ូអា​ជា​កូន​របស់​លោក​អេសាភ និង​ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច​ទៅ​ជា​មួយ​ផង។ មេ‌ទ័ព​របស់​ព្រះចៅ​សានហេ‌រីប​ពោល​ថា៖ «សូម​អស់​លោក​ទៅ​ទូល​ព្រះ‌បាទ​ហេ‌សេគា​ដូច​ត​ទៅ: ព្រះ‌មហា‌ក្សត្រា‌ធិរាជ គឺ​ព្រះ‌មហា‌ក្សត្រ​របស់​ស្រុក​អាស្ស៊ីរី មាន​រាជ‌ឱង្ការ​ថា តើ​ព្រះ‌ករុណា​មាន​អ្វី​បាន​ជា​មាន​ព្រះ‌ហឫទ័យ​អង់‌អាច​បែប​នេះ? ព្រះ‌ករុណា​ស្មាន​ថា ពាក្យ​សម្ដី​អាច​ជំនួស​ក្រុម​ប្រឹក្សា​យោធា និង​កម្លាំង​ទ័ព ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម​បាន​ឬ? តើ​ព្រះ‌ករុណា​ពឹង​ផ្អែក​លើ​នរណា​បាន​ជា​ហ៊ាន​បះ‌បោរ​នឹង​យើង​ដូច្នេះ? ព្រះ‌ករុណា​ទុក​ចិត្ត​លើ​ស្រុក​អេស៊ីប ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​បាក់​ឬ? អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ប្រៀប​បាន​នឹង​មនុស្ស​ដែល​ច្រត់​ដៃ​លើ​ដើម​ត្រែង​បាក់ គឺ​នាំ​ឲ្យ​តែ​ធ្លុះ​បាត​ដៃ​ប៉ុណ្ណោះ។ ព្រះ‌ករុណា​ប្រហែល​ជា​មាន​រាជ‌ឱង្ការ​មក​យើង​ថា “ពួក​យើង​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង!”។ ប៉ុន្តែ ព្រះ‌ករុណា​បាន​បញ្ជា​ឲ្យ​គេ​កម្ទេច​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​របស់​ព្រះ​នេះ ហើយ​ថែម​ទាំង​បញ្ជា​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​តែ​នៅ​មុខ​អាសនៈ​មួយ​នោះ មែន​ឬ​មិន​មែន? ឥឡូវ​នេះ សុំ​ព្រះ‌ករុណា​សាក​ល្បង​ភ្នាល់​ជា​មួយ​ព្រះចៅ​ក្រុង​អាស្ស៊ីរី ជា​អម្ចាស់​របស់​ទូលបង្គំ​ទៅ នោះ​ទូលបង្គំ​នឹង​ថ្វាយ​សេះ​ពីរ​ពាន់​ក្បាល ប្រសិន​បើ​ព្រះ‌ករុណា​រក​អ្នក​ជិះ​បាន! សូម្បី​តែ​មេ‌ទ័ព​អាស្ស៊ីរី​ម្នាក់​ដែល​ខ្សោយ​ជាង​គេ ក៏​ព្រះ‌ករុណា​វាយ​មិន​ឈ្នះ​ផង ទោះ​បី​ព្រះ‌ករុណា​ពឹង​លើ​រទេះ​ចម្បាំង និង​កង‌ទ័ព​សេះ​របស់​ស្រុក​អេស៊ីប​ក៏​ដោយ។ មួយ​វិញ​ទៀត យើង​លើក​ទ័ព​មក​វាយ​កម្ទេច​ស្រុក​នេះ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​បង្គាប់​ឲ្យ​យើង​មក​វាយ​កម្ទេច​ស្រុក​នេះ»។ ពេល​នោះ លោក​អេលា‌គីម លោក​សេបណា និង​លោក​យ៉ូអា ពោល​ទៅ​កាន់​មេ‌ទ័ព​អាស្ស៊ីរី​ថា៖ «សូម​លោក​មេត្តា​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ជា​ភាសា​អារ៉ាម​មក ដ្បិត​យើង​ខ្ញុំ​ស្ដាប់​ភាសា​លោក​បាន តែ​សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា ក្រែង​ប្រជា‌ជន​នៅ​តាម​កំពែង​ក្រុង​ឮ»។ មេ‌ទ័ព​អាស្ស៊ីរី​តប​វិញ​ថា៖ «ព្រះ‌មហា‌ក្សត្រ​របស់​យើង​ប្រើ​យើង​ឲ្យ​មក​នេះ មិន​មែន​គ្រាន់​តែ​នាំ​ពាក្យ​មក​ទូល​ស្ដេច​របស់​អស់​លោក ឬ​ក៏​ប្រាប់​អស់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ គឺ​ស្ដេច​ឲ្យ​យើង​មក​ប្រាប់​អ្នក​ទាំង​អស់ ដែល​ស្ថិត​នៅ​តាម​កំពែង​នេះ។ អ្នក​ទាំង​នោះ​កំពុង​តែ​ស៊ី​លាមក​ខ្លួន​ឯង ហើយ​ផឹក​ទឹក​នោម​ខ្លួន​ឯងដូច​អស់​លោក​ដែរ»។ បន្ទាប់​មក មេ‌ទ័ព​អាស្ស៊ីរី​នោះ​ឈរ​ស្រែក​ក្ដែងៗ​យ៉ាង​អស់​ទំហឹង ជា​ភាសា​យូដា​ថា៖ «ចូរ​នាំ​គ្នា​ស្ដាប់​រាជ‌ឱង្ការ​របស់​ព្រះ‌មហា‌ក្សត្រា‌ធិរាជ គឺ​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី​ដូច​ត​ទៅ: ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ថា: កុំ​ទុក​ឲ្យ​ស្ដេច​ហេ‌សេគា​បោក​ប្រាស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ស្ដេច​នេះ​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា​ជា​ដាច់​ខាត កុំ​ទុក​ឲ្យ​ស្ដេច​ហេ‌សេគា​នាំ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដោយ​ពោល​ថា “ព្រះ‌អម្ចាស់ពិត​ជា​រំដោះ​យើង ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​ក្រុង​នេះ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើយ”។ កុំ​ស្ដាប់​ស្ដេច​ហេ‌សេគា​ឲ្យ​សោះ ដ្បិត​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី​មាន​រាជ‌ឱង្ការ​ថា “ចូរ​នាំ​គ្នា​ចុះ​សន្ធិ‌សញ្ញា​សុំ​សន្តិ‌ភាព​ពី​យើង ចូរ​នាំ​គ្នា​មក​ចុះ​ចូល​នឹង​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឧទុម្ពរ*​របស់​ខ្លួន ព្រម​ទាំង​ផឹក​ទឹក​ពី​អណ្ដូង​របស់​ខ្លួន​ដែរ រួច​ហើយ យើង​នឹង​មក​នាំ​អ្នក​រាល់​គ្នា​យក​ទៅ​នៅ​ស្រុក​មួយ​ទៀត ដែល​សម្បូណ៌​សប្បាយ​ដូច​ស្រុក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​ពោរ‌ពេញ​ដោយ​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ជា​ស្រុក​សម្បូណ៌​អាហារ និង​ចម្ការ​ទំពាំង‌បាយជូរ”។ កុំ​ទុក​ឲ្យ​ស្ដេច​ហេ‌សេគា​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពោល​ថា “ព្រះ‌អម្ចាស់​នឹង​រំដោះ​យើង”​នោះ​ឡើយ ដ្បិត​ក្នុង​ចំណោម​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​បាន​រំដោះ​ស្រុក​គេ​ឲ្យ​រួច​ពី​ព្រះ‌ហស្ដ​របស់​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី​ទាល់​តែ​សោះ! តើ​ព្រះ​របស់​ក្រុង​ហា‌ម៉ាត់ ព្រះ​របស់​ក្រុង​អើផាឌ ព្រះ​របស់​ពួក​សេផា‌វែម ទៅ​ណា​បាត់​អស់​ហើយ? ម្ដេច​ក៏​មិន​ឃើញ​ព្រះ​ទាំង​នោះ​រំដោះ​ក្រុង​សាម៉ារី ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង? ក្នុង​ចំណោម​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​ទាំង​នោះ គ្មាន​ព្រះ​មួយ​ណា​បាន​រំដោះ​ស្រុក​របស់​ខ្លួន​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ។ ដូច្នេះ ព្រះ‌អម្ចាស់​ក៏​ពុំ​អាច​រំដោះ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ដែរ!»។ ប្រជា‌ជន​នៅ​ស្ងៀម​ស្ងាត់​ទាំង​អស់​គ្នា គ្មាន​នរណា​ឆ្លើយ​ទៅ​មេ‌ទ័ព​អាស្ស៊ីរី​ឡើយ ដ្បិត​ព្រះ‌បាទ​ហេ‌សេគា បង្គាប់​ពួក​គេ​មិន​ឲ្យ​ឆ្លើយ​តប​នឹង​មេ‌ទ័ព​នោះ​ជា​ដាច់​ខាត។ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម‌រាជ​វាំង លោក​សេបណា ជា​ស្មៀន​ហ្លួង ព្រម​ទាំង​លោក​យ៉ូអា ជា​កូន​របស់​លោក​អេសាភ និង​ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះ‌រាជា នាំ​គ្នា​វិល​ទៅ​គាល់​ព្រះ‌បាទ​ហេ‌សេគា​វិញ ទាំង​ហែក​សម្លៀក‌បំពាក់ ហើយ​ទូល​ថ្វាយ​ព្រះ‌រាជា​នូវ​ពាក្យ​របស់​មេ‌ទ័ព​ស្ដេច​ស្រុក​អាស្ស៊ីរី។

ចែក​រំលែក
អាន អេសាយ 36

អេសាយ 36:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ឆ្នាំ​ទី​១៤​ក្នុង​រាជ្យ​ស្តេច​ហេសេគា នោះ​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​ឡើង​មក​ច្បាំង​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​កំផែង​នៅ​ស្រុក​យូដា រួច​ស្តេច​អាសស៊ើរ​ទ្រង់​ចាត់​រ៉ាបសាកេ ឲ្យ​នាំ​ពល‌ទ័ព​យ៉ាង​ធំ​ពី​ក្រុង​ឡាគីស ទៅ​ឯ​ស្តេច​ហេសេគា នៅ​ក្រុង​យេរូ‌សាឡិម លោក​ក៏​ឈរ​នៅ​ត្រង់​ប្រឡាយ​ទឹក នៃ​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ឯ​ចំការ​ជាង​ប្រមោក នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា​ជា​ឧកញ៉ា​វាំង នឹង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា​កូន​អេសាភ ជា​អ្នក​តែង​ពង្សាវតារ ក៏​ចេញ​ទៅ​ឯ​លោក។ រ៉ាបសាកេ​ប្រាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ហេសេគា​ឥឡូវ ថា​ស្តេច​ដ៏​ជា​ធំ គឺ​ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​មាន​បន្ទូល​ដូច្នេះ តើ​ទី​ពឹង​ណា​ដែល​ឯង​ទុក​ចិត្ត​នេះ អញ​ថា គំនិត​របស់​ឯង នឹង​កំឡាំង​សំរាប់​ច្បាំង នោះ​ជា​ឥត​ប្រយោជន៍​ទទេ ចុះ​តើ​ឯង​ពឹង​ដល់​អ្នក​ណា បាន​ជា​ឯង​បះ‌បោរ​នឹង​អញ​ដូច្នេះ មើល ឯង​ពឹង​ដល់​ស្រុក​អេស៊ីព្ទ​ទុក​ជា​ឈើ​ច្រត់ គឺ​ជា​ដើម​ត្រែង​កំបាក់​នោះ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទំលុះ​ដៃ​វិញ គឺ​ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ គេ​បែប​យ៉ាង​នោះ ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ តែ​បើ​ឯង​និយាយ​មក​អញ​ថា យើង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ នោះ​តើ​មិន​មែន​ជា​ព្រះ​នោះ​ឯង ដែល​ហេសេគា​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ នឹង​អាសនា​ទ្រង់​ចេញ​ទេ​ឬ​អី ដោយ​ប្រាប់​ដល់​ពួក​សាសន៍​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ‌បង្គំ​នៅ​មុខ​អាសនា​១​នេះ​វិញ ដូច្នេះ ចូរ​ឯង​ចុះ​សន្យា​នឹង​ស្តេច​ស្រុក​អាសស៊ើរ ជា​ចៅហ្វាយ​របស់​អញ​ឥឡូវ​ចុះ នោះ​អញ​នឹង​ឲ្យ​សេះ​២​ពាន់​ដល់​ឯង បើ​ឯង​រក​អ្នក​ជិះ​បាន បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ឈ្នះ​មេ‌ទ័ព​១​យ៉ាង​តូច ក្នុង​ពួក​អ្នក​បំរើ​របស់​ចៅហ្វាយ​អញ​បាន ទាំង​ទុក​ចិត្ត​នឹង​ស្រុក​អេស៊ីព្ទ​ឲ្យ​បាន​រទេះ​ចំបាំង នឹង​ទ័ព​សេះ​ទៀត តើ​អញ​បាន​ឡើង​មក​ច្បាំង​បំផ្លាញ​ស្រុក​នេះ ដោយ​ឥត​ព្រះ‌យេហូវ៉ា​ឬ​អី គឺ​ព្រះ‌យេហូវ៉ា​ទេ​តើ ដែល​ទ្រង់​បាន​មាន​បន្ទូល​បង្គាប់​អញ​ថា ចូរ​ឡើង​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​នេះ​ចុះ។ ឯ​អេលា‌គីម សេបណា នឹង​យ៉ូអា ក៏​ឆ្លើយ​តប​ទៅ​រ៉ាបសាកេ​ថា សូម​មាន​ប្រសាសន៍ ជា​ភាសា​អើរ៉ាម​មក​យើង​ខ្ញុំ​ប្របាទ​វិញ ដ្បិត​យើង​ខ្ញុំ​ស្តាប់​បាន សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា​មក​យើង​ខ្ញុំ ឲ្យ​ពួក​បណ្តាជន​ដែល​នៅ​លើ​កំផែង​ស្តាប់​ផង​នោះ​ឡើយ តែ​រ៉ាបសាកេ​តប​ថា ចុះ​តើ​ចៅហ្វាយ​អញ​បាន​ចាត់​អញ ឲ្យ​មក​និយាយ​សេចក្ដី​ទាំង​នេះ ចំពោះ​តែ​ចៅហ្វាយ​ឯង ហើយ​នឹង​ខ្លួន​ឯង​ប៉ុណ្ណោះ​ឬ​អី គឺ​បាន​ចាត់​អញ​ឲ្យ​មក និយាយ​នឹង​មនុស្ស​ដែល​អង្គុយ​នៅ​លើ​កំផែង​វិញ​ទេ​តើ ដើម្បី​ឲ្យ​គេ​បាន​ស៊ី​លាមក ហើយ​ផឹក​ទឹក​នោម​របស់​ខ្លួន ជា​មួយ​នឹង​ឯង​ដែរ។ នោះ​រ៉ាបសាកេ​ក៏​ឈរ​បន្លឺ​ឡើង ជា​ភាសា​របស់​ពួក​សាសន៍​យូដា ប្រាប់​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ស្តេច​ដ៏​ជា​ធំ គឺ​ស្តេច​អាសស៊ើរ​ចុះ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កុំ​បណ្តោយ​ឲ្យ​ហេសេគា​បញ្ឆោត​ឯង​រាល់​គ្នា​ឡើយ ដ្បិត​វា​មិន​អាច​នឹង​ជួយ ឲ្យ​ឯង​រាល់​គ្នា​រួច​បាន​ទេ ក៏​កុំ​ឲ្យ​ហេសេគា​នាំ​ឲ្យ​ឯង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ដោយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា​រួច​ជា​មិន​ខាន ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ​នោះ​ឡើយ កុំ​ឲ្យ​ស្តាប់​តាម​ហេសេគា​ឲ្យ​សោះ ដ្បិត​ស្តេច​អាសស៊ើរ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ចង​ជា​ស្ពាន​មេត្រី​នឹង​អញ ហើយ​ចេញ​មក​ឯ​អញ​ចុះ នោះ​នឹង​បាន​ស៊ី​ផល​ចំការ​ទំពាំង‌បាយ‌ជូរ នឹង​ផល​ដើម​ល្វា ក៏​នឹង​ផឹក​ទឹក​អណ្តូង​របស់​ខ្លួន​គ្រប់​គ្នា ដរាប​ដល់​អញ​មក​នាំ​ឯង​រាល់​គ្នា​ទៅ​នៅ​ឯ​ស្រុក​១ ដូច​ជា​ស្រុក​របស់​ឯង​រាល់​គ្នា​នេះ ជា​ស្រុក​មាន​ស្រូវនឹង​ទឹក​ទំពាំង‌បាយ‌ជូរ ជា​ស្រុក​មាន​នំបុ័ង នឹង​ចំការ​ទំពាំង‌បាយ‌ជូរ​ផង ចូរ​ប្រយ័ត​ក្រែង​ហេសេគា​បបួល​ឯង​រាល់​គ្នា​ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ជួយ​ឲ្យ​រួច​ជា​មិន​ខាន តើ​មាន​ព្រះ​របស់​សាសន៍​ដទៃ​ណា ដែល​ជួយ​ស្រុក​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ​បាន តើ​ព្រះ​របស់​ពួក​ក្រុង​ហាម៉ាត នឹង​ក្រុង​អើផាឌ​នៅ​ឯ​ណា តើ​ព្រះ​របស់​ពួក​ក្រុង​សេផា‌វែម​នៅ​ឯ​ណា តើ​ព្រះ​ទាំង​នោះ​ជួយ​ពួក​សាម៉ារី ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឬ ក្នុង​បណ្តា​ព្រះ​ទាំង​ប៉ុន្មាន​នោះ តើ​មាន​ព្រះ​ណា ដែល​ជួយ​ស្រុក​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន បាន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ជួយ​ឲ្យ​ក្រុង​យេរូ‌សាឡិម រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ដែរ។ ប៉ុន្តែ គេ​នៅ​តែ​ស្ងៀម ឥត​ឆ្លើយ​ដល់​លោក សូម្បី​តែ​១​ម៉ាត់​ផង ដ្បិត​ស្តេច​ទ្រង់​បាន​ហាម​ថា កុំ​ឲ្យ​ឆ្លើយ​នឹង​គេ​ឡើយ នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា ជា​ឧកញ៉ា​វាំង នឹង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវតារ គេ​វិល​មក​គាល់​ហេសេគា​វិញ ទាំង​អាវ​រហែក ក៏​ទូល​ទ្រង់​តាម​ពាក្យ​របស់​រ៉ាបសាកេ​ទាំង​អស់។

ចែក​រំលែក
អាន អេសាយ 36