អេសាយ 31:1-9
អេសាយ 31:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
វេទនាដល់ពួកអ្នកដែលចុះទៅឯស្រុកអេស៊ីព្ទ ដើម្បីរកគេជួយ ព្រមទាំងពឹងដល់សេះ ហើយទុកចិត្តនឹងរទេះចម្បាំង ដោយព្រោះគេមានជាច្រើន ហើយនឹងពលសេះផង ដោយព្រោះគេមានកម្លាំងណាស់ ឥតសង្ឃឹមដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ឬស្វែងរកព្រះយេហូវ៉ាសោះ។ ឯព្រះអង្គវិញ ព្រះអង្គក៏មានប្រាជ្ញាដែរ ព្រះអង្គនឹងនាំសេចក្ដីវេទនាមក ហើយមិនព្រមដកព្រះបន្ទូលរបស់ព្រះអង្គវិញឡើយ គឺព្រះអង្គនឹងក្រោកឡើងទាស់នឹងពួកវង្ស របស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយទាស់នឹងអស់អ្នកដែលចូលដៃ ជាមួយពួកប្រព្រឹត្តអំពើទុច្ចរិតនោះ។ រីឯពួកសាសន៍អេស៊ីព្ទ គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ ហើយសេះរបស់គេគ្រាន់តែជាសាច់ឈាមដែរ មិនមែនជាវិញ្ញាណឡើយ ដូច្នេះ កាលណាព្រះយេហូវ៉ាលូកសន្ធឹងព្រះហស្តទៅ នោះទោះទាំងអ្នកដែលជួយក៏នឹងចំពប់ ហើយអ្នកដែលគេជួយក៏នឹងដួលដែរ គេនឹងត្រូវវិនាសទៅទាំងអស់គ្នា។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ និងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ តែវាមិនភ័យខ្លាច ដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ។ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងការពារក្រុងយេរូសាឡិម ដូចជាសត្វស្លាបដែលហើររេរាការពារសម្បុកដែរ ព្រះអង្គនឹងការពារ ហើយជួយឲ្យរួច ព្រះអង្គនឹងហោះពីលើ ហើយរារាំងផង។ ឱកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មករកព្រះអង្គ ដែលអ្នករាល់គ្នាបានបះបោរនឹងព្រះអង្គជាខ្លាំងទៅហើយ ពីព្រោះនៅគ្រានោះ គ្រប់មនុស្សទាំងអស់នឹងបោះចោលរូបព្រះធ្វើពីប្រាក់ ហើយពីមាស ដែលដៃអ្នករាល់គ្នាបានធ្វើសម្រាប់ខ្លួន ដែលរាប់ថាជាអំពើបាប។ នោះពួកអាសស៊ើរនឹងដួលស្លាប់ដោយដាវ មិនមែនជាដាវរបស់មនុស្សដែរ ហើយដាវនោះដែលមិនមែនជារបស់មនុស្ស នឹងផ្តិលគេបង់ គេនឹងរត់ពីដាវ ហើយពួកកំលោះៗរបស់គេ នឹងត្រូវធ្វើជាឈ្លើយ។ ឯថ្មដារបស់គេនឹងបាត់ទៅ ដោយព្រោះសេចក្ដីតក់ស្លុត ហើយពួកចៅហ្វាយរបស់គេនឹងស្រយុតចិត្ត ដោយព្រោះទង់ជ័យ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលភ្លើងរបស់ព្រះអង្គកំពុងឆេះនៅក្រុងស៊ីយ៉ូន ហើយគុកភ្លើងរបស់ព្រះអង្គក៏នៅក្រុងយេរូសាឡិមដែរ។
អេសាយ 31:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អស់អ្នកដែលរត់ទៅស្រុកអេស៊ីប ដើម្បីរកជំនួយ មុខជាត្រូវវេទនាពុំខាន! អ្នកទាំងនោះពឹងផ្អែកលើសេះ និងទុកចិត្តលើរទេះចម្បាំង ព្រោះឃើញមានចំនួនច្រើន ពួកគេទុកចិត្តលើកងទ័ពសេះ ព្រោះឃើញថាខ្លាំងពូកែ តែពួកគេពុំនឹកនាដល់ព្រះដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រាអែលទេ ពួកគេពុំស្វែងរកព្រះអម្ចាស់ឡើយ។ រីឯព្រះអង្គវិញ ព្រះអង្គក៏ខ្លាំងពូកែដែរ ព្រះអង្គអាចធ្វើឲ្យទុក្ខវេទនាកើតឡើង ព្រះអង្គគំរាមយ៉ាងណា ទ្រង់នឹងធ្វើយ៉ាងនោះ ព្រះអង្គប្រឆាំងនឹងពួកមនុស្សអាក្រក់ ហើយប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត ដែលគេហៅឲ្យមកជួយ។ ជនជាតិអេស៊ីបជាមនុស្ស គឺមិនមែនជាព្រះទេ សេះរបស់ពួកគេជាសត្វ គឺមិនមែនជាទេវតាឡើយ។ ពេលណាព្រះអម្ចាស់លើកព្រះហស្ដឡើង អ្នកដែលមកជួយសង្គ្រោះនឹងជំពប់ដួល ហើយអ្នកដែលគេជួយក៏នឹងដួលដែរ គឺគេត្រូវវិនាសជាមួយគ្នា។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: «ពេលណាសត្វសិង្ហ ឬកូនវាគ្រហឹមទៅលើរំពា ទោះបីពួកគង្វាលលើកគ្នាមកស្រែកគំរាម ចង់ដណ្ដើមរំពានោះពីវាក្ដី ក៏វាមិនភ័យខ្លាចសម្រែករបស់ពួកគេ ឬដកខ្លួនថយ ដោយសំឡេងបង្អើល របស់ពួកគង្វាលនោះឡើយ។ រីឯយើងដែលជាព្រះអម្ចាស់នៃពិភពទាំងមូល ក៏ដូច្នោះដែរ យើងនឹងចុះទៅធ្វើសឹកនៅភ្នំស៊ីយ៉ូន»។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងការពារ ក្រុងយេរូសាឡឹម ដូចបក្សីត្រដាងស្លាបការពារកូនរបស់វា។ ព្រះអង្គការពារ និងរំដោះក្រុងយេរូសាឡឹម ព្រះអង្គសង្គ្រោះក្រុងនេះ មិនឲ្យវិនាសអន្តរាយឡើយ។ កូនចៅអ៊ីស្រាអែលអើយ! អ្នករាល់គ្នាបានងាកចេញយ៉ាងឆ្ងាយពីព្រះអម្ចាស់ ចូរនាំគ្នាវិលមករកព្រះអង្គវិញ! អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាប ដោយឆ្លាក់រូបព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់។ ប៉ុន្តែ នៅថ្ងៃនោះ អ្នករាល់គ្នានឹងបោះបង់រូបព្រះក្លែងក្លាយ។ ជនជាតិអាស្ស៊ីរីនឹងវិនាសដោយមុខដាវ តែមិនមែនជាដាវរបស់មនុស្សទេ គឺពួកគេមិនស្លាប់ដោយមុខដាវ របស់មនុស្សឡើយ។ ពួកអាស្ស៊ីរីនឹងបាក់ទ័ព ហើយទាហានក្មេងៗរបស់ពួកគេ នឹងក្លាយទៅជាឈ្លើយសឹក។ ស្ដេចរបស់ពួកគេនឹងរត់ទៅ ទាំងភ័យញាប់ញ័រ មេទ័ពរបស់ពួកគេនឹងញ័ររន្ធត់ នៅមុខទង់ជ័យរបស់ព្រះអង្គ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលប្រជាជនគោរពបម្រើនៅភ្នំស៊ីយ៉ូន ហើយដុតតង្វាយថ្វាយព្រះអង្គ នៅក្រុងយេរូសាឡឹម។
អេសាយ 31:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វេទនាដល់ពួកអ្នកដែលចុះទៅឯស្រុកអេស៊ីព្ទដើម្បីរកគេជួយ ព្រមទាំងពឹងដល់សេះ ហើយទុកចិត្តនឹងរទេះចំបាំង ដោយព្រោះគេមានជាច្រើន ហើយនឹងពលសេះផង ដោយព្រោះគេមានកំឡាំងណាស់ ឥតសង្ឃឹមដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ឬស្វែងរកព្រះយេហូវ៉ាសោះ ឯទ្រង់វិញ ទ្រង់ក៏មានប្រាជ្ញាដែរ ទ្រង់នឹងនាំសេចក្ដីវេទនាមក ហើយមិនព្រមដកព្រះបន្ទូលទ្រង់វិញឡើយ គឺទ្រង់នឹងក្រោកឡើងទាស់នឹងពួកវង្សរបស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយទាស់នឹងអស់អ្នកដែលចូលដៃជាមួយនឹងពួកប្រព្រឹត្តអំពើទុច្ចរិតនោះ រីឯពួកសាសន៍អេស៊ីព្ទ គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ ហើយសេះរបស់គេគ្រាន់តែជាសាច់ឈាមដែរ មិនមែនជាវិញ្ញាណឡើយ ដូច្នេះ កាលណាព្រះយេហូវ៉ាទ្រង់លូកសន្ធឹងព្រះហស្តទៅ នោះទោះទាំងអ្នកដែលជួយក៏នឹងចំពប់ ហើយអ្នកដែលគេជួយ ក៏នឹងដួលដែរ គេនឹងត្រូវវិនាសទៅទាំងអស់គ្នា។ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ នឹងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកអ្នកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ គង់តែវាមិនភ័យខ្លាចដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងការពារក្រុងយេរូសាឡិម ដូចជាសត្វស្លាបដែលហើររេរាការពារសំបុកដែរ ទ្រង់នឹងការពារ ហើយជួយឲ្យរួច ទ្រង់នឹងហោះពីលើ ហើយរារាំងផង ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មកឯព្រះអង្គ ដែលអ្នករាល់គ្នាបានបះបោរ នឹងទ្រង់ជាខ្លាំងទៅហើយ ពីព្រោះនៅគ្រានោះ គ្រប់មនុស្សទាំងអស់នឹងបោះចោលរូបព្រះធ្វើពីប្រាក់ ហើយពីមាស ដែលដៃអ្នករាល់គ្នាបានធ្វើសំរាប់ខ្លួន ជាការដែលរាប់ជាអំពើបាបពិត នោះពួកអាសស៊ើរនឹងដួលស្លាប់ដោយដាវ មិនមែនជាដាវរបស់មនុស្សដែរ ហើយដាវនោះដែលមិនមែនជារបស់មនុស្សនឹងផ្តិលគេបង់ គេនឹងរត់ពីដាវ ហើយពួកកំឡោះៗរបស់គេនឹងត្រូវធ្វើជាឈ្លើយ ឯថ្មដារបស់គេនឹងបាត់ទៅ ដោយព្រោះសេចក្ដីតក់ស្លុត ហើយពួកចៅហ្វាយរបស់គេនឹងស្រយុតចិត្ត ដោយព្រោះទង់ជ័យ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលភ្លើងរបស់ទ្រង់កំពុងឆេះនៅក្រុងស៊ីយ៉ូន ហើយគុកភ្លើងរបស់ទ្រង់ក៏នៅក្រុងយេរូសាឡិមដែរ។