អេសាយ 30:1-9 - Compare All Versions

អេសាយ 30:1-9 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: កូនៗ​ដែល​ចេះ​តែ​បះ‌បោរ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ពួក​គេ​បាន​ធ្វើ​តាម​គម្រោង‌ការ ដែល​យើង​មិន​បាន​គ្រោង​ទុក ពួក​គេ​បាន​ចង​សម្ពន្ធ‌មិត្ត ផ្ទុយ​ពី​ឆន្ទៈ​របស់​យើង ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។ ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ដោយ​ពុំ​សួរ​យោបល់​ពី​យើង​សោះ ពួក​គេ​ទៅ​ពឹង​ផ្អែក​លើ​ស្ដេច​ផារ៉ោន ពួក​គេ​រត់​ទៅ​ជ្រក​ក្រោម​ម្លប់​ស្រុក​អេស៊ីប។ ក៏​ប៉ុន្តែ ការ​ពឹង​ផ្អែក​លើ​ស្ដេច​ផារ៉ោន នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​អាម៉ាស់ ការ​ជ្រក​កោន​ក្រោម​ម្លប់​របស់​ស្រុក​អេស៊ីប នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​បាក់​មុខ​ជា​មិន​ខាន! ពួក​រដ្ឋ​មន្ត្រី​របស់​អ្នក​រាល់​គ្នា ទៅ​ដល់​ក្រុង​សូអាន​ហើយ ទូត​របស់​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ហានេស តែ​ពួក​គេ​នឹង​ត្រូវ​ខក​ចិត្ត ដោយ​ឃើញ​ថា​ប្រជា‌ជន​អេស៊ីប ពុំ​អាច​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​ទេ គឺ​ជន‌ជាតិ​អេស៊ីប​ពុំ​អាច​សង្គ្រោះ ពុំ​អាច​ជួយ​ពួក​គេ​បាន​ទាល់​តែ​សោះ! ផ្ទុយ​ទៅ​វិញ មាន​តែ​នាំ​ឲ្យ​ពួក​គេ​ត្រូវ អាម៉ាស់ និង​បាត់​បង់​កិត្តិយស​ប៉ុណ្ណោះ។ សេចក្ដី​ប្រកាស​អំពី​សត្វ​តិរច្ឆាន​នៅ វាល​រហោ‌ស្ថាន​ណេកិប : ពួក​គេ​ឆ្លង​កាត់​វាល​ហួត‌ហែង​គួរ​ឲ្យ​ព្រឺ​ខ្លាច ជា​កន្លែង​ដែល​មាន​សត្វ​សិង្ហ មាន​ពស់​វែក និង​មាន​នាគ​ហោះ ពួក​គេ​ដឹក​ជញ្ជូន​ភោគ​ទ្រព្យ​ដ៏​មាន​តម្លៃ លើ​ខ្នង​លា និង​លើ​ខ្នង​អូដ្ឋ យក​ទៅ​ឲ្យ​ប្រជា‌ជាតិ​មួយ​ដែល​ពុំ​អាច ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​ទាល់​តែ​សោះ។ ជំនួយ​របស់​ស្រុក​អេស៊ីប គ្រាន់​តែ​ជា​ការ​ស្រមើ‌ស្រមៃ​ប៉ុណ្ណោះ គឺ​ពុំ​មាន​ប្រយោជន៍​អ្វី​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ងារ​ឲ្យ ស្រុក​អេស៊ីប​ថា «ពួក​រត់​ខ្វែង​ដៃ​ខ្វែង​ជើង តែ​មិន​បាន​ការ​អ្វី»។ ឥឡូវ​នេះ ចូរ​ចារឹក​សេចក្ដី​ទាំង​នេះ​លើ​បន្ទះ​ថ្ម ហើយ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ នៅ​ចំពោះ​មុខ​អ្នក​ក្រុង​យេរូ‌សាឡឹម ទុក​ជា​ឯក‌សារ​ទៅ​អនាគត ទុក​ជា​ភស្ដុតាង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ប្រជា‌ជន​នេះ​ជា​ប្រជា‌ជន​ដែល​ចេះ​តែ​បះ‌បោរ ពួក​គេ​សុទ្ធ​តែ​ជា​កូន​អកតញ្ញូ ដែល​ពុំ​ព្រម​ស្ដាប់​ដំបូន្មាន​របស់​ព្រះ‌អម្ចាស់​ទេ។

ចែក​រំលែក
អេសាយ 30 គខប

អេសាយ 30:1-9 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា វេទនា​ដល់​ពួក​កូន​ចៅ​ដែល​រឹង‌ចចេស ជា​ពួក​អ្នក​ប្រឹក្សា​គ្នា តែ​មិន​មែន​នឹង​អញ ហើយ​តាំង​សញ្ញា តែ​មិន​មែន​តាម​វិញ្ញាណ​របស់​អញ​ទេ គឺ​ជា​ការ​ដែល​បន្ថែម​អំពើ​បាប​ទៅ​លើ​បាប​របស់​គេ​ទៀត គេ​រៀបចំ​ដំណើរ​នឹង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ឥត​សួរ​ផ្ទាល់​មាត់​នឹង​អញ​ឡើយ គេ​គិត​ចំរើន​កំឡាំង​ដោយ​ពឹង​ដល់​កំឡាំង​ផារ៉ោន ហើយ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ស្រុក​អេស៊ីព្ទ ដូច្នេះ កំឡាំង​របស់​ផារ៉ោន​នឹង​បាន​ជា​សេចក្ដី​ខ្មាស​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​ការ​ជ្រក​កោន​ក្រោម​ម្លប់​នៃ​ស្រុក​អេស៊ីព្ទ នឹង​បាន​ជា​សេចក្ដី​វិល‌វល់​ដល់​ឯង​ដែរ ដ្បិត​ពួក​ចៅហ្វាយ​របស់​គេ​សុទ្ធ​តែ​នៅ​ក្រុង​សូអាន​ហើយ ឯ​ពួក​រាជ‌ទូត​របស់​គេ​ក៏​បាន​មក​ដល់​ក្រុង​ហានេស​ដែរ គេ​នឹង​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា ពី​ដំណើរ​សាសន៍​នោះ ដែល​មិន​អាច​នឹង​មាន​ប្រយោជន៍​ដល់​គេ​ឡើយ ជា​សាសន៍​ដែល​មិន​មែន​ជា​ជំនួយ ឬ​ជា​ប្រយោជន៍​សោះ គឺ​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស នឹង​សេចក្ដី​ដំនៀល​វិញ។ នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ពួក​សត្វ​នៅ​ស្រុក​ត្បូង គេ​ផ្ទុក​ទ្រព្យ​របស់​គេ​នៅ​លើ​ខ្នង​លា​ស្ទាវ ហើយ​ផ្ទុក​សម្បត្តិ​របស់​គេ នៅ​លើ​បូក​សត្វ​អូដ្ឋ ដឹក‌នាំ​កាត់​ស្រុក​ដែល​មាន​សេចក្ដី​លំបាក នឹង​សេចក្ដី​ថប់​ព្រួយ ជា​ទី​មាន​សិង្ហ​ញី សិង្ហ​ឈ្មោល ពស់‌វែក នឹង​ពស់​ភ្លើង​ហោះ ដើម្បី​ទៅ​ឯ​សាសន៍​មួយ ដែល​នឹង​គ្មាន​ប្រយោជន៍​ដល់​គេ​សោះ ពី​ព្រោះ​សាសន៍​អេស៊ីព្ទ​គេ​ជួយ​ជា​ឥត​អំពើ ហើយ​ជា​ឥត​ប្រយោជន៍​ទទេ ហេតុ​នោះ​បាន​ជា​អញ​បាន​ហៅ​គេ​ថា រ៉ាហាប ជា​អ្នក​ដែល​អង្គុយ​នៅ​តែ​ស្ងៀម។ ចូរ​ទៅ​ឥឡូវ ឲ្យ​ចារឹក​សេចក្ដី​នេះ​ចុះ​នៅ​នឹង​បន្ទះ​ថ្ម ហើយ​កត់​ទុក​ក្នុង​សៀវភៅ​ទៅ ដើម្បី​នឹង​ទុក​សំរាប់​ពេល​ទៅ​មុខ​ជា​រៀង‌រាប​ដរាប ដ្បិត​ជន‌ជាតិ​នេះ​គេ​រឹង‌ចចេស ជា​ពួក​កូន​ចៅ​ភូត‌កុហក គឺ​ជា​កូន​ចៅ ដែល​មិន​ព្រម​ផ្ចង់​ចិត្ត​ស្តាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ទេ

ចែក​រំលែក
អេសាយ 30 ពគប

អេសាយ 30:1-9 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ វេទនា​ដល់​ពួក​កូន​ចៅ​ដែល​រឹង​ចចេស ជា​ពួក​អ្នក​ប្រឹក្សា​គ្នា តែ​មិន​មែន​នឹង​យើង ហើយ​តាំង​សញ្ញា តែ​មិន​មែន​តាម​វិញ្ញាណ​របស់​យើង​ទេ គឺ​ជា​ការ​ដែល​បន្ថែម​អំពើ​បាប​ទៅ​លើ​បាប​របស់​គេ​ទៀត។ គេ​រៀបចំ​ដំណើរ​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ឥត​មាន​សួរ​យោបល់​យើង​ឡើយ គេ​គិត​ចម្រើន​កម្លាំង ដោយ​ពឹង​ដល់​កម្លាំង​ផារ៉ោន ហើយ​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ស្រុក​អេស៊ីព្ទ ដូច្នេះ កម្លាំង​របស់​ផារ៉ោន នឹង​បាន​ជា​សេចក្ដី​ខ្មាស​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​ការ​ជ្រក​កោន​ក្រោម​ម្លប់​ស្រុក​អេស៊ីព្ទ នឹង​បាន​ជា​សេចក្ដី​វិល‌វល់​ដល់​អ្នក​ដែរ។ ដ្បិត​ពួក​ចៅ‌ហ្វាយ​របស់​គេ​សុទ្ធ​តែ​នៅ​ក្រុង​សូអាន ឯ​ពួក​រាជ‌ទូត​របស់​គេ​ក៏​បាន​មក​ដល់​ក្រុង​ហានេស​ដែរ គេ​នឹង​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា ពី​ដំណើរ​សាសន៍​នោះ ដែល​មិន​អាច​នឹង​មាន​ប្រយោជន៍​ដល់​គេ​ឡើយ ជា​សាសន៍​ដែល​មិន​មែន​ជា​ជំនួយ ឬ​ជា​ប្រយោជន៍​សោះ គឺ​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស និង​សេចក្ដី​ដំណៀល​វិញ។ នេះ​ជា​ទំនាយ​អំពី​សត្វ​នៅ​តំបន់​ណេកិប។ គេ​ផ្ទុក​ទ្រព្យ​សម្បត្តិ​របស់​គេ​នៅ​លើ​ខ្នង​លា ហើយ​ផ្ទុក​សម្បត្តិ​របស់​គេ​នៅ​លើ​បូក​សត្វ​អូដ្ឋ ដឹក‌កាត់​ស្រុក​ដែល​មាន​ទុក្ខ​លំបាក និង​ថប់​ព្រួយ ជា​ទី​មាន​សិង្ហ​ញី សិង្ហ​ឈ្មោល ពស់​វែក និង​ពស់​ភ្លើង​ហោះ ដើម្បី​ទៅ​ឯ​សាសន៍​មួយ ដែល​គ្មាន​ប្រយោជន៍​ដល់​គេ​សោះ។ ព្រោះ​សាសន៍​អេស៊ីព្ទ​គេ​ជួយ​ជា​ឥត​អំពើ ហើយ​ជា​ឥត​ប្រយោជន៍​ទទេ ហេតុ​នោះ​បាន​ជា​យើង​ហៅ​គេ​ថា «រ៉ាហាប ជា​អ្នក​ដែល​អង្គុយ​នៅ​តែ​ស្ងៀម»។ ចូរ​ទៅ​ឥឡូវ ឲ្យ​ចារឹក​សេចក្ដី​នេះ​ចុះ​នៅ​នឹង​បន្ទះ​ថ្ម ហើយ​កត់​ទុក​ក្នុង​សៀវភៅ​ទៅ ដើម្បី​នឹង​ទុក​សម្រាប់​ពេល​ទៅ​មុខ​ជា​រៀង‌រហូត។ ដ្បិត​ជន​ជាតិ​នេះ​ចចេស ជា​ពួក​កូន​ចៅ​ភូត​កុហក គឺ​ជា​កូន​ចៅ​ដែល​មិន​ព្រម​ផ្ចង់​ចិត្ត ស្តាប់​ក្រឹត្យ‌វិន័យ របស់​ព្រះ‌យេហូវ៉ា​ទេ

ចែក​រំលែក
អេសាយ 30 គកស១៦