អេសាយ 3:9-20

អេសាយ 3:9-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទឹក​មុខ​គេ​តែង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ ក៏​បើក​បង្ហាញ​អំពើ​បាប​របស់​គេ ដូច​ជា​ក្រុង​សូដុម គេ​មិន​ខំ​បិទ​បាំង​ទេ។ វេទនា​ដល់​ព្រលឹង​គេ ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ដល់​ខ្លួន​គេ​ហើយ។ ចូរ​ថ្លែង​ប្រាប់​ថា មនុស្ស​សុចរិត នឹង​បាន​សេចក្ដី​សុខ ដ្បិត​គេ​នឹង​ទទួល​ផល​នៃ​ការ​ដែល​គេ​ប្រព្រឹត្ត។ វេទនា​ដល់​មនុស្ស​អាក្រក់​គេ នឹង​ត្រូវ​សេចក្ដី​ទុក្ខ​ព្រួយ ដ្បិត​ការ​ដែល​ដៃ​គេ​បាន​ធ្វើ​នោះ នឹង​បាន​សង​ដល់​គេ​វិញ។ ឯ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ជា​កូន​ក្មេង​ដែល​សង្កត់‌សង្កិន​គេ ហើយ​ជា​ស្រីៗ​ដែល​មាន​អំណាច​លើ​គេ​ដែរ ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ពួក​អ្នក​ដែល​នាំ​មុខ​អ្នក គេ​នាំ​ឲ្យ​វង្វេង ក៏​បំផ្លាញ​ផ្លូវ​ដែល​អ្នក​ដើរ​ដែរ។ ព្រះ‌យេហូវ៉ា​កំពុង​ឈរ ដើម្បី​តវ៉ា ព្រះ‌អង្គ​ឈរ​ដើម្បី​ជំនុំ‌ជម្រះ​ជន​ជាតិ​ទាំង‌ឡាយ។ ព្រះ‌យេហូវ៉ា​នឹង​ចោទ​ប្រកាន់ ពួក​ចាស់​ទុំ​របស់​រាស្ត្រ និង​ពួក​ចៅ‌ហ្វាយ​ថា៖ គឺ​អ្នក​រាល់​គ្នា​ហើយ ដែល​បាន​ស៊ី​បង្ហិន​ចម្ការ​ទំពាំង‌បាយ‌ជូរ ឯទ្រព្យ​សម្បត្តិ​ដែល​រឹប‌យក​ពី​ពួក​អ្នក​ទាល់​ក្រ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ផ្ទះ​អ្នក​ទាំង​អស់។ ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា ហេតុ​អ្វី​អ្នក​រាល់​គ្នាធ្វើ​ទុក្ខ​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​បង្អាប់​ពួក​មនុស្ស​ទាល់​ក្រ​ដូច្នេះ? ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​មាន​ឫក​ខ្ពស់ មាន​ដំណើរ​ងើប‌ងើយ ផាត់​រង្វង់​ភ្នែក ដើរ​កាច់​រាង ហើយ​ដើរ​ឲ្យ​គេឮ​សូរ​កណ្ដឹង​កង​ជើង។ ហេតុ​នេះ ព្រះ‌អម្ចាស់​នឹង​វាយ​ក្រយៅ​ក្បាល ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ឲ្យ​កើត​កម ហើយ​ព្រះ‌យេហូវ៉ា​នឹង​សម្រាត​កេរ‌ខ្មាស​គេ។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ដក​សេចក្ដី​លម្អ​នៃ​កង​ជើង សំណាញ់​សក់ កង​ក ទំហូ កង​ដៃ ស្បៃ ក្បាំង​សក់ ខ្សែ​ចង្ក្រង់ ខ្សែ​ក្រវាត់ ក្លងហិត គាថា

ចែក​រំលែក
អាន អេសាយ 3

អេសាយ 3:9-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឫក‌ពា​របស់​ពួក​គេ​សម្តែង​ឲ្យ​ឃើញ​ថា ពួក​គេ​មាន​ទោស ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ដូច​អ្នក​ក្រុង​សូដុម គឺ​គេ​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស ឥត​លាក់‌លៀម​សោះ​ឡើយ។ ពួក​គេ​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​គេ​បង្ក​ទោស​ខ្លួន​ឯង! អ្នក​រាល់​គ្នា​អាច​ពោល​ថា: មនុស្ស​សុចរិត​បាន​សុខ‌ដុម‌រមនា គេ​នឹង​ទទួល​ផល​ពី​កិច្ចការ​ដែល​គេ​ធ្វើ។ រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វេទនា គេ​មិន​បាន​សុខ​ទេ គេ​ទទួល​ផល​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ប្រជា‌ជន​របស់​យើង​ត្រូវ​ក្មេង‌ក្មាង ជិះ‌ជាន់​សង្កត់‌សង្កិន ស្រីៗ​ក៏​នាំ​គ្នា​ត្រួត‌ត្រា​លើ​ពួក​គេ​ដែរ។ ប្រជា‌ជន​របស់​យើង​អើយ ពួក​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ពួក​គេ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​ខុស​ផ្លូវ។ ព្រះ‌អម្ចាស់​កំពុង​តែ​ប្រុង​ប្រៀប​កាត់​ក្ដី ព្រះអង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស ជាតិ​សាសន៍​ទាំង‌ឡាយ។ ព្រះ‌អម្ចាស់​ចោទ​ប្រកាន់​ពួក​ព្រឹទ្ធា‌ចារ្យ និង​ពួក​មេ​ដឹក​នាំ​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ថា: “អ្នក​រាល់​គ្នា​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ! អ្នក​រាល់​គ្នា​រឹប​អូស​យក​របស់​ទ្រព្យ​ជន​ក្រីក្រ មក​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី ប្រជា‌រាស្ត្រ​របស់​យើង ហើយ​បង្អាប់​កិត្តិយស​ជន​ក្រីក្រ​ដូច្នេះ?”។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ពួក​ជំទាវ​នៅ​ក្រុង​ស៊ីយ៉ូន​អួត‌អាង​ណាស់ ពួក​គេ​មាន​កិរិយា​ឆ្មើង‌ឆ្មៃ និង​វាយ​ឫក​ខ្ពស់ ពួក​គេ​ដើរ​កាច់​រាង ទាំង​អង្រួន​កង​ជើង​ឲ្យ​គេ​ឮ។ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​ជំទាវ នៅ​ក្រុង​ស៊ីយ៉ូន កើត​រមាស់​ពេញ​ក្បាល ហើយ​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ក្បាល​ពួក​គេ ទៅ​ជា​ត្រងោល។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​យក​គ្រឿង​អលង្ការ​ទាំង​ប៉ុន្មាន​ចេញ​ពី​ស្ត្រី​ទាំង​នោះ គឺ​ព្រះអង្គ​ដក​ក្រវិល ភ្នួង‌សក់ បន្តោង​ខ្សែ​ក ទុំហូ ខ្សែ​ដៃ ស្បៃ​បាំង​មុខ ស្នៀត​សក់​ដែល​មាន​ដាំ​ពេជ្រ កង​ជើង ខ្សែ​ក្រវាត់ ប្រអប់​ដាក់​គ្រឿង​ក្រអូប ដន្លាប់

ចែក​រំលែក
អាន អេសាយ 3

អេសាយ 3:9-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ភាព​នៃ​ទឹក​មុខ​គេ​តែង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ ក៏​បើក​បង្ហាញ​អំពើ​បាប​របស់​គេ​ចេញ ដូច​ជា​ក្រុង​សូដុំម គេ​មិន​ខំ​បិទ​បាំង​ទេ វេទនា​ដល់​ព្រលឹង​គេ ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដល់​ខ្លួន​គេ​ហើយ ចូរ​ថ្លែង​ប្រាប់​ថា​មនុស្ស​សុចរិត​នឹង​បាន​សេចក្ដី​សុខ​វិញ ដ្បិត​គេ​នឹង​ទទួល​ផល​នៃ​ការ​ដែល​គេ​ប្រព្រឹត្ត វេទនា​ដល់​មនុស្ស​អាក្រក់ គេ​នឹង​ត្រូវ​សេចក្ដី​ទុក្ខ​ព្រួយ ដ្បិត​ការ​ដែល​ដៃ​គេ​បាន​ធ្វើ​នោះ​នឹង​បាន​សង​ដល់​គេ​វិញ ឯ​រាស្ត្រ​របស់​អញ គឺ​ជា​កូន​ក្មេង​ដែល​សង្កត់‌សង្កិន​គេ ហើយ​គឺ​ជា​ពួក​ស្រីៗ​ដែល​មាន​អំណាច​ត្រួត‌ត្រា​លើ​គេ​ដែរ ឱ​រាស្ត្រ​របស់​អញ​អើយ ពួក​អ្នក​ដែល​នាំ​មុខ​ឯង គេ​នាំ​ឲ្យ​វង្វេង ក៏​បំផ្លាញ​ផ្លូវ​ដែល​ឯង​ដើរ​ដែរ។ ព្រះ‌យេហូវ៉ា​ទ្រង់​កំពុង​ឈរ ដើម្បី​តវ៉ា ទ្រង់​ឈរ​ដើម្បី​ជំនុំ‌ជំរះ​ជន‌ជាតិ​ទាំង‌ឡាយ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កើត​មាន​ក្តី​នឹង​ពួក​ចាស់‌ទុំ​នៃ​រាស្ត្រ​ទ្រង់ ហើយ​នឹង​ពួក​ចៅហ្វាយ​ថា គឺ​ឯង​រាល់​គ្នា​ហើយ ដែល​បាន​ស៊ី​បង្ហិន​ចំការ​ទំពាំង‌បាយ‌ជូរ ឯ​របឹប​ដែល​រឹប‌ជាន់​យក​ពី​ពួក​អ្នក​ទាល់​ក្រ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ផ្ទះ​ឯង​ទាំង​អស់ ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​ឯង​រាល់​គ្នា​មាន​ច្បាប់​អី​នឹង​ញាំ‌ញី​រាស្ត្រ​អញ ហើយ​បុក‌បែន​មុខ​របស់​មនុស្ស​ទាល់​ក្រ​ដូច្នេះ។ មួយ​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ដោយ​ព្រោះ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​មាន​ឫក​ខ្ពស់ មាន​ដំណើរ​ងើប‌ងើយ ផាត់​រង្វង់​ភ្នែក ដើរ​យាង‌យាវ ហើយ​បំភ្លៃ​ជើង​ឲ្យ​មាន​សូរ​រ៉ូងរ៉ឺង ហេតុ​នេះព្រះ‌អម្ចាស់ ទ្រង់​នឹង​វាយ​ក្រយៅ​ក្បាល​នៃ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ឲ្យ​កើត​កម ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរាត​កេរខ្មាស​គេ នៅ​គ្រា​នោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ដក​សេចក្ដី​លំអ​នៃ​កង​ជើង សំណាញ់​សក់ កង​ក ទំហូ កង​ដៃ ស្បៃ ក្បាំង​សក់ ខ្សែ​ចង្ក្រង់ ខ្សែ​ក្រវាត់ ក្លង‌ហិត គាថា

ចែក​រំលែក
អាន អេសាយ 3