អេសាយ 29:13-16
អេសាយ 29:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ដោយព្រោះសាសន៍នេះចូលមកជិតយើង ហើយគោរពប្រតិបត្តិដល់យើង ដោយសម្ដី និងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីយើង ហើយការដែលគេកោតខ្លាចដល់យើង គ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ ហេតុនោះ យើងនឹងធ្វើការមួយយ៉ាងអស្ចារ្យ នៅកណ្ដាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់នឹងត្រូវបិទបាំងដែរ។ វេទនាដល់ពួកអ្នកដែលលាក់គំនិតរបស់ខ្លួនពីព្រះយេហូវ៉ា ហើយដែលធ្វើការនៅក្នុងទីកំបាំង ដោយថា៖ តើមានអ្នកណាបានឃើញយើងទេ? តើមានអ្នកណាបានស្គាល់យើងទេ? អ្នករាល់គ្នាយល់ខុសស្រឡះ តើនឹងរាប់ជាងស្មូនទុកដូចជាដីឥដ្ឋដែរឬ? បានជារបស់ដែលគេបានបង្កើតមកហើយ នឹងពោលពីអ្នកដែលបានបង្កើតខ្លួនថា៖ «គេមិនបានបង្កើតយើងទេ» ឬរបស់ដែលគេសូនធ្វើ នឹងពោលពីអ្នកដែលបានសូនធ្វើនោះថា៖ «គេឥតមានតម្រិះយោបល់អ្វីឡើយ» ដូច្នេះ។
អេសាយ 29:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា: ប្រជារាស្ត្រនេះចូលមកជិតយើង ហើយលើកតម្កើងយើងត្រឹមតែពាក្យសម្ដី និងបបូរមាត់ប៉ុណ្ណោះ តែចិត្តរបស់គេនៅឆ្ងាយពីយើងណាស់ រីឯការដែលពួកគេគោរពកោតខ្លាចយើង គ្រាន់តែជាទំនៀមទម្លាប់ ដែលគេរៀនពីមនុស្សប៉ុណ្ណោះ។ ហេតុនេះហើយបានជាយើងធ្វើឲ្យ ប្រជារាស្ត្រនេះរឹតតែងឿងឆ្ងល់តទៅទៀត ដោយប្រើការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹង ប្រែជាឥតបានការទៅវិញ។ អស់អ្នកដែលគេចខ្លួនពីព្រះអម្ចាស់ ដើម្បីលាក់គម្រោងការរបស់ខ្លួន មុខជាត្រូវវេទនាពុំខាន។ អ្នកទាំងនោះប្រព្រឹត្តអំពើផ្សេងៗនៅក្នុង ទីលាក់កំបាំង ទាំងពោលថា «គ្មាននរណាឃើញយើង គ្មាននរណាដឹងថាយើងកំពុងតែធ្វើអ្វីទេ!»។ អ្នករាល់គ្នាគិតដូច្នេះខុសទាំងស្រុង! តើគេអាចចាត់ទុកដីឥដ្ឋ ស្មើនឹងជាងស្មូនកើតឬ? ក្អមមិនអាចនិយាយអំពីជាងស្មូនថា «អ្នកនោះមិនបានសូនខ្ញុំមកទេ» ថូក៏មិនអាចនិយាយអំពីជាងស្មូនថា «គាត់គ្មានប្រាជ្ញា» ដែរ។
អេសាយ 29:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះអម្ចាស់ទ្រង់ក៏មានបន្ទូលថា ហេតុដោយព្រោះសាសន៍នេះគេចូលមកជិតអញ ហើយគោរពប្រតិបត្តិដល់អញ ដោយសំដីនឹងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីអញ ហើយការដែលគេកោតខ្លាចដល់អញគ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ ហេតុនោះ មើល អញនឹងធ្វើការ១យ៉ាងអស្ចារ្យ នៅកណ្តាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់គេនឹងត្រូវបិទបាំងដែរ។ វេទនាដល់ពួកអ្នកដែលលាក់គំនិតរបស់ខ្លួនពីព្រះយេហូវ៉ា ហើយដែលធ្វើការនៅក្នុងទីកំបាំង ដោយថា តើមានអ្នកណាបានឃើញ តើមានអ្នកណាបានស្គាល់យើង យីអើ អ្នករាល់គ្នាយល់ផ្ទុយអីម៉្លេះ តើនឹងរាប់ជាងស្មូនទុកដូចជាដីឥដ្ឋដែរឬ បានជារបស់ដែលគេបានបង្កើតមកហើយ នឹងពោលពីអ្នកដែលបានបង្កើតខ្លួនថា គេមិនបានបង្កើតអញទេ ឬរបស់ដែលគេសូនធ្វើឡើង នឹងពោលពីអ្នកដែលបានសូនធ្វើនោះថា គេឥតមានដំរិះយោបល់អ្វីឡើយដូច្នេះ។