អេសាយ 29:11-14

អេសាយ 29:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

និមិត្ត​ទាំង​អស់​បាន​ត្រឡប់​ដូច​ជា​ពាក្យ​ក្នុង​សៀវភៅ ដែល​បិទ​ត្រា​ដល់​អ្នក​រាល់​គ្នា ជា​សៀវភៅ​ដែល​គេ​ជូន​ដល់​ម្នាក់​មាន​ចំណេះ ដោយ​ពាក្យ​ថា «សូម​អ្នក​មើល​សៀវភៅ​នេះ​ទៅ» តែ​អ្នក​នោះ​ឆ្លើយ​តប​ថា «ខ្ញុំ​មើល​មិន​បាន​ទេ ព្រោះ​បិទ​ត្រា​ហើយ»។ រួច​គេ​បញ្ជូន​ឲ្យ​ដល់​ម្នាក់​ដែល​គ្មាន​ចំណេះ ដោយ​ពាក្យ​ថា «សូម​អ្នក​មើល​សៀវភៅ​នេះ» តែ​អ្នក​នោះ​ឆ្លើយ​តប​មក​វិញ​ថា «ខ្ញុំ​មិន​ចេះ​អក្សរ​ទេ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​សាសន៍​នេះ​ចូល​មក​ជិត​យើង ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​យើង ដោយ​សម្ដី និង​បបូរ​មាត់​របស់​គេ តែ​បាន​ដក​ចិត្ត​ចេញ​ទៅ​ឆ្ងាយ​ពី​យើង ហើយ​ការ​ដែល​គេ​កោត​ខ្លាច​ដល់​យើង គ្រាន់​តែ​ជា​បង្គាប់​របស់​មនុស្ស ដែល​បង្រៀន​គេ​ប៉ុណ្ណោះ ហេតុ​នោះ យើង​នឹង​ធ្វើ​ការ​មួយ​យ៉ាង​អស្ចារ្យ នៅ​កណ្ដាល​សាសន៍​នេះ​ទៀត ជា​ការ​អស្ចារ្យ ហើយ​ចំឡែក នោះ​ប្រាជ្ញា​នៃ​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ ហើយ​យោបល់​នៃ​ពួក​វាង‌វៃ​របស់​នឹង​ត្រូវ​បិទ​បាំង​ដែរ។

ចែក​រំលែក
អាន អេសាយ 29

អេសាយ 29:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​អ្នក​រាល់​គ្នា អត្ថ‌ន័យ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះ ប្រៀប​បាន​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក ក្នុង​សៀវភៅ​មួយ​បិទ​ត្រា​ជិត ហើយ​គេ​យក​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែល ចេះ​អក្សរ ទាំង​ពោល​ថា «ចូរ​អាន​ទៅ!» តែ​អ្នក​នោះ​តប​មក​វិញ​ថា «ខ្ញុំ​អាន​ពុំ​កើត​ទេ ព្រោះ​សៀវភៅ​នេះ​មាន​បិទ​ត្រា!»។ គេ​ក៏​យក​សៀវភៅ​នោះ​ទៅ​ឲ្យ​មនុស្ស​ម្នាក់ ទៀត​ដែល​មិន​ចេះ​អក្សរ ទាំង​ពោល​ថា «ចូរ​អាន​ទៅ!» តែ​អ្នក​នោះ​តប​មក​វិញ​ថា «ខ្ញុំ​មិន​ចេះ​អក្សរ​ទេ!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ប្រជា‌រាស្ត្រ​នេះ​ចូល​មក​ជិត​យើង ហើយ​លើក​តម្កើង​យើង​ត្រឹម​តែ​ពាក្យ​សម្ដី និង​បបូរ​មាត់​ប៉ុណ្ណោះ តែ​ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់ រីឯ​ការ​ដែល​ពួក​គេ​គោរព​កោតខ្លាច​យើង គ្រាន់​តែ​ជា​ទំនៀម‌ទម្លាប់ ដែល​គេ​រៀន​ពី​មនុស្ស​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ ប្រជា‌រាស្ត្រ​នេះ​រឹត​តែ​ងឿង‌ឆ្ងល់​ត​ទៅ​ទៀត ដោយ​ប្រើ​ការ​អស្ចារ្យ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ យើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​ធ្វើ​ឲ្យ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង ប្រែ​ជា​ឥត​បាន​ការ​ទៅ​វិញ។

ចែក​រំលែក
អាន អេសាយ 29

អេសាយ 29:11-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ការ​ជាក់‌ស្តែង​ទាំង​អស់​បាន​ត្រឡប់​ដូច​ជា​ពាក្យ​ក្នុង​សៀវភៅ ដែល​បិទ​ត្រា​ហើយ ដល់​អ្នក​រាល់​គ្នា ជា​សៀវភៅ​ដែល​គេ​ជូន​ដល់​ម្នាក់​មាន​ចំណេះ ដោយ​ពាក្យ​ថា សូម​អ្នក​មើល​សៀវភៅ​នេះ​ទៅ តែ​អ្នក​នោះ​ឆ្លើយ​តប​ថា ខ្ញុំ​មើល​មិន​បាន​ទេ ពី​ព្រោះ​បិទ​ត្រា​ហើយ រួច​គេ​បញ្ជូន​ឲ្យ​ដល់​ម្នាក់​ដែល​គ្មាន​ចំណេះ ដោយ​ពាក្យ​ថា សូម​អ្នក​មើល​សៀវភៅ​នេះ តែ​អ្នក​នោះ​ឆ្លើយ​តប​មក​វិញ​ថា ខ្ញុំ​មិន​ចេះ​អក្សរ​ទេ។ ព្រះ‌អម្ចាស់​ទ្រង់​ក៏​មាន​បន្ទូល​ថា ហេតុ​ដោយ​ព្រោះ​សាសន៍​នេះ​គេ​ចូល​មក​ជិត​អញ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​អញ ដោយ​សំដីនឹង​បបូរ​មាត់​របស់​គេ តែ​បាន​ដក​ចិត្ត​ចេញ​ទៅ​ឆ្ងាយ​ពី​អញ ហើយ​ការ​ដែល​គេ​កោត‌ខ្លាច​ដល់​អញ​គ្រាន់​តែ​ជា​បង្គាប់​របស់​មនុស្ស ដែល​បង្រៀន​គេ​ប៉ុណ្ណោះ ហេតុ​នោះ មើល អញ​នឹង​ធ្វើ​ការ​១​យ៉ាង​អស្ចារ្យ នៅ​កណ្តាល​សាសន៍​នេះ​ទៀត ជា​ការ​អស្ចារ្យ ហើយ​ចំឡែក នោះ​ប្រាជ្ញា​នៃ​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ ហើយ​យោបល់​នៃ​ពួក​វាង‌វៃ​របស់​គេ​នឹង​ត្រូវ​បិទ​បាំង​ដែរ។

ចែក​រំលែក
អាន អេសាយ 29