អេសាយ 29:1-24
អេសាយ 29:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រុងអើរាល ក្រុងអើរាល ជាទីក្រុងដែលដាវីឌបានគង់នៅ ចូរឲ្យគេធ្វើបុណ្យខួប រាល់ឆ្នាំតទៅ។ តែយើងនឹងធ្វើទុក្ខក្រុងអើរាល ហើយគេនឹងកើតមានសេចក្ដីសោយសោក និងការយំទួញ ឯក្រុងយេរូសាឡិមនឹងបានដូចជាក្រុងអើរាល ដែរ។ យើងនឹងបោះទ័ពឡោមព័ទ្ធអ្នក ព្រមទាំងដាក់ទាហានបង្ខាំងជុំវិញ ហើយចាត់ចែងគ្រឿងសឹកច្បាំងនឹងអ្នក។ នោះអ្នកនឹងត្រូវបន្ទាបចុះ ហើយនិយាយចេញពីដីមក សម្ដីអ្នកនឹងឮខ្សាវៗមកពីធូលីដី សំឡេងអ្នកនឹងចេញពីដីមកដូចជាសំឡេងរបស់គ្រូខាប គឺសម្ដីអ្នកនឹងឮខ្សឹបចេញពីធូលីដីមកយ៉ាងនោះឯង។ ប៉ុន្តែ ខ្មាំងសត្រូវជាសាសន៍ដទៃដ៏ច្រើនក្រៃលែងរបស់អ្នក នឹងដូចជាធូលីដី ហើយពួកគួរស្ញែងខ្លាចដ៏មានច្រើនក្រៃលែង គេនឹងដូចជាអង្កាមដែលប៉ើងបាត់ទៅ ហើយការនោះនឹងកើតមកភ្លាមមួយរំពេច ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងធ្វើទោសដល់ទីក្រុងដោយផ្គរ កក្រើកដី សូរគ្រាំគ្រេង ខ្យល់កួច ព្យុះសង្ឃរា និងអណ្ដាតភ្លើងដែលឆេះបំផ្លាញ។ នោះមានមនុស្សជាច្រើនក្រៃលែង ពីគ្រប់ទាំងសាសន៍ដែលច្បាំងនឹងអើរាល គឺអស់អ្នកដែលច្បាំងនឹងទីក្រុង ហើយនឹងបន្ទាយផង ជាពួកអ្នកដែលធ្វើទុក្ខដល់ទីក្រុង គេនឹងប្រៀបដូចជាសប្តិ គឺជានិមិត្តនៅពេលយប់ទេ គឺដូចជាកាលមនុស្សឃ្លាន គេយល់សប្តិឃើញថា ខ្លួនបានបរិភោគ តែពេលភ្ញាក់ឡើង ចិត្តនឹកឃ្លានវិញ ឬដូចជាកាលណាមនុស្សដែលស្រេក បានយល់សប្តិឃើញថា ខ្លួនកំពុងតែផឹក តែគេភ្ញាក់ឡើង ហើយមើល៍ គេល្វើយ ហើយចិត្តនឹកស្រេកណាស់ ឯចំនួនច្រើនក្រៃលែងពីគ្រប់ទាំងសាសន៍ ដែលច្បាំងនឹងភ្នំស៊ីយ៉ូន គេនឹងដូច្នោះដែរ។ ចូរអ្នករាល់គ្នានៅស្ទាក់ស្ទើរ ហើយភាំងឆ្ងល់ចុះ ចូរបិទភ្នែក ហើយធ្វើជាមនុស្សខ្វាក់ទៅ គេស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ គេទ្រេតទ្រោត តែមិនមែនដោយគ្រឿងស្រវឹងឡើយ។ ដ្បិតព្រះយេហូវ៉ាបានចាក់វិញ្ញាណ ដែលបណ្ដាលឲ្យលក់ស៊ប់មកលើអ្នករាល់គ្នា ក៏បានបិទភ្នែកអ្នករាល់គ្នា ជាពួកហោរា ហើយបានគ្របភ្ជិតក្បាលអ្នករាល់គ្នា ជាពួកមើលឆុត។ និមិត្តទាំងអស់បានត្រឡប់ដូចជាពាក្យក្នុងសៀវភៅ ដែលបិទត្រាដល់អ្នករាល់គ្នា ជាសៀវភៅដែលគេជូនដល់ម្នាក់មានចំណេះ ដោយពាក្យថា «សូមអ្នកមើលសៀវភៅនេះទៅ» តែអ្នកនោះឆ្លើយតបថា «ខ្ញុំមើលមិនបានទេ ព្រោះបិទត្រាហើយ»។ រួចគេបញ្ជូនឲ្យដល់ម្នាក់ដែលគ្មានចំណេះ ដោយពាក្យថា «សូមអ្នកមើលសៀវភៅនេះ» តែអ្នកនោះឆ្លើយតបមកវិញថា «ខ្ញុំមិនចេះអក្សរទេ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ដោយព្រោះសាសន៍នេះចូលមកជិតយើង ហើយគោរពប្រតិបត្តិដល់យើង ដោយសម្ដី និងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីយើង ហើយការដែលគេកោតខ្លាចដល់យើង គ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ ហេតុនោះ យើងនឹងធ្វើការមួយយ៉ាងអស្ចារ្យ នៅកណ្ដាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់នឹងត្រូវបិទបាំងដែរ។ វេទនាដល់ពួកអ្នកដែលលាក់គំនិតរបស់ខ្លួនពីព្រះយេហូវ៉ា ហើយដែលធ្វើការនៅក្នុងទីកំបាំង ដោយថា៖ តើមានអ្នកណាបានឃើញយើងទេ? តើមានអ្នកណាបានស្គាល់យើងទេ? អ្នករាល់គ្នាយល់ខុសស្រឡះ តើនឹងរាប់ជាងស្មូនទុកដូចជាដីឥដ្ឋដែរឬ? បានជារបស់ដែលគេបានបង្កើតមកហើយ នឹងពោលពីអ្នកដែលបានបង្កើតខ្លួនថា៖ «គេមិនបានបង្កើតយើងទេ» ឬរបស់ដែលគេសូនធ្វើ នឹងពោលពីអ្នកដែលបានសូនធ្វើនោះថា៖ «គេឥតមានតម្រិះយោបល់អ្វីឡើយ» ដូច្នេះ។ នៅតែបន្តិចទៀតប៉ុណ្ណោះទេ នោះព្រៃល្បាណូន នឹងត្រឡប់ទៅជាចម្ការដុះដាល ហើយចម្ការដុះដាលនឹងបានរាប់ទុកដូចជាព្រៃវិញ។ នៅគ្រានោះ មនុស្សត្រចៀកថ្លង់នឹងឮព្រះបន្ទូលក្នុងគម្ពីរ ហើយភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ពីក្នុងសភាពជាងងឹត ហើយសូន្យសុង។ មនុស្សរាបសា នឹងមានអំណរចម្រើនឡើង ក្នុងព្រះយេហូវ៉ា ហើយពួកអ្នកក្រីក្រក្នុងបណ្ដាមនុស្ស គេនឹងរីករាយដោយសារព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល។ ពីព្រោះមនុស្សដែលគួរស្ញែងខ្លាចបានសូន្យបាត់ទៅ ហើយក៏លែងមានមនុស្សចំអកមើលងាយ ឯពួកមនុស្សដែលរកតែឱកាសនឹងធ្វើការទុច្ចរិត នឹងត្រូវកាត់ចេញអស់រលីង គឺជាពួកអ្នកដែលចាប់ពាក្យមនុស្ស ឲ្យគេមានទោស ហើយដាក់អន្ទាក់ចាប់ពួកមនុស្ស ដែលក្រើនរំឭកនៅត្រង់ទ្វារក្រុង ព្រមទាំងបង្វែរមនុស្សសុចរិត ដោយឥតហេតុផង។ ហេតុនោះ ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះអ័ប្រាហាំ ព្រះអង្គមានព្រះបន្ទូលពីដំណើរពួកវង្សយ៉ាកុបថា៖ ឥឡូវនេះ ពួកយ៉ាកុបមិនត្រូវខ្មាសទៀតឡើយ ក៏មិនត្រូវស្លុតស្លាំងទៀតដែរ។ តែកាលណាកូនចៅគេបានឃើញការដែលដៃយើង នឹងធ្វើនៅកណ្ដាលពួកគេ នោះគេនឹងរាប់ឈ្មោះយើងជាបរិសុទ្ធ ក៏រាប់ព្រះដ៏បរិសុទ្ធរបស់លោកយ៉ាកុបទុកជាបរិសុទ្ធដែរ ព្រមទាំងកោតខ្លាចដល់ព្រះនៃសាសន៍អ៊ីស្រាអែលផង។ ឯពួកអ្នកដែលប្រព្រឹត្តខុសខាងវិញ្ញាណ គេនឹងមានយោបល់ ហើយមនុស្សដែលរអ៊ូរទាំនឹងទទួលសេចក្ដីប្រៀនប្រដៅ។
អេសាយ 29:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រុងអើរាល ក្រុងអើរាល ជាបុរីដែលស្ដេចដាវីឌបោះទ័ព មុខជាត្រូវវេទនាពុំខាន! ទោះបីអ្នកខំធ្វើពិធីបុណ្យរៀងរាល់ឆ្នាំក្ដី ក៏យើងនឹងកម្ទេចក្រុងនេះចោលដែរ។ ពេលនោះនឹងមានសំឡេងយំសោក សម្រែកថ្ងូរ ហើយទីក្រុងទាំងមូលនឹងប្រៀបដូចជា អាសនៈធ្វើយញ្ញបូជា។ យេរូសាឡឹមអើយ យើងនឹងបោះទ័ពជុំវិញអ្នក យើងនឹងឲ្យកងទ័ពឡោមព័ទ្ធអ្នក យើងនឹងដំឡើងគ្រឿងសឹកវាយសម្រុកអ្នក។ ពេលនោះ អ្នកនឹងធ្លាក់ខ្លួនយ៉ាងទាបបំផុត ពាក្យសម្ដីរបស់អ្នកលេចឮពីក្នុងដី ពាក្យពេចន៍របស់អ្នកលេចចេញពីធូលីដី សំឡេងរបស់អ្នកឮពីក្នុងដីមកដូចសំឡេងខ្មោច ហើយពាក្យដែលអ្នកនិយាយខ្សឹបៗ ក៏លេចឮពីធូលីដីមកដែរ។ ខ្មាំងសត្រូវរបស់អ្នកនឹងមានចំនួន ច្រើនឥតគណនាដូចធូលីដី សត្រូវដ៏កាចសាហាវនេះនឹងប្រៀបដូចជា កម្ទេចចំបើងដែលហុយឡើង។ រំពេចនោះ ព្រះអម្ចាស់នៃពិភពទាំងមូល យាងមកជួយអ្នក ដោយប្រើផ្គរលាន់ ព្រះអង្គធ្វើឲ្យផែនដីរញ្ជួយ ឲ្យមានរន្ទះបាញ់ មានខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំង ព្រមទាំងមានភ្លើងឆេះដ៏សន្ធោសន្ធៅផង។ កងទ័ពដ៏ច្រើនឥតគណនា របស់ប្រជាជាតិទាំងឡាយដែលលើកគ្នាមក ច្បាំង ឡោមព័ទ្ធ និងចង់កម្ទេច យេរូសាឡឹមដែលជាអាសនៈរបស់ព្រះជាម្ចាស់ មុខជាត្រូវបាត់សូន្យទៅវិញ ដូចគេយល់សប្ដិ និងដូចសុបិននិមិត្តនៅពេលយប់ដែរ។ ពេលនោះ កងទ័ពប្រជាជាតិទាំងប៉ុន្មាន ដែលលើកគ្នាមកវាយលុកភ្នំស៊ីយ៉ូន នឹងប្រៀបដូចជាអ្នកដែលគ្មានអាហារបរិភោគ ហើយយល់សប្ដិឃើញថាខ្លួនកំពុងតែបរិភោគ តែគេភ្ញាក់ឡើងក្រពះនៅទទេ។ អ្នកដែលស្រេកទឹក យល់សប្ដិឃើញថាខ្លួន កំពុងផឹកទឹក តែគេភ្ញាក់ឡើងអស់កម្លាំង ស្ងួតបំពង់ក។ ចូរស្រឡាំងកាំង ហើយភ្ញាក់ផ្អើលទៅ ចូរបិទភ្នែក ធ្វើជាមនុស្សខ្វាក់ទៅ! ចូរស្រវឹង តែមិនមែនស្រវឹងស្រាទេ ចូរដើរទ្រេតទ្រោត តែមិនមែនដោយសារ អំណាចរបស់គ្រឿងស្រវឹងណាដែរ ដ្បិតព្រះអម្ចាស់បានធ្វើឲ្យ វិញ្ញាណរបស់អ្នករាល់គ្នាស្ពឹកស្រពន់ ព្រះអង្គបិទភ្នែកអ្នករាល់គ្នា ដែលជាព្យាការី ព្រះអង្គបាំងមុខអ្នករាល់គ្នាដែលជាគ្រូទាយ។ ចំពោះអ្នករាល់គ្នា អត្ថន័យនៃនិមិត្តហេតុដ៏អស្ចារ្យទាំងនេះ ប្រៀបបាននឹងសេចក្ដីដែលមានចែងទុក ក្នុងសៀវភៅមួយបិទត្រាជិត ហើយគេយកទៅឲ្យមនុស្សម្នាក់ដែល ចេះអក្សរ ទាំងពោលថា «ចូរអានទៅ!» តែអ្នកនោះតបមកវិញថា «ខ្ញុំអានពុំកើតទេ ព្រោះសៀវភៅនេះមានបិទត្រា!»។ គេក៏យកសៀវភៅនោះទៅឲ្យមនុស្សម្នាក់ ទៀតដែលមិនចេះអក្សរ ទាំងពោលថា «ចូរអានទៅ!» តែអ្នកនោះតបមកវិញថា «ខ្ញុំមិនចេះអក្សរទេ!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា: ប្រជារាស្ត្រនេះចូលមកជិតយើង ហើយលើកតម្កើងយើងត្រឹមតែពាក្យសម្ដី និងបបូរមាត់ប៉ុណ្ណោះ តែចិត្តរបស់គេនៅឆ្ងាយពីយើងណាស់ រីឯការដែលពួកគេគោរពកោតខ្លាចយើង គ្រាន់តែជាទំនៀមទម្លាប់ ដែលគេរៀនពីមនុស្សប៉ុណ្ណោះ។ ហេតុនេះហើយបានជាយើងធ្វើឲ្យ ប្រជារាស្ត្រនេះរឹតតែងឿងឆ្ងល់តទៅទៀត ដោយប្រើការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹង ប្រែជាឥតបានការទៅវិញ។ អស់អ្នកដែលគេចខ្លួនពីព្រះអម្ចាស់ ដើម្បីលាក់គម្រោងការរបស់ខ្លួន មុខជាត្រូវវេទនាពុំខាន។ អ្នកទាំងនោះប្រព្រឹត្តអំពើផ្សេងៗនៅក្នុង ទីលាក់កំបាំង ទាំងពោលថា «គ្មាននរណាឃើញយើង គ្មាននរណាដឹងថាយើងកំពុងតែធ្វើអ្វីទេ!»។ អ្នករាល់គ្នាគិតដូច្នេះខុសទាំងស្រុង! តើគេអាចចាត់ទុកដីឥដ្ឋ ស្មើនឹងជាងស្មូនកើតឬ? ក្អមមិនអាចនិយាយអំពីជាងស្មូនថា «អ្នកនោះមិនបានសូនខ្ញុំមកទេ» ថូក៏មិនអាចនិយាយអំពីជាងស្មូនថា «គាត់គ្មានប្រាជ្ញា» ដែរ។ បន្តិចទៀត ព្រៃព្រឹក្សាលើភ្នំលីបង់ នឹងក្លាយទៅជាចម្ការដំណាំ ហើយចម្ការដំណាំក្លាយទៅជាព្រៃវិញ។ នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮព្រះបន្ទូល ដែលមានចែងទុកនៅក្នុងគម្ពីរ ហើយមនុស្សខ្វាក់នឹងមើលឃើញ គឺគេរួចផុតពីភាពងងឹត លែងស្ថិតនៅក្នុងភាពអន្ធការទៀតហើយ។ ព្រះអម្ចាស់នឹងប្រោសឲ្យមនុស្សទន់ទាប មានអំណរសប្បាយកាន់តែខ្លាំងឡើងៗ ហើយព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល នឹងប្រោសឲ្យមនុស្សក្រីក្រ បានត្រេកអរសប្បាយដ៏លើសលុបដែរ។ ស្ដេចដែលកាន់អំណាចផ្ដាច់ការ នឹងត្រូវវិនាសសូន្យ ហើយអ្នកដែលមើលងាយព្រះជាម្ចាស់ ក៏នឹងសាបសូន្យអស់ដែរ។ អស់អ្នកដែលចូលចិត្តធ្វើបាបអ្នកដទៃ នឹងត្រូវបាត់បង់ជីវិតជាពុំខាន ព្រោះពួកគេពោលពាក្យចោទប្រកាន់អ្នកដទៃ ធ្វើឲ្យគេទទួលទោស ពួកគេប្រើឧបាយកល ធ្វើឲ្យចៅក្រមកាត់ក្ដីខុស ហើយចោទប្រកាន់មនុស្សស្លូតត្រង់ ដោយគ្មានមូលហេតុត្រឹមត្រូវ។ ហេតុនេះហើយបានជាព្រះអម្ចាស់ ដែលជាព្រះរបស់ពូជពង្សលោកយ៉ាកុប និងជាព្រះដែលបានលោះលោកអប្រាហាំ មានព្រះបន្ទូលថា ចាប់ពីពេលនេះតទៅ ពូជពង្សលោកយ៉ាកុប នឹងលែងអាម៉ាស់ទៀតហើយ គេក៏លែងតក់ស្លុតទៀតដែរ ដ្បិតពេលណាកូនចៅរបស់គេឃើញ កិច្ចការដ៏អស្ចារ្យដែលយើងនឹងប្រព្រឹត្ត ចំពោះពួកគេ នោះពួកគេនឹងទទួលស្គាល់ នាមដ៏វិសុទ្ធរបស់យើង ពួកគេនឹងទទួលស្គាល់ថា យើងជាព្រះដ៏វិសុទ្ធរបស់លោកយ៉ាកុប ហើយពួកគេនឹងកោតខ្លាចយើង ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ ពេលនោះ ពួកដែលវង្វេងស្មារតី បែរជាចាប់ផ្ដើមមានប្រាជ្ញា ហើយអស់អ្នកដែលតែងតែរឹងចចេស បែរជាសុខចិត្តទទួលពាក្យប្រៀនប្រដៅ។
អេសាយ 29:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វេទនាដល់អើរាល គឺអើរាល ជាទីក្រុងដែលដាវីឌបានគង់នៅ ចូរឲ្យគេធ្វើបុណ្យទាំងខួបៗ រាល់តែឆ្នាំតទៅចុះ នោះអញនឹងធ្វើទុក្ខដល់អើរាល ហើយគេនឹងកើតមានសេចក្ដីសោយសោក នឹងការយំទួញ ឯទីក្រុងនឹងបានដូចជាជើងក្រាននៃអាសនាដល់អញ អញនឹងបោះទ័ពឡោមព័ទ្ធឯង ព្រមទាំងដាក់ទាហានបង្ខាំងនៅជុំវិញ ហើយចាត់ចែងគ្រឿងចំបាំងច្បាំងនឹងឯង នោះឯងនឹងត្រូវបន្ទាបចុះ ហើយនិយាយចេញពីដីមក សំដីឯងនឹងឮខ្សាវៗមកពីធូលីដី សំឡេងឯងនឹងចេញពីដីមកដូចជាសំឡេងរបស់គ្រូខាប គឺសំដីឯងនឹងឮខ្សឹបចេញពីធូលីដីមកយ៉ាងនោះឯង។ ប៉ុន្តែពួកខ្មាំងសត្រូវដ៏មានច្រើនក្រៃលែងរបស់ឯង នឹងដូចជាផង់ធូលីដី ហើយពួកគួរស្ញែងខ្លាចដ៏មានច្រើនក្រៃលែង គេនឹងដូចជាអង្កាមដែលកន្លងបាត់ទៅ អើ ការនោះនឹងកើតមកភ្លាម១រំពេចផង ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងធ្វើទោសដល់ទីក្រុងដោយផ្គរ កក្រើកដី សូរគ្រាំគ្រេង ខ្យល់កួច ព្យុះសង្ឃរា នឹងអណ្តាតភ្លើងដែលឆេះបំផ្លាញ នោះពួកដ៏មានច្រើនក្រៃលែង ពីគ្រប់ទាំងសាសន៍ដែលច្បាំងនឹងអើរាល គឺអស់អ្នកដែលច្បាំងនឹងទីក្រុង ហើយនឹងបន្ទាយផង ជាពួកអ្នកដែលធ្វើទុក្ខដល់ទីក្រុង គេនឹងប្រៀបដូចជាសប្តិ គឺជាការជាក់ស្តែងនៅពេលយប់ទេ នោះនឹងបានដូចជាកាលមនុស្សឃ្លាន គេយល់សប្តិឃើញថា ខ្លួនបានបរិភោគ តែលុះភ្ញាក់ឡើង នោះចិត្តនឹកឃ្លានវិញ ឬដូចជាកាលណាមនុស្សដែលស្រេកបានយល់សប្តិឃើញថា ខ្លួនកំពុងតែផឹក តែគេភ្ញាក់ឡើង ហើយមើល គេល្វើយ ហើយចិត្តនឹកស្រេកណាស់ ឯពួកដ៏មានច្រើនក្រៃលែងពីគ្រប់ទាំងសាសន៍ ដែលច្បាំងនឹងភ្នំស៊ីយ៉ូន គេនឹងដូច្នោះដែរ។ ចូរឲ្យអ្នករាល់គ្នានៅជាស្ទាក់ស្ទើរ ហើយភាំងឆ្ងល់ចុះ ចូរឲ្យបិទភ្នែក ហើយធ្វើជាមនុស្សខ្វាក់ទៅ គេស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ គេទ្រេតទ្រោតទៅ តែមិនមែនដោយគ្រឿងស្រវឹងឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានចាក់វិញ្ញាណ ដែលបណ្តាលឲ្យលក់ស៊ប់មកលើអ្នករាល់គ្នា ក៏បានបិទភ្នែកអ្នករាល់គ្នា ជាពួកហោរា ហើយបានគ្របភ្ជិតក្បាលអ្នករាល់គ្នា ជាពួកមើលឆុត ការជាក់ស្តែងទាំងអស់បានត្រឡប់ដូចជាពាក្យក្នុងសៀវភៅ ដែលបិទត្រាហើយ ដល់អ្នករាល់គ្នា ជាសៀវភៅដែលគេជូនដល់ម្នាក់មានចំណេះ ដោយពាក្យថា សូមអ្នកមើលសៀវភៅនេះទៅ តែអ្នកនោះឆ្លើយតបថា ខ្ញុំមើលមិនបានទេ ពីព្រោះបិទត្រាហើយ រួចគេបញ្ជូនឲ្យដល់ម្នាក់ដែលគ្មានចំណេះ ដោយពាក្យថា សូមអ្នកមើលសៀវភៅនេះ តែអ្នកនោះឆ្លើយតបមកវិញថា ខ្ញុំមិនចេះអក្សរទេ។ ព្រះអម្ចាស់ទ្រង់ក៏មានបន្ទូលថា ហេតុដោយព្រោះសាសន៍នេះគេចូលមកជិតអញ ហើយគោរពប្រតិបត្តិដល់អញ ដោយសំដីនឹងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីអញ ហើយការដែលគេកោតខ្លាចដល់អញគ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ ហេតុនោះ មើល អញនឹងធ្វើការ១យ៉ាងអស្ចារ្យ នៅកណ្តាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់គេនឹងត្រូវបិទបាំងដែរ។ វេទនាដល់ពួកអ្នកដែលលាក់គំនិតរបស់ខ្លួនពីព្រះយេហូវ៉ា ហើយដែលធ្វើការនៅក្នុងទីកំបាំង ដោយថា តើមានអ្នកណាបានឃើញ តើមានអ្នកណាបានស្គាល់យើង យីអើ អ្នករាល់គ្នាយល់ផ្ទុយអីម៉្លេះ តើនឹងរាប់ជាងស្មូនទុកដូចជាដីឥដ្ឋដែរឬ បានជារបស់ដែលគេបានបង្កើតមកហើយ នឹងពោលពីអ្នកដែលបានបង្កើតខ្លួនថា គេមិនបានបង្កើតអញទេ ឬរបស់ដែលគេសូនធ្វើឡើង នឹងពោលពីអ្នកដែលបានសូនធ្វើនោះថា គេឥតមានដំរិះយោបល់អ្វីឡើយដូច្នេះ។ នៅតែបន្តិចទៀតប៉ុណ្ណោះទេ នោះព្រៃល្បាណូន នឹងត្រឡប់ទៅជាចំការដុះដាល ហើយចំការដុះដាលនឹងបានរាប់ទុកដូចជាព្រៃវិញ នៅគ្រានោះ មនុស្សត្រចៀកថ្លង់នឹងឮព្រះបន្ទូលក្នុងគម្ពីរ ហើយភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញពីក្នុងសភាពជាងងឹត ហើយសូន្យសុង មនុស្សរាបសានឹង មានសេចក្ដីអំណរចំរើនឡើងក្នុងព្រះយេហូវ៉ា ហើយពួកអ្នកក្រីក្រក្នុងបណ្តាមនុស្ស គេនឹងរីករាយដោយសារព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ពីព្រោះមនុស្សដែលគួរស្ញែងខ្លាចបានសូន្យបាត់ទៅ ហើយក៏លែងមានមនុស្សចំអកមើលងាយ ឯពួកមនុស្សដែលរកតែឱកាសនឹងធ្វើការទុច្ចរិត គេនឹងត្រូវកាត់ចេញអស់រលីង គឺជាពួកអ្នកដែលចាប់ពាក្យមនុស្សឲ្យគេមានទោស ហើយដាក់អន្ទាក់ សំរាប់ចាប់ពួកមនុស្សដែលក្រើនរំឭកនៅត្រង់ទ្វារក្រុង ព្រមទាំងបង្វែរមនុស្សសុចរិតចេញ ដោយរឿងដែលមិនជាហេតុផង។ ហេតុនោះ ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះអ័ប្រាហាំ ទ្រង់មានបន្ទូលពីដំណើរពួកវង្សយ៉ាកុបថា ឥឡូវនេះ ពួកយ៉ាកុបមិនត្រូវខ្មាសទៀតឡើយ ក៏មិនត្រូវស្លុតស្លាំងទៀតដែរ តែកាលណាកូនចៅគេបានឃើញការដែលដៃអញនឹងធ្វើនៅកណ្តាលពួកគេ នោះគេនឹងរាប់ឈ្មោះអញជាបរិសុទ្ធ អើ ក៏នឹងរាប់ព្រះដ៏បរិសុទ្ធនៃយ៉ាកុបទុកជាបរិសុទ្ធដែរ ព្រមទាំងកោតខ្លាចដល់ព្រះនៃសាសន៍អ៊ីស្រាអែលផង ឯពួកអ្នកដែលប្រព្រឹត្តខុសខាងវិញ្ញាណ គេនឹងមានយោបល់វិញ ហើយមនុស្សដែលរទូរទាំនឹងទទួលសេចក្ដីប្រៀនប្រដៅ។