អេសាយ 26:1-9
អេសាយ 26:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ គេនឹងច្រៀងបទនេះនៅក្នុងស្រុកយូដាថា៖ យើងមានទីក្រុងមួយដ៏មាំមួន ព្រះអង្គនឹងតម្រូវឲ្យមានសេចក្ដីសង្គ្រោះ ទុកជាកំផែង ហើយជាទីការពារយើង។ ចូរបើកទ្វារ ដើម្បីឲ្យសាសន៍សុចរិត ដែលរក្សាសេចក្ដីស្មោះត្រង់បានចូលមកចុះ។ ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។ ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាថ្មដាដ៏នៅអស់កល្បជានិច្ច ព្រះអង្គបានទម្លាក់ពួកអ្នកដែលនៅទីខ្ពស់ ឯទីក្រុងយ៉ាងខ្ពស់ ព្រះអង្គរំលំចុះ គឺព្រះអង្គរំលំក្រុងនោះចុះដល់ដី ក៏បន្ទាបទៅដល់ធូលីដីផង។ ជើងមនុស្សនឹងដើរជាន់ គឺទាំងជើងរបស់មនុស្សទាល់ក្រ និងជំហានរបស់មនុស្សកម្សត់ទុគ៌តផង។ សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត គឺព្រះអង្គ ឱព្រះដ៏ទៀងត្រង់អើយ ព្រះអង្គពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំបានរង់ចាំព្រះអង្គ នៅក្នុងផ្លូវនៃសេចក្ដីយុត្តិធម៌របស់ព្រះអង្គ ព្រលឹងយើងខ្ញុំប្រាថ្នានឹងថ្លែងព្រះនាមព្រះអង្គ គឺដល់សេចក្ដីដែលរំឭកពីព្រះអង្គ។ នៅវេលាយប់ ព្រលឹងនៃទូលបង្គំប្រាថ្នាដល់ព្រះអង្គហ្នឹងហើយ វិញ្ញាណនៅក្នុងខ្លួនទូលបង្គំនឹងស្វែងរកព្រះអង្គដោយខ្មីឃ្មាតដែរ ដ្បិតកំពុងដែលសេចក្ដីយុត្តិធម៌របស់ព្រះអង្គនៅលើផែនដី នោះពួកមនុស្សនៅលោកីយ គេរៀនតាមសេចក្ដីសុចរិត។
អេសាយ 26:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃនោះ ក្នុងស្រុកយូដា គេនឹងច្រៀងបទចម្រៀងដូចតទៅ: «យើងមានក្រុងមួយដ៏រឹងមាំ ព្រះអម្ចាស់ប្រទានការសង្គ្រោះមកយើង ទុកជាកំពែង និងជញ្ជាំង ការពារយើង។ ចូរបើកទ្វារឲ្យប្រជាជាតិដ៏សុចរិត ដែលមានចិត្តស្មោះស្ម័គ្រចូលផង! ព្រះអង្គប្រទានសេចក្ដីសុខសាន្តជានិច្ចនិរន្តរ៍ ដល់ប្រជាជាតិនេះ ព្រោះគេមានជំហររឹងប៉ឹង ហើយផ្ញើជីវិតលើព្រះអង្គ។ ចូរនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់ជានិច្ចចុះ! ដ្បិតព្រះអម្ចាស់ជាថ្មដាដែលនៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅ។ ព្រះអង្គបន្ទាបមនុស្សមានចិត្តឆ្មើងឆ្មៃ ព្រះអង្គផ្ដួលរំលំក្រុងដែលស្ថិតនៅទីខ្ពស់ៗ ឲ្យរាបដល់ដី កប់ក្នុងធូលី មនុស្សទន់ទាប និងមនុស្សទន់ខ្សោយ នឹងដើរជាន់ក្រុងនោះ»។ ឱព្រះអម្ចាស់អើយ! ព្រះអង្គបង្ហាញឲ្យ មនុស្សសុចរិតស្គាល់មាគ៌ាដ៏ទៀងត្រង់ ព្រះអង្គពង្រាបមាគ៌ារបស់មនុស្សសុចរិត ឲ្យរាបស្មើ។ ឱព្រះអម្ចាស់អើយ! យើងខ្ញុំផ្ញើជីវិតលើព្រះអង្គ យើងខ្ញុំដើរតាមមាគ៌ា ដែលព្រះអង្គបានត្រួសត្រាយទុក ចិត្តយើងខ្ញុំប្រាថ្នាចង់តែថ្លែងអំពីព្រះនាម របស់ព្រះអង្គប៉ុណ្ណោះ។ នៅពេលយប់ ទូលបង្គំចង់នៅជិតព្រះអង្គ ទូលបង្គំក៏ស្វែងរកព្រះអង្គអស់ពីដួងចិត្តដែរ។ ពេលព្រះអង្គដាក់ទោសមនុស្សនៅលើផែនដី ស្របតាមការវិនិច្ឆ័យរបស់ព្រះអង្គ ពួកគេនឹងស្គាល់សេចក្ដីសុចរិត។
អេសាយ 26:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ គេនឹងច្រៀងបទនេះនៅក្នុងស្រុកយូដាថា យើងមានទីក្រុង១ដ៏មាំមួន ទ្រង់នឹងដំរូវឲ្យមានសេចក្ដីសង្គ្រោះទុកជាកំផែង ហើយជាទីការពារយើង ចូរបើកទ្វារ ដើម្បីឲ្យសាសន៍សុចរិត ដែលរក្សាសេចក្ដីស្មោះត្រង់បានចូលមកចុះ ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់ ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច ទ្រង់បានទំលាក់ពួកអ្នកដែលនៅទីខ្ពស់ ឯទីក្រុងយ៉ាងខ្ពស់ទ្រង់រំលំចុះ គឺទ្រង់រំលំក្រុងនោះចុះដល់ដី ក៏បន្ទាបទៅដល់ធូលីដីផង ជើងមនុស្សនឹងដើរជាន់ គឺទាំងជើងរបស់មនុស្សទាល់ក្រ នឹងជំហានរបស់មនុស្សកំសត់ទុគ៌តផង សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត គឺទ្រង់ ឱព្រះដ៏ទៀងត្រង់អើយ ទ្រង់ពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។ ហ្នឹងហើយ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំបានរង់ចាំទ្រង់ នៅក្នុងផ្លូវនៃសេចក្ដីយុត្តិធម៌របស់ទ្រង់ ព្រលឹងយើងខ្ញុំប្រាថ្នាដល់ព្រះនាមទ្រង់ គឺដល់សេចក្ដីដែលរំឭកពីទ្រង់ នៅវេលាយប់ ព្រលឹងនៃទូលបង្គំប្រាថ្នាដល់ទ្រង់ហ្នឹងហើយ វិញ្ញាណនៅក្នុងខ្លួនទូលបង្គំនឹងស្វែងរកទ្រង់ដោយខ្មីឃ្មាតដែរ ដ្បិតកំពុងដែលសេចក្ដីយុត្តិធម៌របស់ទ្រង់នៅលើផែនដី នោះពួកមនុស្សនៅលោកីយគេរៀនតាមសេចក្ដីសុចរិត