អេសាយ 26:1-21

អេសាយ 26:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ គេ​នឹង​ច្រៀង​បទ​នេះ​នៅ​ក្នុង​ស្រុក​យូដា​ថា៖ យើង​មាន​ទី​ក្រុង​មួយ​ដ៏​មាំ‌មួន ព្រះ‌អង្គ​នឹង​តម្រូវ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ ទុក​ជា​កំផែង ហើយ​ជា​ទី​ការពារ​យើង។ ចូរ​បើក​ទ្វារ ដើម្បី​ឲ្យ​សាសន៍​សុចរិត ដែល​រក្សា​សេចក្ដី​ស្មោះ‌ត្រង់​បាន​ចូល​មក​ចុះ។ ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ព្រះ‌អង្គ។ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ព្រះ‌អង្គ​បាន​ទម្លាក់​ពួក​អ្នក​ដែល​នៅ​ទី​ខ្ពស់ ឯ​ទី​ក្រុង​យ៉ាង​ខ្ពស់ ព្រះ‌អង្គ​រំលំ​ចុះ គឺ​ព្រះ‌អង្គ​រំលំ​ក្រុង​នោះ​ចុះ​ដល់​ដី ក៏​បន្ទាប​ទៅ​ដល់​ធូលី​ដី​ផង។ ជើង​មនុស្ស​នឹង​ដើរ​ជាន់ គឺ​ទាំង​ជើង​របស់​មនុស្ស​ទាល់​ក្រ និង​ជំហាន​របស់​មនុស្ស​កម្សត់​ទុគ៌ត​ផង។ សេចក្ដី​ទៀង​ត្រង់​ជា​ផ្លូវ​នៃ​មនុស្ស​សុចរិត គឺ​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​ទៀង​ត្រង់​អើយ ព្រះ‌អង្គ​ពិនិត្យ​ពិចារ‌ណា​អស់​ទាំង​ផ្លូវ​ច្រក​របស់​មនុស្ស​សុចរិត។ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌អង្គ នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ‌អង្គ ព្រលឹង​យើង​ខ្ញុំ​ប្រាថ្នា​នឹង​ថ្លែង​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ដល់​សេចក្ដី​ដែល​រំឭក​ពី​ព្រះ‌អង្គ។ នៅ​វេលា​យប់ ព្រលឹង​នៃ​ទូល‌បង្គំ​ប្រាថ្នា​ដល់​ព្រះ‌អង្គ​ហ្នឹង​ហើយ វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌អង្គ​ដោយ​ខ្មីឃ្មាត​ដែរ ដ្បិត​កំពុង​ដែល​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ‌អង្គ​នៅ​លើ​ផែនដី នោះ​ពួក​មនុស្ស​នៅ​លោកីយ គេ​រៀន​តាម​សេចក្ដី​សុចរិត។ ប្រសិន‌បើ​ធ្វើ​គុណ​ដល់​មនុស្ស​អាក្រក់ នោះ​គេ​ក៏​មិន​រៀន​តាម​សេចក្ដី​សុចរិត​ដែរ គេ​នឹង​ប្រព្រឹត្ត​សេចក្ដី​កំហុស​នៅ​ក្នុង​ស្រុក​ទៀង​ត្រង់​ផង ឥត​ដែល​ពិចារ‌ណា​មើល​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ គេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌អង្គ ចំពោះ​បណ្ដា‌ជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ព្រះ‌អង្គ​អស់​រលីង។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សម្រាប់​យើង​ខ្ញុំ ដ្បិត​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​ធ្វើ គឺ​ព្រះ‌អង្គ​ដែល​បាន​សម្រេច​ការ​នោះ​ឲ្យ​យើង​ខ្ញុំ។ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ពី​ដើម​មាន​ចៅ‌ហ្វាយផ្សេង​ទៀត​ក្រៅ​ពី​ព្រះ‌អង្គ បាន​ត្រួត‌ត្រា​លើ​យើង​ខ្ញុំ តែ​ឥឡូវ​នេះ ដោយ‌សារ​ព្រះ‌អង្គ នោះ​យើង​ខ្ញុំ​នឹង​អំពាវ‌នាវ​រក​តែ​ព្រះ‌នាម​ព្រះ‌អង្គ។ គេ​បាន​ស្លាប់​អស់​ហើយ ឥត​រស់​មក​វិញ​ទៀត​ឡើយ ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ទោស ហើយ​បំផ្លាញ​គេ ឥត​មាន​អ្នក​ណា​នឹក​ចាំ​ពី​គេ​ទៀតឡើយ។ ព្រះ‌អង្គ​បាន​ចម្រើន​សាសន៍​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ចម្រើន​សាសន៍​នេះ​ហើយ គេ​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ព្រះ‌អង្គ​បាន​វាត​ព្រំ​ប្រទល់​ស្រុក​ឲ្យ​ធំ​ទូលាយ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ក្នុង​គ្រា​មាន​ទុក្ខ​លំបាក គេ​បាន​ស្វែង​រកព្រះ‌អង្គ គេ​បាន​បង្ហូរ​ចេញ​ពាក្យ​អធិ‌ស្ឋាន ក្នុង​គ្រា​ដែលព្រះ‌អង្គ​វាយ​ផ្ចាល​គេ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ស្ត្រី​មាន​គភ៌​ដែល​ហៀប​នឹង​សម្រាល នាង​ឈឺ​ចាប់ ហើយ​ស្រែក​ដោយ​ឈឺ​ជា​ខ្លាំង​យ៉ាង​ណា យើង​ខ្ញុំ​ក៏​ស្រែក​នៅ​ចំពោះ​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។ យើង​ខ្ញុំ​មាន​ភគ៌ យើង​ខ្ញុំ​បាន​ឈឺ​ចាប់ តែ​បាន​សម្រាល​ចេញ​ជា​ខ្យល់​ទទេ យើង​ខ្ញុំ​មិន​បាន​បង្កើត​ការ​ជួយ​ចម្រើន​អ្វី​នៅ​ផែនដី​សោះ ហើយ​មនុស្ស​នៅ​លោកីយ​ក៏​មិន​ទាន់​ដួល​នៅ​ឡើយ​ដែរ។ ពួក​អ្នក​ស្លាប់​របស់​ព្រះ‌អង្គ​នឹង​រស់​ឡើង​វិញ សាក​សព​របស់​គេ​នឹង​ក្រោក​ឡើង។ ពួក​អ្នក​ដែល​ដេក​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ដោយ​អំណរ​ចុះ! ដ្បិត​ទឹក​សន្សើម​របស់​ព្រះ‌អង្គ ជា​ទឹក​សន្សើម​ពេល​ព្រលឹម ហើយ​ផែន​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។ ចូរ​មក ជន​ជាតិ​ខ្ញុំ​អើយ ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ ត្រូវ​ពួន​ខ្លួន​បន្តិច​សិន ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ។ ដ្បិត​មើល៍ ព្រះ‌យេហូវ៉ា​យាង​ចេញ ពី​ស្ថាន​របស់​ព្រះ‌អង្គ​មក ដើម្បី​នឹង​សម្រេច​ទោស​ដល់​មនុស្ស​នៅ​ផែនដី ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ផែន​ដី​នឹង​បើក​បង្ហាញ​ឈាម​គេ​ឲ្យ​ឃើញ ឥត​គ្រប​បាំង​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​ទៀត​ឡើយ។

ចែក​រំលែក
អាន អេសាយ 26

អេសាយ 26:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​នោះ ក្នុង​ស្រុក​យូដា គេ​នឹង​ច្រៀង​បទ​ចម្រៀង​ដូច​ត​ទៅ: «យើង​មាន​ក្រុង​មួយ​ដ៏​រឹង‌មាំ ព្រះ‌អម្ចាស់​ប្រទាន​ការ​សង្គ្រោះ​មក​យើង ទុក​ជា​កំពែង និង​ជញ្ជាំង ការពារ​យើង។ ចូរ​បើក​ទ្វារ​ឲ្យ​ប្រជា‌ជាតិ​ដ៏​សុចរិត ដែល​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចូល​ផង! ព្រះអង្គ​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ជានិច្ច​និរន្តរ៍ ដល់​ប្រជា‌ជាតិ​នេះ ព្រោះ​គេ​មាន​ជំហរ​រឹង‌ប៉ឹង ហើយ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។ ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ជានិច្ច​ចុះ! ដ្បិត​ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ព្រះអង្គ​បន្ទាប​មនុស្ស​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ព្រះអង្គ​ផ្ដួល​រំលំ​ក្រុង​ដែល​ស្ថិត​នៅ​ទី​ខ្ពស់ៗ ឲ្យ​រាប​ដល់​ដី កប់​ក្នុង​ធូលី មនុស្ស​ទន់‌ទាប និង​មនុស្ស​ទន់​ខ្សោយ នឹង​ដើរ​ជាន់​ក្រុង​នោះ»។ ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះអង្គ​បង្ហាញ​ឲ្យ មនុស្ស​សុចរិត​ស្គាល់​មាគ៌ា​ដ៏​ទៀង​ត្រង់ ព្រះអង្គ​ពង្រាប​មាគ៌ា​របស់​មនុស្ស​សុចរិត ឲ្យ​រាប​ស្មើ។ ឱ​ព្រះ‌អម្ចាស់​អើយ! យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ យើង​ខ្ញុំ​ដើរ​តាម​មាគ៌ា ដែល​ព្រះអង្គ​បាន​ត្រួស‌ត្រាយ​ទុក ចិត្ត​យើង​ខ្ញុំ​ប្រាថ្នា​ចង់​តែ​ថ្លែង​អំពី​ព្រះ‌នាម របស់​ព្រះអង្គ​ប៉ុណ្ណោះ។ នៅ​ពេល​យប់ ទូលបង្គំ​ចង់​នៅ​ជិត​ព្រះអង្គ ទូលបង្គំ​ក៏​ស្វែង​រក​ព្រះអង្គ​អស់​ពី​ដួង​ចិត្ត​ដែរ។ ពេល​ព្រះអង្គ​ដាក់​ទោស​មនុស្ស​នៅ​លើ​ផែនដី ស្រប​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះអង្គ ពួក​គេ​នឹង​ស្គាល់​សេចក្ដី​សុចរិត។ ប្រសិន​បើ​ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ មនុស្ស​អាក្រក់ នោះ​គេ​នឹង​មិន​ដឹង​ថា សេចក្ដី​សុចរិត​ជា​អ្វី​ទេ គឺ​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ក្នុង ស្រុក​ដ៏​សុចរិត​នេះ ហើយ​មិន​យល់​ពី​ភាព​ថ្កុំ‌ថ្កើង​រុងរឿង របស់​ព្រះ‌អម្ចាស់​ឡើយ។ ឱ​ព្រះ‌អម្ចាស់​អើយ! អ្នក​ទាំង​នោះ​ពុំ​ចាប់​អារម្មណ៍​ថា ព្រះអង្គ​កំពុង​តែ​គំរាម​ពួក​គេ​ទេ។ សូម​ឲ្យ​បច្ចា‌មិត្ត​ត្រូវ​អាម៉ាស់ ដោយ​ឃើញ​របៀប​ដែល​ព្រះអង្គ​ការពារ ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។ សូម​ឲ្យ​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ។ បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​សុខ‌សាន្ត អ្វីៗ​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត ព្រះអង្គ​ធ្វើ​ឲ្យ​បាន​សម្រេច​ទាំង​អស់។ ឱព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! ក្រៅ​ពី​ព្រះអង្គ យើង​ខ្ញុំ​ធ្លាប់​មាន​ម្ចាស់​ជា​ច្រើន ត្រួត‌ត្រា​លើ​យើង​ខ្ញុំ ប៉ុន្តែ មាន​តែ​ព្រះ‌នាម​ព្រះអង្គ​មួយ​ប៉ុណ្ណោះ ដែល​យើង​ខ្ញុំ​ចង់​គោរព​បម្រើ។ អស់​អ្នក​ដែល​ស្លាប់​ផុត​ទៅ​ហើយ មិន​រស់​ឡើង​វិញ​ទេ អ្នក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ស្រមោល គេ​មិន​វិល​ត្រឡប់​មក​វិញ​ឡើយ។ ព្រះអង្គ​បាន​ធ្វើ​ទោស​ពួក​គេ​ឲ្យ​វិនាស​សូន្យ ឥត​មាន​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ធ្វើ​ឲ្យ ប្រជា‌ជាតិ​យើង​កើន​ចំនួន​ច្រើន​ឡើង ព្រះអង្គ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ ហើយ​ពង្រីក​ព្រំ‌ប្រទល់​ទឹក​ដី​របស់​យើង​ខ្ញុំ។ ព្រះ‌អម្ចាស់​អើយ! ពេល​មាន​អាសន្ន យើង​ខ្ញុំ​មក​រក​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​ដាក់​ទោស យើង​ខ្ញុំ​ទទូច​អង្វរ​ករ​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ! ស្ត្រី​មាន​ផ្ទៃ​ពោះ​ហៀប​នឹង​សម្រាល​កូន ស្រែក​ថ្ងូរ ដោយ​ឈឺ​ចុក​ចាប់​យ៉ាង​ណា យើង​ខ្ញុំ​ក៏​ស្រែក​ថ្ងូរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់ ព្រះអង្គ​យ៉ាង​នោះ​ដែរ។ យើង​ខ្ញុំ​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ យើង​ខ្ញុំ​ឈឺ​ចុក​ចាប់ តែ​ឥត​បង្កើត​អ្វី​សោះ​ឡើយ យើង​ខ្ញុំ​មិន​បាន​នាំ​ការ​សង្គ្រោះ មក​ឲ្យ​មនុស្ស​លោក​ទេ ហើយ​យើង​ខ្ញុំ​ក៏​មិន​បាន​បង្កើត​មនុស្ស​ថ្មី នៅ​លើ​ផែនដី​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ស្លាប់​ទៅ​ហើយ​នឹង​រស់​ឡើង​វិញ! សាក‌សព​របស់​គេ​នឹង​ក្រោក​ឡើង! អស់​អ្នក​ដែល​ដេក​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង! ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ​រីក‌រាយ​ទៅ! ទឹក​សន្សើម​ធ្លាក់​ចុះ​មក​ស្រោច​ស្រព​ផែនដី ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង​យ៉ាង​ណា ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពន្លឺ​មក ប្រោស​អស់​អ្នក​ដែល​ចែក​ស្ថាន​ទៅ​ហើយ ឲ្យ​ចេញ​ពី​ដី មាន​ជីវិត​ឡើង​វិញ​យ៉ាង​នោះ​ដែរ។ ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ! ចូរ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា ហើយ​បិទ​ទ្វារ​ឲ្យ​ជិត។ ត្រូវ​នៅ​សម្ងំ​លាក់​ខ្លួន រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​លែង​ព្រះ‌ពិរោធ ដ្បិត​ព្រះ‌អម្ចាស់​យាង​ចេញ​ពី​ព្រះ‌ដំណាក់ ដើម្បី​ដាក់​ទោស​មនុស្ស​នៅ​ផែនដី ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ ពេល​នោះ អំពើ​ឧក្រិដ្ឋ​ដែល​មនុស្ស​ប្រព្រឹត្ត នៅ​លើ​ផែនដី នឹង​លាក់​លែង​ជិត​ទៀត​ហើយ ហើយ​ផែនដី​ក៏​នឹង​លែង​លាក់​អស់​អ្នក​ដែល​ត្រូវ គេ​សម្លាប់​ទៀត​ដែរ។

ចែក​រំលែក
អាន អេសាយ 26

អេសាយ 26:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ គេ​នឹង​ច្រៀង​បទ​នេះ​នៅ​ក្នុង​ស្រុក​យូដា​ថា យើង​មាន​ទី​ក្រុង​១​ដ៏​មាំ‌មួន ទ្រង់​នឹង​ដំរូវ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ទុក​ជា​កំផែង ហើយ​ជា​ទី​ការ‌ពារ​យើង ចូរ​បើក​ទ្វារ ដើម្បី​ឲ្យ​សាសន៍​សុចរិត ដែល​រក្សា​សេចក្ដី​ស្មោះ‌ត្រង់​បាន​ចូល​មក​ចុះ ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ទ្រង់ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ទ្រង់​បាន​ទំលាក់​ពួក​អ្នក​ដែល​នៅ​ទី​ខ្ពស់ ឯ​ទី​ក្រុង​យ៉ាង​ខ្ពស់​ទ្រង់​រំលំ​ចុះ គឺ​ទ្រង់​រំលំ​ក្រុង​នោះ​ចុះ​ដល់​ដី ក៏​បន្ទាប​ទៅ​ដល់​ធូលី​ដី​ផង ជើង​មនុស្ស​នឹង​ដើរ​ជាន់ គឺ​ទាំង​ជើង​របស់​មនុស្ស​ទាល់​ក្រ នឹង​ជំហាន​របស់​មនុស្ស​កំសត់​ទុគ៌ត​ផង សេចក្ដី​ទៀង​ត្រង់​ជា​ផ្លូវ​នៃ​មនុស្ស​សុចរិត គឺ​ទ្រង់ ឱ​ព្រះ​ដ៏​ទៀង​ត្រង់​អើយ ទ្រង់​ពិនិត្យ​ពិចារណា​អស់​ទាំង​ផ្លូវ​ច្រក​របស់​មនុស្ស​សុចរិត។ ហ្នឹង​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​បាន​រង់‌ចាំ​ទ្រង់ នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់ ព្រលឹង​យើង​ខ្ញុំ​ប្រាថ្នា​ដល់​ព្រះ‌នាម​ទ្រង់ គឺ​ដល់​សេចក្ដី​ដែល​រំឭក​ពី​ទ្រង់ នៅ​វេលា​យប់ ព្រលឹង​នៃ​ទូលបង្គំ​ប្រាថ្នា​ដល់​ទ្រង់​ហ្នឹង​ហើយ វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទូលបង្គំ​នឹង​ស្វែង​រក​ទ្រង់​ដោយ​ខ្មី‌ឃ្មាត​ដែរ ដ្បិត​កំពុង​ដែល​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់​នៅ​លើ​ផែនដី នោះ​ពួក​មនុស្ស​នៅ​លោកីយ​គេ​រៀន​តាម​សេចក្ដី​សុចរិត បើ‌សិន​ជា​ធ្វើ​គុណ​ដល់​មនុស្ស​អាក្រក់ នោះ​គេ​ក៏​មិន​រៀន​តាម​សេចក្ដី​សុចរិត​ដែរ គេ​នឹង​ប្រព្រឹត្ត​សេចក្ដី​កំហុស​នៅ​ក្នុង​ស្រុក​ទៀង​ត្រង់​ផង ឥត​ដែល​ពិចារណា​មើល​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ទ្រង់​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ ប៉ុន្តែគេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ទ្រង់​ចំពោះ​បណ្តាជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ទ្រង់​អស់​រលីង​ទៅ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សំរាប់​យើង​ខ្ញុំ ដ្បិត​អស់​ទាំង​ការ​ដែល​យើង​ខ្ញុំ​ធ្វើ នោះ​គឺ​ជា​ទ្រង់​ដែល​បាន​សំរេច​ការ​នោះ​ឲ្យ​យើង​ខ្ញុំ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ពី​ដើម​មាន​ចៅហ្វាយ​ឯ​ទៀត​ក្រៅ​ពី​ទ្រង់ បាន​ត្រួត‌ត្រា​លើ​យើង​ខ្ញុំ តែ​ឥឡូវ​នេះដោយ‌សារ​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​តែ​ព្រះ‌នាម​ទ្រង់​វិញ គេ​បាន​ស្លាប់​អស់​ហើយ ឥត​រស់​មក​វិញ​ទៀត​ឡើយ គេ​កន្លង​បង់​ហើយ ឥត​ងើប​ឡើង​វិញ​ទេ ដូច្នេះ ទ្រង់​បាន​ធ្វើ​ទោស ហើយ​បំផ្លាញ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​សេចក្ដី​នឹក​ចាំ​ពី​គេ​សូន្យ​បាត់​ទៅ ទ្រង់​បាន​ចំរើន​សាសន៍​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ចំរើន​សាសន៍​នេះ​ហើយ គេ​លើក​ដំកើង​ទ្រង់​ឡើង ទ្រង់​បាន​វាត​ព្រំ​ស្រុក​ឲ្យ​ធំ​ទូលាយ​ទៅ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ក្នុង​គ្រា​ដែល​មាន​ទុក្ខ នោះ​គេ​បាន​រក​ទ្រង់ គេ​បាន​បញ្ចេញ​ពាក្យ​អធិ‌ស្ឋាន​ជា​ហូរ‌ហែ​ក្នុង​កាល​ដែល​ទ្រង់​វាយ‌ផ្ចាល​គេ ឱ​ព្រះ‌យេហូវ៉ា​អើយ ស្ត្រី​មាន​គភ៌​ដែល​ហៀប​នឹង​សំរាល នាង​ឈឺ‌ចាប់ ហើយ​ស្រែក​ដោយ​ឈឺ​ជា​ខ្លាំង​យ៉ាង​ណា ឯ​យើង​ខ្ញុំ​ក៏​ដូច្នោះ នៅ​ចំពោះ​ទ្រង់​ដែរ យើង​ខ្ញុំ​ក៏​បាន​មាន​ភគ៌ យើង​ខ្ញុំ​បាន​ឈឺ‌ចាប់ តែ​បាន​សំរាល​ចេញ​ជា​ខ្យល់​ទទេ យើង​ខ្ញុំ​មិន​បាន​បង្កើត​ការ​ជួយ​ចំរើន​អ្វី​នៅ​ផែនដី​សោះ ហើយ​មនុស្ស​នៅ​លោកីយ​ក៏​មិន​ទាន់​ដួល​នៅ​ឡើយ​ដែរ។ ឯ​ពួក​ស្លាប់​របស់​ឯង​គេ​នឹង​រស់​ទៀត គេ​នឹង​រស់​ឡើង​វិញ​ជា​មួយ​នឹង​សព​របស់​អញ ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ចុះ ដ្បិត​ទឹក​សន្សើម​របស់​ឯង ប្រៀប​ដូច​ជា​ទឹក​សន្សើម​ពេល​ព្រលឹម ឯ​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។ ចូរ​មក ជន‌ជាតិ​ខ្ញុំ​អើយ ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ ត្រូវ​ឲ្យ​ពួន​ខ្លួន​បន្តិច​សិន ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ ដ្បិត​មើល ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចេញ​ពី​ស្ថាន​របស់​ទ្រង់​មក ដើម្បី​នឹង​សំរេច​ទោស​ដល់​មនុស្ស​នៅ​ផែនដី ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ឯ​ដី នឹង​បើក​បង្ហាញ​ឈាម​គេ​ឲ្យ​ឃើញ ឥត​គ្រប​បាំង​មនុស្ស​ដែល​ត្រូវ​គេ​សំឡាប់​ទៀត​ឡើយ។

ចែក​រំលែក
អាន អេសាយ 26