អេសាយ 26:1-18
អេសាយ 26:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ គេនឹងច្រៀងបទនេះនៅក្នុងស្រុកយូដាថា៖ យើងមានទីក្រុងមួយដ៏មាំមួន ព្រះអង្គនឹងតម្រូវឲ្យមានសេចក្ដីសង្គ្រោះ ទុកជាកំផែង ហើយជាទីការពារយើង។ ចូរបើកទ្វារ ដើម្បីឲ្យសាសន៍សុចរិត ដែលរក្សាសេចក្ដីស្មោះត្រង់បានចូលមកចុះ។ ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។ ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាថ្មដាដ៏នៅអស់កល្បជានិច្ច ព្រះអង្គបានទម្លាក់ពួកអ្នកដែលនៅទីខ្ពស់ ឯទីក្រុងយ៉ាងខ្ពស់ ព្រះអង្គរំលំចុះ គឺព្រះអង្គរំលំក្រុងនោះចុះដល់ដី ក៏បន្ទាបទៅដល់ធូលីដីផង។ ជើងមនុស្សនឹងដើរជាន់ គឺទាំងជើងរបស់មនុស្សទាល់ក្រ និងជំហានរបស់មនុស្សកម្សត់ទុគ៌តផង។ សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត គឺព្រះអង្គ ឱព្រះដ៏ទៀងត្រង់អើយ ព្រះអង្គពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំបានរង់ចាំព្រះអង្គ នៅក្នុងផ្លូវនៃសេចក្ដីយុត្តិធម៌របស់ព្រះអង្គ ព្រលឹងយើងខ្ញុំប្រាថ្នានឹងថ្លែងព្រះនាមព្រះអង្គ គឺដល់សេចក្ដីដែលរំឭកពីព្រះអង្គ។ នៅវេលាយប់ ព្រលឹងនៃទូលបង្គំប្រាថ្នាដល់ព្រះអង្គហ្នឹងហើយ វិញ្ញាណនៅក្នុងខ្លួនទូលបង្គំនឹងស្វែងរកព្រះអង្គដោយខ្មីឃ្មាតដែរ ដ្បិតកំពុងដែលសេចក្ដីយុត្តិធម៌របស់ព្រះអង្គនៅលើផែនដី នោះពួកមនុស្សនៅលោកីយ គេរៀនតាមសេចក្ដីសុចរិត។ ប្រសិនបើធ្វើគុណដល់មនុស្សអាក្រក់ នោះគេក៏មិនរៀនតាមសេចក្ដីសុចរិតដែរ គេនឹងប្រព្រឹត្តសេចក្ដីកំហុសនៅក្នុងស្រុកទៀងត្រង់ផង ឥតដែលពិចារណាមើលឫទ្ធានុភាពនៃព្រះយេហូវ៉ាឡើយ។ ឱព្រះយេហូវ៉ាអើយ ព្រះហស្តរបស់ព្រះអង្គបានលើកឡើងជាស្រេច តែគេមិនព្រមឃើញទេ គេនឹងត្រូវឃើញសេចក្ដីឧស្សាហ៍របស់ព្រះអង្គ ចំពោះបណ្ដាជនវិញ នោះគេនឹងមានសេចក្ដីខ្មាស ភ្លើងនឹងឆេះបន្សុសពួកខ្មាំងសត្រូវព្រះអង្គអស់រលីង។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គនឹងតាំងឲ្យមានសេចក្ដីសុខសម្រាប់យើងខ្ញុំ ដ្បិតកិច្ចការទាំងប៉ុន្មានដែលយើងខ្ញុំធ្វើ គឺព្រះអង្គដែលបានសម្រេចការនោះឲ្យយើងខ្ញុំ។ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ ពីដើមមានចៅហ្វាយផ្សេងទៀតក្រៅពីព្រះអង្គ បានត្រួតត្រាលើយើងខ្ញុំ តែឥឡូវនេះ ដោយសារព្រះអង្គ នោះយើងខ្ញុំនឹងអំពាវនាវរកតែព្រះនាមព្រះអង្គ។ គេបានស្លាប់អស់ហើយ ឥតរស់មកវិញទៀតឡើយ ព្រោះព្រះអង្គបានធ្វើទោស ហើយបំផ្លាញគេ ឥតមានអ្នកណានឹកចាំពីគេទៀតឡើយ។ ព្រះអង្គបានចម្រើនសាសន៍នេះ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានចម្រើនសាសន៍នេះហើយ គេលើកតម្កើងព្រះអង្គឡើង ព្រះអង្គបានវាតព្រំប្រទល់ស្រុកឲ្យធំទូលាយ។ ឱព្រះយេហូវ៉ាអើយ ក្នុងគ្រាមានទុក្ខលំបាក គេបានស្វែងរកព្រះអង្គ គេបានបង្ហូរចេញពាក្យអធិស្ឋាន ក្នុងគ្រាដែលព្រះអង្គវាយផ្ចាលគេ។ ឱព្រះយេហូវ៉ាអើយ ស្ត្រីមានគភ៌ដែលហៀបនឹងសម្រាល នាងឈឺចាប់ ហើយស្រែកដោយឈឺជាខ្លាំងយ៉ាងណា យើងខ្ញុំក៏ស្រែកនៅចំពោះព្រះអង្គយ៉ាងនោះដែរ។ យើងខ្ញុំមានភគ៌ យើងខ្ញុំបានឈឺចាប់ តែបានសម្រាលចេញជាខ្យល់ទទេ យើងខ្ញុំមិនបានបង្កើតការជួយចម្រើនអ្វីនៅផែនដីសោះ ហើយមនុស្សនៅលោកីយក៏មិនទាន់ដួលនៅឡើយដែរ។
អេសាយ 26:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃនោះ ក្នុងស្រុកយូដា គេនឹងច្រៀងបទចម្រៀងដូចតទៅ: «យើងមានក្រុងមួយដ៏រឹងមាំ ព្រះអម្ចាស់ប្រទានការសង្គ្រោះមកយើង ទុកជាកំពែង និងជញ្ជាំង ការពារយើង។ ចូរបើកទ្វារឲ្យប្រជាជាតិដ៏សុចរិត ដែលមានចិត្តស្មោះស្ម័គ្រចូលផង! ព្រះអង្គប្រទានសេចក្ដីសុខសាន្តជានិច្ចនិរន្តរ៍ ដល់ប្រជាជាតិនេះ ព្រោះគេមានជំហររឹងប៉ឹង ហើយផ្ញើជីវិតលើព្រះអង្គ។ ចូរនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់ជានិច្ចចុះ! ដ្បិតព្រះអម្ចាស់ជាថ្មដាដែលនៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅ។ ព្រះអង្គបន្ទាបមនុស្សមានចិត្តឆ្មើងឆ្មៃ ព្រះអង្គផ្ដួលរំលំក្រុងដែលស្ថិតនៅទីខ្ពស់ៗ ឲ្យរាបដល់ដី កប់ក្នុងធូលី មនុស្សទន់ទាប និងមនុស្សទន់ខ្សោយ នឹងដើរជាន់ក្រុងនោះ»។ ឱព្រះអម្ចាស់អើយ! ព្រះអង្គបង្ហាញឲ្យ មនុស្សសុចរិតស្គាល់មាគ៌ាដ៏ទៀងត្រង់ ព្រះអង្គពង្រាបមាគ៌ារបស់មនុស្សសុចរិត ឲ្យរាបស្មើ។ ឱព្រះអម្ចាស់អើយ! យើងខ្ញុំផ្ញើជីវិតលើព្រះអង្គ យើងខ្ញុំដើរតាមមាគ៌ា ដែលព្រះអង្គបានត្រួសត្រាយទុក ចិត្តយើងខ្ញុំប្រាថ្នាចង់តែថ្លែងអំពីព្រះនាម របស់ព្រះអង្គប៉ុណ្ណោះ។ នៅពេលយប់ ទូលបង្គំចង់នៅជិតព្រះអង្គ ទូលបង្គំក៏ស្វែងរកព្រះអង្គអស់ពីដួងចិត្តដែរ។ ពេលព្រះអង្គដាក់ទោសមនុស្សនៅលើផែនដី ស្របតាមការវិនិច្ឆ័យរបស់ព្រះអង្គ ពួកគេនឹងស្គាល់សេចក្ដីសុចរិត។ ប្រសិនបើព្រះអង្គលើកលែងទោសឲ្យ មនុស្សអាក្រក់ នោះគេនឹងមិនដឹងថា សេចក្ដីសុចរិតជាអ្វីទេ គឺគេនឹងប្រព្រឹត្តអំពើទុច្ចរិតនៅក្នុង ស្រុកដ៏សុចរិតនេះ ហើយមិនយល់ពីភាពថ្កុំថ្កើងរុងរឿង របស់ព្រះអម្ចាស់ឡើយ។ ឱព្រះអម្ចាស់អើយ! អ្នកទាំងនោះពុំចាប់អារម្មណ៍ថា ព្រះអង្គកំពុងតែគំរាមពួកគេទេ។ សូមឲ្យបច្ចាមិត្តត្រូវអាម៉ាស់ ដោយឃើញរបៀបដែលព្រះអង្គការពារ ប្រជារាស្ដ្ររបស់ព្រះអង្គ។ សូមឲ្យភ្លើងឆេះបំផ្លាញពួកគេ។ បពិត្រព្រះអម្ចាស់! ព្រះអង្គប្រទានឲ្យយើងខ្ញុំបានសុខសាន្ត អ្វីៗដែលយើងខ្ញុំប្រព្រឹត្ត ព្រះអង្គធ្វើឲ្យបានសម្រេចទាំងអស់។ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ! ក្រៅពីព្រះអង្គ យើងខ្ញុំធ្លាប់មានម្ចាស់ជាច្រើន ត្រួតត្រាលើយើងខ្ញុំ ប៉ុន្តែ មានតែព្រះនាមព្រះអង្គមួយប៉ុណ្ណោះ ដែលយើងខ្ញុំចង់គោរពបម្រើ។ អស់អ្នកដែលស្លាប់ផុតទៅហើយ មិនរស់ឡើងវិញទេ អ្នកទាំងនោះក្លាយទៅជាស្រមោល គេមិនវិលត្រឡប់មកវិញឡើយ។ ព្រះអង្គបានធ្វើទោសពួកគេឲ្យវិនាសសូន្យ ឥតមាននរណានឹកនាដល់ពួកគេទៀត។ ឱព្រះអម្ចាស់អើយ ព្រះអង្គបានធ្វើឲ្យ ប្រជាជាតិយើងកើនចំនួនច្រើនឡើង ព្រះអង្គលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ហើយពង្រីកព្រំប្រទល់ទឹកដីរបស់យើងខ្ញុំ។ ព្រះអម្ចាស់អើយ! ពេលមានអាសន្ន យើងខ្ញុំមករកព្រះអង្គ នៅពេលព្រះអង្គដាក់ទោស យើងខ្ញុំទទូចអង្វរករព្រះអង្គ។ ឱព្រះអម្ចាស់អើយ! ស្ត្រីមានផ្ទៃពោះហៀបនឹងសម្រាលកូន ស្រែកថ្ងូរ ដោយឈឺចុកចាប់យ៉ាងណា យើងខ្ញុំក៏ស្រែកថ្ងូរនៅចំពោះព្រះភ័ក្ត្ររបស់ ព្រះអង្គយ៉ាងនោះដែរ។ យើងខ្ញុំប្រៀបដូចជាស្ត្រីដែលមានផ្ទៃពោះ យើងខ្ញុំឈឺចុកចាប់ តែឥតបង្កើតអ្វីសោះឡើយ យើងខ្ញុំមិនបាននាំការសង្គ្រោះ មកឲ្យមនុស្សលោកទេ ហើយយើងខ្ញុំក៏មិនបានបង្កើតមនុស្សថ្មី នៅលើផែនដីដែរ។
អេសាយ 26:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ គេនឹងច្រៀងបទនេះនៅក្នុងស្រុកយូដាថា យើងមានទីក្រុង១ដ៏មាំមួន ទ្រង់នឹងដំរូវឲ្យមានសេចក្ដីសង្គ្រោះទុកជាកំផែង ហើយជាទីការពារយើង ចូរបើកទ្វារ ដើម្បីឲ្យសាសន៍សុចរិត ដែលរក្សាសេចក្ដីស្មោះត្រង់បានចូលមកចុះ ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់ ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច ទ្រង់បានទំលាក់ពួកអ្នកដែលនៅទីខ្ពស់ ឯទីក្រុងយ៉ាងខ្ពស់ទ្រង់រំលំចុះ គឺទ្រង់រំលំក្រុងនោះចុះដល់ដី ក៏បន្ទាបទៅដល់ធូលីដីផង ជើងមនុស្សនឹងដើរជាន់ គឺទាំងជើងរបស់មនុស្សទាល់ក្រ នឹងជំហានរបស់មនុស្សកំសត់ទុគ៌តផង សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត គឺទ្រង់ ឱព្រះដ៏ទៀងត្រង់អើយ ទ្រង់ពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។ ហ្នឹងហើយ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំបានរង់ចាំទ្រង់ នៅក្នុងផ្លូវនៃសេចក្ដីយុត្តិធម៌របស់ទ្រង់ ព្រលឹងយើងខ្ញុំប្រាថ្នាដល់ព្រះនាមទ្រង់ គឺដល់សេចក្ដីដែលរំឭកពីទ្រង់ នៅវេលាយប់ ព្រលឹងនៃទូលបង្គំប្រាថ្នាដល់ទ្រង់ហ្នឹងហើយ វិញ្ញាណនៅក្នុងខ្លួនទូលបង្គំនឹងស្វែងរកទ្រង់ដោយខ្មីឃ្មាតដែរ ដ្បិតកំពុងដែលសេចក្ដីយុត្តិធម៌របស់ទ្រង់នៅលើផែនដី នោះពួកមនុស្សនៅលោកីយគេរៀនតាមសេចក្ដីសុចរិត បើសិនជាធ្វើគុណដល់មនុស្សអាក្រក់ នោះគេក៏មិនរៀនតាមសេចក្ដីសុចរិតដែរ គេនឹងប្រព្រឹត្តសេចក្ដីកំហុសនៅក្នុងស្រុកទៀងត្រង់ផង ឥតដែលពិចារណាមើលឫទ្ធានុភាពនៃព្រះយេហូវ៉ាឡើយ។ ឱព្រះយេហូវ៉ាអើយ ព្រះហស្តទ្រង់បានលើកឡើងជាស្រេច តែគេមិនព្រមឃើញទេ ប៉ុន្តែគេនឹងត្រូវឃើញសេចក្ដីឧស្សាហ៍របស់ទ្រង់ចំពោះបណ្តាជនវិញ នោះគេនឹងមានសេចក្ដីខ្មាស ភ្លើងនឹងឆេះបន្សុសពួកខ្មាំងសត្រូវទ្រង់អស់រលីងទៅ ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងតាំងឲ្យមានសេចក្ដីសុខសំរាប់យើងខ្ញុំ ដ្បិតអស់ទាំងការដែលយើងខ្ញុំធ្វើ នោះគឺជាទ្រង់ដែលបានសំរេចការនោះឲ្យយើងខ្ញុំ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ ពីដើមមានចៅហ្វាយឯទៀតក្រៅពីទ្រង់ បានត្រួតត្រាលើយើងខ្ញុំ តែឥឡូវនេះដោយសារទ្រង់ នោះយើងខ្ញុំនឹងអំពាវនាវដល់តែព្រះនាមទ្រង់វិញ គេបានស្លាប់អស់ហើយ ឥតរស់មកវិញទៀតឡើយ គេកន្លងបង់ហើយ ឥតងើបឡើងវិញទេ ដូច្នេះ ទ្រង់បានធ្វើទោស ហើយបំផ្លាញគេ ព្រមទាំងធ្វើឲ្យសេចក្ដីនឹកចាំពីគេសូន្យបាត់ទៅ ទ្រង់បានចំរើនសាសន៍នេះ ឱព្រះយេហូវ៉ាអើយ ទ្រង់បានចំរើនសាសន៍នេះហើយ គេលើកដំកើងទ្រង់ឡើង ទ្រង់បានវាតព្រំស្រុកឲ្យធំទូលាយទៅ។ ឱព្រះយេហូវ៉ាអើយ ក្នុងគ្រាដែលមានទុក្ខ នោះគេបានរកទ្រង់ គេបានបញ្ចេញពាក្យអធិស្ឋានជាហូរហែក្នុងកាលដែលទ្រង់វាយផ្ចាលគេ ឱព្រះយេហូវ៉ាអើយ ស្ត្រីមានគភ៌ដែលហៀបនឹងសំរាល នាងឈឺចាប់ ហើយស្រែកដោយឈឺជាខ្លាំងយ៉ាងណា ឯយើងខ្ញុំក៏ដូច្នោះ នៅចំពោះទ្រង់ដែរ យើងខ្ញុំក៏បានមានភគ៌ យើងខ្ញុំបានឈឺចាប់ តែបានសំរាលចេញជាខ្យល់ទទេ យើងខ្ញុំមិនបានបង្កើតការជួយចំរើនអ្វីនៅផែនដីសោះ ហើយមនុស្សនៅលោកីយក៏មិនទាន់ដួលនៅឡើយដែរ។