អេសាយ 25:6-9
អេសាយ 25:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសយ៉ាងវិសេស និងស្រាទំពាំងបាយជូរសម្រាំង ជាម្ហូបយ៉ាងវិសេសដោយខួរឆ្អឹងជោក និងស្រាទំពាំងបាយជូរសម្រាំងយ៉ាងល្អ។ នៅលើភ្នំនេះ ព្រះអង្គនឹងបំផ្លាញស្បៃ ដែលបាំងមុខគ្រប់ទាំងសាសន៍ ព្រមទាំងគម្របដែលគ្របលើជនជាតិទាំងប៉ុន្មានផង។ ព្រះអង្គនឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ានឹងជូតទឹកភ្នែក ពីមុខមនុស្សទាំងអស់ ហើយព្រះអង្គនឹងដកសេចក្ដីត្មះតិះដៀល ចំពោះប្រជារាស្ត្រព្រះអង្គ ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាបានព្រះបន្ទូលដូច្នេះហើយ។ នៅគ្រានោះ គេនឹងពោលថា៖ មើល៍ នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំព្រះអង្គ ហើយព្រះអង្គនឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំព្រះអង្គ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
អេសាយ 25:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់នៃពិភពទាំងមូលនឹងជប់លៀង ប្រជាជនទាំងអស់នៅលើភ្នំស៊ីយ៉ូន គឺមានម្ហូបដ៏ឆ្ងាញ់ពិសា និងស្រាទំពាំងបាយជូរដ៏មានឱជារសបំផុត មានសាច់ចំឡក និងស្រាទំពាំងបាយជូរ ដែលគេសម្រាំងយ៉ាងល្អ។ នៅលើភ្នំនោះ ព្រះអង្គនឹងដកស្បៃកាន់ទុក្ខ ចេញពីជាតិសាសន៍ទាំងប៉ុន្មាន ហើយក៏ដកវាំងននទុក្ខព្រួយចេញពី ប្រជាជាតិទាំងអស់ដែរ។ ព្រះអង្គនឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ ព្រះជាអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខ របស់មនុស្សទាំងអស់។ ព្រះអង្គក៏ដកការអាម៉ាស់នៃប្រជារាស្ត្រ របស់ព្រះអង្គ ចេញពីទឹកដីទាំងមូលដែរ។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «ព្រះជាម្ចាស់ជាព្រះនៃយើង យើងបានផ្ញើជីវិតលើព្រះអង្គ ហើយព្រះអង្គសង្គ្រោះយើង យើងបានផ្ញើជីវិតលើព្រះអម្ចាស់មែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតព្រះអង្គសង្គ្រោះយើង!»។
អេសាយ 25:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសយ៉ាងវិសេស នឹងស្រាទំពាំងបាយជូរសំរាំង ជាម្ហូបយ៉ាងវិសេសដោយខួរឆ្អឹងជោក ហើយនឹងស្រាទំពាំងបាយជូរសំរាំងយ៉ាងល្អ នៅលើភ្នំនេះ ទ្រង់នឹងបំផ្លាញស្បៃដែលបាំងមុខគ្រប់ទាំងសាសន៍ ព្រមទាំងគំរបដែលគ្របលើជនជាតិទាំងប៉ុន្មានផង ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់ ហើយទ្រង់នឹងដកសេចក្ដីត្មះតិះដៀលចំពោះរាស្ត្រទ្រង់ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលដូច្នេះហើយ។ នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់