អេសាយ 21:1-17

អេសាយ 21:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​វាល​រហាល​ក្បែរ​សមុទ្រ។ ការ​នេះ​មក​ពី​វាល​រហាល គឺ​ជា​កន្លែង​គួរ​ស្ញែង‌ខ្លាច​ដូច​ខ្យល់​កំបុត​ត្បូង ដែល​បក់​មក​បោស​កាត់​តំបន់​ណេកិប​ដែរ មាន​និមិត្ត​យ៉ាង​ធ្ងន់​បាន​ប្រាកដ​ដល់​ខ្ញុំ​ហើយ គឺ​មនុស្ស​ឧបាយ គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ ពួក​អ្នក​ដែល​ធ្លាប់​បំផ្លាញ ក៏​បំផ្លាញ​ទៅ ឱ​ស្រុក​អេឡាំ​អើយ ចូរ​ឡើង​ទៅ ឱ​សាសន៍​មេឌី​អើយ ចូរ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​គេ​ចុះ យើង​បាន​រម្ងាប់​ការថ្ងូរ​ចេញ​ពី​នោះ​ហើយ។ ហេតុ​នោះ​បាន​ជា​ចង្កេះ​ខ្ញុំ​ចុក​សៀត​ជា​ខ្លាំង សេចក្ដី​ឈឺ​ចាប់​បាន​គ្រប​សង្កត់​ខ្ញុំ ដូច​ជា​ស្ត្រី​ឈឺ​នឹង​សម្រាល ខ្ញុំ​បាន​វល់​គំនិត ដល់​ម៉្លេះ​បាន​ជា​ស្តាប់​អ្វី​មិន​ឮ ក៏​ញ័រ​ខ្លួន​ទទាក់ ដល់​ម៉្លេះ​បាន​ជា​មើល​អ្វី​មិន​ឃើញ។ ទ្រូង​ខ្ញុំ​ពើត​ខ្ទោកៗ សេចក្ដី​ស្ញែង‌ខ្លាច​យ៉ាង​សម្បើម​បាន​បំភ័យ​ខ្ញុំ វេលា​ព្រលប់​ដែល​ជា​ពេល​សប្បាយ​ដល់​ខ្ញុំ នោះ​បាន​ត្រឡប់​ជា​វេលា​តក់‌ស្លុត​ដល់​ខ្ញុំ​វិញ។ គឺ​គេ​រៀប​តុ ហើយ​ដាក់​ឲ្យ​ចាំ​យាម រួច​គេ​ស៊ី​គេ​ផឹក ស្រាប់​តែ​ឮ​សម្រែក​ថា៖ ចូរ​ក្រោក​ឡើង​ពួក​មេ​ទាំង‌ឡាយ​អើយ ចូរ​លាប​ខែល​ទៅ ដ្បិត​ព្រះ‌អម្ចាស់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា៖ ចូរ​ទៅ​ដាក់​អ្នក​ល្បាត​ម្នាក់​ឲ្យ​ចាំ​យាម ឲ្យ​គេ​ប្រាប់​ហេតុ​ការណ៍​អ្វី​ដែល​គេ​ឃើញ។ គេ​ក៏​ឃើញ​កង‌ទ័ព មាន​ពល​សេះ​ដើរ​ទន្ទឹម​គ្នា​មួយ​គូៗ មាន​ម្នាក់​ជិះ​លើ​លា និង​ម្នាក់​ជិះ​លើ​អូដ្ឋ​ផង គេ​ក៏​ប្រុង​ស្តាប់​អស់​ពី​ចិត្ត។ រួច​ស្រែក​មក​ដូច​ជា​អ្នក​ចាំ​យាម ថា៖ «លោក​ម្ចាស់​អើយ នៅ​វេលា​ថ្ងៃ ខ្ញុំ​ឈរ​នៅ​លើ​ប៉ម​ជា‌និច្ច ហើយ​ក៏​នៅ​ត្រង់​ទី​ចាំ​យាម​របស់​ខ្ញុំ​រាល់​តែ​យប់​ដែរ។ មើល៍! មាន​កង‌ទ័ព ជា​ពល​សេះ ដើរ​មក​ទាំង​គូៗ!» រួច​គេ​បន្លឺ​សំឡេង​ឡើង​ទៀត​ថា៖ «ដួល​ហើយ ក្រុង​បាប៊ី‌ឡូន​បាន​ដួល​ហើយ អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ បាន​បែក​ខ្ចាត់​ខ្ចាយ​នៅ​លើ​ដី»។ ឱ​ពួក​អ្នក​ដែល​ត្រូវ​បញ្ជាន់ ជា​គ្រាប់​ពូជ​នៅ​ទី‌លាន​របស់​យើង​អើយ សេចក្ដី​ដែល​បាន​ឮ​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ។ នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ពួក​ឌូម៉ា។ មាន​ម្នាក់​នៅ​ស្រុក​សៀរ​ស្រែក​មក​រក​ខ្ញុំ​ថា៖ អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ? អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ? អ្នក​យាម​ក៏​ឆ្លើយ​តប​ថា៖ ពេល​ព្រឹក​កំពុង​តែ​មក ហើយ​យប់​ក៏​មក​ដែរ បើ​អ្នក​ចង់​ដឹង ចូរ​សួរ​ចុះ ចូរ​ត្រឡប់​មក​វិញ ចូរ​មក​ចុះ។ នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ស្រុក​នៃ​ពួក​អារ៉ាប់។ ឱ​ពួក​សាសន៍​ដេដាន់ ដែល​ធ្វើ​ដំណើរ​ដង្ហែ​គ្នា​អើយ ពួក​អ្នក​នឹង​ស្នាក់​នៅ​ក្នុង​ដង​ព្រៃ​នៅ​ស្រុក​អារ៉ាប់ គេ​បាន​យក​ទឹក​មក​ឲ្យ​ពួក​អ្នក​ដែល​ស្រេក ពួក​អ្នក​នៅ​ស្រុក​ថេម៉ា​បាន​យក​អាហារ មក​ទទួល​ពួក​អ្នក​ដែល​រត់ ដ្បិត​គេ​បាន​រត់​ឲ្យ​រួច​ពី​ដាវ គឺ​ពី​ដាវ​ដែល​ហូត​ស្រាប់ ពី​ធ្នូ​ដែល​ដំឡើង​ជា​ស្រេច ហើយ​ពី​សេចក្ដី​វេទនា​នៃ​ការ​សឹក​សង្គ្រាម។ ពី​ព្រោះ​ព្រះ‌អម្ចាស់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ក្នុង​រវាង​មួយ​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សិរី‌ល្អ​របស់​ពួក​កេដារ​នឹង​សូន្យ​បាត់​ទៅ ហើយ​ពួក​ពល​ធ្នូ ជា​ពួក​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​កូន​ចៅ​កេដារ ដែល​នៅ​សល់ នឹង​មាន​គ្នា​តិច​តួច​ទេ ពី​ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ជា​ស្រេច​ហើយ។

ចែក​រំលែក
អាន អេសាយ 21

អេសាយ 21:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សេចក្ដី​ប្រកាស​ស្ដី​អំពី​តំបន់​វាល​រហោ‌ស្ថាន​នៅ​ជាប់​នឹង​សមុទ្រ: ខ្មាំង​សត្រូវ​នឹង​នាំ​គ្នា​ចេញ​មក​ពី​វាល​រហោ‌ស្ថាន គឺ​ពី​ស្រុក​ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច ដូច​ខ្យល់​ព្យុះ​សង្ឃរា​បក់​បោក​នៅ វាល​រហោ‌ស្ថាន​ណេកិប​ដែរ។ ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច គឺ​សម្ពន្ធ​មិត្ត​នឹង​ក្បត់​គ្នា​ឯង មេ​បំផ្លាញ​នឹង​បំផ្លិច‌បំផ្លាញ។ កង‌ទ័ព​អេឡាម​អើយ ចូរ​នាំ​គ្នា​វាយ​លុក​ទៅ កង‌ទ័ព​មេឌី​អើយ ចូរ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បាក់​អំនួត ទាំង​អស់​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ឈឺ​ចាប់ សព្វ​សព៌ាង្គ​កាយ ខ្ញុំ​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កំពុង​តែ​សម្រាល​កូន។ ខ្ញុំ​រំជួល​ចិត្ត រក​ស្ដាប់​អ្វី​មិន​ឮ ខ្ញុំ​រន្ធត់​ចិត្ត រក​មើល​អ្វី​មិន​ឃើញ​សោះ​ឡើយ។ ខ្ញុំ​លែង​មាន​កម្លាំង​ចិត្ត​ទៀត​ហើយ គឺ​ចិត្ត​ភ័យ​ខ្លាច​គ្រប​ដណ្ដប់​មក​លើ​ខ្ញុំ។ ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ពេល​យប់​មក​ដល់ ដើម្បី​សម្រាក តែ​យប់​នោះ​ក្លាយ​ទៅ​ជា​យប់​ដ៏​ខ្លោច‌ផ្សា សម្រាប់​ខ្ញុំ​ទៅ​វិញ។ ពេល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​អាហារ និង​ក្រាល​កម្រាល​ព្រំ ពេល​គេ​កំពុង​តែ​ជប់‌លៀង ស្រាប់​តែ​មាន​ឮ​សំឡេង​ស្រែក​ឡើង​ថា: ពួក​នាយ​ទាហាន​អើយ ចូរ​ក្រោក​ឡើង នាំ​គ្នា​រៀបចំ​គ្រឿង​សស្ត្រា‌វុធ​ទៅ! ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: ចូរ​ដាក់​មនុស្ស​ចាំ​ឃ្លាំ​មើល ដើម្បី​ផ្ដល់​ដំណឹង​នូវ​អ្វីៗ​ដែល​គេ​មើល​ឃើញ។ ប្រសិន​បើ​គេ​ឃើញ​រទេះ​ចម្បាំង ដែល​ទឹម​ដោយ​សេះ​មួយ​គូ និង​ឃើញ​ទាហាន​ម្នាក់​ជិះ​លា ឬ​ជិះ​អូដ្ឋ​មក គេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន។ អ្នក​ដែល​ឃ្លាំ​មើល​នោះ​ត្រូវ​ស្រែក​ឡើង​ថា: «លោក​ម្ចាស់ ខ្ញុំ​ប្របាទ​នៅ​ចាំ​យាម​ក្នុង​ប៉ម​នេះ ពេញ​មួយ​ថ្ងៃ ខ្ញុំ​ប្របាទ​ស្ថិត​នៅ​កន្លែង​យាម​នេះ អស់​មួយ​យប់» មើល​ហ្ន៎! មាន​មនុស្ស​ម្នាក់​ជិះ​រទេះ​ចម្បាំង ដែល​ទឹម​ដោយ​សេះ​មួយ​គូ មក​ដល់ ហើយ​ស្រែក​ថា: «ក្រុង​បាប៊ី‌ឡូន​រលំ​ហើយ ក្រុង​បាប៊ី‌ឡូន​រលំ​ហើយ! រីឯ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ក្រុង​នេះ ក៏​ធ្លាក់​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ដែរ!»។ ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ អ្នក​ត្រូវ​គេ​បង្ក្រាប​ដូច​ស្រូវ​ដែល​គេ​បោក​បែន ឥឡូវ​នេះ អ្វីៗ​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង ខ្ញុំ​ក៏​យក​មក​ប្រកាស ជា​ដំណឹង​ដល់​អ្នក​រាល់​ដែរ!។ សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ឌូម៉ា : មាន​គេ​ស្រែក​ប្រាប់​ខ្ញុំ​ពី​ស្រុក​សៀរ​មក​ថា: អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ? អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ? អ្នក​យាម​តប​មក​វិញ​ថា: ជិត​ភ្លឺ​ហើយ ប៉ុន្តែ នៅ​តែ​យប់​ដដែល។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​បាន​ចម្លើយ ចូរ​វិល​មក​សួរ​ម្ដង​ទៀត​ចុះ។ សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អារ៉ាប់។ ជន‌ជាតិ​ដេដាន់​ដែល​ធ្វើ​ដំណើរ​ជា​ក្រុមៗ​អើយ នៅ​ពេល​យប់ ចូរ​នាំ​គ្នា​ស្នាក់​នៅ​តាម​គុម្ពោត ក្នុង​ស្រុក​អារ៉ាប់​នេះ​ហើយ! អ្នក​ស្រុក​ថេម៉ា​អើយ ចូរ​យក​ទឹក​ទៅ​ឲ្យ​អស់​អ្នក​ដែល​ស្រេក ចូរ​នាំ​គ្នា​យក​អាហារ​ទៅ​ទទួល ជន​ភៀស​ខ្លួន​ទាំង​នោះ​ផង! អ្នក​ទាំង​នោះ​រត់​គេច​ពី​មុខ​ដាវ គឺ​រត់​គេច​ពី​មុខ​ដាវ​ដែល​ហូត​ចេញ​ពី​ស្រោម រត់​គេច​ពី​ធ្នូ​ដែល​គេ​យឹត​បម្រុង​នឹង​បាញ់ ហើយ​រត់​ចេញ​ពី​សង្គ្រាម​ដ៏​សែន​វេទនា ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «នៅ​មួយ​ឆ្នាំ​ទៀត ដោយ​គិត​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ស្រុក​កេដារ​នឹង​បាត់​បង់​ភាព​រុងរឿង​របស់​ខ្លួន​ទាំង​ស្រុង។ ទាហាន​បាញ់​ធ្នូ​ដ៏​ពូកែ​របស់​ស្រុក​កេដារ នឹង​នៅ​សល់​តែ​មួយ​ចំនួន​ដ៏​តូច​ប៉ុណ្ណោះ»។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

ចែក​រំលែក
អាន អេសាយ 21

អេសាយ 21:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ដំណើរ​វាល​រហាល​ក្បែរ​សមុទ្រ។ ការ​នេះ​មក​ពី​វាល​រហាល គឺ​ជា​កន្លែង​គួរ​ស្ញែង‌ខ្លាច​ដូច​ខ្យល់​កំបុត​ត្បូង ដែល​បក់​មក​បោស​កាត់​ស្រុក​ត្បូង​ដែរ មាន​ការ​ជាក់‌ស្តែង​យ៉ាង​ធ្ងន់​បាន​ប្រាកដ​ដល់​ខ្ញុំ​ហើយ គឺ​មនុស្ស​ឧបាយ គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ ពួក​អ្នក​ដែល​ធ្លាប់​បំផ្លាញ ក៏​បំផ្លាញ​ទៅ ឱ​ស្រុក​អេឡាំ​អើយ ចូរ​ឡើង​ទៅ ឱ​សាសន៍​មេឌី​អើយ ចូរ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​គេ​ចុះ អញ​បាន​រំងាប់​ដំងូរ​ចេញ​ពី​នោះ​ហើយ ហេតុ​នោះ​បាន​ជា​ចង្កេះ​ខ្ញុំ​ចុក​សៀត​ជា​ខ្លាំង សេចក្ដី​ឈឺ‌ចាប់​បាន​គ្រប​សង្កត់​ខ្ញុំ​ដូច​ជា​ស្ត្រី​ឈឺ​នឹង​សំរាល ខ្ញុំ​បាន​វល់​គំនិត​ដល់​ម៉្លេះ បាន​ជា​ស្តាប់​អ្វី​មិន​ឮ ក៏​ញ័រ​ខ្លួន​ទទាក់ ដល់​ម៉្លេះ​បាន​ជា​មើល​អ្វី​មិន​ឃើញ ទ្រូង​ខ្ញុំ​ពើត​ខ្ទោកៗ សេចក្ដី​ស្ញែង‌ខ្លាច​យ៉ាង​សំបើម​បាន​បំភ័យ​ខ្ញុំ វេលា​ព្រលប់​ដែល​ជា​ពេល​សប្បាយ​ដល់​ខ្ញុំ នោះ​បាន​ត្រឡប់​ជា​វេលា​តក់‌ស្លុត​ដល់​ខ្ញុំ​វិញ គឺ​គេ​រៀប​តុ ហើយ​ដាក់​ឲ្យ​ចាំ​យាម រួច​គេ​ស៊ី​គេ​ផឹក ស្រាប់​តែ​ឮ​សំរែក​ថា ចូរ​ក្រោក​ឡើង​ពួក​មេ​ទាំង‌ឡាយ​អើយ ចូរ​លាប​ខែល​ទៅ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​បាន​មាន​បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​ទៅ​ដាក់​អ្នក​ល្បាត​ម្នាក់​ឲ្យ​ចាំ​យាម ឲ្យ​គេ​ប្រាប់​ហេតុ​ការ​អ្វី​ដែល​គេ​ឃើញ គេ​ក៏​ឃើញ​កង‌ទ័ព មាន​ពល​សេះ​ដើរ​ទន្ទឹម​គ្នា​១​គូៗ ព្រម​ទាំង​អ្នក​១​ជិះ​លើ​លា នឹង​អ្នក​១​ជិះ​លើ​អូដ្ឋ​ផង គេ​ក៏​ប្រុង​ស្តាប់​អស់​ពី​ចិត្ត រួច​ស្រែក​មក​ដូច​សិង្ហ​ថា លោក​ម្ចាស់​អើយ នៅ​វេលា​ថ្ងៃខ្ញុំ​ឈរ​នៅ​លើ​ប៉ម​ជានិច្ច ហើយ​ក៏​នៅ​ត្រង់​ទី​ចាំ​យាម​របស់​ខ្ញុំ​រាល់​តែ​យប់​ដែរ មើល មាន​កង‌ទ័ព ជា​ពល​សេះ ដើរ​មក​ទាំង​គូៗ រួច​គេ​បន្លឺ​សំឡេង​ឡើង​ទៀត​ថា ដួល​ហើយ ក្រុង​បាប៊ីឡូន​បាន​ដួល​ហើយ អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ​បាន​ត្រូវ​បែក​រេល​នៅ​លើ​ដី។ ឱ​ពួក​អ្នក​ដែល​ត្រូវ​បញ្ជាន់ ជា​គ្រាប់​ពូជ​នៅ​ទីលាន​របស់​អញ​អើយ សេចក្ដី​ដែល​បាន​ឮ​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា​ហើយ។ នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ពួក​ឌូម៉ា។ មាន​ម្នាក់​នៅ​ស្រុក​សៀរ​ស្រែក​មក​រក​ខ្ញុំ​ថា អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ អ្នក​យាម​ក៏​ឆ្លើយ​តប​ថា ពេល​ព្រឹក​កំពុង​តែ​មក ហើយ​យប់​ក៏​មក​ដែរ បើ​ឯង​ចង់​ដឹង ចូរ​សួរ​ចុះ ចូរ​ត្រឡប់​មក​វិញ ចូរ​មក​ចុះ។ នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ស្រុក​នៃ​ពួក​អារ៉ាប់។ ឱ​ពួក​សាសន៍​ដេដាន់ ដែល​ធ្វើ​ដំណើរ​ដង្ហែ​គ្នា​អើយ ពួក​ឯង​នឹង​ស្នាក់​នៅ​ក្នុង​ដង​ព្រៃ​នៅ​ស្រុក​អារ៉ាប់ គេ​បាន​យក​ទឹក​មក​ឲ្យ​ពួក​អ្នក​ដែល​ស្រេក ពួក​អ្នក​នៅ​ស្រុក​ថេម៉ា​បាន​យក​អាហារ​មក​ទទួល​ពួក​អ្នក​ដែល​រត់ ដ្បិត​គេ​បាន​រត់​ឲ្យ​រួច​ពី​ដាវ គឺ​ពី​ដាវ​ដែល​ហូត​ស្រាប់ ពី​ធ្នូ​ដែល​ដំឡើង​ជា​ស្រេច ហើយ​ពី​សេចក្ដី​វេទនា​នៃ​ការ​សឹក​សង្គ្រាម ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​បាន​មាន​បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ក្នុង​រវាង​១​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សិរី‌ល្អ​របស់​ពួក​កេដារ​នឹង​សូន្យ​បាត់​ទៅ ហើយ​ពួក​ពល​ធ្នូ ជា​ពួក​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​កូន​ចៅ​កេដារ ដែល​នៅ​សល់ នឹង​មាន​គ្នា​តិច‌តួច​ទេ ពី​ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​មាន​បន្ទូល​ជា​ស្រេច​ហើយ។

ចែក​រំលែក
អាន អេសាយ 21