អេសាយ 2:12-22
អេសាយ 2:12-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតនឹងមានថ្ងៃមួយរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ មកលើមនុស្សឫកខ្ពស់ និងមនុស្សមានចិត្តឆ្មើងឆ្មៃ លើអស់អ្នកដែលត្រូវបានគេលើកតម្កើង ឲ្យបន្ទាបចុះវិញ គឺមកលើអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូន ដែលខ្ពស់ ហើយតម្កើងឡើង និងលើគ្រប់ទាំងដើមម៉ៃសាក់ នៅស្រុកបាសានដែរ។ មកលើអស់ទាំងភ្នំខ្ពស់ និងភ្នំតូចៗដែលបានតម្កើងឡើង មកលើអស់ទាំងប៉មយ៉ាងខ្ពស់ និងកំផែងមានគ្រឿងចម្បាំង លើអស់ទាំងនាវាស្រុកតើស៊ីស និងមកលើអស់ទាំងសំពៅដែលល្អប្រណីត។ នោះសណ្ឋានខ្ពស់របស់មនុស្ស នឹងត្រូវបង្ឱនទាប ឯសេចក្ដីឆ្មើងឆ្មៃរបស់មនុស្ស ក៏នឹងត្រូវបន្ទាបចុះ នៅគ្រានោះ នឹងមានតែព្រះយេហូវ៉ា មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។ អស់ទាំងរូបព្រះនឹងសាបសូន្យបាត់អស់រលីង។ ឯមនុស្ស នឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងរូងដី ដើម្បីឲ្យបានរួច ពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ គឺក្នុងកាលដែលព្រះអង្គក្រោកឡើងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ។ នៅគ្រានោះ មនុស្សនឹងបោះចោលរូបព្រះ របស់ខ្លួនដែលធ្វើពីមាស ហើយពីប្រាក់ ជារបស់ដែលគេបានធ្វើសម្រាប់នឹងថ្វាយបង្គំ ទៅឲ្យកណ្តុរ និងប្រចៀវ។ ដើម្បីចូលទៅក្នុងរអាងថ្ម ហើយក្នុងក្រហែងថ្មរខិញរខុញ ឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ ក្នុងកាលដែលព្រះអង្គក្រោកឡើងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ។ ចូរឈប់ទុកចិត្តដល់មនុស្ស ដែលមានតែដង្ហើមចេញចូលតាមរន្ធច្រមុះទៅ ដ្បិតតើគេមានតម្លៃប៉ុណ្ណាទៅ?
អេសាយ 2:12-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូល បានកំណត់ថ្ងៃមួយទុក សម្រាប់ពង្រាបមនុស្សព្រហើន មនុស្សអួតអាង និងមនុស្សវាយឫក។ ព្រះអង្គពង្រាបដើមឈើដ៏ខ្ពស់ៗទាំងប៉ុន្មាន នៅស្រុកលីបង់ ពង្រាបដើមជ្រៃទាំងឡាយនៅស្រុកបាសាន។ ព្រះអង្គពង្រាបភ្នំធំៗទាំងឡាយ ពង្រាបភ្នំដ៏ខ្ពស់ៗ ពង្រាបប៉មដ៏ខ្ពស់ៗ ពង្រាបកំពែងដ៏រឹងមាំទាំងប៉ុន្មាន។ ពង្រាបសំពៅទាំងអស់នៅស្រុកតើស៊ីស និងពង្រាបនាវាដ៏ល្អប្រណីត។ ព្រះអង្គនឹងបន្ទាបមនុស្សព្រហើន ព្រះអង្គនឹងពង្រាបមនុស្សអួតអាង។ នៅថ្ងៃនោះ មានតែព្រះអម្ចាស់មួយអង្គទេ ដែលមនុស្សត្រូវលើកតម្កើង។ ព្រះក្លែងក្លាយទាំងប៉ុន្មាននឹងវិនាសសូន្យ។ ពេលនោះ គេនឹងនាំគ្នាចូលទៅពួននៅក្នុងរូងភ្នំ គេនឹងលាក់ខ្លួនក្នុងរូងដែលនៅក្រោមដី ដើម្បីគេចឲ្យផុតពីព្រះពិរោធរបស់ព្រះអម្ចាស់ ហើយគេចឲ្យផុតពីភាពថ្កុំថ្កើង នៃសិរីរុងរឿងរបស់ព្រះអង្គ នៅពេលព្រះអង្គក្រោកឡើង ធ្វើឲ្យមានការភ័យតក់ស្លុតនៅលើផែនដី។ នៅថ្ងៃនោះ មនុស្សលោកនឹងយកព្រះក្លែងក្លាយ ធ្វើអំពីប្រាក់ និងមាសដែលគេសិតសម្រាប់ថ្វាយបង្គំបោះទៅឲ្យកណ្ដុរ និងប្រជៀវ។ គេនឹងនាំគ្នាចូលទៅពួនក្នុងគុហា និងក្រហែងភ្នំ ដើម្បីគេចឲ្យផុតពីព្រះពិរោធរបស់ព្រះអម្ចាស់ ហើយគេចឲ្យផុតពីភាពដ៏ថ្កុំថ្កើងនៃសិរីរុងរឿងរបស់ព្រះអង្គ នៅពេលព្រះអង្គក្រោកឡើងធ្វើឲ្យមានការភ័យតក់ស្លុតលើផែនដី។ ចូរឈប់ពឹងផ្អែកលើមនុស្សទៀតទៅ ដ្បិតជីវិតរបស់គេប្រៀបបាននឹង មួយដង្ហើមប៉ុណ្ណោះ ហើយគេគ្មានតម្លៃអ្វីទេ!
អេសាយ 2:12-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតនឹងមានថ្ងៃ១របស់ព្រះយេហូវ៉ានៃពួកពលបរិវារមកលើគ្រប់ទាំងឫកខ្ពស់ នឹងចិត្តឆ្មើងឆ្មៃ ព្រមទាំងលើគ្រប់ទាំងអស់ដែលបានលើកឡើងផង ហើយនោះនឹងត្រូវបន្ទាបចុះវិញ គឺមកលើអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូន ដែលខ្ពស់ ហើយដំកើងឡើង នឹងលើគ្រប់ទាំងដើមម៉ៃសាក់ នៅស្រុកបាសានដែរ មកលើអស់ទាំងភ្នំខ្ពស់ នឹងភ្នំតូចៗដែលបានដំកើងឡើង មកលើអស់ទាំងប៉មយ៉ាងខ្ពស់ នឹងកំផែងមានគ្រឿងចំបាំង នឹងលើអស់ទាំងនាវាស្រុកតើស៊ីស ហើយលើអ្វីៗទាំងអស់ដែលគាប់ដល់ភ្នែកដែរ នោះសណ្ឋានខ្ពស់របស់មនុស្ស នឹងត្រូវបង្អោនទាប ឯសេចក្ដីឆ្មើងឆ្មៃរបស់មនុស្សក៏នឹងត្រូវបន្ទាបចុះ នៅគ្រានោះ នឹងមានតែព្រះយេហូវ៉ា១អង្គប៉ុណ្ណោះទេ ដែលនឹងបានដំកើងឡើង អស់ទាំងរូបព្រះនឹងសាបសូន្យបាត់ទៅអស់រលីង ឯមនុស្សគេ នឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងរូងដី ដើម្បីឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា នឹងពីសិរីល្អនៃឫទ្ធានុភាពរបស់ទ្រង់ គឺក្នុងកាលដែលទ្រង់ក្រោកឡើង ដើម្បីនឹងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ នៅគ្រានោះ មនុស្សនឹងបោះចោលរូបព្រះរបស់ខ្លួនដែលធ្វើពីមាស ហើយពីប្រាក់ ជារបស់ដែលគេបានធ្វើសំរាប់នឹងថ្វាយបង្គំ ទៅឲ្យកណ្តុរ ហើយនឹងប្រចៀវ ដើម្បីនឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងក្រហែងថ្មរខិញរខុញ ឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា នឹងសិរីល្អនៃឫទ្ធានុភាពរបស់ទ្រង់ ក្នុងកាលដែលទ្រង់ក្រោកឡើងនឹងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ ចូរលែងទុកចិត្តដល់មនុស្សដែលមានតែដង្ហើមចេញចូលតាមរន្ធច្រមុះទៅ ដ្បិតតើនឹងពឹងដល់គេឯណាបាន។