អេសាយ 2:1-15
អេសាយ 2:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាសេចក្ដីដែលហោរាអេសាយ ជាកូនអ័ម៉ូស បានឃើញពីដំណើរស្រុកយូដា និងក្រុងយេរូសាឡិម។ ថ្ងៃក្រោយ ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ា នឹងតាំងឡើង ខ្ពស់លើសជាងអស់ទាំងភ្នំធំៗ ហើយបានតម្កើងឡើង ប្រសើរជាងអស់ទាំងភ្នំតូចៗ អស់ទាំងសាសន៍នឹងចូលហូរហែទៅក្នុងទីនោះ។ ឯប្រជាជាតិជាច្រើន នឹងឡើងទៅ ដោយពោលថា៖ ចូរយើងឡើងទៅឯភ្នំព្រះយេហូវ៉ា ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុប ព្រះអង្គនឹងបង្រៀនយើងពីផ្លូវរបស់ព្រះអង្គ នោះយើងនឹងដើរតាមផ្លូវទាំងនោះ។ ដ្បិតក្រឹត្យវិន័យចេញពីក្រុងស៊ីយ៉ូនទៅ ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ចេញពីក្រុងយេរូសាឡិមដែរ។ ព្រះអង្គនឹងវិនិច្ឆ័យរវាងអស់ទាំងនគរ ហើយនឹងសម្រេចរឿងដល់សាសន៍ជាច្រើន នោះគេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ នគរមួយនឹងមិនលើកដាវទាស់ នឹងនគរមួយទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ ឱពួកវង្សយ៉ាកុបអើយ ចូរមក យើងដើរក្នុងពន្លឺរបស់ព្រះយេហូវ៉ា។ ហេតុនេះបានជាព្រះអង្គបោះបង់ចោល ពួកវង្សយ៉ាកុបជាប្រជារាស្ត្ររបស់ព្រះអង្គ គឺពីព្រោះមានគ្រូមន្តអាគម ពីស្រុកខាងកើត បានចូលមកពេញទីហើយ គេធ្វើជាគ្រូអាបធ្មប់ដូចជាសាសន៍ភីលីស្ទីន ក៏ចងសម្ពន្ធមិត្តនឹងពួកសាសន៍ដទៃ។ ស្រុកបានបរិបូរដោយមាស និងប្រាក់ ឯទ្រព្យសម្បត្តិ នោះរាប់មិនអស់ឡើយ ក៏មានសេះពេញស្រុក ហើយរទេះចម្បាំងក៏រាប់មិនអស់ដែរ។ ស្រុកបានពេញដោយរូបព្រះ គេថ្វាយបង្គំចំពោះស្នាដៃរបស់ខ្លួន គឺជារបស់ដែលម្រាមដៃគេបានធ្វើ។ មនុស្សធម្មតាបានឱនចុះ ឯពួកអ្នកធំបានបន្ទាបខ្លួនហើយ កុំអត់ទោសដល់គេឡើយ។ ចូរឲ្យចូលទៅក្នុងរូងថ្ម ហើយពួនខ្លួននៅក្នុងធូលីដីចុះ ដើម្បីឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា ហើយពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ។ ឫកខ្ពស់របស់មនុស្សនឹងត្រូវបន្ទាបចុះ ហើយចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងត្រូវបង្ឱនទាបវិញ នៅគ្រានោះមានតែព្រះយេហូវ៉ា មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។ ដ្បិតនឹងមានថ្ងៃមួយរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ មកលើមនុស្សឫកខ្ពស់ និងមនុស្សមានចិត្តឆ្មើងឆ្មៃ លើអស់អ្នកដែលត្រូវបានគេលើកតម្កើង ឲ្យបន្ទាបចុះវិញ គឺមកលើអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូន ដែលខ្ពស់ ហើយតម្កើងឡើង និងលើគ្រប់ទាំងដើមម៉ៃសាក់ នៅស្រុកបាសានដែរ។ មកលើអស់ទាំងភ្នំខ្ពស់ និងភ្នំតូចៗដែលបានតម្កើងឡើង មកលើអស់ទាំងប៉មយ៉ាងខ្ពស់ និងកំផែងមានគ្រឿងចម្បាំង
អេសាយ 2:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាព្រះបន្ទូលដែលព្យាការី*អេសាយ ជាកូនរបស់លោកអម៉ូស បានទទួលពីព្រះអម្ចាស់ ស្ដីអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅស្រុកយូដា និងក្រុងយេរូសាឡឹម: ថ្ងៃក្រោយ ព្រះអម្ចាស់នឹងលើក ភ្នំដែលមានព្រះដំណាក់របស់ព្រះអង្គ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។ ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់ យើងឡើងទៅព្រះដំណាក់នៃព្រះ របស់លោកយ៉ាកុប។ ព្រះអង្គនឹងបង្រៀនយើងអំពី មាគ៌ារបស់ព្រះអង្គ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។ ព្រះអង្គនឹងធ្វើជាចៅក្រមរវាងប្រជាជាតិនានា ព្រះអង្គនឹងសម្រុះសម្រួលជាតិសាសន៍ជាច្រើន ឲ្យឈប់ទាស់ទែងគ្នា។ ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន មករំលាយធ្វើជាផាលនង្គ័ល ហើយយកលំពែងមករំលាយធ្វើជាកណ្ដៀវ។ ប្រជាជាតិមួយឈប់ច្បាំងនឹង ប្រជាជាតិមួយទៀត ហើយគេក៏លែងហាត់រៀនធ្វើសង្គ្រាមដែរ។ កូនចៅរបស់លោកយ៉ាកុបអើយ ចូរនាំគ្នាមក! យើងដើរក្រោមពន្លឺរបស់ព្រះអម្ចាស់! ព្រះអម្ចាស់អើយ ព្រះអង្គបានបោះបង់ចោល ពូជពង្សរបស់លោកយ៉ាកុបដែលជាប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះមានគ្រូមន្តអាគមពីទិសខាងកើត នៅពេញក្នុងស្រុករបស់គេ ពួកគេមានគ្រូទាយច្រើនដូចនៅស្រុកភីលីស្ទីន ប្រជាជនរបស់ព្រះអង្គចងសម្ពន្ធមិត្ត ជាមួយជនបរទេស។ ស្រុករបស់គេពោរពេញទៅដោយ មាស និងប្រាក់ ទ្រព្យសម្បត្តិរបស់គេមានច្រើនឥតគណនា ស្រុករបស់គេពោរពេញទៅដោយសេះ រទេះចម្បាំងរបស់គេមានច្រើនឥតគណនា។ ស្រុករបស់គេក៏ពោរពេញទៅដោយ ព្រះក្លែងក្លាយដែរ គេនាំគ្នាក្រាបថ្វាយបង្គំស្នាដៃរបស់ខ្លួន គេនាំគ្នាក្រាបថ្វាយបង្គំអ្វីៗ ដែលដៃរបស់ខ្លួនបានសូនបង្កើតមក។ មនុស្សលោកត្រូវអាប់ឱន គេនឹងដួលផ្កាប់មុខដល់ដី ព្រះអង្គមិនអត់ទោសឲ្យគេឡើយ។ ចូរនាំគ្នាចូលមកពួននៅក្នុងក្រហែងថ្មនេះ ចូរនាំគ្នាលាក់ខ្លួននៅក្នុងដី ដើម្បីគេចឲ្យផុតពីព្រះពិរោធរបស់ព្រះអម្ចាស់ ហើយគេចឲ្យផុតពីភាពថ្កុំថ្កើងនៃ សិរីរុងរឿងរបស់ព្រះអង្គ។ ព្រះអង្គនឹងបន្ទាបមនុស្សមានចិត្តព្រហើន ព្រះអង្គនឹងពង្រាបមនុស្សមានចិត្តអួតអាង។ នៅថ្ងៃនោះ មានតែព្រះអម្ចាស់មួយអង្គទេ ដែលមនុស្សត្រូវលើកតម្កើង ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូល បានកំណត់ថ្ងៃមួយទុក សម្រាប់ពង្រាបមនុស្សព្រហើន មនុស្សអួតអាង និងមនុស្សវាយឫក។ ព្រះអង្គពង្រាបដើមឈើដ៏ខ្ពស់ៗទាំងប៉ុន្មាន នៅស្រុកលីបង់ ពង្រាបដើមជ្រៃទាំងឡាយនៅស្រុកបាសាន។ ព្រះអង្គពង្រាបភ្នំធំៗទាំងឡាយ ពង្រាបភ្នំដ៏ខ្ពស់ៗ ពង្រាបប៉មដ៏ខ្ពស់ៗ ពង្រាបកំពែងដ៏រឹងមាំទាំងប៉ុន្មាន។
អេសាយ 2:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាសេចក្ដីដែលអេសាយ ជាកូនអ័ម៉ូស បានឃើញពីដំណើរស្រុកយូដា នឹងក្រុងយេរូសាឡិម។ នៅជាន់ក្រោយបង្អស់ នោះភ្នំ ជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា នឹងបានតាំងឡើងខ្ពស់លើសអស់ទាំងភ្នំធំៗ ហើយនឹងបានដំកើងឡើងជាប្រសើរជាងអស់ទាំងភ្នំតូចៗដែរ អស់ទាំងសាសន៍នឹងចូលហូរហែទៅក្នុងទីនោះ ឯប្រជាជាតិជាច្រើន គេនឹងទៅដោយពោលថា ចូរយើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុបចុះ ទ្រង់នឹងបង្រៀនយើងពីផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមផ្លូវទាំងនោះ ដ្បិតក្រឹត្យវិន័យនឹងចេញពីក្រុងស៊ីយ៉ូនទៅ ហើយព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិមដែរ ទ្រង់នឹងវិនិច្ឆ័យរវាងអស់ទាំងនគរ ហើយនឹងសំរេចរឿងដល់សាសន៍ជាច្រើន នោះគេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ ឱពួកវង្សនៃយ៉ាកុបអើយ ចូរមក យើងដើរក្នុងពន្លឺនៃព្រះយេហូវ៉ាចុះ។ ហេតុនេះបានជាទ្រង់បោះបង់ចោលពួកវង្សយ៉ាកុបជារាស្ត្រទ្រង់ចេញ គឺពីព្រោះមានទំនៀមទំលាប់ពីស្រុកខាងកើតបានចូលមកពេញទីហើយ គេធ្វើជាគ្រូអាបធ្មប់ដូចជាសាសន៍ភីលីស្ទីន ក៏ចងសម្ពន្ធមិត្រនឹងពួកសាសន៍ដទៃ ស្រុកបានបរិបូរដោយមាសនឹងប្រាក់ ឯទ្រព្យសម្បត្តិ នោះរាប់មិនអស់ឡើយ ក៏មានសេះពេញស្រុក ហើយរទេះចំបាំងក៏រាប់មិនអស់ដែរ ស្រុកបានពេញដោយរូបព្រះ គេថ្វាយបង្គំចំពោះស្នាដៃរបស់ខ្លួន គឺជារបស់ដែលម្រាមដៃគេបានធ្វើ មនុស្សធម្មតាបានឱនចុះ ឯពួកអ្នកធំបានបន្ទាបខ្លួនហើយ ដូច្នេះសូមកុំឲ្យអត់ទោសដល់គេឡើយ។ ចូរឲ្យចូលទៅក្នុងរូងថ្ម ហើយពួនខ្លួននៅក្នុងធូលីដីចុះ ដើម្បីឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា ហើយពីសិរីល្អនៃឫទ្ធានុភាពរបស់ទ្រង់ ឫកខ្ពស់របស់មនុស្សនឹងត្រូវបន្ទាបចុះ ហើយចិត្តឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបង្អោនទាបវិញ នៅគ្រានោះមានតែព្រះយេហូវ៉ា១អង្គប៉ុណ្ណោះទេ ដែលនឹងបានដំកើងឡើង ដ្បិតនឹងមានថ្ងៃ១របស់ព្រះយេហូវ៉ានៃពួកពលបរិវារមកលើគ្រប់ទាំងឫកខ្ពស់ នឹងចិត្តឆ្មើងឆ្មៃ ព្រមទាំងលើគ្រប់ទាំងអស់ដែលបានលើកឡើងផង ហើយនោះនឹងត្រូវបន្ទាបចុះវិញ គឺមកលើអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូន ដែលខ្ពស់ ហើយដំកើងឡើង នឹងលើគ្រប់ទាំងដើមម៉ៃសាក់ នៅស្រុកបាសានដែរ មកលើអស់ទាំងភ្នំខ្ពស់ នឹងភ្នំតូចៗដែលបានដំកើងឡើង មកលើអស់ទាំងប៉មយ៉ាងខ្ពស់ នឹងកំផែងមានគ្រឿងចំបាំង