អេសាយ 18:1-7
អេសាយ 18:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
វេទនាដល់ស្រុកដែលបាំងដោយស្លាប ជាស្រុកនៅត្រើយខាងនាយទន្លេស្រុកអេធីយ៉ូពី ដែលចាត់រាជទូតទៅតាមផ្លូវសមុទ្រ គឺឲ្យជិះនាវាធ្វើពីឫស្សីទៅលើទឹកធំ ដោយបង្គាប់ថា ចូរទៅចុះ ពួកបម្រើយ៉ាងលឿនអើយ ទៅឯសាសន៍មួយដែលមានរូបខ្ពស់ ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាចតាំងពីគេកើតមក ជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ហើយមានទន្លេហូរកាត់កណ្ដាលស្រុកគេ។ ឱមនុស្សទាំងឡាយដែលនៅក្នុងលោកីយ និងពួកអ្នកដែលអាស្រ័យនៅផែនដីអើយ កាលណាដំឡើងទង់មួយឡើងនៅលើភ្នំនោះចូរមើលចុះ ហើយកាលណាផ្លុំត្រែឡើងនោះចូរស្តាប់ដែរ។ ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ «យើងនឹងនៅតែស្ងៀម ហើយពិចារណាមើលពីទីលំនៅរបស់យើង ដូចជារស្មីត្រចះចាំងមកនៅពេលព្រឹក ហើយដូចជាពពក ជាសន្សើមនៅពេលក្តៅ កំពុងរដូវប្រមូលផល»។ ដ្បិតកាលមុនរដូវប្រមូលផល កាលផ្កាបានរោយរុះ ហើយក្តឹបទំពាំងបាយជូរកំពុងតែធំឡើងដរាបដល់ទុំ ព្រះអង្គនឹងយកកាំបិតកាត់ទង ហើយកាត់ខ្នែងចេញដែរ។ ក៏នឹងត្រូវបោះបង់ចោលជាមួយគ្នា ដល់សត្វហើរមកពីភ្នំ ដែលស៊ីគំរង់ ហើយដល់សត្វព្រៃនៅផែនដីដែរ ឯសត្វហើរទាំងនោះ នឹងអាស្រ័យដោយសារខ្មោចគេអស់មួយរដូវក្តៅ ហើយសត្វព្រៃនឹងអាស្រ័យ ដោយសារគេអស់មួយរដូវរងា។ នៅគ្រានោះ គេនឹងនាំយកតង្វាយមួយមកថ្វាយព្រះយេហូវ៉ានៃពួកពលបរិវារ ពី សាសន៍មួយដែលមានរូបខ្ពស់ ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាច តាំងពីគេកើតមកជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ក៏មានទន្លេហូរកាត់កណ្ដាលស្រុកគេ គឺនឹងនាំតង្វាយនោះមកដល់ភ្នំស៊ីយ៉ូន ជាទីរបស់ព្រះនាមព្រះយេហូវ៉ានៃពួកពលបរិវារ។
អេសាយ 18:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯទឹកដីដែលមានទូកក្ដោង ធ្វើដំណើរនៅតាមដងទន្លេ ខាងនាយស្រុកអេត្យូពី នឹងត្រូវវេទនាជាពុំខាន។ ពួកគេបានចាត់ទូតរបស់ខ្លួនឲ្យជិះក្បូន ដែលធ្វើពីដើមកក់ ចុះតាមទន្លេនីល។ អ្នកនាំសារដ៏រហ័សអើយ ចូរនាំគ្នាវិលត្រឡប់ទៅស្រុករបស់សាសន៍ ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប។ មនុស្សទាំងជិតទាំងឆ្ងាយស្ញែងខ្លាចសាសន៍នេះ ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។ ពួកគេនិយាយភាសាចម្លែក រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។ អ្នកទាំងអស់គ្នាដែលរស់នៅក្នុងពិភពលោក អ្នករាល់គ្នាជាប្រជាជននៅលើផែនដីអើយ ពេលណាគេដោតទង់ជាសញ្ញានៅលើភ្នំនានា ចូរនាំគ្នាសម្លឹងមើលទៅ ហើយពេលណាគេផ្លុំស្នែង ចូរនាំគ្នាស្ដាប់កុំបីខាន។ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: «យើងសម្លឹងមើលពីស្ថានលើមក យ៉ាងស្ងៀមស្ងាត់ ដូចនៅពេលថ្ងៃបណ្ដើរកូន និងដូចទឹកសន្សើមនៅរដូវចម្រូត។ មុនពេលរដូវចម្រូត នៅពេលទំពាំងបាយជូរឈប់ផ្កា គឺពេលផ្កាទំពាំងបាយជូរក្លាយទៅជាផ្លែ ហើយពេលផ្លែនោះទុំ គេយកកាំបិតមកកាប់មែក និងលួសធាងវាចោលយ៉ាងណា ខ្មាំងសត្រូវនឹងប្រល័យជីវិតជនជាតិអេត្យូពី ហើយទុកសាកសពចោលយ៉ាងនោះដែរ គេនឹងក្លាយទៅជាចំណីត្មាតដែលរស់នៅតាមភ្នំ និងជាចំណីរបស់សត្វសាហាវ។ ត្មាតនឹងស៊ីសាកសព របស់ពួកគេនៅរដូវក្ដៅ ហើយសត្វសាហាវនឹងស៊ីសាកសពរបស់ពួកគេ នៅរដូវត្រជាក់»។ នៅគ្រានោះ សាសន៍ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប នឹងនាំតង្វាយ មកថ្វាយព្រះអម្ចាស់នៃពិភពទាំងមូល គឺសាសន៍ដែលមនុស្សទាំងជិត ទាំងឆ្ងាយ ស្ញែងខ្លាច ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។ ពួកគេនិយាយភាសាចម្លែក រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។ សាសន៍នេះនឹងនាំតង្វាយមកថ្វាយនៅភ្នំស៊ីយ៉ូន ជាកន្លែងដែលព្រះនាមរបស់ព្រះអម្ចាស់ស្ថិតនៅ។
អេសាយ 18:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វេទនាដល់ស្រុកដែលបាំងដោយស្លាបជាស្រុកនៅត្រើយខាងនាយទន្លេស្រុកគូស ដែលចាត់រាជទូតទៅតាមផ្លូវសមុទ្រ គឺឲ្យជិះនាវាធ្វើពីឫស្សីទៅលើទឹកធំដោយបង្គាប់ថា ចូរទៅចុះ ពួកបំរើយ៉ាងលឿនអើយ ទៅឯសាសន៍១ដែលមានរូបខ្ពស់ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាចតាំងពីគេកើតមក ជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ហើយមានទន្លេហូរកាត់កណ្តាលស្រុកគេ ឱមនុស្សទាំងឡាយដែលនៅក្នុងលោកីយ នឹងពួកអ្នកដែលអាស្រ័យនៅផែនដីអើយ កាលណាដំឡើងទង់១ឡើងនៅលើភ្នំ នោះចូរមើលចុះ ហើយកាលណាផ្លុំត្រែឡើង នោះចូរស្តាប់ដែរ។ ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលមកខ្ញុំដូច្នេះថា អញនឹងនៅតែស្ងៀម ហើយពិចារណាមើលពីទីលំនៅរបស់អញ ដូចជារស្មីត្រចះចាំងមកនៅពេលព្រឹក ហើយដូចជាពពក ជាសន្សើមនៅពេលក្តៅកំពុងរដូវប្រមូលផល ដ្បិតកាលមុនរដូវប្រមូលផល កាលផ្កាបានរោយរុះ ហើយក្តឹបទំពាំងបាយជូរកំពុងតែធំឡើងដរាបដល់ទុំ នោះទ្រង់នឹងយកកាំបិតកាត់ទង ហើយនឹងកាត់ខ្នែងចេញដែរ ក៏នឹងត្រូវបោះបង់ចោលជាមួយគ្នា ដល់សត្វហើរមកពីភ្នំ ដែលស៊ីគំរង់ ហើយដល់សត្វព្រៃនៅផែនដីដែរ ឯសត្វហើរទាំងនោះ នឹងអាស្រ័យ ដោយសារខ្មោចគេអស់១រដូវក្តៅ ហើយសត្វព្រៃនឹងអាស្រ័យ ដោយសារគេអស់១រដូវរងា នៅគ្រានោះ គេនឹងនាំយកដង្វាយ១ មកថ្វាយព្រះយេហូវ៉ានៃពួកពលបរិវារ ពីសាសន៍១ដែលមានរូបខ្ពស់ ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាច តាំងពីគេកើតមកជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ក៏មានទន្លេហូរកាត់កណ្តាលស្រុកគេ គឺនឹងនាំដង្វាយនោះមកដល់ភ្នំស៊ីយ៉ូន ជាទីរបស់ព្រះនាមព្រះយេហូវ៉ានៃពួកពលបរិវារ។