អេសាយ 16:1-14
អេសាយ 16:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរយកកូនចៀមទាំងប៉ុន្មាន ដែលសម្រាប់អ្នកគ្រប់គ្រងលើស្រុក ចាប់តាំងពីក្រុងសេឡា រហូតដល់ទីរហោស្ថាន ផ្ញើទៅឯភ្នំនៃពួកកូនស្រីស៊ីយ៉ូន។ ដ្បិតពួកកូនស្រីសាសន៍ម៉ូអាប់ នឹងនៅត្រង់ផ្លូវឆ្លងស្ទឹងអើណូន ប្រៀបដូចជាសត្វស្លាបដែលហើរទៅមក ហើយដូចជាកូនសត្វដែលពង្រាត់ពីសម្បុក។ ចូរជួយប្រឹក្សា ហើយសម្រេចសេចក្ដីយុត្តិធម៌ចុះ ចូរធ្វើឲ្យស្រមោលអ្នកបានដូចជាពេលយប់ នៅវេលាថ្ងៃត្រង់ ចូរបំពួនពួកអ្នកដែលត្រូវពង្រាត់ចេញពីស្រុក ហើយកុំឲ្យក្បត់ពួកអ្នកដែលរត់យោងខ្លួនឡើយ។ ចូរឲ្យជនភាសខ្លួននៃសាសន៍ម៉ូអាប់ អាស្រ័យនៅជាមួយអ្នកចុះ ចូរគ្របបាំងគេឲ្យរួចពីអ្នកបំផ្លាញ ទាល់តែពួករឹបជាន់បានសូន្យបាត់ ហើយពួកញាំញីបានអន្តរធានចេញពីស្រុកអស់ទៅ ពេលនោះ មានបល្ល័ង្កមួយតាំងឡើង ដោយសេចក្ដីសប្បុរស ហើយស្តេចមួយអង្គក្នុងពូជពង្សរបស់ដាវីឌ នឹងគង់លើបល្ល័ង្កនោះដោយសេចក្ដីពិត ទាំងជំនុំជម្រះ ហើយសម្រេចសេចក្ដីយុត្តិធម៌ ជាអ្នកដែលរហ័សនឹងធ្វើតាមសេចក្ដីសុចរិត។ យើងបានឮពីអំនួតរបស់សាសន៍ម៉ូអាប់ គេជាអ្នកអួតអាងណាស់ គេឆ្មើងឆ្មៃ អំនួត និងក្រេវក្រោធផង តែការអួតអាងរបស់គេជាការឥតប្រយោជន៍ទេ។ ហេតុនោះបានជាសាសន៍ម៉ូអាប់នឹងយំពិលាប ចំពោះសាសន៍របស់ខ្លួន គ្រប់គ្នានឹងទ្រហោយំ អ្នករាល់គ្នានឹងយំស្តាយចំពោះផែនទំពាំងបាយជូរ នៃក្រុងគារ-ហារ៉ាសែត ដោយចិត្តក្តួល។ ដ្បិតចម្ការនៃក្រុងហែសបូន សុទ្ធតែស្រពោនទៅ ព្រមទាំងដើមទំពាំងបាយជូរនៃក្រុងស៊ីបម៉ាដែរ ពួកចៅហ្វាយនៃសាសន៍ដទៃទាំងប៉ុន្មាន គេបានកាច់បំបាក់ខ្នែងល្អបំផុត ដែលបានលូតរហូតដល់ក្រុងយ៉ាស៊ើរ ហើយវារប្រទាក់ទៅក្នុងទីរហោស្ថាន លំពង់ក៏លូតទៅតែពាស កាត់ទាំងសមុទ្រផង។ ដូច្នេះ យើងនឹងយំចំពោះដើមទំពាំងបាយជូរ នៃក្រុងស៊ីបម៉ា ដូចជាការយំរបស់ពួកយ៉ាស៊ើរដែរ ឱក្រុងហែសបូន និងក្រុងអេលាលេអើយ យើងនឹងស្រោចអ្នកដោយទឹកភ្នែក ដ្បិតសូរសម្រែករបស់សឹកសង្គ្រាម បានធ្លាក់មកចំនឹងការប្រមូលផល និងការច្រូតកាត់របស់អ្នកហើយ។ ដូច្នេះ អំណរ និងសេចក្ដីរីករាយបានដកចេញ ពីស្រែចម្ការដ៏ដុះដាលរបស់អ្នក នៅក្នុងចម្ការទំពាំងបាយជូរឥតមានឮសូរច្រៀង ឬសំឡេងអំណរឡើយ ក៏នឹងគ្មានអ្នកណាជាន់បញ្ចេញទឹកទំពាំងបាយជូរ នៅក្នុងធុងដែរ យើងបានបញ្ឈប់សូរសម្រែក នៃការធ្វើទំពាំងបាយជូរហើយ។ ហេតុនោះ យើងនឹងបញ្ចេញសូរទំនួញ ដូចសូរនៃស៊ុង ដោយព្រោះម៉ូអាប់ ហើយចិត្តយើងដែរ ដោយព្រោះគារ-ហារ៉ាសែត។ កាលណាម៉ូអាប់ឡើងទៅឯទីខ្ពស់ ហើយនឿយហត់ដោយការថ្វាយបង្គំ ព្រមទាំងចូលទៅអធិស្ឋានក្នុងទីបរិសុទ្ធផង នោះក៏មិនបានអ្វីឡើយ។ នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលពីសាសន៍ម៉ូអាប់។ តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ក្នុងរវាងបីឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសេចក្ដីរុងរឿងឧត្តមរបស់សាសន៍ម៉ូអាប់នឹងត្រូវគេមើលងាយវិញ ព្រមទាំងប្រជាជនកុះកររបស់គេផង។ ឯអ្នកដែលនៅសល់ មានតិចតួចណាស់ ហើយខ្សោយផង។
អេសាយ 16:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរផ្ញើចៀមពីក្រុងសិលាតាមផ្លូវវាលរហោស្ថាន យកទៅថ្វាយព្រះមហាក្សត្រយូដា ដែលគង់នៅភ្នំស៊ីយ៉ូន! ស្ត្រីជនជាតិម៉ូអាប់នាំគ្នាឈរនៅត្រង់អើណូន ជាកន្លែងទឹករាក់ ដូចបក្សីដែលគេដេញចេញពីសំបុក។ ស្ត្រីទាំងនោះអង្វរជនជាតិយូដាថា៖ «សូមជួយផ្ដល់គំនិតឲ្យយើងខ្ញុំ សូមចាត់វិធានការជួយយើងខ្ញុំផង។ ក្នុងពេលថ្ងៃពេញកម្ដៅនេះ សូមធ្វើជាម្លប់ដល់យើងខ្ញុំ ដូចនៅពេលយប់ដែរ សូមឲ្យជនភៀសខ្លួនរបស់យើងខ្ញុំ ជ្រកកោនជាមួយបងប្អូន សូមលាក់ពួកយើងខ្ញុំដែលរត់មកនេះផង។ សូមអនុញ្ញាតឲ្យជនភៀសខ្លួនសាសន៍ម៉ូអាប់ ជ្រកកោនជាមួយបងប្អូនផង! សូមលាក់គេកុំឲ្យមេបំផ្លាញរកឃើញ! ពេលណាចប់ការសង្កត់សង្កិន និងការសម្លាប់រង្គាល ពេលណាមេបំផ្លាញចាកចេញបាត់ពីស្រុក ពេលនោះ ព្រះជាម្ចាស់នឹងប្រទានឲ្យ ព្រះរាជវង្សព្រះបាទដាវីឌឡើងគ្រងរាជ្យ ប្រកបដោយមេត្តាករុណា។ ព្រះរាជានឹងគ្រប់គ្រងលើប្រជាជន ដោយស្មោះស្ម័គ្រ ស្ដេចយកព្រះហឫទ័យទុកដាក់នឹងសេចក្ដីសុចរិត ព្រមទាំងស្វែងរកយុត្តិធម៌ឲ្យប្រជាជន»។ ពេលនោះ ជនជាតិយូដាតបវិញថា៖ «យើងបានឮគេនិយាយថាពួកម៉ូអាប់ ពូកែអួតអាងខ្លាំងណាស់ ពួកគេមានចិត្តព្រហើន វាយឫកខ្ពស់ ហើយអួតបំប៉ោង ចង់ធ្វើជាមហាអំណាច»។ ប៉ុន្តែ ឥឡូវនេះ ជនជាតិម៉ូអាប់បែរជា សោកសង្រេងអាណិតខ្លួនឯងគ្រប់ៗគ្នា។ ពួកគេយំសោកស្ដាយអាហារដែល ធ្លាប់បរិភោគនៅគារ-ហារ៉ាសែត ពួកគេស្រែកថ្ងូរដោយអស់សង្ឃឹម។ ចម្ការដំណាំនៅហេសបូនត្រូវខូចខាតអស់ រីឯចម្ការទំពាំងបាយជូរនៅស៊ីបម៉ាក៏វិនាស ហិនហោចអស់ដែរ។ ចម្ការនេះធ្លាប់តែផ្ដល់ស្រាទំពាំងបាយជូរ ឲ្យមេដឹកនាំប្រជាជាតិនានា។ ចម្ការទំពាំងបាយជូរនេះធ្លាប់លាតសន្ធឹង រហូតដល់យ៉ាស៊ើរ និងវាររហូតដល់វាលរហោស្ថាន ព្រមទាំងបែកមែកហួសសមុទ្រទៅទៀត។ ហេតុនេះហើយបានជាយើងយំ ជាមួយអ្នកស្រុកយ៉ាស៊ើរ ស្រណោះចម្ការទំពាំងបាយជូរនៅស៊ីបម៉ា។ យើងបង្ហូរទឹកភ្នែកស្រោចស្រព ហេសបូន និងអេឡាលេ ដ្បិតសង្គ្រាមបានធ្វើឲ្យភោគផលដំណាំ របស់អ្នករាល់គ្នាវិនាសហិនហោចអស់។ នៅតាមចម្ការដំណាំនោះ លែងមានឮសម្រែកអរសប្បាយទៀតហើយ រីឯក្នុងចម្ការទំពាំងបាយជូរ ក៏គ្មាននរណាច្រៀងដោយអំណរ ហើយក៏គ្មាននរណាគាបទំពាំងបាយជូរ ដាក់ក្នុងធុងទៀតដែរ គឺលែងមានសម្រែកហ៊ោកញ្ជ្រៀវទៀតហើយ។ ហេតុនេះហើយបានជាខ្ញុំស្មូត្រយ៉ាង អន្លង់អន្លោច ដូចសំឡេងពិណ ព្រោះខ្ញុំអាណិតស្រុកម៉ូអាប់ ខ្ញុំស្រណោះក្រុងគារ-ហារ៉ាសែត។ គេនឹងឃើញអ្នកស្រុកម៉ូអាប់ខំប្រឹងឡើងទៅ កន្លែងសក្ការៈតាមទួលខ្ពស់ៗ យ៉ាងត្រដាបត្រដួស គេបន់ព្រះរបស់ខ្លួននៅកន្លែងសក្ការៈ តែឥតបានផលអ្វីសោះ។ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ប្រកាសទុកជាមុន តាំងពីយូរណាស់មកហើយ ស្ដីអំពីជនជាតិម៉ូអាប់។ ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គម្រប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលុបរបស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់ឱន»។
អេសាយ 16:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរយកកូនចៀមទាំងប៉ុន្មាន ដែលសំរាប់អ្នកគ្រប់គ្រងលើស្រុក ចាប់តាំងពីក្រុងសេឡា រហូតដល់ទីរហោស្ថាន ផ្ញើទៅឯភ្នំនៃពួកកូនស្រីស៊ីយ៉ូន ដ្បិតពួកកូនស្រីសាសន៍ម៉ូអាប់នឹងនៅត្រង់ផ្លូវឆ្លងស្ទឹងអើណូន ប្រៀបដូចជាសត្វស្លាបដែលហើរទៅមក ហើយដូចជាកូនសត្វដែលពង្រាត់ពីសំបុក ចូរជួយប្រឹក្សា ហើយសំរេចសេចក្ដីយុត្តិធម៌ចុះ ចូរធ្វើឲ្យស្រមោលឯងបានដូចជាពេលយប់ នៅវេលាថ្ងៃត្រង់ ចូរបំពួនពួកអ្នកដែលត្រូវពង្រាត់ចេញពីស្រុក ហើយកុំឲ្យក្បត់ពួកអ្នករត់យោងខ្លួនឡើយ ចូរឲ្យពួករបស់អញ ដែលត្រូវពង្រាត់នោះ បានអាស្រ័យនៅជាមួយនឹងឯងចុះ ចំណែកពួកម៉ូអាប់ ចូរឲ្យឯងធ្វើជាទីគ្របបាំងឲ្យគេបានពួនរួចពីអ្នកបំផ្លាញ ទាល់តែពួករឹបជាន់បានសូន្យបាត់ទៅ ការបំផ្លាញបានឈប់ស្ងប់ ហើយពួកញាំញីបានអន្តរធានចេញពីស្រុកអស់ទៅ នោះនឹងមានបល្ល័ង្ក១ តាំងឡើងដោយសេចក្ដីសប្បុរស ហើយស្តេច១អង្គក្នុងពូជពង្សរបស់ដាវីឌនឹងគង់លើបល្ល័ង្កនោះ ដោយសេចក្ដីពិត ទាំងជំនុំជំរះ ហើយរកសំរេចសេចក្ដីយុត្តិធម៌ ជាអ្នកដែលរហ័សនឹងធ្វើតាមសេចក្ដីសុចរិត។ យើងបានឮនិយាយ ពីសេចក្ដីអំនួតរបស់សាសន៍ម៉ូអាប់ថា គេជាអ្នកអួតអាងណាស់ គឺពីសេចក្ដីឆ្មើងឆ្មៃ សេចក្ដីអំនួត នឹងសេចក្ដីក្រេវក្រោធរបស់គេផង តែការអួតអាងរបស់គេជាអសារឥតការទទេ ហេតុនោះបានជាសាសន៍ម៉ូអាប់នឹងយំពិលាបចំពោះសាសន៍របស់ខ្លួន គ្រប់គ្នានឹងទ្រហោយំ ឯងរាល់គ្នានឹងយំស្តាយ ចំពោះផែនទំពាំងបាយជូរនៃក្រុងគារ-ហារ៉ាសែត ដោយចិត្តក្តួលក្តុក ដ្បិតចំការនៃក្រុងហែសបូនសុទ្ធតែស្រពោនទៅ ព្រមទាំងដើមទំពាំងបាយជូរនៃក្រុងស៊ីបម៉ាដែរ ពួកចៅហ្វាយនៃសាសន៍ដទៃទាំងប៉ុន្មាន គេបានកាច់បំបាក់ខ្នែងល្អបំផុត ដែលបានលូតរហូតដល់ក្រុងយ៉ាស៊ើរ ហើយវារប្រទាក់ទៅក្នុងទីរហោស្ថាន លំពង់ក៏លូតទៅតែពាស កាត់ទាំងសមុទ្រផង ដូច្នេះ អញនឹងយំចំពោះដើមទំពាំងបាយជូរនៃក្រុងស៊ីបម៉ា ដូចជាការយំរបស់ពួកយ៉ាស៊ើរដែរ ឱក្រុងហែសបូន នឹងក្រុងអេលាលេអើយ អញនឹងស្រោចឯងដោយទឹកភ្នែក ដ្បិតសូរសំរែករបស់សឹកសង្គ្រាមបានធ្លាក់មកចំនឹងការប្រមូលផល នឹងការច្រូតកាត់របស់ឯងហើយ ដូច្នេះ សេចក្ដីអំណរនឹងសេចក្ដីរីករាយបានដកចេញពីស្រែចំការដ៏ដុះដាលរបស់ឯង នៅក្នុងចំការទំពាំងបាយជូរឥតមានឮសូរច្រៀង ឬសំឡេងអំណរឡើយ ក៏នឹងគ្មានអ្នកណាជាន់បញ្ចេញទឹកទំពាំងបាយជូរ នៅក្នុងធុងដែរ អញបានបញ្ឈប់សូរសំរែក នៃការធ្វើទំពាំងបាយជូរហើយ ហេតុនោះ ពោះអញនឹងបញ្ចេញសូរទំនួញ ដូចសូរនៃស៊ុង ដោយព្រោះម៉ូអាប់ ហើយចិត្តអញដែរ ពីព្រោះគារ-ហារ៉ាសែត កាលណាម៉ូអាប់ឡើងទៅឯទីខ្ពស់ ហើយនឿយហត់ដោយការថ្វាយបង្គំ ព្រមទាំងចូលទៅអធិស្ឋានក្នុងទីបរិសុទ្ធផង នោះក៏មិនបានអ្វីឡើយ។ នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូលពីសាសន៍ម៉ូអាប់កាលពីដើម តែឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ក្នុងរវាង៣ឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសេចក្ដីរុងរឿងឧត្តមរបស់សាសន៍ម៉ូអាប់នឹងត្រូវគេមើលងាយវិញ ព្រមទាំងប្រជាជនកុះកររបស់គេផង ឯសំណល់ដែលសល់នៅ នឹងបានតិចតួចណាស់ ហើយហោចល្អោញផង។