អេសាយ 11:6-10
អេសាយ 11:6-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយកូនចៀម ឯខ្លារខិន នឹងដេកនៅជាមួយកូនពពែ ឯកូនគោ និងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាគង្វាលវា។ គោញី និងខ្លាឃ្មុំនឹងរកស៊ីជាមួយគ្នា ហើយកូនវានឹងដេកនៅជាមួយដែរ ឯសិង្ហនឹងស៊ីចំបើងដូចជាគោវិញ។ កូនមនុស្សដែលនៅបៅដោះ នឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុង រូងពស់វែកបាន។ វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់យើង ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ។ នៅគ្រានោះ ឫសនៃអ៊ីសាយនឹងបានតាំងឡើង ទុកជាទង់ដល់ជនជាតិទាំងឡាយ ឯគ្រប់សាសន៍ គេនឹងស្វែងរកអ្នកនោះ ឯទីសម្រាករបស់អ្នកនោះ នឹងបានជាទីរុងរឿងឧត្តម។
អេសាយ 11:6-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចចក និងកូនចៀម នឹងរស់នៅជាមួយគ្នា ខ្លារខិននឹងដេកជាមួយកូនពពែ។ កូនគោ និងកូនសិង្ហ នឹងស៊ីចំណីជាមួយគ្នា ហើយមានក្មេងតូចម្នាក់ឃ្វាលវា។ គោញី និងខ្លាឃ្មុំ ស៊ីស្មៅជាមួយគ្នា ហើយកូនរបស់វាក៏នៅជាមួយគ្នាដែរ។ សត្វសិង្ហនឹងចេះស៊ីចំបើងដូចគោ។ ក្មេងដែលនៅបៅដោះនឹងលេង ត្រង់មាត់រន្ធពស់វែក ក្មេងតូចៗលូកដៃទៅក្នុងរន្ធពស់អសិរពិស។ ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅក្នុងស្រុកក៏មានសុទ្ធតែមនុស្សដែលស្គាល់ ព្រះអម្ចាស់យ៉ាងនោះដែរ។ នៅគ្រានោះ ព្រះអម្ចាស់នឹងលើកព្រះមហាក្សត្រ ដែលប្រសូតចេញពីពូជពង្សលោកអ៊ីសាយ ឲ្យធ្វើជាទង់ សម្រាប់ប្រជាជនទាំងឡាយ ប្រជាជាតិទាំងនោះនឹងស្វែងរកព្រះមហាក្សត្រ ហើយកន្លែងដែលព្រះអង្គប្រថាប់ នឹងបានថ្កុំថ្កើងរុងរឿង។
អេសាយ 11:6-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម ឯខ្លារខិននឹងដេកនៅជាមួយនឹងកូនពពែ ឯកូនគោនឹងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាអ្នកគង្វាលវា គោញីនឹងខ្លាឃ្មុំនឹងរកស៊ីជាមួយគ្នា ហើយកូនវានឹងដេកនៅជាមួយដែរ ឯសិង្ហនឹងស៊ីចំបើងដូចជាគោវិញ កូនមនុស្សដែលនៅបៅដោះនឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុងរូងពស់វែកបាន វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ នៅគ្រានោះ ឫសនៃអ៊ីសាយនឹងបានតាំងឡើង ទុកជាទង់ដល់ជនជាតិទាំងឡាយ ឯគ្រប់សាសន៍ គេនឹងស្វែងរកអ្នកនោះ ឯទីសំរាករបស់អ្នកនោះ នឹងបានជាទីរុងរឿងឧត្តម។