អេសាយ 11:1-4
អេសាយ 11:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានលំពង់មួយនឹងដុះចេញពីគល់របស់អ៊ីសាយ ហើយមែកមួយ ដែលចេញពីឫសគាត់ នឹងកើតមានផលផ្លែ។ ព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ និងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា។ អ្នកនោះនឹងវៃរហ័សចំពោះសេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ា ហើយនឹងជំនុំជម្រះ មិនមែនតាមភ្នែកមើលឃើញ ឬសម្រេចសេចក្ដីតាមត្រចៀកស្តាប់ឮនោះឡើយ គឺនឹងជំនុំជម្រះពួកទាល់ក្រ ដោយសេចក្ដីសុចរិត ហើយសម្រេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង។
អេសាយ 11:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានខ្នែងមួយដុះចេញពីគល់ របស់លោកអ៊ីសាយ មានដើមថ្មីមួយ ដុះចេញពីឫសរបស់លោក។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ នឹងសណ្ឋិតនៅលើព្រះបុត្រានោះ គឺជាព្រះវិញ្ញាណដែលផ្ដល់ប្រាជ្ញា ឲ្យចេះពិចារណាដឹងខុសត្រូវ ព្រះវិញ្ញាណដែលផ្ដល់ការឈ្លាសវៃ និងចិត្តអង់អាច ព្រះវិញ្ញាណដែលបំភ្លឺឲ្យស្គាល់ និងគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងឲ្យមានអំណរសប្បាយ ក្នុងការកោតខ្លាចព្រះអម្ចាស់ ព្រះបុត្រានេះមិនវិនិច្ឆ័យ តាមលក្ខណៈខាងក្រៅឡើយ ហើយព្រះអង្គក៏មិនកាត់ក្ដី តាមដែលឮគេនិយាយដែរ។ ព្រះអង្គនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ កាត់ក្ដីឲ្យជនទុគ៌ត ដោយទៀងត្រង់។ ព្រះអង្គប្រើព្រះបន្ទូលជាដំបង ដើម្បីធ្វើទោសមនុស្សនៅលើទឹកដីនេះ ហើយពេលព្រះអង្គចេញបញ្ជា មនុស្សអាក្រក់ត្រូវតែស្លាប់។
អេសាយ 11:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានលំពង់១នឹងដុះចេញពីគល់របស់អ៊ីសាយ ហើយមែក១ ដែលចេញពីឫសគាត់ នឹងកើតមានផលផ្លែ ព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ នឹងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង នឹងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា អ្នកនោះនឹងវៃរហ័សចំពោះសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយនឹងជំនុំជំរះ មិនមែនតាមភ្នែកមើលឃើញ ឬសំរេចសេចក្ដីតាមត្រចៀកស្តាប់ឮនោះឡើយ គឺនឹងជំនុំជំរះពួកទ័លក្រ ដោយសេចក្ដីសុចរិត ហើយសំរេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង