អេសាយ 11:1-16
អេសាយ 11:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានលំពង់មួយនឹងដុះចេញពីគល់របស់អ៊ីសាយ ហើយមែកមួយ ដែលចេញពីឫសគាត់ នឹងកើតមានផលផ្លែ។ ព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ និងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា។ អ្នកនោះនឹងវៃរហ័សចំពោះសេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ា ហើយនឹងជំនុំជម្រះ មិនមែនតាមភ្នែកមើលឃើញ ឬសម្រេចសេចក្ដីតាមត្រចៀកស្តាប់ឮនោះឡើយ គឺនឹងជំនុំជម្រះពួកទាល់ក្រ ដោយសេចក្ដីសុចរិត ហើយសម្រេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង។ សេចក្ដីសុចរិតនឹងបានជាខ្សែក្រវាត់ចង្កេះ របស់អ្នកនោះ ហើយសេចក្ដីស្មោះត្រង់ជាខ្សែក្រវាត់កម្លាំងផង។ នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយកូនចៀម ឯខ្លារខិន នឹងដេកនៅជាមួយកូនពពែ ឯកូនគោ និងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាគង្វាលវា។ គោញី និងខ្លាឃ្មុំនឹងរកស៊ីជាមួយគ្នា ហើយកូនវានឹងដេកនៅជាមួយដែរ ឯសិង្ហនឹងស៊ីចំបើងដូចជាគោវិញ។ កូនមនុស្សដែលនៅបៅដោះ នឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុង រូងពស់វែកបាន។ វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់យើង ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ។ នៅគ្រានោះ ឫសនៃអ៊ីសាយនឹងបានតាំងឡើង ទុកជាទង់ដល់ជនជាតិទាំងឡាយ ឯគ្រប់សាសន៍ គេនឹងស្វែងរកអ្នកនោះ ឯទីសម្រាករបស់អ្នកនោះ នឹងបានជាទីរុងរឿងឧត្តម។ នៅគ្រានោះ ព្រះអម្ចាស់នឹងលូកព្រះហស្តរបស់ព្រះអង្គទៅម្តងទៀត ដើម្បីប្រមូលពួកសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ ព្រះអង្គនឹងលើកទង់មួយឡើង សម្រាប់អស់ទាំងសាសន៍ ហើយនឹងប្រមូលពួកព្រាត់ប្រាស នៃសាសន៍អ៊ីស្រាអែល ព្រមទាំងរួបរួមពួកខ្ចាត់ខ្ចាយរបស់សាសន៍យូដា មកពីទិសទាំងបួននៃផែនដី។ ឯសេចក្ដីច្រណែនរបស់ពួកអេប្រាអិម នោះនឹងបាត់ទៅ ហើយអស់អ្នកក្នុងពួកយូដាដែលធ្វើទុក្ខគេ នឹងត្រូវកាត់ចេញ ពួកអេប្រាអិមនឹងលែងមានសេចក្ដីច្រណែន ចំពោះពួកយូដា ហើយពួកយូដានឹងលែងធ្វើទុក្ខ ដល់ពួកអេប្រាអិម។ គេនឹងរួមចិត្តគ្នាឆាបចុះទៅលើស្មា សាសន៍ភីលីស្ទីននៅទិសខាងលិច ក៏នឹងប្លន់ពួកអ្នកនៅស្រុកខាងកើតជាមួយគ្នា គេនឹងលូកដៃទៅបង្ក្រាបសាសន៍អេដុម នឹងសាសន៍ម៉ូអាប់ ឯពួកកូនចៅអាំម៉ូន នឹងស្តាប់បង្គាប់គេដែរ។ ព្រះយេហូវ៉ានឹងបំផ្លាញដៃសមុទ្រអេស៊ីព្ទ អស់រលីង ហើយនឹងលើកព្រះហស្ត ទៅលើទន្លេ បញ្ចេញខ្យល់ដ៏ខ្លាំងរបស់ព្រះអង្គ ទៅវាយទន្លេឲ្យបែកជាប្រាំពីរផ្លូវ ដើម្បីឲ្យមនុស្សដែលពាក់ស្បែកជើង ដើរឆ្លងទៅបាន។ នោះនឹងមានថ្នល់មួយសម្រាប់ពួកសំណល់ នៃប្រជារាស្ត្រព្រះអង្គ ដែលរួចពីស្រុកអាសស៊ើរមក ដូចជាមានសម្រាប់សាសន៍អ៊ីស្រាអែល នៅគ្រាដែលគេឡើងរួចពីស្រុកអេស៊ីព្ទមកដែរ។
អេសាយ 11:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានខ្នែងមួយដុះចេញពីគល់ របស់លោកអ៊ីសាយ មានដើមថ្មីមួយ ដុះចេញពីឫសរបស់លោក។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ នឹងសណ្ឋិតនៅលើព្រះបុត្រានោះ គឺជាព្រះវិញ្ញាណដែលផ្ដល់ប្រាជ្ញា ឲ្យចេះពិចារណាដឹងខុសត្រូវ ព្រះវិញ្ញាណដែលផ្ដល់ការឈ្លាសវៃ និងចិត្តអង់អាច ព្រះវិញ្ញាណដែលបំភ្លឺឲ្យស្គាល់ និងគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងឲ្យមានអំណរសប្បាយ ក្នុងការកោតខ្លាចព្រះអម្ចាស់ ព្រះបុត្រានេះមិនវិនិច្ឆ័យ តាមលក្ខណៈខាងក្រៅឡើយ ហើយព្រះអង្គក៏មិនកាត់ក្ដី តាមដែលឮគេនិយាយដែរ។ ព្រះអង្គនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ កាត់ក្ដីឲ្យជនទុគ៌ត ដោយទៀងត្រង់។ ព្រះអង្គប្រើព្រះបន្ទូលជាដំបង ដើម្បីធ្វើទោសមនុស្សនៅលើទឹកដីនេះ ហើយពេលព្រះអង្គចេញបញ្ជា មនុស្សអាក្រក់ត្រូវតែស្លាប់។ ព្រះអង្គនឹងយកយុត្តិធម៌ធ្វើជាខ្សែក្រវាត់ចង្កេះ យកព្រះហឫទ័យស្មោះត្រង់ធ្វើជាសង្វារ។ ចចក និងកូនចៀម នឹងរស់នៅជាមួយគ្នា ខ្លារខិននឹងដេកជាមួយកូនពពែ។ កូនគោ និងកូនសិង្ហ នឹងស៊ីចំណីជាមួយគ្នា ហើយមានក្មេងតូចម្នាក់ឃ្វាលវា។ គោញី និងខ្លាឃ្មុំ ស៊ីស្មៅជាមួយគ្នា ហើយកូនរបស់វាក៏នៅជាមួយគ្នាដែរ។ សត្វសិង្ហនឹងចេះស៊ីចំបើងដូចគោ។ ក្មេងដែលនៅបៅដោះនឹងលេង ត្រង់មាត់រន្ធពស់វែក ក្មេងតូចៗលូកដៃទៅក្នុងរន្ធពស់អសិរពិស។ ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅក្នុងស្រុកក៏មានសុទ្ធតែមនុស្សដែលស្គាល់ ព្រះអម្ចាស់យ៉ាងនោះដែរ។ នៅគ្រានោះ ព្រះអម្ចាស់នឹងលើកព្រះមហាក្សត្រ ដែលប្រសូតចេញពីពូជពង្សលោកអ៊ីសាយ ឲ្យធ្វើជាទង់ សម្រាប់ប្រជាជនទាំងឡាយ ប្រជាជាតិទាំងនោះនឹងស្វែងរកព្រះមហាក្សត្រ ហើយកន្លែងដែលព្រះអង្គប្រថាប់ នឹងបានថ្កុំថ្កើងរុងរឿង។ នៅគ្រានោះ ព្រះអម្ចាស់សម្តែងបារមីសាជាថ្មី ដើម្បីលោះប្រជាជនរបស់ព្រះអង្គ ដែលនៅសេសសល់ គឺអស់អ្នកដែលរស់នៅក្នុងស្រុកអាស្ស៊ីរី ស្រុកអេស៊ីប ស្រុកប៉ាត្រូស ស្រុកអេត្យូពី ស្រុកអេឡាម ស្រុកស៊ីណើរ ក្រុងហាម៉ាត់ និងកោះទាំងឡាយនៅតាមសមុទ្រ។ ព្រះអង្គនឹងលើកទង់មួយ ជាសញ្ញាឲ្យប្រជាជាតិទាំងឡាយដឹងថា ព្រះអង្គនឹងប្រមែប្រមូលជនជាតិអ៊ីស្រាអែល ដែលគេកៀរយកទៅ ហើយនាំជនជាតិយូដាដែលបែកខ្ញែកគ្នា ទៅពាសពេញសកលលោកទាំងមូល ឲ្យវិលត្រឡប់មកវិញ។ ពេលនោះ អេប្រាអ៊ីមឈប់មានចិត្តច្រណែន ហើយខ្មាំងសត្រូវរបស់យូដានឹងវិនាសសូន្យ។ អេប្រាអ៊ីមលែងច្រណែននឹងយូដា យូដាក៏លែងប្រឆាំងនឹងអេប្រាអ៊ីមទៀតដែរ។ គេនឹងពួតដៃគ្នាវាយលុកជនជាតិភីលីស្ទីន ដែលនៅខាងលិច គេនឹងរឹបអូសយក សម្បត្តិរបស់ជនជាតិនានា ដែលនៅខាងកើត គេនឹងបង្ក្រាបស្រុកអេដុម និងស្រុកម៉ូអាប់ ព្រមទាំងយកស្រុកអាំម៉ូនធ្វើជាចំណុះផង។ ព្រះអម្ចាស់នឹងធ្វើឲ្យឈូងសមុទ្រ នៅស្រុកអេស៊ីបរីងស្ងួត ព្រះអង្គលើកព្រះហស្ដកំហែងទន្លេអឺប្រាត ព្រះអង្គប្រើព្រះចេស្ដាផ្លុំបំបែកទន្លេនេះ ឲ្យទៅជាដៃទន្លេប្រាំពីរ ហើយប្រជាជនអាចដើរឆ្លងបាន។ ពេលនោះ នឹងមានផ្លូវមួយ សម្រាប់ប្រជាជន អ៊ីស្រាអែលដែលនៅសេសសល់ពីស្លាប់ គឺអស់អ្នកដែលរស់នៅស្រុកអាស្ស៊ីរី ដូចកាលពីដើម មានផ្លូវមួយសម្រាប់ បុព្វបុរសរបស់គេចេញពីស្រុកអេស៊ីបដែរ។
អេសាយ 11:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានលំពង់១នឹងដុះចេញពីគល់របស់អ៊ីសាយ ហើយមែក១ ដែលចេញពីឫសគាត់ នឹងកើតមានផលផ្លែ ព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ នឹងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង នឹងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា អ្នកនោះនឹងវៃរហ័សចំពោះសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយនឹងជំនុំជំរះ មិនមែនតាមភ្នែកមើលឃើញ ឬសំរេចសេចក្ដីតាមត្រចៀកស្តាប់ឮនោះឡើយ គឺនឹងជំនុំជំរះពួកទ័លក្រ ដោយសេចក្ដីសុចរិត ហើយសំរេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង សេចក្ដីសុចរិតនឹងបានជាខ្សែក្រវាត់ចង្កេះរបស់អ្នកនោះ ហើយសេចក្ដីស្មោះត្រង់ជាខ្សែក្រវាត់កំឡាំងផង។ នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម ឯខ្លារខិននឹងដេកនៅជាមួយនឹងកូនពពែ ឯកូនគោនឹងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាអ្នកគង្វាលវា គោញីនឹងខ្លាឃ្មុំនឹងរកស៊ីជាមួយគ្នា ហើយកូនវានឹងដេកនៅជាមួយដែរ ឯសិង្ហនឹងស៊ីចំបើងដូចជាគោវិញ កូនមនុស្សដែលនៅបៅដោះនឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុងរូងពស់វែកបាន វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ នៅគ្រានោះ ឫសនៃអ៊ីសាយនឹងបានតាំងឡើង ទុកជាទង់ដល់ជនជាតិទាំងឡាយ ឯគ្រប់សាសន៍ គេនឹងស្វែងរកអ្នកនោះ ឯទីសំរាករបស់អ្នកនោះ នឹងបានជាទីរុងរឿងឧត្តម។ នៅគ្រានោះ ព្រះអម្ចាស់ទ្រង់នឹងលូកព្រះហស្តទ្រង់ទៅម្តងទៀត ដើម្បីនឹងប្រមូលពួកសំណល់នៃរាស្ត្រទ្រង់ដែលសល់នៅ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកគូស ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ ទ្រង់នឹងលើកទង់១ឡើងសំរាប់អស់ទាំងសាសន៍ ហើយនឹងប្រមូលពួកព្រាត់ប្រាសនៃសាសន៍អ៊ីស្រាអែល ព្រមទាំងរួបរួមពួកខ្ចាត់ខ្ចាយរបស់សាសន៍យូដាមកពីទិសទាំង៤នៃផែនដី ឯសេចក្ដីច្រណែនរបស់ពួកអេប្រាអិម នោះនឹងបាត់ទៅ ហើយអស់អ្នកក្នុងពួកយូដាដែលធ្វើទុក្ខគេនឹងត្រូវកាត់ចេញ ពួកអេប្រាអិមនឹងលែងមានសេចក្ដីច្រណែនចំពោះពួកយូដា ហើយពួកយូដានឹងលែងធ្វើទុក្ខដល់ពួកអេប្រាអិម គេនឹងរួមចិត្តគ្នាឆាបចុះទៅលើស្មាសាសន៍ភីលីស្ទីននៅទិសខាងលិច ក៏នឹងប្លន់ពួកអ្នកនៅស្រុកខាងកើតជាមួយគ្នា គេនឹងលូកដៃទៅបង្ក្រាបសាសន៍អេដំម នឹងសាសន៍ម៉ូអាប់ ឯពួកកូនចៅអាំម៉ូន នឹងស្តាប់បង្គាប់គេដែរ ព្រះយេហូវ៉ាទ្រង់នឹងបំផ្លាញដៃសមុទ្រអេស៊ីព្ទអស់រលីង ហើយនឹងលើកព្រះហស្តទៅលើទន្លេ បញ្ចេញខ្យល់ដ៏ខ្លាំងរបស់ទ្រង់ ទៅវាយទន្លេឲ្យបែកជា៧ផ្លូវ ដើម្បីឲ្យមនុស្សដែលពាក់ស្បែកជើងដើរឆ្លងទៅបាន ហើយនឹងមានថ្នល់១សំរាប់ពួកសំណល់នៃរាស្ត្រទ្រង់ ដែលរួចពីស្រុកអាសស៊ើរមក ដូចជាមានសំរាប់សាសន៍អ៊ីស្រាអែល នៅគ្រាដែលគេឡើងរួចពីស្រុកអេស៊ីព្ទមកដែរ។