អេសាយ 10:5-34
អេសាយ 10:5-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
វេទនាដល់ពួកសាសន៍អាសស៊ើរ ដែលជាដំបងនៃសេចក្ដីក្រោធរបស់យើង ហើយរំពាត់នៅដៃគេ គឺជាសេចក្ដីគ្នាន់ក្នាញ់របស់យើង យើងនឹងចាត់គេឲ្យទៅទាស់នឹងនគរមួយ ដែលទមិឡល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ ដែលត្រូវសេចក្ដីក្រោធរបស់យើង ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង។ ប៉ុន្តែ គេមិនយល់ដូច្នោះទេ ហើយចិត្តគេក៏មិនគិតឃើញដល់ម៉្លោះដែរ គឺមានចិត្តចង់បំផ្លាញវិញ ក៏ចង់កាត់នគរជាច្រើន ឲ្យសូន្យចេញ មិនតិចឡើយ។ ដ្បិតគេថា ចៅហ្វាយរបស់យើងទាំងប៉ុន្មាន តើមិនមែនជាស្តេចគ្រប់គ្នាទេឬ? ឯក្រុងកាលនរ តើមិនមែនដូចជាក្រុងកើកេមីសទេឬ? ក្រុងហាម៉ាត តើមិនមែនដូចជាក្រុងអើផាឌ? ហើយក្រុងសាម៉ារី តើមិនមែនដូចជាក្រុងដាម៉ាសទេឬ? ដៃយើងបានលូកទៅចាប់យកអស់ទាំងនគរ ដែលគោរពដល់រូបព្រះ ជាស្រុកដែលមានរូបឆ្លាក់វិសេសជាងរូបឆ្លាក់ នៅក្រុងយេរូសាឡិម និងក្រុងសាម៉ារីទៅហើយ ចុះតើយើងនឹងមិនធ្វើដល់ក្រុងយេរូសាឡិម និងរូបព្រះរបស់គេ ដូចជាបានធ្វើដល់ក្រុងសាម៉ារី និងរូបព្រះរបស់គេដែរទេឬ? ពេលព្រះយេហូវ៉ាបានសម្រេចកិច្ចការទាំងប៉ុន្មាន របស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងក្រុងយេរូសាឡិមរួចហើយ ព្រះអង្គនឹងដាក់ទោសស្តេចអាសស៊ើរ ដែលមានចិត្តអំនួត ហើយវាយឫកខ្ពស់។ ដ្បិតគេពោលថា៖ «យើងបានធ្វើការនេះដោយកម្លាំងដៃយើង ហើយដោយប្រាជ្ញារបស់យើងដែរ ដោយយើងមានយោបល់ពិត យើងបានដកព្រំដែននៃសាសន៍ទាំងប៉ុន្មានចោល ក៏បានរឹបយកទ្រព្យសម្បត្តិគេ ហើយបានប្រព្រឹត្តដូចជាមនុស្សមានចិត្តក្លាហាន គឺបានទម្លាក់ស្តេចដែលអង្គុយលើបល្ល័ង្កបង់ ដៃយើងយកបានទ្រព្យសម្បត្តិនៃអស់ទាំងសាសន៍ ដូចជាយកបានសម្បុកសត្វ ក៏ដូចជាប្រមូលពងសត្វ ដែលមេចោលហើយ ជាយ៉ាងណា យើងក៏បានប្រមូលរួបរួមលោកទាំងមូលយ៉ាងនោះដែរ ឥតមានណាមួយកម្រើកស្លាប ឬហាមាត់ ឬស្រែកចេកចាចឡើយ»។ ឯពូថៅ តើនឹងអួតខ្លួន ចំពោះអ្នកដែលប្រើវាឬ? តើរណារនឹងតម្កើងខ្លួនចំពោះអ្នកដែលអារដែរឬ? នេះឧបមាដូចជារំពាត់ដែលនឹងយារ អ្នកដែលលើកវាឡើង ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង ហេតុនោះ ព្រះអម្ចាស់ជាព្រះយេហូវ៉ា នៃពួកពលបរិវារ ព្រះអង្គនឹងចាត់សេចក្ដីស្គមរីងរៃទៅក្នុងចំណោម ពួកអ្នកចម្បាំងដ៏ខ្លាំងពូកែរបស់គេ ហើយនៅក្រោមសិរីល្អរបស់គេ នោះនឹងឆួលឡើងដូចជាភ្លើងឆេះ។ ឯពន្លឺនៃសាសន៍អ៊ីស្រាអែល នោះនឹងបានសម្រាប់ជាភ្លើង ហើយព្រះដ៏បរិសុទ្ធរបស់គេជាអណ្ដាតភ្លើង ភ្លើងនោះនឹងឆេះឡើង បន្សុសបន្លា និងអញ្ចាញរបស់គេនៅថ្ងៃតែមួយ។ ព្រមទាំងធ្វើឲ្យលម្អនៃព្រៃ និងចម្ការដុះដាលរបស់គេសាបសូន្យទៅ ទាំងព្រលឹង និងរូបកាយរបស់គេផង នឹងបានដូចជាមនុស្សកើតជំងឺ ដែលនាំឲ្យខ្លួនរីងរៃស្លាប់ទៅ។ ឯសំណល់ដើមឈើដែលសល់នៅក្នុងព្រៃរបស់គេ នឹងបានតិចណាស់ បានជាកូនក្មេងនឹងអាចកត់ទុកបាន។ នៅថ្ងៃនោះ សំណល់ពួកសាសន៍អ៊ីស្រាអែល និងអស់អ្នកក្នុងពូជពង្សយ៉ាកុបដែលបានរួចខ្លួនមក គេនឹងលែងពឹងផ្អែកមនុស្សដែលបានវាយគេតទៅ ហើយនឹងផ្អែកលើព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃសាសាន៍អ៊ីស្រាអែលដោយពិតត្រង់វិញ ឯពួកដែលសល់ គឺជាសំណល់នៃពួកយ៉ាកុប គេនឹងត្រឡប់មកឯព្រះដ៏មានព្រះចេស្តាវិញ ឱអ៊ីស្រាអែលអើយ ទោះបើជនជាតិអ្នកបានដូចជាខ្សាច់នៅសមុទ្រក៏ដោយ គង់តែនឹងមានតែសំណល់ប៉ុណ្ណោះដែលមកវិញ ដ្បិតបានសម្រេចឲ្យមានការបំផ្លាញ ដោយសេចក្ដីសុចរិតដ៏លើសលន់ ពីព្រោះព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងបង្ហើយការបំផ្លាញសព្វគ្រប់នៅកណ្ដាលស្រុកទាំងមូល ដូចជាបានសម្រេចហើយ។ ដូច្នេះ ព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖ «ឱប្រជារាស្ត្រយើង ដែលអាស្រ័យនៅក្រុងស៊ីយ៉ូនអើយ កុំខ្លាចចំពោះសាសន៍អាសស៊ើរនោះឡើយ ទោះបីគេវាយអ្នកដោយរំពាត់ ហើយលើកដំបងទាស់នឹងអ្នក ដូចយ៉ាងសាសន៍អេស៊ីព្ទក៏ដោយ ដ្បិតនៅតែបន្តិចទៀត សេចក្ដីគ្នាន់ក្នាញ់នឹងបានសម្រេច ហើយសេចក្ដីក្រោធរបស់យើង នឹងបែរទៅជាបំផ្លាញដល់គេវិញ»។ ព្រះយេហូវ៉ានៃពួកពលបរិវារនឹងបញ្ជូនរំពាត់មួយមកទាស់នឹងគេ បែបដូចជាកាលប្រហារជីវិតសាសន៍ម៉ាឌាននៅត្រង់ថ្មអូរិប ព្រះអង្គនឹងយារដំបងពីលើទឹកសមុទ្រ ដូចយ៉ាងរបៀបនៅស្រុកអេស៊ីព្ទដែរ។ នៅថ្ងៃនោះ បន្ទុកដែលគេដាក់លើអ្នក នឹងបាត់ចេញពីស្មាអ្នក ហើយនឹមដែលគេដាក់លើអ្នក នឹងត្រូវបំផ្លាញចេញពីកអ្នកដែរ។ គេបានឡើងមកដល់អៃយ៉ាត គេបានដើរកាត់ស្រុកមីករ៉ូន មកដាក់អីវ៉ាន់របស់គេនៅត្រង់មីកម៉ាសហើយ គេបានឆ្លងមកហួសផ្លូវកាត់ភ្នំ ហើយបានឈប់ស្នាក់នៅត្រង់កេបា ក្រុងរ៉ាម៉ាក៏ភ័យញ័រ ហើយពួកគីបៀរ ជាស្រុករបស់សូល បានរត់អស់ហើយ។ ឱកូនស្រីនៃក្រុងកាលីមអើយ ចូរបន្លឺសំឡេងឡើង ឱពួកក្រុងឡាអ៊ីសអើយ ចូរស្តាប់ចុះ ឱពួកក្រុងអាណាថោតអើយ គួរអាណិតអ្នកណាស់ហ្ន៎ ពួកម៉ាតមេណាបានរត់រួចទៅហើយ ឯពួកកេប៊ីមក៏កំពុងតែរត់ដែរ។ នៅថ្ងៃនេះឯង ពួកខ្មាំងនឹងឈប់ស្នាក់នៅត្រង់ក្រុងណូប គេជន្លដៃកំហែងភ្នំនៃកូនស្រីក្រុងស៊ីយ៉ូន គឺភ្នំនៃក្រុងយេរូសាឡិម។ ព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងផ្តាច់មែកឈើ ដោយសេចក្ដីស្ញែងខ្លាច នោះពួកដែលមានកម្ពស់នឹងត្រូវកាប់រំលំចុះ ហើយពួកនៅទីខ្ពស់នឹងត្រូវបន្ទាបវិញ។ ព្រះអង្គនឹងត្រាយព្រៃស្តុកដោយគ្រឿងដែក ហើយព្រៃល្បាណូននឹងត្រូវដួលទៅ ដោយអំណាចនៃអ្នកមានអានុភាព។
អេសាយ 10:5-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអាស្ស៊ីរីត្រូវវេទនាហើយ! យើងនឹងប្រើពួកគេជាដំបង ដើម្បីធ្វើតាមកំហឹងរបស់យើង។ យើងចាត់ជនជាតិអាស្ស៊ីរីឲ្យទៅធ្វើទោស ប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជន ដែលបានបង្កឲ្យយើងមានកំហឹង ពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។ ប៉ុន្តែ ជនជាតិអាស្ស៊ីរីពុំបានយល់ដូច្នេះទេ គឺគេមានចិត្តគំនិតផ្សេង គិតតែពីកម្ទេច និងសម្លាប់រង្គាលប្រជាជាតិជាច្រើនឥតគណនា។ គេពោលថា៖ «មេទ័ពរបស់យើងមានអំណាច ស្មើនឹងស្ដេចឯទៀតៗ។ យើងបានប្រព្រឹត្តចំពោះក្រុងកាលនរ ដូចក្រុងកើកេមីស ហើយយើងក៏បានប្រព្រឹត្តចំពោះក្រុងហាម៉ាត់ ក្រុងអើផាឌ ក្រុងសាម៉ារី និងក្រុងដាម៉ាសដូចគ្នាដែរ។ បន្ទាប់មក យើងបានយកជ័យជម្នះលើនគរ របស់ព្រះក្លែងក្លាយ ដែលមានរូបបដិមាធំ ជាងរូបព្រះនៅក្រុងយេរូសាឡឹម និងក្រុងសាម៉ារីទៅទៀត។ យើងបានប្រព្រឹត្តចំពោះក្រុងសាម៉ារី និងព្រះក្លែងក្លាយរបស់គេយ៉ាងណា យើងក៏នឹងប្រព្រឹត្តចំពោះក្រុងយេរូសាឡឹម និងរូបព្រះរបស់គេយ៉ាងនោះដែរ»។ ពេលព្រះអម្ចាស់បញ្ចប់កិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹមរួចហើយ ព្រះអង្គនឹងដាក់ទោសស្ដេចអាស្ស៊ីរី ដែលមានចិត្តអួតអាង និងវាយឫកខ្ពស់ ដ្បិតស្ដេចនោះមានរាជឱង្ការថា: «យើងទទួលជ័យជម្នះ ដោយសារកម្លាំង និងប្រាជ្ញារបស់យើងផ្ទាល់ ដ្បិតយើងមានបញ្ញាវាងវៃ។ យើងបានរំលាយព្រំដែនរបស់ប្រជាជាតិនានា ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិ របស់គេទៀតផង។ យើងបានប្រើឫទ្ធិអំណាចរបស់យើង ទម្លាក់ស្ដេចជាច្រើនចុះពីបល្ល័ង្ក។ យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់ ប្រជាជនទាំងឡាយ ដូចគេប្រមូលពងសត្វ ពីសំបុកដែលមេវាបោះបង់ចោល។ យើងបានប្រមូលអ្វីៗទាំងអស់នៅលើផែនដី ឥតមាននរណាម្នាក់ហ៊ានកម្រើក ឬហើបមាត់តវ៉ាឡើយ»។ មិនដែលមានពូថៅណាអួតខ្លួនថា ប្រសើរជាងអ្នកដែលប្រើវាទេ ហើយរណារក៏មិនដែលអួតបំប៉ោង ជំទាស់នឹងអ្នកដែលប្រើវាដែរ។ មិនដែលមានព្រនង់ណាបញ្ជាទៅដៃ ដែលកាន់វា ឲ្យកម្រើកឡើយ ហើយក៏មិនដែលមានដំបងណាកាន់ អ្នកដែលប្រើវាដែរ! ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូល នឹងធ្វើឲ្យទាហានដ៏មាំមួនរបស់គេ ក្លាយទៅជាស្គមរីងរៃ ហើយឲ្យមានភ្លើងយ៉ាងសន្ធោសន្ធៅ ឆេះបំផ្លាញភាពថ្កុំថ្កើងរុងរឿងរបស់ពួកគេ។ ក្នុងរយៈពេលតែមួយថ្ងៃ ព្រះអម្ចាស់ដែលជាពន្លឺ និងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ប្រែទៅជាភ្លើង ឆាបឆេះបន្លា និងរពាក់។ ព្រះអង្គនឹងកម្ទេចព្រៃព្រឹក្សាដ៏ល្អប្រណីត របស់ពួកគេ ឲ្យរលាយសូន្យ ដូចអ្នកជំងឺដែលកំពុងត្រដរខ្យល់។ ព្រៃរបស់គេនៅសល់ដើមឈើតែបន្តិចបន្តួច សូម្បីតែកូនក្មេងក៏អាចរាប់អស់ដែរ។ នៅគ្រានោះ ជនជាតិអ៊ីស្រាអែលដែលនៅសល់ គឺពូជពង្សរបស់លោកយ៉ាកុបដែលរួចពីស្លាប់ លែងពឹងផ្អែកលើប្រជាជាតិដែលវាយប្រហារខ្លួនទៀតហើយ ពួកគេនឹងផ្ញើជីវិតទាំងស្រុងលើព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។ ប្រជាជនដែលនៅសេសសល់ គឺកូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់ នឹងនាំគ្នាវិលមករកព្រះដ៏មានឫទ្ធិចេស្ដាវិញ។ ប៉ុន្តែ អ៊ីស្រាអែលអើយ ទោះបីប្រជាជនរបស់អ្នកមានចំនួនច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រក្ដី ក៏មានចំនួនដ៏តូចប៉ុណ្ណោះដែលវិលមកវិញ។ ព្រះអម្ចាស់បានសម្រេចកម្ទេចស្រុកនេះ ដើម្បីបង្ហាញសេចក្ដីសុចរិតដ៏លើសលុបរបស់ព្រះអង្គ។ ព្រះជាអម្ចាស់នៃពិភពទាំងមូលបានសម្រេចកម្ទេចស្រុកទាំងមូល។ ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជនរបស់យើងដែលរស់នៅក្នុងក្រុងស៊ីយ៉ូនអើយ! មិនត្រូវខ្លាចជនជាតិអាស្ស៊ីរី ដែលកំពុងតែលើកព្រនង់ និងលើកដំបងវាយអ្នករាល់គ្នា ដូចជនជាតិអេស៊ីបធ្លាប់វាយកាលពីមុននោះឡើយ។ បន្តិចទៀត យើងឈប់ខឹងនឹងអ្នករាល់គ្នាហើយ គឺយើងនឹងបំបែរកំហឹងទៅបំផ្លាញពួកគេវិញ»។ ព្រះជាអម្ចាស់នៃពិភពទាំងមូលនឹងយករំពាត់ វាយជនជាតិអាស្ស៊ីរី ដូចពីដើម ព្រះអង្គបានវាយជនជាតិម៉ាឌាននៅក្បែរថ្មអូរិប ព្រះអង្គនឹងលើកដំបងវាយសមុទ្រ ដូចព្រះអង្គបានវាយសមុទ្រនៅស្រុកអេស៊ីប។ នៅគ្រានោះ ព្រះអង្គនឹងយកអម្រែក ចេញពីស្មារបស់អ្នករាល់គ្នា ព្រះអង្គយកនឹមរបស់ខ្មាំងសត្រូវ ចេញពីករបស់អ្នករាល់គ្នា។ នឹមនោះត្រូវខ្ទាតចេញ ដោយសារភាពសម្បូណ៌សប្បាយ កងទ័ពរបស់ខ្មាំងបានចូលទៅដល់ក្រុងអៃយ៉ាត ពួកគេឆ្លងកាត់ក្រុងមីករ៉ូន ហើយទុករបស់របរនៅក្រុងមីគម៉ាស។ គេឆ្លងកាត់ច្រកភ្នំ មកបោះជំរំនៅកេបា ធ្វើឲ្យអ្នកភូមិរ៉ាម៉ាញ័ររន្ធត់ ហើយអស់អ្នកដែលរស់នៅភូមិគីបៀរ ជាភូមិ កំណើតរបស់ស្ដេចសូល នាំគ្នារត់គេចខ្លួន។ អ្នកស្រុកកាលីមអើយ ចូរទ្រហោយំទៅ! អ្នកស្រុកឡាអ៊ីសអើយ ចូរត្រងត្រាប់ស្ដាប់! អ្នកស្រុកអាណាថោតអើយ ម្ដេចក៏វេទនាម៉្លេះ! អ្នកស្រុកម៉ាដម៉េណានឹងរត់បែកខ្ញែកគ្នា អ្នកស្រុកកេប៊ីមនឹងនាំគ្នារត់រកកន្លែងពួន។ នៅថ្ងៃដដែលនោះ ខ្មាំងសត្រូវទៅដល់ណូប គេប្រើកម្លាំងគំរាមកំហែងភ្នំស៊ីយ៉ូន គឺគំរាមកំហែងក្រុងយេរូសាឡឹម។ នៅគ្រានោះ ព្រះជាអម្ចាស់នៃពិភពទាំងមូល នឹងកាប់កម្ទេចមែកទាំងឡាយចោល ព្រះអង្គនឹងផ្ដួលរំលំដើមឈើខ្ពស់ៗ ហើយកាប់ដើមឈើដែលនៅខ្ពស់ជាងគេ ឲ្យធ្លាក់ចុះមកដី។ ព្រះអង្គនឹងកាប់រំលំព្រៃរបោះ ហើយដើមឈើធំៗដ៏មានតម្លៃនៅស្រុកលីបង់ នឹងត្រូវរលំដែរ។
អេសាយ 10:5-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វេទនាដល់ពួកសាសន៍អាសស៊ើរ ដែលជាដំបងនៃសេចក្ដីកំហឹងរបស់អញ ហើយរំពាត់នៅដៃគេ គឺជាសេចក្ដីគ្នាន់ក្នាញ់របស់អញ អញនឹងចាត់គេឲ្យទៅទាស់នឹងនគរ១ដែលទមិលល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ដែលត្រូវសេចក្ដីក្រោធរបស់អញ ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង ប៉ុន្តែគេមិនយល់ដូច្នោះទេ ហើយចិត្តគេក៏មិនគិតឃើញដល់ម៉្លោះដែរ គឺមានចិត្តចង់បំផ្លាញវិញ ក៏ចង់កាត់នគរជាច្រើន ឲ្យសូន្យចេញ មិនតិចឡើយ ដ្បិតគេថា ឯចៅហ្វាយរបស់អញទាំងប៉ុន្មាន តើមិនមែនជាស្តេចគ្រប់គ្នាទេឬអី ឯក្រុងកាលនរ តើមិនមែនដូចជាក្រុងកើកេមីសទេឬអី ក្រុងហាម៉ាត តើមិនមែនដូចជាក្រុងអើផាឌ ហើយក្រុងសាម៉ារី តើមិនមែនដូចជាក្រុងដាម៉ាសទេឬអី ដៃអញបានលូកទៅចាប់យកអស់ទាំងនគរ ដែលគោរពដល់រូបព្រះ ជាស្រុកដែលមានរូបឆ្លាក់វិសេសជាងរូបឆ្លាក់នៅក្រុងយេរូសាឡិម នឹងក្រុងសាម៉ារីទៅហើយ ចុះតើអញនឹងមិនធ្វើដល់ក្រុងយេរូសាឡិម នឹងរូបព្រះរបស់គេ ដូចជាបានធ្វើដល់ក្រុងសាម៉ារី នឹងរូបព្រះរបស់គេដែរទេឬអី។ ព្រោះហេតុនោះ កាលណាអញ ជាព្រះអម្ចាស់បានសំរេចគ្រប់ទាំងការរបស់អញ នៅលើភ្នំស៊ីយ៉ូន នឹងក្រុងយេរូសាឡិមហើយ នោះអញនឹងធ្វើទោសដល់ស្តេចអាសស៊ើរ ដោយព្រោះការ ដែលសេចក្ដីអំនួតរបស់គេបានធ្វើ ហើយដល់សេចក្ដីអង់អាចនៃឫកខ្ពស់របស់គេដែរ។ ដ្បិតគេបានថា យើងបានធ្វើការនេះដោយកំឡាំងដៃយើង ហើយដោយប្រាជ្ញារបស់យើងដែរ ដោយយើងមានយោបល់ពិត យើងបានដកព្រំដែននៃសាសន៍ទាំងប៉ុន្មានចោល ក៏បានរឹបយកទ្រព្យសម្បត្តិគេ ហើយបានប្រព្រឹត្តដូចជាមនុស្សមានចិត្តក្លាហាន គឺបានទំលាក់ស្តេចដែលអង្គុយលើបល្ល័ង្កបង់ ដៃយើងយកបានទ្រព្យសម្បត្តិនៃអស់ទាំងសាសន៍ ដូចជាយកបានសំបុកសត្វ ក៏ដូចជាប្រមូលពងសត្វ ដែលមេចោលហើយ ជាយ៉ាងណា យើងក៏បានប្រមូលរួបរួមលោកទាំងមូលយ៉ាងនោះដែរ ឥតមានណាមួយកំរើកស្លាប ឬហាមាត់ ឬស្រែកចេចចាចឡើយ។ ឯពូថៅ តើនឹងអួតខ្លួន ចំពោះអ្នកដែលប្រើវាឬអី តើរណារនឹងដំកើងខ្លួនចំពោះអ្នកដែលអារដែរឬ នេះឧបមាដូចជារំពាត់ដែលនឹងយារអ្នកដែលលើកវាឡើង ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង ព្រោះហេតុនោះ ព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងចាត់សេចក្ដីស្គមស្គាំងទៅកណ្តាលពួកធាត់ៗរបស់គេ ហើយនៅក្រោមសិរីល្អរបស់គេ នោះនឹងឆួលឡើងដូចជាភ្លើងឆេះ ឯពន្លឺនៃសាសន៍អ៊ីស្រាអែល នោះនឹងបានសំរាប់ជាភ្លើង ហើយព្រះដ៏បរិសុទ្ធរបស់គេជាអណ្តាតភ្លើង ភ្លើងនោះនឹងឆេះឡើង ហើយបន្សុសពួកបន្លានឹងអញ្ចាញរបស់គេនៅថ្ងៃតែ១ ព្រមទាំងធ្វើឲ្យលំអនៃព្រៃ នឹងចំការដុះដាលរបស់គេសាបសូន្យទៅ ទាំងព្រលឹងនឹងរូបកាយរបស់គេផង នោះនឹងបានដូចជាមនុស្សកើតជំងឺ ដែលនាំឲ្យខ្លួនរីងរៃស្លាប់ទៅ ឯសំណល់ដើមឈើ ដែលសល់នៅក្នុងព្រៃរបស់គេ នោះនឹងបានតិចណាស់ ដល់ម៉្លេះបានជាកូនក្មេងនឹងអាចកត់ទុកបាន។ នៅថ្ងៃនោះ សំណល់ពួកសាសន៍អ៊ីស្រាអែល នឹងអស់អ្នកក្នុងពូជពង្សយ៉ាកុបដែលបានរួចខ្លួនមក គេនឹងលែងពឹងផ្អែកលើមនុស្សដែលបានវាយគេតទៅ ហើយនឹងផ្អែកលើព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដោយពិតត្រង់វិញ ឯពួកដែលសល់ គឺជាសំណល់នៃពួកយ៉ាកុប គេនឹងត្រឡប់មកឯព្រះដ៏មានព្រះចេស្តាវិញ ឱអ៊ីស្រាអែលអើយ ទោះបើជនជាតិឯងបានដូចជាខ្សាច់នៅសមុទ្រក៏ដោយ គង់តែនឹងមានតែសំណល់ប៉ុណ្ណោះដែលមកវិញ ដ្បិតបានសំរេចឲ្យមានការបំផ្លាញ ដោយសេចក្ដីសុចរិតដ៏លើសលន់ ពីព្រោះព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងបង្ហើយការបំផ្លាញសព្វគ្រប់នៅកណ្តាលស្រុកទាំងមូល ដូចជាបានសំរេចហើយ។ ដូច្នេះ ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ឱរាស្ត្រអញ ដែលអាស្រ័យនៅក្រុងស៊ីយ៉ូនអើយ កុំឲ្យខ្លាចចំពោះសាសន៍អាសស៊ើរនោះឡើយ ទោះបីគេវាយឯងដោយរំពាត់ ហើយលើកដំបងខ្លួនឡើងទាស់នឹងឯង ដូចយ៉ាងសាសន៍អេស៊ីព្ទក៏ដោយ ដ្បិតនៅតែបន្តិចទៀត សេចក្ដីគ្នាន់ក្នាញ់នឹងបានសំរេច ហើយសេចក្ដីកំហឹងរបស់អញ នឹងបែរទៅជាបំផ្លាញដល់គេវិញ ព្រះយេហូវ៉ា នៃពួកពលបរិវារទ្រង់នឹងពន្យុះរំពាត់១មកទាស់នឹងគេ បែបដូចជាកាលប្រហារជីវិតសាសន៍ម៉ាឌាននៅត្រង់ថ្មអូរិប ទ្រង់នឹងយារដំបងពីលើទឹកសមុទ្រ ដូចយ៉ាងរបៀបនៅស្រុកអេស៊ីព្ទដែរ នៅថ្ងៃនោះបន្ទុកដែលគេដាក់លើឯងនឹងបាត់ចេញពីស្មាឯងទៅ ហើយនឹមដែលគេដាក់លើឯងនឹងបាត់ចេញពីកឯងដែរ ឯនឹមនោះនឹងត្រូវបំផ្លាញ ដោយព្រោះពិធីលាបប្រេង។ គេបានឡើងមកដល់អៃយ៉ាត គេបានដើរកាត់ស្រុកមីករ៉ូន មកដាក់អីវ៉ាន់របស់គេនៅត្រង់មីកម៉ាសហើយ គេបានឆ្លងមកហួសផ្លូវកាត់ភ្នំ ហើយបានឈប់ស្នាក់នៅត្រង់កេបា ក្រុងរ៉ាម៉ាក៏ភ័យញ័រ ហើយពួកគីបៀរ ជាស្រុករបស់សូល បានរត់អស់ហើយ ឱកូនស្រីនៃក្រុងកាលីមអើយ ចូរបន្លឺសំឡេងឡើង ឱពួកក្រុងឡាអ៊ីសអើយ ចូរស្តាប់ចុះ ឱពួកក្រុងអាន៉ាថោតអើយ គួរអាណិតឯងណាស់ហ្ន៎ ពួកម៉ាតមេណាបានរត់រួចទៅហើយ ឯពួកកេប៊ីមក៏កំពុងតែរត់ដែរ នៅថ្ងៃនេះឯង ពួកខ្មាំងនឹងឈប់ស្នាក់នៅត្រង់ក្រុងណូប គេជន្លដៃកំហែងភ្នំនៃកូនស្រីក្រុងស៊ីយ៉ូន គឺភ្នំនៃក្រុងយេរូសាឡិម មើល ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងផ្តាច់មែកឈើ ដោយសេចក្ដីស្ញែងខ្លាច នោះពួកដែលមានកំពស់នឹងត្រូវកាប់រំលំចុះ ហើយពួកនៅទីខ្ពស់ នឹងត្រូវបន្ទាបវិញ ទ្រង់នឹងត្រាយព្រៃស្តុកដោយគ្រឿងដែក ហើយព្រៃល្បាណូននឹងត្រូវដួលទៅ ដោយអំណាចនៃអ្នកមានអានុភាព។