អេសាយ 10:1-4
អេសាយ 10:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
វេទនាដល់ពួកអ្នក ដែលចេញបញ្ញត្តិទុច្ចរិត និងពួកអ្នកដែលតែងច្បាប់វៀចវេរ ដើម្បីនឹងបង្វែរពួកកម្សត់ទុគ៌តចេញពីសេចក្ដីយុត្តិធម៌ ហើយដកយកអំណាចច្បាប់ចេញពីមនុស្សទាល់ក្រ ក្នុងពួកប្រជារាស្ត្ររបស់យើង ឲ្យតែបានពួកស្ត្រីមេម៉ាយទុកជារបឹប ហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួន តើអ្នករាល់គ្នានឹងធ្វើដូចម្តេចក្នុងថ្ងៃពិនិត្យពិច័យ ហើយក្នុងការបំផ្លាញដែលនឹងមកពីទីឆ្ងាយ តើអ្នករាល់គ្នានឹងរត់ទៅពឹងដល់អ្នកណា តើនឹងផ្ញើសក្តិយសរបស់អ្នកទុកនៅឯណា នៅគ្រានោះ អ្នកនឹងបានកន្លែងឱនចុះ នៅកណ្ដាលពួកឈ្លើយប៉ុណ្ណោះ ហើយត្រូវដួល នៅក្រោមខ្មោចនៃពួកអ្នក ដែលត្រូវគេសម្លាប់ ទោះបើធ្វើទោសយ៉ាងណាក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
អេសាយ 10:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាបង្កើតច្បាប់អយុត្តិធម៌ ហើយចេញបទបញ្ជា ដើម្បីជិះជាន់ប្រជាជន អ្នកនោះនឹងត្រូវវេទនាជាពុំខាន។ ពួកគេឃាត់ជនក្រីក្រមិនឲ្យរកយុត្តិធម៌ ហើយបំបិទសិទ្ធិរបស់ជនទុគ៌តក្នុងចំណោម ប្រជារាស្ត្ររបស់យើង! ពួកគេរឹបអូសយកទ្រព្យសម្បត្តិពីស្ត្រីមេម៉ាយ ហើយប្លន់យកអ្វីៗទាំងអស់ពីក្មេងកំព្រា។ ពេលព្រះអម្ចាស់ដាក់ទោស គឺពេលព្រះអង្គធ្វើឲ្យមានខ្យល់ ព្យុះសង្ឃរាពីស្រុកឆ្ងាយបក់បោកមក តើអ្នករាល់គ្នានឹងធ្វើដូចម្ដេច? តើអ្នករាល់គ្នានឹងរត់ទៅរកជំនួយពីនរណា? តើអ្នករាល់គ្នានឹងយកទ្រព្យសម្បត្តិ របស់អ្នករាល់គ្នាទៅទុកនៅឯណា? គឺអ្នករាល់គ្នាត្រូវតែជាប់ជាឈ្លើយសឹក ឬស្លាប់ដោយមុខដាវប៉ុណ្ណោះ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយប្រដៅគេជានិច្ច។
អេសាយ 10:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វេទនាដល់ពួកអ្នក ដែលចេញបញ្ញត្តទុច្ចរិត នឹងពួកអ្នកដែលតែងច្បាប់វៀចវេរ ដើម្បីនឹងបង្វែរពួកកំសត់ទុគ៌តចេញពីសេចក្ដីយុត្តិធម៌ ហើយដកយកអំណាចច្បាប់ចេញពីមនុស្សទាល់ក្រ ក្នុងពួករាស្ត្ររបស់អញ ឲ្យតែបានពួកស្រីមេម៉ាយទុកជារបឹប ហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួន តើឯងរាល់គ្នានឹងធ្វើដូចម្តេចក្នុងថ្ងៃពិនិត្យពិច័យ ហើយក្នុងការបំផ្លាញដែលនឹងមកពីទីឆ្ងាយ តើឯងរាល់គ្នានឹងរត់ទៅពឹងដល់អ្នកណា តើនឹងផ្ញើសក្តិយសរបស់ឯងទុកនៅឯណា នៅគ្រានោះ ឯងនឹងបានតែកន្លែងឱនចុះ នៅកណ្តាលពួកឈ្លើយប៉ុណ្ណោះ ហើយនឹងត្រូវដួល នៅក្រោមខ្មោចនៃពួកអ្នកដែលត្រូវគេសំឡាប់ ទោះបើធ្វើទោសជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។