អេសាយ 1:13-20

អេសាយ 1:13-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កុំ​យក​តង្វាយ​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​យើង ឯ​បុណ្យ​ចូល​ខែ និង​ថ្ងៃ​ឈប់​សម្រាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ យើង​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុត‌មាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ។ ចិត្ត​យើង​ស្អប់​ចំពោះ​បុណ្យ​ចូល​ខែ និង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ណាស់ ពិធី​ទាំង​នោះ​ជា​បន្ទុក​សង្កត់​លើ​យើង​ជា​ខ្លាំង យើង​ក៏​នឿយ​ណាយ ដោយ​ទ្រាំ​ចំពោះ​ការ​ទាំង​នោះ។ កាល​ណា​អ្នក​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​យើង​នឹង​បែរ​ភ្នែក​ចេញ​ពី​អ្នក បើ​កាល​ណា​អ្នក​អធិ‌ស្ឋាន​ជា​ច្រើន នោះ​យើង​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម។ ចូរ​លាង​ចេញ ចូរ​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​យើង​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត។ ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្តិ‌ធម៌ ចូរ​ជួយ​ការពារ​ចំពោះ​មនុស្ស ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ចូរ​កាត់​ក្តី​ដល់​ពួក​កំព្រា ហើយ​កាន់​ក្តី​ជំនួស​ពួក​ស្ត្រី​មេម៉ាយ​ចុះ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មក​ចុះ យើង​នឹង​ពិភាក្សា​ជា‌មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​អ្នក ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម ហើយ​ស្តាប់​បង្គាប់ នោះ​នឹង​បាន​បរិ‌ភោគ​ផល​ល្អ​នៃ​ស្រុក​ដែរ។ តែ​បើ​អ្នក​មិន​ព្រម​វិញ ហើយ​បះ‌បោរ​ផង នោះ​អ្នក​នឹង​ត្រូវ​លេប​បាត់​ដោយ​មុខ​ដាវ ពី​ព្រោះ​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា បាន​មាន​ព្រះ‌បន្ទូល​ស្រេច​ហើយ។

ចែក​រំលែក
អាន អេសាយ 1

អេសាយ 1:13-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ឈប់​យក​តង្វាយ​ឥត​បាន​ការ​នេះ មក​ថ្វាយ​យើង​ទៅ! យើង​ខ្ពើម​ផ្សែង​តង្វាយ​របស់​អ្នក​រាល់​គ្នា​ណាស់ ហើយ​យើង​ក៏​ធុញ‌ទ្រាន់​នឹង​ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ* ឬ​ពិធី​ដ៏​ឱឡា‌រិក ដែល​រៀបចំ​ឡើង​ដោយ​ជន​ទុច្ចរិត​ដែរ។ យើង​ស្អប់​បុណ្យ​ចូល​ខែ​ថ្មី និង​ពិធី​បុណ្យ​ផ្សេងៗ របស់​អ្នក​រាល់​គ្នា​ណាស់ ពិធី​បុណ្យ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​ធុញ‌ទ្រាន់ ទ្រាំ​មិន​បាន។ កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យ យើង​ងាក​មុខ​ចេញ ទោះ​បី​អ្នក​រាល់​គ្នា​អធិស្ឋាន​ច្រើន​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ព្រម​ស្ដាប់​ដែរ ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។ ចូរ​លាង​សម្អាត និង​ជម្រះ​ខ្លួន ឲ្យ​បាន​ស្អាត​បរិសុទ្ធ! ចូរ​យក​អំពើ​ទុច្ចរិត​ចេញ​ពី​មុខ​យើង​ទៅ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ឡើយ! ចូរ​រៀន​ធ្វើ​អំពើ​ល្អ! ចូរ​ស្វែង​រក​យុត្តិធម៌! ចូរ​ណែ‌នាំ​អ្នក​ដែល​សង្កត់‌សង្កិន​គេ ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ! ចូរ​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា ហើយ​ការពារ​ស្ត្រី​មេម៉ាយ! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​មក​យើង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បី​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ខ្មៅ​កខ្វក់ យ៉ាង​ណា​ក្ដី ក៏​វា​នឹង​ប្រែ​ទៅ​ជា ស ដូច​សំឡី​វិញ​ដែរ ហើយ​ទោះ​បី​វា​មាន​ពណ៌​ខ្មៅ​យ៉ាង​ណា​ក៏​ដោយ វា​នឹង​ប្រែ​ជា ស​ដូច​កប្បាស។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​ស្ដាប់​បង្គាប់​យើង អ្នក​រាល់​គ្នា​នឹង​បរិភោគ ផល​ល្អៗ​នៅ​ក្នុង​ស្រុក​នេះ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​រាល់​គ្នា​មិន​យល់​ព្រម ហើយ​មាន​ចិត្ត​រឹង​ចចេស អ្នក​រាល់​គ្នា​មុខ​ជា​ស្លាប់​ដោយ​មុខ​ដាវ​ពុំ‌ខាន​ឡើយ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន អេសាយ 1

អេសាយ 1:13-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​យក​ដង្វាយ​ដ៏​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​អញ ឯ​បុណ្យ​ចូល​ខែ នឹង​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ នោះ​អញ​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុត‌មាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ ចិត្ត​អញ​ស្អប់​ចំពោះ​បុណ្យ​ចូល​ខែ នឹង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ណាស់ ពិធី​ទាំង​នោះ​ជា​បន្ទុក​សង្កត់​លើ​អញ​ជា​ខ្លាំង អញ​ក៏​នឿយ​ណាយ ដោយ​ទ្រាំ​ចំពោះ​ការ​ទាំង​នោះ កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិ‌ស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម ចូរ​លាង​ចេញ ចូរ​ជំរះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​អញ​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្តិ‌ធម៌ ចូរ​ជួយ​ការ‌ពារ​ចំពោះ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ចូរ​កាត់​ក្តី​ដល់​ពួក​កំព្រា ហើយ​កាន់​ក្តី​ជំនួស​ពួក​ស្រី​មេម៉ាយ​ចុះ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម‌ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ បើ‌សិន​ជា​ឯង​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម ហើយ​ស្តាប់​បង្គាប់ នោះ​នឹង​បាន​បរិភោគ​ផល​ល្អ​នៃ​ស្រុក​ដែរ តែ​បើ​ឯង​មិន​ព្រម​វិញ ហើយ​បះ‌បោរ​ផង នោះ​ឯង​នឹង​ត្រូវ​លេប​បាត់​ដោយ​មុខ​ដាវ ពី​ព្រោះ​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា បាន​មាន​បន្ទូល​ស្រេច​ហើយ។

ចែក​រំលែក
អាន អេសាយ 1