អេសាយ 1:10-17

អេសាយ 1:10-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ពួក​គ្រប់‌គ្រង​លើក្រុង​សូដុម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យញ្ញ‌បូជា​យ៉ាង​ច្រើន​របស់​អ្នក​រាល់​គ្នា តើ​ជា​អ្វី​ដល់​យើង? យើង​ធុញ​ទ្រាន់​ចំពោះ​ចៀម​ឈ្មោល និង​ខ្លាញ់​សត្វ​បំប៉ន ដែល​អ្នក​ដុត​ថ្វាយ​ណាស់ យើង​ក៏​មិន​ចូល​ចិត្ត ចំពោះ​ឈាម​គោ​ឈ្មោល ឬ​កូន​ចៀម ឬ​ពពែ​នោះ​ទេ។ កាល​ណា​អ្នក​រាល់​គ្នា​ចូល​មក​ចំពោះ​យើង តើ​អ្នក​ណា​បាន​បង្គាប់​អ្នក​រាល់​គ្នា ឲ្យ​ចូល​មក​ជាន់​ទី‌លាន​របស់​យើង​ដូច្នេះ? កុំ​យក​តង្វាយ​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​យើង ឯ​បុណ្យ​ចូល​ខែ និង​ថ្ងៃ​ឈប់​សម្រាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ យើង​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុត‌មាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ។ ចិត្ត​យើង​ស្អប់​ចំពោះ​បុណ្យ​ចូល​ខែ និង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ណាស់ ពិធី​ទាំង​នោះ​ជា​បន្ទុក​សង្កត់​លើ​យើង​ជា​ខ្លាំង យើង​ក៏​នឿយ​ណាយ ដោយ​ទ្រាំ​ចំពោះ​ការ​ទាំង​នោះ។ កាល​ណា​អ្នក​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​យើង​នឹង​បែរ​ភ្នែក​ចេញ​ពី​អ្នក បើ​កាល​ណា​អ្នក​អធិ‌ស្ឋាន​ជា​ច្រើន នោះ​យើង​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម។ ចូរ​លាង​ចេញ ចូរ​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​យើង​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត។ ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្តិ‌ធម៌ ចូរ​ជួយ​ការពារ​ចំពោះ​មនុស្ស ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ចូរ​កាត់​ក្តី​ដល់​ពួក​កំព្រា ហើយ​កាន់​ក្តី​ជំនួស​ពួក​ស្ត្រី​មេម៉ាយ​ចុះ។

ចែក​រំលែក
អាន អេសាយ 1

អេសាយ 1:10-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​រាល់​គ្នា​ជា​មេ​ដឹក​នាំ​ដ៏​អាក្រក់ ដូច​មេ​ដឹក​នាំ​ក្រុង​សូដុម​អើយ ចូរ​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះ‌អម្ចាស់! អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​ដ៏​អាក្រក់ ដូច​ប្រជា‌ជន​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ការ​ប្រៀន‌ប្រដៅ របស់​ព្រះ​នៃ​យើង! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​មិន​រវី‌រវល់​នឹង​យញ្ញ‌បូជា ដ៏​ច្រើន​ឥត​គណនា​របស់​អ្នក​រាល់​គ្នា​ទេ យើង​ធុញ‌ទ្រាន់​នឹង​ពពែ​ឈ្មោល ព្រម​ទាំង​ខ្លាញ់​កូន​គោ ដែល​អ្នក​រាល់​គ្នា​ដុត​ទាំង​មូល​ថ្វាយ​យើង ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​ឈាម​គោ ឈាម​ចៀម និង​ឈាម​ពពែ របស់​អ្នក​រាល់​គ្នា​ដែរ។ ពេល​អ្នក​រាល់​គ្នា​ចូល​មក​រក​យើង តើ​នរណា​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​មក​ជាន់ ទី‌លាន​ដំណាក់​របស់​យើង​ដូច្នេះ? ចូរ​ឈប់​យក​តង្វាយ​ឥត​បាន​ការ​នេះ មក​ថ្វាយ​យើង​ទៅ! យើង​ខ្ពើម​ផ្សែង​តង្វាយ​របស់​អ្នក​រាល់​គ្នា​ណាស់ ហើយ​យើង​ក៏​ធុញ‌ទ្រាន់​នឹង​ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ* ឬ​ពិធី​ដ៏​ឱឡា‌រិក ដែល​រៀបចំ​ឡើង​ដោយ​ជន​ទុច្ចរិត​ដែរ។ យើង​ស្អប់​បុណ្យ​ចូល​ខែ​ថ្មី និង​ពិធី​បុណ្យ​ផ្សេងៗ របស់​អ្នក​រាល់​គ្នា​ណាស់ ពិធី​បុណ្យ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​ធុញ‌ទ្រាន់ ទ្រាំ​មិន​បាន។ កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យ យើង​ងាក​មុខ​ចេញ ទោះ​បី​អ្នក​រាល់​គ្នា​អធិស្ឋាន​ច្រើន​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ព្រម​ស្ដាប់​ដែរ ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។ ចូរ​លាង​សម្អាត និង​ជម្រះ​ខ្លួន ឲ្យ​បាន​ស្អាត​បរិសុទ្ធ! ចូរ​យក​អំពើ​ទុច្ចរិត​ចេញ​ពី​មុខ​យើង​ទៅ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ឡើយ! ចូរ​រៀន​ធ្វើ​អំពើ​ល្អ! ចូរ​ស្វែង​រក​យុត្តិធម៌! ចូរ​ណែ‌នាំ​អ្នក​ដែល​សង្កត់‌សង្កិន​គេ ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ! ចូរ​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា ហើយ​ការពារ​ស្ត្រី​មេម៉ាយ!

ចែក​រំលែក
អាន អេសាយ 1

អេសាយ 1:10-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ពួក​គ្រប់‌គ្រង​លើ​ក្រុង​សូដុំម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា យញ្ញ‌បូជា​ដ៏​មាន​ច្រើន​ម៉្លេះ​របស់​ឯង​រាល់​គ្នា តើ​ជា​អ្វី​ដល់​អញ អញ​ធុញ‌ទ្រាន់​ចំពោះ​ចៀម​ឈ្មោល នឹង​ខ្លាញ់​នៃ​សត្វ​បំប៉ន ដែល​ឯង​ដុត​ថ្វាយ​ណាស់ អញ​ក៏​មិន​ចូល​ចិត្ត ចំពោះ​ឈាម​នៃ​គោ​ឈ្មោល ឬ​កូន​ចៀម ឬ​ពពែ​នោះ​ទេ កាល​ណា​ឯង​រាល់​គ្នា​លេច​មក​នៅ​ចំពោះ​អញ នោះ​តើ​អ្នក​ណា​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​បាន​ចូល​មក​ជាន់​ទីលាន​របស់​អញ​នេះ កុំ​ឲ្យ​យក​ដង្វាយ​ដ៏​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​អញ ឯ​បុណ្យ​ចូល​ខែ នឹង​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ នោះ​អញ​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុត‌មាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ ចិត្ត​អញ​ស្អប់​ចំពោះ​បុណ្យ​ចូល​ខែ នឹង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ណាស់ ពិធី​ទាំង​នោះ​ជា​បន្ទុក​សង្កត់​លើ​អញ​ជា​ខ្លាំង អញ​ក៏​នឿយ​ណាយ ដោយ​ទ្រាំ​ចំពោះ​ការ​ទាំង​នោះ កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិ‌ស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម ចូរ​លាង​ចេញ ចូរ​ជំរះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​អញ​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្តិ‌ធម៌ ចូរ​ជួយ​ការ‌ពារ​ចំពោះ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ចូរ​កាត់​ក្តី​ដល់​ពួក​កំព្រា ហើយ​កាន់​ក្តី​ជំនួស​ពួក​ស្រី​មេម៉ាយ​ចុះ។

ចែក​រំលែក
អាន អេសាយ 1