អេសាយ 1:1-4
អេសាយ 1:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជានិមិត្តដែលលោកអេសាយ ជាកូនអ័ម៉ូស បានឃើញពីដំណើរស្រុកយូដា និងក្រុងយេរូសាឡិម ក្នុងរាជ្យអ៊ូសៀស យ៉ូថាម អេហាស និងហេសេគា ជាស្តេចស្រុកយូដា។ ឱស្ថានសួគ៌អើយ ចូរស្តាប់ ហើយផែនដីអើយ ចូរផ្ទៀងត្រចៀកចុះ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយថា៖ យើងបានចិញ្ចឹមបីបាច់រក្សាកូន តែរាល់គ្នាបានបះបោរនឹងយើងវិញ។ ឯគោវាស្គាល់ម្ចាស់ ហើយលាក៏ស្គាល់ស្នូករបស់ម្ចាស់វាដែរ ប៉ុន្តែ អ៊ីស្រាអែលមិនស្គាល់សោះ រាស្ត្រយើងមិនពិចារណាទេ»។ ឱហ្ន៎ ប្រទេសដ៏មានបាប ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់ ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង គេបានបោះបង់ចោលព្រះយេហូវ៉ា គេបានប្រមាថមើលងាយដល់ព្រះ ដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេបានត្រូវព្រាត់ថយទៅក្រោយ។
អេសាយ 1:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងរជ្ជកាលព្រះបាទអ៊ូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្ដេចស្រុកយូដា ព្រះអម្ចាស់ប្រោសប្រទានឲ្យលោកអេសាយ ជាកូនរបស់លោកអម៉ូស និមិត្តឃើញការអស្ចារ្យស្ដីអំពីស្រុកយូដា និងក្រុងយេរូសាឡឹម ដូចតទៅ: ផ្ទៃមេឃអើយ ចូរស្ដាប់! ផែនដីអើយ ចូរផ្ទៀងត្រចៀក! ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងបានចិញ្ចឹមបីបាច់ថែរក្សាកូន យើងបានអប់រំពួកវា តែពួកវាបែរជាបះបោរប្រឆាំងនឹងយើង។ គោស្គាល់ម្ចាស់វា រីឯលាក៏ស្គាល់ម្ចាស់ដែលឲ្យចំណីវាដែរ តែប្រជាជនអ៊ីស្រាអែលមិនស្គាល់អ្វីទាំងអស់ ប្រជាជនរបស់យើងមិនចេះពិចារណាសោះ! អ្នករាល់គ្នាជាប្រជាជាតិមានបាប ជាប្រជាជនដែលប្រព្រឹត្តអំពើអាក្រក់ ជាពូជមនុស្សខិលខូច ជាអំបូរពុករលួយ អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! អ្នករាល់គ្នាបានបោះបង់ចោលព្រះអម្ចាស់ អ្នករាល់គ្នាបានមើលងាយ ព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ហើយបែរខ្នងដាក់ព្រះអង្គទៀតផង!
អេសាយ 1:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាការជាក់ស្តែងដែលអេសាយ ជាកូនអ័ម៉ូសបានឃើញពីដំណើរស្រុកយូដា នឹងក្រុងយេរូសាឡិម ក្នុងរាជ្យអ៊ូសៀស យ៉ូថាម អេហាស ហើយនឹងហេសេគា ជាស្តេចស្រុកយូដា។ ឱស្ថានសួគ៌អើយ ចូរស្តាប់ ហើយផែនដីអើយ ចូរផ្ទៀងត្រចៀកចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលហើយថា អញបានចិញ្ចឹមបីបាច់រក្សាកូន តែវារាល់គ្នាបានបះបោរនឹងអញវិញ ឯគោវាស្គាល់ម្ចាស់ ហើយលាក៏ស្គាល់ស្នូករបស់ម្ចាស់វាដែរ ប៉ុន្តែអ៊ីស្រាអែលមិនស្គាល់សោះ រាស្ត្រអញមិនពិចារណាទេ ឱហ្ន៎ ប្រទេសដ៏មានបាប ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់ ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង គេបានបោះបង់ចោលព្រះយេហូវ៉ា គេបានប្រមាថមើលងាយដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេបានត្រូវព្រាត់ថយទៅក្រោយ