ហូសេ 9:4-17
ហូសេ 9:4-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេនឹងលែងច្រួចស្រាទំពាំងបាយជូរថ្វាយព្រះយេហូវ៉ា ហើយយញ្ញបូជារបស់គេ មិនគាប់ព្រះហឫទ័យព្រះអង្គឡើយ យញ្ញបូជារបស់គេនឹងបានដូចជា នំបុ័ងរបស់អ្នកកាន់ទុក្ខដល់គេ អស់អ្នកដែលបរិភោគនឹងត្រូវស្មោកគ្រោក នំបុ័ងរបស់គេនឹងបានសម្រាប់តែ ចម្អែតខ្លួនគេប៉ុណ្ណោះ គឺនឹងមិនដែលចូលទៅក្នុងដំណាក់ របស់ព្រះយេហូវ៉ាឡើយ។ តើអ្នករាល់គ្នានឹងធ្វើយ៉ាងណា នៅថ្ងៃបុណ្យដែលបានកំណត់ និងនៅថ្ងៃបុណ្យរបស់ព្រះយេហូវ៉ា? ដ្បិតមើល៍ គេកំពុងគេចចេញពីការហិនវិនាស តែសាសន៍អេស៊ីព្ទនឹងកៀរប្រមូលគេ ក្រុងណូពនឹងបញ្ចុះសពគេ ឯគ្រឿងប្រាក់ដែលគាប់ចិត្តគេ នឹងក្លាយទៅជារបស់ដើមកន្ទេចអាល ហើយបន្លានឹងដុះក្នុងទីលំនៅរបស់គេ។ ថ្ងៃដាក់ទោសបានមកដល់ហើយ គឺថ្ងៃតបស្នងតាមអំពើ ដែលគេបានប្រព្រឹត្តមកដល់ហើយ អ៊ីស្រាអែលស្រែកឡើងថា "ហោរានេះឆ្កួត មនុស្សដែលមាននិស្ស័យខាងវិញ្ញាណនេះ ឡប់សតិហើយ!" តែដោយព្រោះអំពើទុច្ចរិតដ៏សម្បើម និងអំពើសម្អប់ដ៏ខ្លាំងរបស់អ្នកវិញ។ អ្នកចាំយាមរបស់អេប្រាអិមបាននៅជាមួយព្រះនៃខ្ញុំ តែហោរាសុទ្ធតែជាឡប់ សម្រាប់ចាប់សត្វ នៅគ្រប់ទាំងផ្លូវរបស់គេ ហើយជាសេចក្ដីសម្អប់ នៅក្នុងព្រះវិហាររបស់ព្រះនៃខ្លួន គេបានបង្ខូចចិត្តគេទៅយ៉ាងជ្រៅ ដូចកាលនៅគ្រាគីបៀរ ព្រះអង្គនឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយនឹងតបស្នងចំពោះបាបគេដែរ។ យើងបានប្រទះនឹងអ៊ីស្រាអែល ដូចជាប្រទះនឹងផ្លែទំពាំងបាយជូរនៅក្នុងទីរហោស្ថាន យើងបានឃើញដូនតារបស់អ្នករាល់គ្នា ដូចជាផ្លែដំបូងនៅលើដើមល្វា គឺនៅរដូវដំបូង។ ប៉ុន្ដែ គេបានទៅដល់បាល-ពេអរ ហើយបានថ្វាយខ្លួនដល់រូបព្រះគួរខ្មាស ក៏ត្រឡប់ជាគួរខ្ពើមឆ្អើម ដូចរបស់ដែលគេស្រឡាញ់នោះ។ សិរីល្អរបស់អេប្រាអិមនឹងហើរទៅបាត់ដូចសត្វស្លាប គ្មានកូនកើតមក គ្មានកូននៅក្នុងផ្ទៃ ឬកូនចាប់កំណើតនៅក្នុងផ្ទៃទៀតឡើយ! ទោះបើគេចិញ្ចឹមបីបាច់កូនឲ្យធំឡើង ក៏យើងនឹងដកហូតគេទៅ រហូតទាល់តែឥតមាននៅសល់។ វេទនាដល់គេហើយ ពេលណាយើងចាកចេញពីគេ! យើងបានឃើញថា អេប្រាអិមប្រៀបដូចជាដើមចាក ដែលទើបនឹងដាំនៅក្នុងស្មៅខៀវខ្ចី តែអេប្រាអិមនឹងត្រូវនាំកូនខ្លួន ចេញមកឲ្យគេសម្លាប់វិញ។ ឱព្រះយេហូវ៉ាអើយ សូមប្រទានដល់គេ តើត្រូវប្រទានអ្វី? សូមប្រទានឲ្យគេមានផ្ទៃដែលរលូតកូន និងដោះដែលរីងស្ងួត។ អស់ទាំងអំពើអាក្រក់របស់គេសុទ្ធតែនៅត្រង់គីលកាល ដ្បិតគឺនៅទីនោះដែលយើងបានស្អប់គេ យើងនឹងបណ្តេញគេចេញពីដំណាក់របស់យើង ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត យើងនឹងលែងស្រឡាញ់គេទៀតហើយ ពួកមេរបស់គេសុទ្ធតែជាមនុស្សបះបោរ។ អេប្រាអិមនឹងត្រូវវាយ ហើយឫសរបស់គេបានក្រៀមទៅ គេនឹងមិនបង្កើតផលទៀតឡើយ ទោះបើគេបង្កើតកូនបានក៏ដោយ ក៏យើងនឹងប្រហារកូនសម្លាញ់របស់គេដែរ។ ព្រះរបស់ខ្ញុំនឹងបោះបង់ចោលគេ ព្រោះគេមិនបានស្តាប់តាមព្រះអង្គទេ គេនឹងសាត់អណ្តែតនៅកណ្ដាលអស់ទាំងសាសន៍។
ហូសេ 9:4-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេនឹងលែងធ្វើពិធីច្រួចស្រាថ្វាយព្រះអម្ចាស់ យញ្ញបូជារបស់ពួកគេមិនគាប់ព្រះហឫទ័យ របស់ព្រះអង្គឡើយ។ សាច់នៃយញ្ញបូជាដែលពួកគេបរិភោគ ប្រៀបដូចជាអាហារសម្រាប់អ្នកកាន់ទុក្ខ អស់អ្នកដែលបរិភោគអាហារនោះ នឹងក្លាយទៅជាជនមិនបរិសុទ្ធ។ អាហាររបស់គេបានត្រឹមតែ ចម្អែតក្រពះប៉ុណ្ណោះ គេមិនអាចយកចូលមកក្នុងដំណាក់របស់ ព្រះអម្ចាស់បានឡើយ។ តើអ្នករាល់គ្នាធ្វើយ៉ាងណានៅថ្ងៃបុណ្យ សំខាន់ៗ និងថ្ងៃបុណ្យរបស់ព្រះអម្ចាស់? មើលចុះ! ពួកគេចាកចេញទៅ ព្រោះតែទឹកដីរបស់ពួកគេត្រូវអន្តរាយ។ ស្រុកអេស៊ីបទទួលពួកគេ ពួកគេនឹងស្លាប់ចោលឆ្អឹងនៅក្រុងណូប ចោលទ្រព្យសម្បត្តិធ្វើពីប្រាក់ នៅក្នុងគុម្ពខ្ញែ ហើយបន្លាដុះនៅពេញទីលំនៅរបស់ពួកគេ។ អ៊ីស្រាអែលត្រូវតែដឹងថា គ្រាដែលព្រះជាម្ចាស់ដាក់ទោស មកដល់ហើយ គឺគ្រាដែលម្នាក់ៗទទួលផលតាមអំពើ ដែលខ្លួនបានប្រព្រឹត្ត។ ព្យាការីក្លាយទៅជាមនុស្សឡប់សតិ ហើយអ្នកដែលមានវិញ្ញាណភ្លឺស្វាង ក្លាយទៅជាមនុស្សវង្វេងស្មារតី ព្រោះតែកំហុសដ៏ធ្ងន់ និងអំពើឃោរឃៅដ៏ច្រើនរបស់អ្នក។ អ្នកយាមល្បាតឲ្យអេប្រាអ៊ីម គឺព្យាការី ស្ថិតនៅជាមួយព្រះរបស់ខ្ញុំ។ គេដាក់អន្ទាក់ចាំចាប់គាត់ពីគ្រប់ទិសទី ហើយគេប្រឆាំងនឹងគាត់ នៅក្នុងដំណាក់នៃព្រះរបស់គាត់។ ពួកគេផុងខ្លួនទៅក្នុងអំពើពុករលួយ កាន់តែខ្លាំងឡើងៗ ដូចគ្រានៅគីបៀរដែរ ព្រះអម្ចាស់នឹកឃើញអំពើអាក្រក់របស់ពួកគេ ហើយព្រះអង្គនឹងដាក់ទោសពួកគេ តាមអំពើបាបដែលខ្លួនបានប្រព្រឹត្ត។ «ពីដើម យើងឃើញអ៊ីស្រាអែល ដូចជាផ្លែទំពាំងបាយជូរនៅវាលរហោស្ថាន យើងបានឃើញដូនតារបស់អ្នករាល់គ្នា ដូចជាផ្លែដំបូងរបស់ដើមឧទុម្ពរ។ ពួកគេទៅដល់បាល-ពេអ៊រ ហើយនាំគ្នាគោរពបម្រើព្រះដ៏គម្រក់ ពួកគេក្លាយទៅជាជនគួរស្អប់ខ្ពើម ដូចព្រះក្លែងក្លាយជាទីស្រឡាញ់របស់ខ្លួន។ កិត្តិយសរបស់អេប្រាអ៊ីមនឹងចាកចេញពីគេ ដូចសត្វស្លាបដែលហើរបាត់ទៅ គឺគ្មានទារកកើតទៀតទេ ហើយគ្មានទារកនៅក្នុងផ្ទៃ ឬទារកមកចាប់ផ្ទៃទៀតដែរ។ ប្រសិនបើពួកគេចិញ្ចឹមកូនប្រុសៗ យើងនឹងដកកូនទាំងនោះចេញពីពួកគេ មុនពេលវាធំពេញវ័យ។ កាលណាយើងចាកចេញពីពួកគេ ពួកគេពិតជាត្រូវវេទនាមិនខាន! យើងឃើញថា អេប្រាអ៊ីមប្រៀបបាននឹង ក្រុងទីរ៉ុសដែលស្ថិតនៅកន្លែងសុខស្រួល តែអេប្រាអ៊ីមត្រូវបញ្ជូនកូនរបស់ខ្លួន ទៅឲ្យគេសម្លាប់ ដូចសត្វម្រឹគ»។ ព្រះអម្ចាស់អើយ បើត្រូវធ្វើទោសពួកគេដូច្នេះ តើត្រូវធ្វើទោសពួកគេរបៀបណា? គឺត្រូវធ្វើឲ្យស្ត្រីៗរបស់ពួកគេ មិនអាចបង្កើតកូន ហើយមិនអាចបំបៅកូន។ «អំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេ លេចចេញមកយ៉ាងច្បាស់នៅគីលកាល់ គឺនៅទីនោះហើយដែលយើងចាប់ផ្ដើម ស្អប់ខ្ពើមពួកគេ។ ដោយពួកគេប្រព្រឹត្តអំពើអាក្រក់ យើងនឹងដេញពួកគេចេញពី ដំណាក់របស់យើង។ យើងលែងស្រឡាញ់ពួកគេទៀតហើយ មេដឹកនាំទាំងប៉ុន្មានរបស់ពួកគេ សុទ្ធតែជាជនបះបោរ។ អេប្រាអ៊ីមត្រូវបណ្ដាសាហើយ ឫសរបស់ពួកគេក្រៀមស្ងួតអស់ ពួកគេពុំអាចបង្កើតផលបានឡើយ។ ប្រសិនបើពួកគេបង្កើតកូន នោះយើងនឹងធ្វើឲ្យកូនដ៏ជាទីស្រឡាញ់ របស់ពួកគេបាត់បង់ជីវិត»។ ព្រះរបស់ខ្ញុំនឹងបោះបង់ចោលពួកគេ ព្រោះពួកគេមិនបានស្ដាប់តាមព្រះអង្គទេ។ ដូច្នេះ ពួកគេនឹងខ្ចាត់ព្រាត់ទៅនៅ ក្នុងចំណោមប្រជាជាតិទាំងឡាយ។
ហូសេ 9:4-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេនឹងលែងច្រួចស្រាទំពាំងបាយជូរ ថ្វាយដល់ព្រះយេហូវ៉ា ក៏មិនបានជាទីគាប់ព្រះហឫទ័យដល់ទ្រង់ដែរ អស់ទាំងយញ្ញបូជារបស់គេនឹងបានដូចជានំបុ័ងរបស់អ្នកកាន់ទុក្ខដល់គេវិញ អស់អ្នកណាដែលស៊ីទៅ នឹងត្រូវស្មោកគ្រោកហើយ នំបុ័ងរបស់គេនឹងបានសំរាប់តែចំអែតពោះគេប៉ុណ្ណោះ គឺនឹងមិនដែលចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ នៅថ្ងៃជំនុំមុតមាំ ហើយនៅថ្ងៃបុណ្យនៃព្រះយេហូវ៉ា នោះតើឯងរាល់គ្នានឹងធ្វើដូចម្តេច ដ្បិតមើល គេបានចេញទៅរួចពីការបំផ្លាញហើយ តែសាសន៍អេស៊ីព្ទនឹងកៀរប្រមូលគេទុក ក្រុងណូពនឹងកប់ខ្មោចគេ ឯគ្រឿងប្រាក់ដែលគាប់ចិត្តគេ នោះនឹងទៅជារបស់ដើមកន្ទេចអាលវិញ ហើយបន្លានឹងដុះក្នុងទីលំនៅរបស់គេ គ្រាស្នងទោសបានមកដល់ គឺគ្រាសងសំណងដល់គេបានមកហើយ ពួកអ៊ីស្រាអែលនឹងដឹងដែរ ឯហោរា គេឆ្កួត ហើយមនុស្សដែលមាននិស្ស័យខាងវិញ្ញាណក៏លីលា តែដោយព្រោះអំពើទុច្ចរិតដ៏បរិបូណ៌របស់ឯង នឹងសេចក្ដីសំអប់ដ៏ជាខ្លាំង អ្នកចាំយាមរបស់អេប្រាអិមបាននៅជាមួយនឹងព្រះនៃខ្ញុំ តែពួកហោរាសុទ្ធតែជាលប់ សំរាប់ចាប់សត្វ នៅគ្រប់ទាំងផ្លូវរបស់គេ ហើយជាសេចក្ដីសំអប់នៅក្នុងព្រះវិហាររបស់ព្រះនៃខ្លួន គេបានបង្ខូចចិត្តគេទៅយ៉ាងជ្រៅ ដូចកាលនៅគ្រាគីបៀរ ទ្រង់នឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយនឹងតបស្នងចំពោះបាបគេដែរ។ អញបានប្រទះនឹងអ៊ីស្រាអែល ដូចជាប្រទះនឹងផ្លែទំពាំងបាយជូរនៅក្នុងទីរហោស្ថាន អញបានឃើញពួកឰយុកោឯងរាល់គ្នា ដូចជាផ្លែនៅដើមល្វាដែលទុំមុនគេនៅរដូវជាដំបូង តែគេបានទៅដល់បាល-ពេអរ ហើយបានថ្វាយខ្លួនដល់រូបព្រះគួរខ្មាស ក៏ត្រឡប់ជាគួរខ្ពើមឆ្អើមដូចជារបស់ដែលគេស្រឡាញ់នោះ ចំណែកអេប្រាអិម សិរីល្អរបស់គេនឹងហើរបាត់ទៅដូចជាសត្វស្លាប នឹងឥតមានការសំរាល ឬមានទំងន់ ឬការចាប់ទុំផ្ទៃទៀតឡើយ ហើយទោះបើគេបីបាច់ចិញ្ចឹមកូនឲ្យធំឡើង គង់តែអញនឹងបង្អត់ទៅ ឲ្យឥតមានមនុស្សណានៅសល់សោះ អើ វេទនាដល់គេដែរ ក្នុងកាលដែលអញចាកចេញពីគេទៅ ឯអេប្រាអិមបានតាំងនៅក្នុងទីគាប់ចិត្ត ដូចជាអញបានឃើញក្រុងទីរ៉ុសដែរ ប៉ុន្តែអេប្រាអិមនឹងត្រូវនាំកូនខ្លួនចេញមកឲ្យអ្នកដែលកាប់សំឡាប់វិញ ឱព្រះយេហូវ៉ាអើយ សូមប្រទានដល់គេ តែត្រូវប្រទានអ្វី គឺត្រូវឲ្យគេមានផ្ទៃដែលរលូតកូន ហើយដោះរីងស្ងួត អស់ទាំងអំពើអាក្រក់របស់គេសុទ្ធតែនៅត្រង់គីលកាល ដ្បិតគឺនៅទីនោះដែលអញបានស្អប់គេ អញនឹងបណ្តេញគេចេញពីព្រះវិហាររបស់អញ ដោយព្រោះសេចក្ដីអាក្រក់នៃការដែលគេធ្វើ អញនឹងមិនស្រឡាញ់គេតទៅទៀត ពួកចៅហ្វាយរបស់គេសុទ្ធតែជាមនុស្សបះបោរ អេប្រាអិមត្រូវវាយហើយឫសរបស់គេបានក្រៀមទៅ គេនឹងមិនបង្កើតផលទៀតឡើយ អើ ទោះបើគេបង្កើតកូនបានដែរ គង់តែអញនឹងសំឡាប់កូនសំឡាញ់ ដែលចេញពីផ្ទៃគេមក ព្រះនៃខ្ញុំទ្រង់នឹងបោះគេចោល ពីព្រោះគេមិនបានស្តាប់តាមទ្រង់ នោះគេនឹងបានជាមនុស្សសាត់អណ្តែត នៅកណ្តាលអស់ទាំងសាសន៍។