ហូសេ 8:1-14

ហូសេ 8:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ផ្អឹប​ត្រែ​នៅ​មាត់​របស់​អ្នក​ចុះ! មាន​សត្រូវ​បោះ​ពួយដូច​ឥន្ទ្រី មក​លើ​ដំណាក់​របស់​ព្រះ‌យេហូវ៉ា ព្រោះ​ពួក​អ៊ីស្រា‌អែល​បាន​បំពាន លើ​សេចក្ដី​សញ្ញា​របស់​យើង ហើយ​បះ​បោរ​ប្រឆាំង​នឹង​ច្បាប់​របស់​យើង។ គេ​ស្រែក​រក​យើង​ថា "ព្រះ​នៃ​ទូល​បង្គំ​អើយ យើង​ខ្ញុំ​ជា​សាសន៍​អ៊ីស្រា‌អែល ស្គាល់​ព្រះ‌អង្គ​ហើយ!" អ៊ីស្រា‌អែល​បាន​បោះ​បង់​ចោល​សេចក្ដី​ល្អ ខ្មាំង​សត្រូវ​នឹង​ដេញ​តាម​គេ។ គេ​បាន​តាំង​ស្តេច​ផ្សេងៗ​ឡើង តែ​មិន​មែន​ដោយ‌សារ​យើង​ទេ ក៏​បាន​តាំង​ពួក​មេដឹក​នាំ តែ​យើង​មិន​បាន​ដឹង​ឡើយ។ គេ​បាន​យក​ប្រាក់ និង​មាស​របស់​ខ្លួន​ធ្វើ​ជា​រូប​ព្រះ ជា​ការ​ដែល​នាំ​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។ ឱ​សាម៉ារី​អើយ យើង​បាន​បោះ​ចោល​រូប​កូន​គោ​របស់​អ្នក​ហើយ កំហឹង​របស់​យើង​បាន​ឆួល​ឡើង​ទាស់​នឹង​គេ។ តើ​ដល់​ពេល​ណា​ទើប​គេ​ជ្រះ​ស្អាត​វិញ? ដ្បិត​រូប​កូន​គោ​នោះ​កើត​ចេញពី​អ៊ីស្រា‌អែល ជាង​បាន​ធ្វើ​វា​ឡើង វា​មិន​មែន​ជា​ព្រះ​ទេ។ រូប​កូន​គោ​របស់​សាម៉ារី​នឹង​ត្រូវ​បែក​បាក់​ខ្ទេច‌ខ្ទី។ ដ្បិត​គេ​បាន​សាប‌ព្រោះ​ខ្យល់ ហើយ​គេ​នឹង​ច្រូត​បាន​ជា​ខ្យល់​គួច។ ស្រូវ​របស់​គេ​ស្កក ឥត​មាន​គ្រាប់ គ្មាន​អ្វី​យក​មក​ធ្វើ​ម្សៅ​ឡើយ ហើយ​ប្រសិន‌បើ​បាន​ផល នោះ​មនុស្ស​ដទៃ​នឹង​លេប​បាត់​ទៅ។ អ៊ីស្រា‌អែល​ត្រូវ​លេប​បាត់​ហើយ ឥឡូវ​នេះ គេ​ស្ថិត​នៅ​ក្នុង​ចំណោម​សាសន៍​នានា ដូច​ភាជនៈ​ដែល​គ្មាន​អ្នក​ណា​ចង់​បាន។ ដ្បិត​គេ​បាន​ឡើង​ទៅ​ស្រុក​អាស‌ស៊ើរ ដូច​ជា​លា​ព្រៃ​ដែល​នៅ​ដាច់​តែ​ឯង អេប្រាអិម​បាន​ជួល​គូស្នេហ៍។ ទោះ​បើ​គេ​ជូន​សំណូក​ដល់​សាសន៍​ដទៃ​ក៏​ដោយ យើង​នឹង​ប្រមូល​ផ្ដុំ​ពួក​គេភ្លាម ហើយ​ស្តេច និង​ពួក​មេ​ដឹក​នាំ នឹង​ត្រូវ​រង​ទុក្ខ​វេទនា​ភ្លាម​ដែរ ដោយ​ព្រោះ​តែ​បង់​សួយ​សារ‌អាករ។ ដោយ​ព្រោះ​អេប្រាអិម​បាន​សង់​អាសនា ច្រើន​ឡើងៗ​សម្រាប់​ធ្វើ​បាប អាសនា​ទាំង​នោះ​ក៏​ត្រឡប់​ជា​ទី ដែលនាំ​ឲ្យ​គេ​ធ្វើ​បាប​ដែរ។ ទោះ​បើ​យើង​សរ‌សេរ​អស់​ទាំង​មាត្រា​ច្បាប់ របស់​យើង​ទុក​សម្រាប់​គេ​ក៏​ដោយ ក៏​គេ​ចាត់​ទុក​ជា​ច្បាប់​ដទៃ​ដែរ។ រី​ឯ​តង្វាយ​យញ្ញ‌បូជា​ដែល​ត្រូវ​ថ្វាយ​ដល់​យើង នោះ​គេ​សម្លាប់​សត្វ ដើម្បី​ឲ្យ​តែ​បាន​សាច់​ស៊ី​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​មិន​ទទួល​ទេ ឥឡូវ​នេះ ព្រះ‌អង្គ​នឹង​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​ដាក់​ទោស​អំពើ​បាប​របស់​គេ គេ​នឹង​វិល​ទៅ​ស្រុក​អេស៊ីព្ទ​វិញ។ ដ្បិត​អ៊ីស្រា‌អែល​បាន​បំភ្លេច​ព្រះ​ដែល​បង្កើត​ខ្លួន ក៏​សង់​វិមាន​ផ្សេងៗ​ឡើង ហើយ​យូដា​បាន​សង់​ទី​ក្រុង ដែល​មាន​កំផែង​ការ​ពារ​កាន់​តែ​ច្រើន តែ​យើង​នឹង​ចាត់​ភ្លើង​ទៅ​លើ​ទី​ក្រុង​របស់​គេ ភ្លើង​នោះ​នឹង​បំផ្លាញ​ទី​មាំ​មួន​របស់​គេ​ទៅ។

ចែក​រំលែក
អាន ហូសេ 8

ហូសេ 8:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ផ្លុំ​ស្នែង​ប្រកាស​ភាព​អាសន្ន! ខ្មាំង​សត្រូវ​បោះ‌ពួយ​ដូច​សត្វ​ឥន្ទ្រី មក​លើ​ទឹក​ដី​របស់​យើង ជា​ព្រះ‌អម្ចាស់ ដ្បិត​ប្រជា‌ជន​បាន​រំលោភ​លើ​សម្ពន្ធ‌មេត្រី របស់​យើង ពួក​គេ​ប្រព្រឹត្ត​បំពាន​លើ​ច្បាប់​របស់​យើង។ ពួក​គេ​ស្រែក​រក​យើង​ថា “ព្រះ​នៃ​ទូលបង្គំ​អើយ យើង​ខ្ញុំ​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ”។ អ៊ីស្រា‌អែល​បាន​បោះ​បង់​ការ​ល្អ ហេតុ​នេះ​បាន​ជា​សត្រូវ​ដេញ​តាម​ពួក​គេ។ ពួក​គេ​តែង​តាំង​ស្ដេច ដោយ​ឥត​សាក​សួរ​យើង ហើយ​តែង​តាំង​មេ​ដឹក​នាំ​ពី​ក្រោយ​ខ្នង​យើង។ ពួក​គេ​យក​មាស​ប្រាក់​របស់​ខ្លួន ទៅ​សូន​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ ដែល​បណ្ដាល​ឲ្យ​ខ្លួន​ត្រូវ​វិនាស។ អ្នក​ក្រុង​សាម៉ារី​អើយ ចូរ​យក​រូប​ព្រះ‌គោ​របស់​អ្នក​បោះ​ចោល​ទៅ!។ កំហឹង​របស់​យើង​ឆាប‌ឆេះ​ទៅ​លើ អ្នក​ក្រុង​សាម៉ារី តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​អាច​រស់​នៅ ដោយ​ឥត​សៅហ្មង? រូប​គោ​នោះ​កើត​ចេញ​មក​ពី​អ៊ីស្រា‌អែល មាន​ជាង​ឆ្លាក់​វា គឺ​វា​មិន​មែន​ជា​ព្រះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​រូប​គោ​របស់​សាម៉ារី នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ជា​ពុំ‌ខាន។ ពួក​គេ​សាប​ព្រោះ​ខ្យល់ ពួក​គេ​នឹង​ទទួល​ផល​ជា​ព្យុះ។ ស្រូវ​ស្កក គ្មាន​បាយ​ហូប ហើយ​ប្រសិន​បើ​មាន ក៏​គង់​តែ​ជន​បរទេស មក​លេប​យក​ទៅ​បាត់​ដែរ។ អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​លេប​បាត់​ហើយ! ឥឡូវ​នេះ ពួក​គេ​ស្ថិត​នៅ​ក្នុង​ចំណោម ប្រជា‌ជាតិ​នានា ដូច​អំបែង​ដែល​គ្មាន​នរណា​ចង់​បាន។ សត្វ​លា​ព្រៃ​តែ​នៅ​ដាច់​ពី​គេ តែ​អេប្រាអ៊ីម​បែរ​ជា​លក់​ខ្លួន​ឲ្យ ស្រុក​អាស្ស៊ីរី ដែល​ជា​សហាយ​របស់​គេ។ ទោះ​បី​ពួក​គេ​យក​ជំនូន​ទៅ​ឲ្យ ប្រជា‌ជាតិ​នានា​ក្ដី ក៏​ពេល​នេះ​យើង​ប្រមូល​ផ្តុំ​ពួក​គេ ហើយ​បន្តិច​ទៀត ពួក​គេ​នឹង​រង​ទុក្ខ​វេទនា ក្រោម​អំណាច​ព្រះចៅ​អធិរាជ។ អេប្រាអ៊ីម​បាន​សង់​អាសនៈ​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​ឲ្យ​រួច​ពី​បាប តែ​អាសនៈ​ទាំង​នោះ​ក្លាយ​ទៅ​ជា​កន្លែង ដែល​នាំ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​វិញ! ទោះ​បី​យើង​បាន​ចែង​ក្រឹត្យ‌វិន័យ​ទុក​ឲ្យ​គេ ច្រើន​យ៉ាង​ណា​ក្ដី ក៏​គេ​មិន​រវី‌រវល់​អើពើ​ដែរ។ ពួក​គេ​យក​សត្វ​មក​ធ្វើ​យញ្ញ‌បូជា​ឲ្យ​យើង ព្រោះ​ពួក​គេ​ចូល​ចិត្ត​បរិភោគ​សាច់។ ប៉ុន្តែ យើង​ជា​ព្រះ‌អម្ចាស់ មិន​ពេញ​ចិត្ត​នឹង​តង្វាយ​របស់​ពួក​គេ​ទេ យើង​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ ហើយ​រាប់​ចំនួន​អំពើ​បាប​ដែល​ពួក​គេ​ប្រព្រឹត្ត។ ពួក​គេ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ អ៊ីស្រា‌អែល​បំភ្លេច​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក ហើយ​គេ​នាំ​គ្នា​សង់​វិមាន​ផ្សេងៗ។ រីឯ​យូដា​វិញ គេ​សង់​ទីក្រុង ដែល​មាន​កំពែង​រឹង‌មាំ​កាន់​តែ​ច្រើន តែ​យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ​ក្រុង​របស់​គេ ព្រម​ទាំង​ឆេះ​កម្ទេច​វិមាន​របស់​ពួក​គេ​ផង។

ចែក​រំលែក
អាន ហូសេ 8

ហូសេ 8:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ផ្អឹប​ត្រែ​នៅ​មាត់​ឯង​ចុះ គេ​មក​ទាស់​នឹង​លំនៅ​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ឥន្ទ្រី ពី​ព្រោះ​ពួក​អ៊ីស្រាអែល​បាន​ក្បត់​សញ្ញា​របស់​អញ ហើយ​បាន​រំលង​ច្បាប់​អញ​ផង គេ​នឹង​អំពាវ‌នាវ​មក​រក​អញ​ថា ឱ​ព្រះ​នៃ​ខ្ញុំ​អើយ អ៊ីស្រាអែល​យើង​ស្គាល់​ទ្រង់​ដែរ តែ​អ៊ីស្រាអែល​បាន​លះ‌បង់​ចោល​សេចក្ដី​ដែល​ល្អ​ហើយ ពួក​ខ្មាំង​សត្រូវ​នឹង​ដេញ​តាម​គេ គេ​បាន​តាំង​ស្តេច​ផ្សេងៗ​ឡើង តែ​មិន​មែន​ដោយ‌សារ​អញ​ទេ ក៏​បាន​តាំង​ចៅហ្វាយ​ឡើង តែ​អញ​មិន​បាន​ដឹង​ឡើយ គេ​បាន​យក​ប្រាក់ នឹង​មាស​របស់​ខ្លួន​ធ្វើ​ជា​រូប​ព្រះ ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​កាត់​ចេញ ឱ​សាម៉ារី​អើយ រូប​កូន​គោ​របស់​ឯង​បាន​ត្រូវ​ចោល​ចេញ​ហើយ សេចក្ដី​កំហឹង​របស់​អញ​បាន​ឆួល​ឡើង​ទាស់​នឹង​វា តើ​ដល់​កាល​ណា​ទើប​គេ​ជ្រះ​ស្អាត​វិញ ដ្បិត​រូប​កូន​គោ​នោះ​កើត​នៅ​ស្រុក​អ៊ីស្រាអែល គឺ​ពួក​ជាង​ដែល​បង្កើត​វា​ឡើង វា​មិន​មែន​ជា​ព្រះ​ទេ អើ រូប​កូន​គោ​របស់​សាម៉ារី នឹង​ត្រូវ​បំបែក​ខ្ទេច‌ខ្ទី​ទៅ ដ្បិត​គេ​បាន​សាប‌ព្រោះ​ជា​ខ្យល់ ហើយ​នឹង​ច្រូត​កាត់​បាន​ជា​ខ្យល់​គួច​វិញ ឥត​មាន​ដើម​ស្រូវ​សោះ ក៏​គ្មាន​គ្រាប់​ល្មម​នឹង​កិន​ធ្វើ​ជា​ម្សៅ​បាន​ផង ឬ​បើ​កើត​មាន​ផល​ដែរ នោះ​មនុស្ស​ដទៃ​នឹង​លេប​បាត់​ទៅ។ អ៊ីស្រាអែល​ត្រូវ​លេប​បាត់​ហើយ ឥឡូវ​នេះ គេ​នៅ​កណ្តាល​ពួក​សាសន៍​ទាំង​ប៉ុន្មានទុក​ដូច​ជា​ភាជនៈ ដែល​ឥត​មាន​អ្នក​ណា​ចូល​ចិត្ត​សោះ ដ្បិត​គេ​បាន​ឡើង​ទៅ​ឯ​ស្រុក​អាសស៊ើរ ដូច​ជា​លា​ព្រៃ​ដែល​នៅ​តែ​ឯង អេប្រា‌អិម​បាន​ជួល​ពួក​សហាយ អើ ទោះ​បើ​គេ​ជូន​សំណូក​ដល់​សាសន៍​ដទៃ​ក៏​ដោយ គង់​តែ​អញ​នឹង​ប្រមូល​ពួក​ទាំង​នោះ​មក​ដែរ ហើយ​គេ​នឹង​ត្រូវ​អន់​ថយ​ទៅ ដោយ​ព្រោះ​បន្ទុក​របស់​ស្តេច​នៃ​អស់​ទាំង​ព្រះ‌អម្ចាស់។ ហេតុ​ដោយ​ព្រោះ​អេប្រា‌អិម បាន​ចំរើន​អាសនា​ជា​ច្រើន​ឡើង​សំរាប់​ធ្វើ​បាប បាន​ជា​គេ​រាប់​អាសនា​ទាំង​អស់​ទុក​ជា​ទី​សំរាប់​ធ្វើ​បាប​ដែរ ទោះ​បើ​អញ​កត់​ទុក​អស់​ទាំង​មាត្រា​ក្នុង​ច្បាប់​របស់​អញ​ក៏​ដោយ គង់​តែ​គេ​នឹង​ប្រកាន់​ថា ជា​ច្បាប់​ដទៃ​វិញ ឯ​ខាង​យញ្ញ‌បូជា ជា​ដង្វាយ​ដែល​ត្រូវ​ថ្វាយ​ដល់​អញ នោះ​គេ​សំឡាប់​សត្វ​ទៅ ដើម្បី​តែ​ស៊ី​សាច់​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ទទួល​ទេ ទ្រង់​នឹង​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​របស់​គេ​ឥឡូវ ហើយ​តប​ស្នង​នឹង​អំពើ​បាប​របស់​គេ ឯ​គេ នឹង​ត្រូវ​វិល​នៅ​ឯ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​វិញ ពី​ព្រោះ​អ៊ីស្រាអែល​បាន​ភ្លេច​ព្រះ​ដែល​បង្កើត​ខ្លួន​ទៅ ក៏​ស្អាង​វិហារ​ផ្សេងៗ​ឡើង ហើយ​ពួក​យូដា​បាន​សង់​ទី​ក្រុង​មាន​បន្ទាយ​កាន់​តែ​ច្រើន តែ​អញ​នឹង​ចាត់​ភ្លើង​ទៅ​លើ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ ភ្លើង​នោះ​នឹង​ឆេះ​បន្សុស​អស់​ទាំង​ដំណាក់​របស់​គេ​ទៅ។

ចែក​រំលែក
អាន ហូសេ 8