ហូសេ 6:4-11 - Compare All Versions
ហូសេ 6:4-11 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ឱអេប្រាអិមអើយ តើគួរឲ្យយើងប្រព្រឹត្តនឹងអ្នកដូចម្ដេច? ឱយូដាអើយ តើគួរឲ្យយើងប្រព្រឹត្តនឹងអ្នកដូចម្ដេច? ដ្បិតសេចក្ដីស្រឡាញ់របស់អ្នក ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលបាត់ទៅយ៉ាងឆាប់។ ហេតុនេះហើយបានជាយើងបានកាប់គេដោយពួកហោរា យើងបានសម្លាប់គេដោយពាក្យដែលចេញពីមាត់យើង ឯការវិនិច្ឆ័យរបស់យើង ចេញទៅដូចពន្លឺ។ ដ្បិតយើងចង់បានសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល មិនមែនយញ្ញបូជាទេ គឺចង់ឲ្យអ្នកស្គាល់ព្រះ ជាជាងការថ្វាយតង្វាយដុត។ ប៉ុន្តែ គេបានបំពានលើសេចក្ដីសញ្ញានៅក្រុងអ័ដាម គេបានក្បត់នឹងយើងក្នុងសេចក្ដីនោះឯង។ កាឡាតជាទីក្រុងរបស់ពួកប្រព្រឹត្តអំពើទុច្ចរិត គឺបានប្រឡាក់ដោយឈាមហើយ។ ពួកចោរឃ្លាំចាំប្លន់មនុស្សជាយ៉ាងណា ពួកសង្ឃក៏រួមគ្នាប្រព្រឹត្តបែបនោះដែរ គេកាប់សម្លាប់មនុស្សតាមផ្លូវទៅឯស៊ីគែម គេប្រព្រឹត្តអំពើដ៏អាក្រក់។ ពូជពង្សអ៊ីស្រាអែល យើងបានឃើញហេតុការណ៍អាក្រក់ក្រៃលែង គឺអំពើពេស្យាចាររបស់ពួកអេប្រាអិម ឯអ៊ីស្រាអែលទៅជាសៅហ្មងហើយ។ ដ្បិត ឱយូដាអើយ អ្នកក៏ដូច្នោះដែរ ចម្រូតមួយបានកំណត់ស្រេចហើយ គឺពេលដែលយើងនាំប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយមកវិញ។
ហូសេ 6:4-11 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
«អេប្រាអ៊ីមអើយ! តើឲ្យយើងជួយអ្នកដូចម្ដេចបាន? យូដាអើយ! តើឲ្យយើងជួយអ្នកដូចម្ដេចបាន បើចិត្តភក្ដីរបស់អ្នករាល់គ្នាមកលើយើង ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម និងទឹកសន្សើមនៅពេលព្រឹក ដែលបាត់ទៅវិញយ៉ាងឆាប់ៗដូច្នេះ! ហេតុនេះហើយបានជាយើងប្រើពួកព្យាការី ឲ្យទៅវាយអ្នករាល់គ្នា។ យើងប្រហារអ្នករាល់គ្នា ដោយពាក្យសម្ដីដែលយើងថ្លែងប្រាប់។ ការវិនិច្ឆ័យរបស់យើងមកដល់ដូចផ្លេកបន្ទោរ ដ្បិតយើងចង់បានតែចិត្តភក្ដីប៉ុណ្ណោះ គឺមិនចង់បានយញ្ញបូជាទេ យើងចង់ឲ្យអ្នករាល់គ្នាស្គាល់យើង ជាជាងយកតង្វាយដុតមកឲ្យយើង។ ផ្ទុយទៅវិញ អ្នករាល់គ្នារំលោភលើ សម្ពន្ធមេត្រី* ដូចអដាំ គឺអ្នករាល់គ្នាបានក្បត់យើង។ កាឡាដជាសំបុកជនឧក្រិដ្ឋ ដែលបង្ហូរឈាម។ ក្រុមបូជាចារ្យ*ប្រហារជីវិតមនុស្ស នៅតាមផ្លូវទៅស៊ីគែម ដូចពួកចោរលបចាំប្លន់មនុស្សដែរ ពួកគេប្រព្រឹត្តអំពើដ៏អាស្រូវបំផុត! ក្នុងចំណោមប្រជាជនអ៊ីស្រាអែល យើងបានឃើញហេតុការណ៍ដ៏គួរស្អប់ខ្ពើម គឺអំពើពេស្យាចាររបស់អេប្រាអ៊ីម បានធ្វើឲ្យអ៊ីស្រាអែលទៅជាសៅហ្មង។ យូដាអើយ អ្នកក៏ដូច្នោះដែរ យើងប្រុងប្រៀបវិនិច្ឆ័យទោសអ្នកហើយ។ លុះដល់ពេលយើងត្រូវនាំប្រជារាស្ត្រ របស់យើងដែលជាប់ជាឈ្លើយមកវិញ
ហូសេ 6:4-11 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឱអេប្រាអិមអើយ តើគួរឲ្យអញប្រោសដល់ឯងជាយ៉ាងណា ឱយូដាអើយ តើគួរឲ្យអញប្រោសដល់ឯងជាយ៉ាងណា ដ្បិតសេចក្ដីសប្បុរសរបស់ឯង នោះប្រៀបដូចជាពពកនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលបាត់ទៅយ៉ាងបន្ទាន់ ដោយហេតុនោះ អញបានកាប់គេ ដោយសារពួកហោរា ហើយបានសំឡាប់គេ ដោយពាក្យពីមាត់អញ ឯសេចក្ដីវិនិច្ឆ័យរបស់អញ នោះប្រៀបដូចជាពន្លឺដែលចាំងមក ដ្បិតអញពេញចិត្តចំពោះសេចក្ដីសប្បុរស មិនមែនចំពោះយញ្ញបូជាទេ ហើយពេញចិត្តចំពោះការស្គាល់ព្រះ ជាជាងការថ្វាយដង្វាយដុតទៅទៀត ប៉ុន្តែគេបានប្រព្រឹត្តដូចជាមនុស្សល្មើស គឺបានកន្លងនឹងសេចក្ដីសញ្ញា គេបានក្បត់នឹងអញ ក្នុងសេចក្ដីនោះឯង កាឡាតជាទីក្រុងរបស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គឺត្រូវប្រឡាក់ដោយឈាមហើយ ពួកចោរឃ្លាំចាំប្លន់មនុស្សជាយ៉ាងណា ពួកសង្ឃក៏កាប់សំឡាប់មនុស្សតាមផ្លូវទៅឯស៊ីគែមដូច្នោះដែរ អើ គេបានប្រព្រឹត្តបទដ៏អាក្រក់ណាស់ផង អញបានឃើញការយ៉ាងសំបើម នៅក្នុងពួកវង្សអ៊ីស្រាអែល គឺមានការកំផិតរបស់ពួកអេប្រាអិម ឯអ៊ីស្រាអែលក៏បានស្មោកគ្រោកដែរ មួយទៀត ឱយូដាអើយ មានការចំរូតដំរូវមកលើឯងដែរ ក្នុងកាលដែលអញនាំពួកឈ្លើយក្នុងរាស្ត្រអញឲ្យមកវិញ។