ហូសេ 6:1-6

ហូសេ 6:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​នាំ​គ្នា​មក យើង​វិល​ទៅ​រក​ព្រះ‌យេហូវ៉ា​វិញ ដ្បិត​ព្រះ‌អង្គ​បាន​ហែក‌ហួរ​ពួក​យើង ហើយ​ព្រះ‌អង្គ​ក៏​នឹង​ប្រោស​យើង​ឲ្យ​ជា ព្រះ‌អង្គ​បាន​វាយ​ឲ្យ​របួស ហើយ​ព្រះ‌អង្គ​ក៏​នឹង​រុំ​របួស​ឲ្យ​យើង​ដែរ។ នៅ​តែ​ពីរ​ថ្ងៃ​ទៀត ព្រះ‌អង្គ​នឹង​ប្រោស​ពួក​យើង​ឲ្យ​បាន​សះ​ស្បើយ នៅ​ថ្ងៃ​ទីបី ព្រះ‌អង្គ​នឹង​លើក​ពួក​យើង​ឡើង​វិញ ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ចំពោះ​ព្រះ‌អង្គ។ ត្រូវ​ឲ្យ​យើង​ស្គាល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​យើង​សង្វាត​នឹង​ស្គាល់​ព្រះ‌អង្គ ឯ​ដំណើរ​ដែល​ព្រះ‌អង្គ​យាង​ចេញ​មក គឺ​ពិត​ដូច​អរុណ​រះ ព្រះ‌អង្គ​នឹង​យាង​មក​រក​ពួក​យើង ដូច​ទឹក​ភ្លៀង គឺ​ដូច​ជា​ភ្លៀង​ចុង​រដូវ ដែល​តែង​តែ​ស្រោច‌ស្រព​ផែន‌ដី។ ឱ​អេប្រាអិម​អើយ តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​អ្នក​ដូច​ម្ដេច? ឱ​យូដា​អើយ តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​អ្នក​ដូច​ម្ដេច? ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​អ្នក ប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​បាត់​ទៅ​យ៉ាង​ឆាប់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​បាន​កាប់​គេ​ដោយ​ពួក​ហោរា យើង​បាន​សម្លាប់​គេ​ដោយ​ពាក្យ​ដែល​ចេញ​ពី​មាត់​យើង ឯ​ការ​វិនិច្ឆ័យ​របស់​យើង ចេញ​ទៅ​ដូច​ពន្លឺ។ ដ្បិត​យើង​ចង់​បាន​សេចក្ដី​ស្រឡាញ់​ដែល​ឥត​ប្រែ​ប្រួល មិន​មែន​យញ្ញ‌បូជា​ទេ គឺ​ចង់​ឲ្យ​អ្នក​ស្គាល់​ព្រះ ជា​ជាង​ការ​ថ្វាយ​តង្វាយ​ដុត។

ចែក​រំលែក
អាន ហូសេ 6

ហូសេ 6:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​រាល់​គ្នា​ពោល​ថា “ចូរ​នាំ​គ្នា​មក! ពួក​យើង​វិល​ទៅ​រក​ព្រះ‌អម្ចាស់​វិញ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​យើង​របួស ព្រះអង្គ​ក៏​នឹង​ប្រោស​ពួក​យើង​ឲ្យ​ជា​វិញ ព្រះអង្គ​បាន​ប្រហារ​ពួក​យើង ព្រះអង្គ​ក៏​នឹង​រុំ​របួស​ឲ្យ​ពួក​យើង​ដែរ។ ពីរ​ថ្ងៃ​ទៀត ព្រះអង្គ​នឹង​ប្រទាន​ជីវិត មក​ពួក​យើង​វិញ។ នៅ​ថ្ងៃ​ទី​បី ព្រះអង្គ​នឹង​លើក​ពួក​យើង​ឡើង​វិញ ហើយ​ពួក​យើង​នឹង​រស់​នៅ​ជា​មួយ​ព្រះអង្គ។ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្គាល់​ព្រះ‌អម្ចាស់ ឲ្យ​បាន​ច្បាស់ ព្រះអង្គ​ប្រាកដ​ជា​យាង​មក​ជួយ​ពួក​យើង គឺ​ពិត​ដូច​ថ្ងៃ​រះ។ ព្រះអង្គ​នឹង​យាង​មក​ប្រោស​ពួក​យើង ដូច​ភ្លៀង​ធ្លាក់​ស្រោច​ស្រព​ផែនដី តាម​រដូវ​កាល”។ «អេប្រាអ៊ីម​អើយ! តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន? យូដា​អើយ! តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន បើ​ចិត្ត​ភក្ដី​របស់​អ្នក​រាល់​គ្នា​មក​លើ​យើង ប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម និង​ទឹក​សន្សើម​នៅ​ពេល​ព្រឹក ដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗ​ដូច្នេះ! ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រើ​ពួក​ព្យាការី ឲ្យ​ទៅ​វាយ​អ្នក​រាល់​គ្នា។ យើង​ប្រហារ​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សម្ដី​ដែល​យើង​ថ្លែង​ប្រាប់។ ការ​វិនិច្ឆ័យ​របស់​យើងមក​ដល់​ដូច​ផ្លេក​បន្ទោរ ដ្បិត​យើង​ចង់​បាន​តែ​ចិត្ត​ភក្ដី​ប៉ុណ្ណោះ គឺ​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​យើង ជា​ជាង​យក​តង្វាយ​ដុត​មក​ឲ្យ​យើង។

ចែក​រំលែក
អាន ហូសេ 6

ហូសេ 6:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​មក យើង​វិល​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ទ្រង់​បាន​ហែក‌ហួរ​យើង​ហើយ ទ្រង់​ក៏​នឹង​ប្រោស​ឲ្យ​ជា​ផង ទ្រង់​បាន​វាយ​ឲ្យ​របួស ហើយ​ទ្រង់​នឹង​រុំ​បិទ​វិញ នៅ​តែ​២​ថ្ងៃ នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ហើយ លុះ​ដល់​ថ្ងៃ​ទី​៣ ទ្រង់​នឹង​ឲ្យ​យើង​ក្រោក​ឡើង នោះ​យើង​នឹង​រស់​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ទ្រង់ ចូរ​ឲ្យ​យើង​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​ចុះ ហើយ​មាន​ព្យាយាម​នឹង​ស្គាល់​ទ្រង់​ត​ទៅ ឯ​ដំណើរ​ដែល​ទ្រង់​យាង​ចេញ​មក នោះ​ទៀង​ដូច​ជា​អរុណរៈ ហើយ​ទ្រង់​នឹង​យាង​មក​ឯ​យើង​រាល់​គ្នា ដូច​ជា​ទឹក​ភ្លៀង គឺ​ដូច​ជា​ភ្លៀង​ចុង​រដូវ ដែល​តែង‌តែ​ស្រោច‌ស្រព​ផែនដី។ ឱ​អេប្រា‌អិម​អើយ តើ​គួរ​ឲ្យ​អញ​ប្រោស​ដល់​ឯង​ជា​យ៉ាង​ណា ឱ​យូដា​អើយ តើ​គួរ​ឲ្យ​អញ​ប្រោស​ដល់​ឯង​ជា​យ៉ាង​ណា ដ្បិត​សេចក្ដី​សប្បុរស​របស់​ឯង នោះ​ប្រៀប​ដូច​ជា​ពពក​នៅ​ពេល​ព្រលឹម ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​បាត់​ទៅ​យ៉ាង​បន្ទាន់ ដោយ​ហេតុ​នោះ អញ​បាន​កាប់​គេ ដោយ‌សារ​ពួក​ហោរា ហើយ​បាន​សំឡាប់​គេ ដោយ​ពាក្យ​ពី​មាត់​អញ ឯ​សេចក្ដី​វិនិច្ឆ័យ​របស់​អញ នោះ​ប្រៀប​ដូច​ជា​ពន្លឺ​ដែល​ចាំង​មក ដ្បិត​អញ​ពេញ​ចិត្ត​ចំពោះ​សេចក្ដី​សប្បុរស មិន​មែន​ចំពោះ​យញ្ញ‌បូជា​ទេ ហើយ​ពេញ​ចិត្ត​ចំពោះ​ការ​ស្គាល់​ព្រះ ជា​ជាង​ការ​ថ្វាយ​ដង្វាយ​ដុត​ទៅ​ទៀត

ចែក​រំលែក
អាន ហូសេ 6