ហូសេ 4:1-5 - Compare All Versions
ហូសេ 4:1-5 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាមានរឿងទាស់នឹងពួកអ្នកស្រុកនេះ ដ្បិតគ្មានសេចក្ដីស្មោះត្រង់ គ្មានភក្ដីភាព ហើយក៏គ្មានអ្នកណាស្គាល់ព្រះ នៅក្នុងស្រុកនេះឡើយ ផ្ទុយទៅវិញ មានតែការប្រទេចផ្ដាសា ភូតកុហក កាប់សម្លាប់ លួចប្លន់ ហើយប្រព្រឹត្តអំពើផិតក្បត់ គេរឹបជាន់ ហើយកម្ចាយឈាមជាបន្តបន្ទាប់។ ហេតុនេះ ស្រុកនេះនឹងត្រូវសោយសោក ហើយអស់អ្នកដែលនៅក្នុងស្រុក គេនឹងល្វើយទៅ ព្រមទាំងសត្វព្រៃ និងសត្វហើរលើអាកាសផង សូម្បីតែត្រីនៅសមុទ្រក៏ត្រូវដកចេញដែរ។ ប៉ុន្តែ មិនត្រូវឲ្យអ្នកណាជំទាស់ ឬស្តីបន្ទោសគ្នាឡើយ ដ្បិត ឱសង្ឃអើយ យើងជំទាស់នឹងអ្នកតែប៉ុណ្ណោះ។ អ្នកនឹងត្រូវជំពប់ដួលនៅពេលថ្ងៃ ហោរាក៏នឹងជំពប់ដួលជាមួយអ្នក នៅពេលយប់ដែរ យើងនឹងបំផ្លាញម្តាយរបស់អ្នក។
ហូសេ 4:1-5 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ជនជាតិអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់កំពុងតែប្ដឹងនឹងអ្នកស្រុកនេះ ដ្បិតនៅក្នុងស្រុកនេះ គ្មានការស្មោះត្រង់ គ្មានភក្ដីភាព ហើយក៏គ្មាននរណាស្គាល់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នា ការបោកប្រាស់គ្នា សម្លាប់គ្នា អំពើចោរកម្ម និងការផិតក្បត់ ពួកគេប្រព្រឹត្តអំពើឃោរឃៅ និងឃាតកម្ម ជាបន្តបន្ទាប់គ្នា។ ហេតុនេះ ស្រុករបស់ពួកគេនឹងរាំងស្ងួត អស់អ្នកដែលរស់នៅក្នុងស្រុក ព្រមទាំង សត្វព្រៃ និងបក្សាបក្សី ធ្លាក់ទន់ខ្សោយ សូម្បីតែត្រីនៅក្នុងសមុទ្រក៏ត្រូវវិនាសសូន្យ ជាមួយពួកគេដែរ។ ប៉ុន្តែ បូជាចារ្យអើយ មិនត្រូវឲ្យនរណាជំទាស់ ឬស្ដីបន្ទោសប្រជាជនឡើយ ដ្បិតយើងចោទប្រកាន់តែអ្នក។ នៅពេលថ្ងៃ អ្នកនឹងជំពប់ដួល នៅពេលយប់ ព្យាការីជំពប់ដួលជាមួយអ្នក ហើយយើងនឹងធ្វើឲ្យម្ដាយរបស់អ្នក ត្រូវវិនាសដែរ។
ហូសេ 4:1-5 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានរឿងនឹងពួកអ្នកស្រុកនេះ ពីព្រោះគ្មានសេចក្ដីពិត ឬសេចក្ដីសប្បុរស ក៏ឥតមានអ្នកណាស្គាល់ព្រះ នៅក្នុងស្រុកនេះឡើយ មានសុទ្ធតែការប្រទេចផ្តាសា ភូតកុហក កាប់សំឡាប់ លួចប្លន់ ហើយផិតគ្នាទទេ គេរឹបជាន់ ហើយកំចាយឈាមតៗគ្នា ហេតុនោះ ស្រុកនេះនឹងត្រូវសោយសោក ហើយអស់អ្នកដែលនៅក្នុងស្រុក គេនឹងល្វើយទៅ ព្រមទាំងសត្វនៅដី នឹងសត្វហើរលើអាកាសផង អើ ទាំងត្រីនៅសមុទ្រក៏ត្រូវដកចេញដែរ ប៉ុន្តែមិនត្រូវឲ្យអ្នកណាតតាំង ឬស្តីបន្ទោសអ្នកណាឡើយ ដ្បិតជនជាតិឯងប្រៀបដូចជាមនុស្សដែលតតាំងនឹងសង្ឃ ហេតុនោះ ឯងនឹងត្រូវចំពប់ទាំងថ្ងៃ ហើយហោរានឹងចំពប់ជាមួយនឹងឯង នៅពេលយប់ដែរ អញនឹងបំផ្លាញទាំងម្តាយឯងផង។