ហូសេ 2:5-16 - Compare All Versions
ហូសេ 2:5-16 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ម្តាយរបស់គេបានធ្វើជាស្ត្រីពេស្យា គឺអ្នកដែលបានពរពោះគេ បានប្រព្រឹត្តអំពើដ៏អាម៉ាស់ ដ្បិតនាងបានពោលថា "ខ្ញុំនឹងទៅតាមគូស្នេហ៍របស់ខ្ញុំ ព្រោះគេបានឲ្យនំបុ័ង ឲ្យទឹកមកខ្ញុំ គេឲ្យរោមចៀម ខ្លូតទេស ប្រេង និងស្រាមកខ្ញុំទៀតផង"។ ដូច្នេះ យើងនឹងស្រាស់ផ្លូវនាង ដោយបន្លា ហើយសង់កំផែងទាស់នឹងនាង ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀត។ នាងនឹងរត់តាមគូស្នេហ៍របស់នាង តែតាមគេមិនទាន់ឡើយ នាងនឹងស្វែងរកគេ តែនឹងមិនប្រទះសោះ ពេលនោះ នាងនឹងពោលថា "ខ្ញុំនឹងវិលទៅរកប្តីដើមខ្ញុំវិញ ដ្បិតនៅគ្រានោះ ខ្ញុំបានប្រសើរជាងសព្វថ្ងៃនេះ"។ នាងមិនបានដឹងថា គឺយើងនេះហើយដែលបានផ្ដល់ស្រូវ ស្រាថ្មី និងប្រេងដល់នាង ហើយក៏បានផ្ដល់ប្រាក់ និងមាសជាច្រើនដល់នាង តែនាងបែរជាយករបស់ទាំងនោះ ទៅថ្វាយព្រះបាលទៅវិញ។ ដូច្នេះ យើងនឹងដកយកស្រូវរបស់យើងនៅរដូវចម្រូត យើងនឹងដកស្រាថ្មីរបស់យើងវិញ នៅរដូវបេះផ្លែទំពាំងបាយជូរ យើងក៏នឹងដកយករោមចៀម និងខ្លូតទេសរបស់យើង ដែលសម្រាប់បិទបាំងភាពអាក្រាតរបស់នាងមកវិញដែរ។ ឥឡូវនេះ យើងនឹងបើកកេរខ្មាសរបស់នាង នៅមុខគូស្នេហ៍របស់នាង គ្មានអ្នកណាអាចដោះនាងចេញពីដៃយើងបានឡើយ។ យើងនឹងធ្វើឲ្យនាងបាត់បង់សំណើចក្អាកក្អាយ ពិធីបុណ្យផ្សេងៗ បុណ្យចូលខែ បុណ្យថ្ងៃសប្ប័ទ និងបុណ្យដែលបានកំណត់ទាំងប៉ុន្មានរបស់នាង។ យើងនឹងបំផ្លាញដើមទំពាំងបាយជូរ និងដើមល្វារបស់នាង ដែលនាងធ្លាប់ពោលថា "ចម្ការទាំងនេះជាឈ្នួលដែលគូស្នេហ៍របស់ខ្ញុំបានឲ្យ"។ យើងនឹងធ្វើឲ្យចម្ការទាំងនោះត្រឡប់ទៅជាព្រៃ ហើយសត្វព្រៃនឹងស៊ីបង្ហិនអស់។ យើងនឹងដាក់ទោសនាងសម្រាប់អស់ទាំងថ្ងៃ ដែលនាងបានដុតកំញានថ្វាយព្រះបាល គឺពេលដែលនាងបានតែងខ្លួន ដោយទំហូ និងគ្រឿងលម្អផ្សេងៗរបស់នាង ហើយរត់តាមគូស្នេហ៍របស់នាង រួចបំភ្លេចយើងចោល នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ដោយហេតុនោះ មើល៍ យើងនឹងប្រលោមនាង នាំនាងទៅឯទីរហោស្ថាន ហើយនិយាយលួងលោមចិត្តនាង។ នៅទីនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរ របស់នាងឲ្យនាងវិញ ហើយធ្វើឲ្យជ្រលងភ្នំអាកោរ ក្លាយជាទ្វារនៃសេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានៅពីក្មេង គឺដូចគ្រាដែលនាងបានចេញពីស្រុកអេស៊ីព្ទ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅថ្ងៃនោះ នាងនឹងហៅយើងថា "លោកប្តី" គឺនាងនឹងលែងហៅយើងថា "លោកម្ចាស់" ទៀតហើយ។
ហូសេ 2:5-16 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ម្ដាយរបស់ពួកគេជាស្រីពេស្យា ស្រីដែលពរផ្ទៃពួកគេ បានប្រព្រឹត្តអំពើដ៏អាម៉ាស់ នាងពោលថា ខ្ញុំនឹងរត់តាមគូស្នេហ៍របស់ខ្ញុំ ព្រោះអ្នកទាំងនោះឲ្យខ្ញុំមានបាយទឹក រោមចៀម និងក្រណាត់ទេសឯក សម្រាប់បិទបាំងកាយ ព្រមទាំងប្រេង និងស្រាផង។ ហេតុនេះហើយបានជាយើងយកបន្លា មកស្រះផ្លូវរបស់នាង យើងដាក់របងឃាំងនាង ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀតឡើយ។ នាងខំរត់តាមគូស្នេហ៍របស់នាង តែតាមពួកគេមិនទាន់ទេ នាងខំដើររកពួកគេ តែរកមិនឃើញឡើយ។ នាងក៏ពោលថា: បើដូច្នេះ ខ្ញុំនឹងវិលទៅរកប្ដីដើមវិញ ដ្បិតពីមុន ខ្ញុំសប្បាយចិត្តជាងសព្វថ្ងៃនេះ។ នាងពុំបានយល់ថា គឺយើងឯណេះទេ ដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាង យើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរ តែនាង បែរជាយករបស់ទាំងនោះសែន ព្រះបាលទៅវិញ។ ហេតុនេះបានជាយើងនឹងវិលមកយក ស្រូវរបស់យើងវិញ នៅរដូវចម្រូត យើងនឹងយកស្រាថ្មីរបស់យើងវិញ នៅរដូវបេះផ្លែទំពាំងបាយជូរ យើងក៏នឹងយករោមចៀម និងក្រណាត់ទេសឯក សម្រាប់បិទបាំងកាយនាងទៅវិញដែរ។ ឥឡូវនេះ យើងបើកកេរខ្មាសនាង នៅចំពោះមុខគូស្នេហ៍របស់នាង គ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។ យើងធ្វើឲ្យនាងបាត់បង់ ការសប្បាយទាំងប៉ុន្មាន ហើយពិធីបុណ្យនានា បុណ្យចូលខែថ្មី បុណ្យសប្ប័ទ* និងបុណ្យដ៏សំខាន់ទាំងប៉ុន្មាន ក៏លែងមានទៀតដែរ។ យើងនឹងបំផ្លាញចម្ការទំពាំងបាយជូរ និងចម្ការឧទុម្ពររបស់នាង ព្រោះនាងពោលថា ចម្ការទាំងនោះ ជាកម្រៃដែលគូស្នេហ៍បានប្រគល់ឲ្យ។ យើងធ្វើឲ្យចម្ការទាំងនោះក្លាយទៅជាព្រៃ ហើយត្រូវសត្វព្រៃមកស៊ីបង្ហិន។ យើងដាក់ទោសនាង តាមចំនួនថ្ងៃ ដែលនាងបានដុតគ្រឿងក្រអូបសែន ព្រះបាលទាំងឡាយ នាងបានតុបតែងខ្លួនពាក់ក្រវិល ពាក់ខ្សែក រត់តាមគូស្នេហ៍របស់នាង។ រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ហេតុនេះយើងនឹងទាក់ទាញចិត្តនាង ដោយនាំនាងទៅវាលរហោស្ថាន យើងនឹងនិយាយលួងលោមចិត្តនាង។ ពេលនោះ យើងនឹងប្រគល់ចម្ការ ទំពាំងបាយជូរឲ្យនាងវិញ។ ជ្រលងភ្នំអាកោរនឹងក្លាយទៅជាទ្វារ នាំនាងទៅរកសេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានាងនៅពីក្មេង គឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។ នៅថ្ងៃនោះ នាងនឹងហៅយើងថា “ស្វាមី” គឺនាងលែងហៅយើងថា “ព្រះម្ចាស់នាងខ្ញុំ!”ទៀតហើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ហូសេ 2:5-16 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ដ្បិតម្តាយវាបានប្រព្រឹត្តការកំផិត គឺអ្នកដែលបានឲ្យវាកើតឡើង បានប្រព្រឹត្តអំពើគួរខ្មាសហើយ ដ្បិតនាងបានថា អញនឹងទៅតាមពួកសហាយអញ ជាអ្នកដែលតែងឲ្យនំបុ័ងនឹងទឹកមកអញ ព្រមទាំងរោមចៀម ខ្លូតទេស ប្រេង នឹងគ្រឿងផឹកផង ដូច្នេះ មើល អញនឹងស្រាស់ផ្លូវនាងដោយបន្លា ហើយធ្វើកំផែងផង ដើម្បីមិនឲ្យនាងស្គាល់ផ្លូវខ្លួនទៀត នាងនឹងទៅតាមពួកសហាយរបស់ខ្លួន តែនឹងមិនទាន់ឡើយ នាងនឹងស្វែងរកគេ តែនឹងមិនប្រទះសោះ នោះនាងនឹងសំរេចថា អញនឹងវិលទៅឯប្ដីដើមវិញ ដ្បិតនៅគ្រាមុននោះ អញបានស្រួលជាងសព្វថ្ងៃនេះ។ នាងមិនបានដឹងថា គឺអញនេះដែលតែងតែឲ្យស្រូវ ទឹកទំពាំងបាយជូរ នឹងប្រេងដល់នាង ព្រមទាំងចំរើនប្រាក់ នឹងមាសដល់នាង ដែលគេបានប្រើសំរាប់គោរពដល់ព្រះបាលនោះផងទេ ដូច្នេះ អញនឹងដកយកស្រូវរបស់អញនៅរដូវចំរូត នឹងទឹកទំពាំងបាយជូររបស់អញមកវិញ នៅក្នុងរដូវបេះផ្លែ ហើយអញនឹងកញ្ឆក់យករោមចៀម នឹងខ្លូតទេសរបស់អញ ដែលសំរាប់ហ៊ុំហកេរខ្មាសនាងមកវិញដែរ ឥឡូវនេះអញនឹងបើកសេចក្ដីអាម៉ាស់ខ្មាសនាងឲ្យពួកសហាយនាងបានឃើញ ឥតមានអ្នកណាដោះនាងឲ្យរួចពីកណ្តាប់ដៃអញបានឡើយ ក៏នឹងបំបាត់សណ្ឋានរីករាយរបស់នាង ព្រមទាំងបុណ្យសម្ពោទ្យ បុណ្យថ្ងៃចូលខែ ថ្ងៃឈប់សំរាក ហើយអស់ទាំងជំនុំមុតមាំរបស់នាងផង អញនឹងបំផ្លាញដើមទំពាំងបាយជូរ នឹងដើមល្វារបស់នាង ដែលនាងធ្លាប់ពោលថា របស់ទាំងនេះជាឈ្នួលដែលសហាយនាងបានឲ្យ តែអញនឹងធ្វើឲ្យត្រឡប់ទៅជាព្រៃវិញ ឯសត្វព្រៃនឹងស៊ីអស់ទៅ អញនឹងទំលាក់អស់ទាំងថ្ងៃ ដែលនាងបានដុតកំញានថ្វាយដល់ព្រះបាលទៅលើនាងវិញ គឺជាពេលដែលនាងបានធ្លាប់តែងខ្លួន ដោយទំហូ នឹងគ្រឿងលំអរផ្សេងៗរបស់នាង ទៅតាមសហាយទាំងភ្លេចអញផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ដោយហេតុនោះ មើល អញនឹងប្រលោមនាំនាងទៅឯទីរហោស្ថាន ហើយនិយាយសំរបចិត្តនាង នៅទីនោះ អញនឹងប្រគល់ចំការទំពាំងបាយជូររបស់នាងដល់នាងវិញ ព្រមទាំងច្រកភ្នំអាកោរ ទុកជាទ្វារនៃទីសង្ឃឹម ហើយនៅទីនោះនាងនឹងឆ្លើយតបដល់អញ ដូចកាលនៅវ័យក្មេង នឹងដូចនៅថ្ងៃដែលឡើងចេញពីស្រុកអេស៊ីព្ទមក ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះនាងនឹងហៅអញថា «អ្នកប្ដី»អើយ មិនមែនហៅថា «លោកម្ចាស់»ទៀតឡើយ