ហូសេ 2:2-23
ហូសេ 2:2-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរចោទប្រកាន់ម្តាយរបស់ឯង ចូរចោទប្រកាន់ទៅ ដ្បិតនាងមិនមែនជាប្រពន្ធយើងទេ យើងក៏មិនមែនជាប្តីរបស់នាងដែរ ចូរឲ្យនាងលះចោលអំពើពេស្យាចារពីមុខនាងចេញ ហើយអំពើផិតក្បត់ពីកណ្ដាលទ្រូងនាងចេញទៅ ពុំនោះទេ យើងនឹងសម្រាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យនាងត្រឡប់ដូចជាថ្ងៃដែលកើតមក ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ក៏នឹងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។ យើងនឹងមិនអាណិតមេត្តាដល់កូនរបស់នាងទេ ព្រោះគេសុទ្ធតែជាកូននៃអំពើពេស្យាចារ។ ម្តាយរបស់គេបានធ្វើជាស្ត្រីពេស្យា គឺអ្នកដែលបានពរពោះគេ បានប្រព្រឹត្តអំពើដ៏អាម៉ាស់ ដ្បិតនាងបានពោលថា "ខ្ញុំនឹងទៅតាមគូស្នេហ៍របស់ខ្ញុំ ព្រោះគេបានឲ្យនំបុ័ង ឲ្យទឹកមកខ្ញុំ គេឲ្យរោមចៀម ខ្លូតទេស ប្រេង និងស្រាមកខ្ញុំទៀតផង"។ ដូច្នេះ យើងនឹងស្រាស់ផ្លូវនាង ដោយបន្លា ហើយសង់កំផែងទាស់នឹងនាង ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀត។ នាងនឹងរត់តាមគូស្នេហ៍របស់នាង តែតាមគេមិនទាន់ឡើយ នាងនឹងស្វែងរកគេ តែនឹងមិនប្រទះសោះ ពេលនោះ នាងនឹងពោលថា "ខ្ញុំនឹងវិលទៅរកប្តីដើមខ្ញុំវិញ ដ្បិតនៅគ្រានោះ ខ្ញុំបានប្រសើរជាងសព្វថ្ងៃនេះ"។ នាងមិនបានដឹងថា គឺយើងនេះហើយដែលបានផ្ដល់ស្រូវ ស្រាថ្មី និងប្រេងដល់នាង ហើយក៏បានផ្ដល់ប្រាក់ និងមាសជាច្រើនដល់នាង តែនាងបែរជាយករបស់ទាំងនោះ ទៅថ្វាយព្រះបាលទៅវិញ។ ដូច្នេះ យើងនឹងដកយកស្រូវរបស់យើងនៅរដូវចម្រូត យើងនឹងដកស្រាថ្មីរបស់យើងវិញ នៅរដូវបេះផ្លែទំពាំងបាយជូរ យើងក៏នឹងដកយករោមចៀម និងខ្លូតទេសរបស់យើង ដែលសម្រាប់បិទបាំងភាពអាក្រាតរបស់នាងមកវិញដែរ។ ឥឡូវនេះ យើងនឹងបើកកេរខ្មាសរបស់នាង នៅមុខគូស្នេហ៍របស់នាង គ្មានអ្នកណាអាចដោះនាងចេញពីដៃយើងបានឡើយ។ យើងនឹងធ្វើឲ្យនាងបាត់បង់សំណើចក្អាកក្អាយ ពិធីបុណ្យផ្សេងៗ បុណ្យចូលខែ បុណ្យថ្ងៃសប្ប័ទ និងបុណ្យដែលបានកំណត់ទាំងប៉ុន្មានរបស់នាង។ យើងនឹងបំផ្លាញដើមទំពាំងបាយជូរ និងដើមល្វារបស់នាង ដែលនាងធ្លាប់ពោលថា "ចម្ការទាំងនេះជាឈ្នួលដែលគូស្នេហ៍របស់ខ្ញុំបានឲ្យ"។ យើងនឹងធ្វើឲ្យចម្ការទាំងនោះត្រឡប់ទៅជាព្រៃ ហើយសត្វព្រៃនឹងស៊ីបង្ហិនអស់។ យើងនឹងដាក់ទោសនាងសម្រាប់អស់ទាំងថ្ងៃ ដែលនាងបានដុតកំញានថ្វាយព្រះបាល គឺពេលដែលនាងបានតែងខ្លួន ដោយទំហូ និងគ្រឿងលម្អផ្សេងៗរបស់នាង ហើយរត់តាមគូស្នេហ៍របស់នាង រួចបំភ្លេចយើងចោល នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ដោយហេតុនោះ មើល៍ យើងនឹងប្រលោមនាង នាំនាងទៅឯទីរហោស្ថាន ហើយនិយាយលួងលោមចិត្តនាង។ នៅទីនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរ របស់នាងឲ្យនាងវិញ ហើយធ្វើឲ្យជ្រលងភ្នំអាកោរ ក្លាយជាទ្វារនៃសេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានៅពីក្មេង គឺដូចគ្រាដែលនាងបានចេញពីស្រុកអេស៊ីព្ទ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅថ្ងៃនោះ នាងនឹងហៅយើងថា "លោកប្តី" គឺនាងនឹងលែងហៅយើងថា "លោកម្ចាស់" ទៀតហើយ។ ដ្បិតយើងនឹងដកឈ្មោះព្រះបាលទាំងនោះចេញពីមាត់នាង គឺគេនឹងលែងនឹកនាពីឈ្មោះទាំងនោះទៀត។ នៅថ្ងៃនោះ យើងក៏នឹងតាំងសញ្ញាមួយឲ្យគេ ជាមួយសត្វព្រៃ សត្វហើរលើអាកាស និងសត្វលូនវារលើដី។ យើងនឹងបំបាត់ធ្នូ ដាវ និងសង្គ្រាមចេញពីស្រុក ហើយយើងនឹងធ្វើឲ្យអ្នកដេកយ៉ាងសុខសាន្ត។ យើងនឹងដណ្តឹងនាងទុកសម្រាប់យើងជាដរាបតរៀងទៅ គឺយើងនឹងដណ្តឹងនាងសម្រាប់យើង ដោយសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ដោយសេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណា។ យើងនឹងដណ្តឹងនាងទុកសម្រាប់យើង ដោយសេចក្ដីស្មោះត្រង់ ហើយនាងនឹងស្គាល់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅថ្ងៃនោះ យើងនឹងឆ្លើយតប គឺយើងនឹងឆ្លើយតបដល់ផ្ទៃមេឃ ហើយផ្ទៃមេឃនឹងឆ្លើយតបដល់ផែនដី ឯផែនដីនឹងឆ្លើយតបដល់ស្រូវ ស្រាថ្មី និងប្រេង ហើយរបស់ទាំងនោះនឹងឆ្លើយតបដល់យេសរាល ។ យើងនឹងសាបព្រោះពូជគេនៅលើផែនដីសម្រាប់យើង យើងនឹងអាណិតមេត្តាដល់ឡូ-រូហាម៉ា ហើយនឹងនិយាយទៅឡូ-អាំមី ថា "អ្នកជាប្រជារាស្ត្ររបស់យើង" រួចគេនឹងពោលថា "ព្រះអង្គជាព្រះនៃទូលបង្គំ"។
ហូសេ 2:2-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរចោទប្រកាន់ម្ដាយរបស់អ្នករាល់គ្នាទៅ ដ្បិតនាងមិនមែនជាភរិយារបស់យើងទៀតទេ ហើយយើងក៏មិនមែនជាប្ដីរបស់នាងទៀតដែរ! ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីពេស្យា ចេញពីមុខរបស់ខ្លួន ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីក្បត់ប្ដី ចេញពីដើមទ្រូងរបស់ខ្លួនទៅ! បើមិនដូច្នោះទេ យើងនឹងយកសម្លៀកបំពាក់ចេញពីនាង ទុកឲ្យខ្លួននៅទទេ ដូចថ្ងៃដែលនាងទើបនឹងកើត យើងធ្វើឲ្យនាងប្រៀបបាននឹងវាលរហោស្ថាន។ យើងធ្វើឲ្យនាងក្លាយដូចជាដីហួតហែង យើងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។ យើងនឹងមិនអាណិតអាសូរកូនរបស់នាងទេ ព្រោះកូនទាំងនេះសុទ្ធតែជាកូនដែលកើតពី អំពើពេស្យាចារ។ ម្ដាយរបស់ពួកគេជាស្រីពេស្យា ស្រីដែលពរផ្ទៃពួកគេ បានប្រព្រឹត្តអំពើដ៏អាម៉ាស់ នាងពោលថា ខ្ញុំនឹងរត់តាមគូស្នេហ៍របស់ខ្ញុំ ព្រោះអ្នកទាំងនោះឲ្យខ្ញុំមានបាយទឹក រោមចៀម និងក្រណាត់ទេសឯក សម្រាប់បិទបាំងកាយ ព្រមទាំងប្រេង និងស្រាផង។ ហេតុនេះហើយបានជាយើងយកបន្លា មកស្រះផ្លូវរបស់នាង យើងដាក់របងឃាំងនាង ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀតឡើយ។ នាងខំរត់តាមគូស្នេហ៍របស់នាង តែតាមពួកគេមិនទាន់ទេ នាងខំដើររកពួកគេ តែរកមិនឃើញឡើយ។ នាងក៏ពោលថា: បើដូច្នេះ ខ្ញុំនឹងវិលទៅរកប្ដីដើមវិញ ដ្បិតពីមុន ខ្ញុំសប្បាយចិត្តជាងសព្វថ្ងៃនេះ។ នាងពុំបានយល់ថា គឺយើងឯណេះទេ ដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាង យើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរ តែនាង បែរជាយករបស់ទាំងនោះសែន ព្រះបាលទៅវិញ។ ហេតុនេះបានជាយើងនឹងវិលមកយក ស្រូវរបស់យើងវិញ នៅរដូវចម្រូត យើងនឹងយកស្រាថ្មីរបស់យើងវិញ នៅរដូវបេះផ្លែទំពាំងបាយជូរ យើងក៏នឹងយករោមចៀម និងក្រណាត់ទេសឯក សម្រាប់បិទបាំងកាយនាងទៅវិញដែរ។ ឥឡូវនេះ យើងបើកកេរខ្មាសនាង នៅចំពោះមុខគូស្នេហ៍របស់នាង គ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។ យើងធ្វើឲ្យនាងបាត់បង់ ការសប្បាយទាំងប៉ុន្មាន ហើយពិធីបុណ្យនានា បុណ្យចូលខែថ្មី បុណ្យសប្ប័ទ* និងបុណ្យដ៏សំខាន់ទាំងប៉ុន្មាន ក៏លែងមានទៀតដែរ។ យើងនឹងបំផ្លាញចម្ការទំពាំងបាយជូរ និងចម្ការឧទុម្ពររបស់នាង ព្រោះនាងពោលថា ចម្ការទាំងនោះ ជាកម្រៃដែលគូស្នេហ៍បានប្រគល់ឲ្យ។ យើងធ្វើឲ្យចម្ការទាំងនោះក្លាយទៅជាព្រៃ ហើយត្រូវសត្វព្រៃមកស៊ីបង្ហិន។ យើងដាក់ទោសនាង តាមចំនួនថ្ងៃ ដែលនាងបានដុតគ្រឿងក្រអូបសែន ព្រះបាលទាំងឡាយ នាងបានតុបតែងខ្លួនពាក់ក្រវិល ពាក់ខ្សែក រត់តាមគូស្នេហ៍របស់នាង។ រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ហេតុនេះយើងនឹងទាក់ទាញចិត្តនាង ដោយនាំនាងទៅវាលរហោស្ថាន យើងនឹងនិយាយលួងលោមចិត្តនាង។ ពេលនោះ យើងនឹងប្រគល់ចម្ការ ទំពាំងបាយជូរឲ្យនាងវិញ។ ជ្រលងភ្នំអាកោរនឹងក្លាយទៅជាទ្វារ នាំនាងទៅរកសេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានាងនៅពីក្មេង គឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។ នៅថ្ងៃនោះ នាងនឹងហៅយើងថា “ស្វាមី” គឺនាងលែងហៅយើងថា “ព្រះម្ចាស់នាងខ្ញុំ!”ទៀតហើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងឲ្យនាងលែងបញ្ចេញ ឈ្មោះព្រះបាលទាំងនោះទៀត គឺគេលែងរំឭកឈ្មោះទាំងនេះទៀតហើយ។ នៅថ្ងៃនោះ យើងនឹងចងសម្ពន្ធមេត្រី ជាមួយសត្វព្រៃ បក្សាបក្សី និងសត្វលូនវារ ដើម្បីជាប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើង យើងនឹងកាច់បំបាក់ធ្នូ និងដាវ មិនឲ្យមានសង្គ្រាមក្នុងស្រុកទៀតទេ គឺយើងនឹងឲ្យពួកគេដេកយ៉ាងសុខស្រួល។ យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ជាដរាបតរៀងទៅ យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ដោយសុចរិត និងយុត្តិធម៌ ដោយភក្ដីភាព និងអាណិតអាសូរ។ យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ដោយចិត្តស្មោះស្ម័គ្រ ហើយនាងនឹងទទួលស្គាល់ព្រះអម្ចាស់។ នៅថ្ងៃនោះ យើងនឹងឆ្លើយតប ពាក្យអង្វររបស់ពួកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងធ្វើឲ្យមេឃបង្អុរភ្លៀង យើងនឹងធ្វើឲ្យដីបង្កើតផល តាមសេចក្ដីត្រូវការ។ ផែនដីនឹងធ្វើឲ្យមានស្រូវ ព្រមទាំងស្រាទំពាំងបាយជូរថ្មី និងប្រេង តាមសេចក្ដីត្រូវការរបស់វាលយេសរាល។ យើងនឹងព្រោះពូជទុកសម្រាប់យើងនៅក្នុងស្រុក។ យើងនឹងស្រឡាញ់ឡូរូហាម៉ា យើងនឹងហៅឡូអាំមីថា “ប្រជារាស្ដ្ររបស់យើង” ហើយគេនឹងពោលមកយើងថា “ព្រះនៃទូលបង្គំ!”។
ហូសេ 2:2-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរស្តីប្រដៅដល់ម្តាយឯង ចូរស្តីប្រដៅចុះ ដ្បិតនាងមិនមែនជាប្រពន្ធអញទេ អញក៏មិនមែនជាប្ដីនាងដែរ ត្រូវឲ្យនាងលះចោលការកំផិតពីមុខនាងចេញ ហើយការកន្លងបវេណីពីកណ្តាលទ្រូងនាងទៅ ក្រែងអញសំរាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យត្រឡប់ដូចជានៅថ្ងៃដែលកើតមកវិញ ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ព្រមទាំងសំឡាប់នាងដោយខះស្រេកផង អើ អញនឹងមិនអាណិតមេត្តាដល់ទាំងកូននាងដែរ ពីព្រោះវាសុទ្ធតែជាកូនសហាយ ដ្បិតម្តាយវាបានប្រព្រឹត្តការកំផិត គឺអ្នកដែលបានឲ្យវាកើតឡើង បានប្រព្រឹត្តអំពើគួរខ្មាសហើយ ដ្បិតនាងបានថា អញនឹងទៅតាមពួកសហាយអញ ជាអ្នកដែលតែងឲ្យនំបុ័ងនឹងទឹកមកអញ ព្រមទាំងរោមចៀម ខ្លូតទេស ប្រេង នឹងគ្រឿងផឹកផង ដូច្នេះ មើល អញនឹងស្រាស់ផ្លូវនាងដោយបន្លា ហើយធ្វើកំផែងផង ដើម្បីមិនឲ្យនាងស្គាល់ផ្លូវខ្លួនទៀត នាងនឹងទៅតាមពួកសហាយរបស់ខ្លួន តែនឹងមិនទាន់ឡើយ នាងនឹងស្វែងរកគេ តែនឹងមិនប្រទះសោះ នោះនាងនឹងសំរេចថា អញនឹងវិលទៅឯប្ដីដើមវិញ ដ្បិតនៅគ្រាមុននោះ អញបានស្រួលជាងសព្វថ្ងៃនេះ។ នាងមិនបានដឹងថា គឺអញនេះដែលតែងតែឲ្យស្រូវ ទឹកទំពាំងបាយជូរ នឹងប្រេងដល់នាង ព្រមទាំងចំរើនប្រាក់ នឹងមាសដល់នាង ដែលគេបានប្រើសំរាប់គោរពដល់ព្រះបាលនោះផងទេ ដូច្នេះ អញនឹងដកយកស្រូវរបស់អញនៅរដូវចំរូត នឹងទឹកទំពាំងបាយជូររបស់អញមកវិញ នៅក្នុងរដូវបេះផ្លែ ហើយអញនឹងកញ្ឆក់យករោមចៀម នឹងខ្លូតទេសរបស់អញ ដែលសំរាប់ហ៊ុំហកេរខ្មាសនាងមកវិញដែរ ឥឡូវនេះអញនឹងបើកសេចក្ដីអាម៉ាស់ខ្មាសនាងឲ្យពួកសហាយនាងបានឃើញ ឥតមានអ្នកណាដោះនាងឲ្យរួចពីកណ្តាប់ដៃអញបានឡើយ ក៏នឹងបំបាត់សណ្ឋានរីករាយរបស់នាង ព្រមទាំងបុណ្យសម្ពោទ្យ បុណ្យថ្ងៃចូលខែ ថ្ងៃឈប់សំរាក ហើយអស់ទាំងជំនុំមុតមាំរបស់នាងផង អញនឹងបំផ្លាញដើមទំពាំងបាយជូរ នឹងដើមល្វារបស់នាង ដែលនាងធ្លាប់ពោលថា របស់ទាំងនេះជាឈ្នួលដែលសហាយនាងបានឲ្យ តែអញនឹងធ្វើឲ្យត្រឡប់ទៅជាព្រៃវិញ ឯសត្វព្រៃនឹងស៊ីអស់ទៅ អញនឹងទំលាក់អស់ទាំងថ្ងៃ ដែលនាងបានដុតកំញានថ្វាយដល់ព្រះបាលទៅលើនាងវិញ គឺជាពេលដែលនាងបានធ្លាប់តែងខ្លួន ដោយទំហូ នឹងគ្រឿងលំអរផ្សេងៗរបស់នាង ទៅតាមសហាយទាំងភ្លេចអញផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ដោយហេតុនោះ មើល អញនឹងប្រលោមនាំនាងទៅឯទីរហោស្ថាន ហើយនិយាយសំរបចិត្តនាង នៅទីនោះ អញនឹងប្រគល់ចំការទំពាំងបាយជូររបស់នាងដល់នាងវិញ ព្រមទាំងច្រកភ្នំអាកោរ ទុកជាទ្វារនៃទីសង្ឃឹម ហើយនៅទីនោះនាងនឹងឆ្លើយតបដល់អញ ដូចកាលនៅវ័យក្មេង នឹងដូចនៅថ្ងៃដែលឡើងចេញពីស្រុកអេស៊ីព្ទមក ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះនាងនឹងហៅអញថា «អ្នកប្ដី»អើយ មិនមែនហៅថា «លោកម្ចាស់»ទៀតឡើយ ដ្បិតអញនឹងដកអស់ទាំងឈ្មោះនៃព្រះបាលចេញពីមាត់នាង នោះអញនឹងលែងនឹកដើមពីឈ្មោះព្រះទាំងនោះទៀត នៅថ្ងៃនោះអញក៏នឹងតាំងសញ្ញាឲ្យគេ ជាមួយនឹងសត្វនៅផែនដី នឹងសត្វហើរលើអាកាស ហើយសត្វលូនវានៅដីផង អញនឹងបំបាក់ធ្នូ នឹងដាវ ហើយធ្វើឲ្យការសង្គ្រាមបាត់ចេញពីស្រុកទៅ ឲ្យគេបានដេកទៅដោយសុខសាន្ត នោះអញនឹងដណ្តឹងនាងសំរាប់អញ ទុកជាដរាបតទៅ អើ អញនឹងដណ្តឹងនាងសំរាប់អញ ដោយសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ សេចក្ដីសប្បុរស នឹងសេចក្ដីមេត្តាករុណា ក៏នឹងដណ្តឹងនាងសំរាប់អញ ដោយសេចក្ដីស្មោះត្រង់ផង នោះនាងនឹងបានស្គាល់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះ អញនឹងឆ្លើយតបថា គឺអញតបនឹងផ្ទៃមេឃ ហើយផ្ទៃមេឃនឹងតបដល់ផែនដី ដីនឹងតបដល់ស្រូវ ទឹកទំពាំងបាយជូរ ហើយនឹងប្រេង របស់ទាំងនោះក៏នឹងតបដល់យេសរាលដែរ អញនឹងសាបព្រោះពូជនាងនៅលើផែនដីសំរាប់អញ រួចអញនឹងអាណិតមេត្តាដល់ពួកឡូ-រូហាម៉ា ហើយនឹងនិយាយដល់ពួកឡូ-អាំមីថា ឯងជារាស្ត្ររបស់អញ នោះគេនឹងឆ្លើយតបថា ទ្រង់ជាព្រះនៃយើងខ្ញុំ។