ហូសេ 11:1-4
ហូសេ 11:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលអ៊ីស្រាអែលនៅក្មេងនៅឡើយ យើងបានស្រឡាញ់អ៊ីស្រាអែល ក៏បានហៅកូនរបស់យើងចេញពីស្រុកអេស៊ីព្ទ។ ប៉ុន្ដែ យើង កាន់តែហៅគេយ៉ាងណា គេក៏កាន់តែឃ្លាតឆ្ងាយពីយើង យ៉ាងនេះដែរ។ គេនៅតែថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល ហើយដុតកំញានថ្វាយដល់រូបឆ្លាក់។ ប៉ុន្តែ យើងនេះហើយដែលបង្ហាត់ឲ្យអេប្រាអិមចេះដើរ យើងបានបីគេដោយដៃរបស់យើង តែគេមិនបានដឹងថា យើងបានប្រោសគេឲ្យជាទេ។ យើងបាននាំគេដោយ សេចក្ដីអាណិតអាសូរ ដោយចំណងនៃសេចក្ដីស្រឡាញ់ យើងបានធ្វើចំពោះគេ ដូចជាអ្នកដែលលើកកូនមកថើប យើងក៏ឱនទៅរកគេ ហើយបញ្ចុកចំណីដល់គេ។
ហូសេ 11:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កាលអ៊ីស្រាអែលនៅពីក្មេង យើងបានស្រឡាញ់អ៊ីស្រាអែល យើងហៅបុត្ររបស់យើងចេញពីស្រុកអេស៊ីប។ យើងបានហៅគេមកយ៉ាងណា គេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ប្រជាជនរបស់យើងនាំគ្នាធ្វើយញ្ញបូជា សែនព្រះបាលទាំងឡាយ ហើយដុតគ្រឿងក្រអូបជាសក្ការៈបូជា ចំពោះរូបបដិមា។ យើងនេះហើយដែលបានកាន់ដៃ និងបង្ហាត់អេប្រាអ៊ីមឲ្យចេះដើរ តែគេមិនទទួលស្គាល់ថា យើងថែរក្សាគេទេ។ យើងបានណែនាំគេដោយចិត្តអាណិតអាសូរ និងដោយចិត្តស្រឡាញ់។ យើងបានថ្នាក់ថ្នមគេ ដូចឪពុកលើកកូនមកបីថើប ហើយយើងឱនកាយបញ្ចុកចំណីដល់គេ។
ហូសេ 11:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្នុងគ្រាដែលអ៊ីស្រាអែលនៅក្មេងនៅឡើយ នោះអញបានស្រឡាញ់វា ក៏បានហៅកូនអញចេញពីស្រុកអេស៊ីព្ទមក ពួកហោរាបានហៅគេជាច្រើនដងប៉ុណ្ណា នោះគេបានឃ្លាតឆ្ងាយទៅប៉ុណ្ណោះឯង គេបានថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល ព្រមទាំងដុតកំញានថ្វាយដល់រូបឆ្លាក់ផង ប៉ុន្តែគឺអញដែលបង្ហាត់ឲ្យអេប្រាអិមចេះដើរ ក៏បានបីគេ តែគេមិនបានដឹងថា គឺអញដែលមើលគេឲ្យជាទេ អញបានទាញនាំគេដោយខ្សែជាសេចក្ដីទទូចរបស់មនុស្ស គឺដោយចំណងនៃសេចក្ដីស្រឡាញ់ អញបានធ្វើដល់គេ ដូចជាអ្នកដែលលើកបង្ហើបនឹម នៅកគោ ហើយដាក់ស្មៅនៅមុខវា។