ហេប្រឺ 9:1-5
ហេប្រឺ 9:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯសេចក្ដីសញ្ញាទីមួយ មានរបៀបថ្វាយបង្គំព្រះ និងមានទីបរិសុទ្ធនៅលើផែនដី។ ដ្បិតគេបានរៀបចំរោងឧបោសថមួយ ដែលផ្នែកខាងមុខហៅថា ទីបរិសុទ្ធ ជាកន្លែងមានជើងចង្កៀង តុ និងនំបុ័ងតាំងទុក។ ខាងក្រោយវាំងននទីពីរ គឺជាផ្នែកទីពីរហៅថា ទីបរិសុទ្ធបំផុត នៅទីនោះមានអាសនាមាសសម្រាប់ដុងគ្រឿងក្រអូប និងហឹបសញ្ញាដែលស្រោបដោយមាសជុំវិញទាំងអស់ នៅក្នុងហឹបនោះ មានពានមាសដាក់នំម៉ាណា ក៏មានដំបងរបស់លោកអើរ៉ុនដែលមានដុះពន្លក និងបន្ទះថ្មនៃសេចក្ដីសញ្ញា។ នៅពីលើហឹបនោះ មានរូបចេរូប៊ីនដ៏មានសិរីល្អ ដែលបាំងទីសន្តោសប្រោស។ ប៉ុន្ដែ យើងមិនអាចនិយាយពីរបស់ទាំងនេះដោយពិស្តារ ក្នុងពេលនេះបានទេ។
ហេប្រឺ 9:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងសម្ពន្ធមេត្រីទីមួយមានក្បួនផ្សេងៗសម្រាប់គោរពបម្រើព្រះជាម្ចាស់ និងមានទីសក្ការៈនៅលើផែនដីនេះ ព្រោះគេបានដំឡើងព្រះពន្លា*មួយ ហើយគេហៅផ្នែកខាងមុខថា“ទីសក្ការៈ” នៅទីនោះមានដាក់ជើងចង្កៀង តុ និងនំប៉័ងតង្វាយ។ បន្ទាប់មក ខាងក្រោយវាំងននទីពីរ មានព្រះពន្លាមួយទៀតហៅថា “ទីសក្ការៈបំផុត”។ នៅទីនោះ មានភាជន៍មួយធ្វើពីមាសសម្រាប់ដុតគ្រឿងក្រអូប និងមានហិប*នៃសម្ពន្ធមេត្រី ស្រោបមាសជុំវិញ ហើយក្នុងហិបនោះ មានពានមាសមួយដែលគេដាក់នំម៉ាណា មានដំបងរបស់លោកអើរ៉ុនដែលមានផ្ការីកចេញមក និងមានបន្ទះថ្មនៃសម្ពន្ធមេត្រីផង។ នៅពីលើហិបនៃសម្ពន្ធមេត្រី មានរូបចេរូប៊ីន* ត្រដាងស្លាបបាំងពីលើកន្លែងថ្វាយឈាមសុំឲ្យរួចពីបាប* រូបនោះបង្ហាញពីវត្តមានរបស់ព្រះជាម្ចាស់។ ប៉ុន្តែ យើងមិនបាច់រៀបរាប់ឲ្យបានល្អិតល្អន់នៅពេលនេះទេ។
ហេប្រឺ 9:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចំណែកសេចក្ដីសញ្ញាមុននោះ គឺមានរបៀបថ្វាយបង្គំព្រះ ក៏មានទីបរិសុទ្ធ ដែលនៅលោកីយនេះដែរ ដ្បិតគេបានធ្វើរោងឧបោសថ ដែលប៉ែកខាងមុខហៅថា ទីបរិសុទ្ធ ជាកន្លែងមានជើងចង្កៀង នឹងតុ ហើយនំបុ័ងតាំងទុក ខាងក្រោយវាំងននទី២ មានកន្លែងហៅថា ទីបរិសុទ្ធបំផុត ទីនោះមានជើងពានមាស សំរាប់ដុតគ្រឿងក្រអូប នឹងហឹបនៃសេចក្ដីសញ្ញាដែលស្រោបដោយមាសជុំវិញទាំងអស់ នៅក្នុងហឹបនោះមានចានមាសដាក់នំម៉ាន៉ា ក៏មានដំបងរបស់លោកអើរ៉ុនដែលប៉ិចឡើង នឹងបន្ទះថ្មនៃសេចក្ដីសញ្ញាផង ឯខាងលើហឹបនោះ មានរូបចេរូប៊ីនដ៏មានសិរីល្អ ដែលបាំងទីសន្តោសប្រោស តែយើងខ្ញុំថ្លែងពីរបស់ទាំងនោះដោយពិស្តារ ក្នុងពេលឥឡូវនេះមិនបានទេ។