ហេប្រឺ 8:1-13
ហេប្រឺ 8:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯចំណុចសំខាន់ក្នុងសេចក្ដីដែលយើងកំពុងនិយាយនេះ គឺថា យើងមានសម្តេចសង្ឃមួយអង្គបែបនេះ ដែលគង់ខាងស្តាំបល្ល័ង្កនៃព្រះដ៏មានឫទ្ធានុភាពនៅស្ថានសួគ៌ ជាអ្នកមានការងារនៅក្នុងទីបរិសុទ្ធ និងក្នុងរោងឧបោសថដ៏ពិត ដែលព្រះអម្ចាស់បានដំឡើង មិនមែនមនុស្សទេ។ ដ្បិតសម្តេចសង្ឃទាំងប៉ុន្មាន ត្រូវបានតែងតាំងឲ្យថ្វាយតង្វាយ និងយញ្ញបូជា ដូច្នេះ សម្ដេចសង្ឃនេះក៏ត្រូវមានអ្វីនឹងថ្វាយដែរ។ ប្រសិនបើព្រះអង្គគង់នៅផែនដី នោះព្រះអង្គមិនមែនជាសង្ឃទេ ព្រោះមានពួកសង្ឃដែលថ្វាយតង្វាយ តាមក្រឹត្យវិន័យហើយ។ អ្នកទាំងនោះជាគំរូ និងជាស្រមោលនៃអ្វីៗនៅស្ថានសួគ៌ ដូចព្រះបានបង្គាប់លោកម៉ូសេ នៅពេលលោករៀបនឹងសង់រោងឧបោសថថា «ចូរប្រយ័ត្ននឹងធ្វើសព្វគ្រប់ទាំងអស់ តាមគំរូដែលយើងបានបង្ហាញអ្នកនៅលើភ្នំ» ។ ប៉ុន្ដែ ឥឡូវនេះ ព្រះយេស៊ូវបានទទួលមុខងារមួយដែលប្រសើរជាង ព្រោះព្រះអង្គជាអ្នកកណ្ដាលនៃសេចក្ដីសញ្ញាមួយដែលប្រសើរជាង ជាសេចក្ដីសញ្ញាដែលបានតាំងឡើងនៅលើព្រះបន្ទូលសន្យាដែលប្រសើរជាង។ ដ្បិតប្រសិនបើសេចក្ដីសញ្ញាចាស់មិនមានកំហុស នោះក៏គ្មានឱកាសនឹងរកសេចក្ដីសញ្ញាមួយទៀតដែរ។ ដ្បិតព្រះអង្គបង្ហាញឲ្យឃើញថាពួកគេមានកំហុស ពេលព្រះអង្គមានព្រះបន្ទូលថា៖ «មើល៍ ព្រះអម្ចាស់មានព្រះបន្ទូលថា "នឹងមានគ្រាមកដល់ ដែលយើងនឹងតាំងសញ្ញាថ្មីមួយ ជាមួយពូជពង្សអ៊ីស្រាអែល និងពូជពង្សយូដា មិនដូចជាសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងបានចាប់ដៃនាំគេ ចេញពីស្រុកអេស៊ីព្ទនោះឡើយ ព្រោះគេមិនបានកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់យើង ហើយយើងក៏មិនរវីរវល់នឹងគេដែរ"»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា «នេះជាសេចក្ដីសញ្ញាដែលយើងនឹងតាំងជាមួយពូជពង្សអ៊ីស្រាអែលក្រោយថ្ងៃទាំងនោះ គឺថា យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងគំនិតគេ ហើយចារក្រឹត្យវិន័យទាំងនោះនៅក្នុងចិត្តគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង។ គេមិនចាំបាច់បង្រៀនអ្នកជិតខាងរបស់ខ្លួន ឬបងប្អូនរបស់ខ្លួនថា "ចូរស្គាល់ព្រះអម្ចាស់" នោះឡើយ ដ្បិតគេនឹងស្គាល់យើងគ្រប់គ្នា តាំងពីអ្នកតូច រហូតដល់អ្នកធំ។ ដ្បិតយើងនឹងប្រោសប្រណីចំពោះអំពើទុច្ចរិតរបស់គេ ហើយយើងនឹងលែងនឹកចាំពីអំពើបាបរបស់គេទៀត» ។ នៅពេលព្រះទ្រង់មានព្រះបន្ទូលអំពីសេចក្ដីសញ្ញាថ្មី ព្រះអង្គបានធ្វើឲ្យសេចក្ដីសញ្ញាមុនត្រឡប់ជាចាស់ ឯអ្វីដែលចាស់ ហើយលែងប្រើ នោះក៏ជិតនឹងសាបសូន្យទៅដែរ។
ហេប្រឺ 8:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គោលដ៏សំខាន់បំផុតក្នុងសេចក្ដីដែលយើងកំពុងតែបរិយាយនេះ គឺថា យើងមានមហាបូជាចារ្យ*មួយ គង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់ដ៏ឧត្ដុង្គឧត្ដមនៅស្ថានបរមសុខ។ ព្រះអង្គនៅបម្រើក្នុងទីសក្ការៈ* និងក្នុងព្រះពន្លា*ដ៏ពិតប្រាកដ ដែលព្រះអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។ ចំពោះមហាបូជាចារ្យគ្រប់ៗរូប គេតែងតាំងឲ្យថ្វាយតង្វាយ និងថ្វាយយញ្ញបូជា ដូច្នេះ លោកត្រូវតែរកអ្វីយកទៅថ្វាយជាចាំបាច់។ ប្រសិនបើព្រះគ្រិស្តគង់នៅផែនដីនេះ ព្រះអង្គមិនមែនជាបូជាចារ្យទេ ព្រោះមានបូជាចារ្យឯទៀតៗសម្រាប់យកតង្វាយទៅថ្វាយ ស្របតាមក្រឹត្យវិន័យរួចស្រេចទៅហើយ។ អ្នកទាំងនោះធ្វើពិធីផ្សេងៗតាមគំរូ និងតាមស្រមោលនៃពិធីនៅស្ថានបរមសុខ ដូចព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅពេលដែលហៀបនឹងសង់ព្រះពន្លាថាៈ «ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់ តាមគំរូដែលយើងបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ» ។ ឥឡូវនេះ ព្រះគ្រិស្តបានទទួលមុខងារប្រសើរជាងបូជាចារ្យទាំងនោះទៅទៀត ព្រោះព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រី*មួយប្រសើរជាង ជាសម្ពន្ធមេត្រីដែលចងឡើង ដោយសារព្រះបន្ទូលសន្យាដ៏ប្រសើរជាង។ ប្រសិនបើសម្ពន្ធមេត្រីមុនល្អឥតខ្ចោះហើយ មិនបាច់រកសម្ពន្ធមេត្រីទីពីរមកជំនួសឡើយ។ ព្រះជាម្ចាស់មានព្រះបន្ទូលស្ដីបន្ទោសប្រជារាស្ត្ររបស់ព្រះអង្គដូចតទៅ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា «បន្តិចទៀត យើងនឹងចងសម្ពន្ធមេត្រីមួយថ្មី ជាមួយពូជពង្សរបស់អ៊ីស្រាអែល និងពូជពង្សរបស់យូដា។ សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រីដែល យើងបានចងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះ ចេញពីស្រុកអេស៊ីបឡើយ។ ពួកគេពុំបានគោរពតាមសម្ពន្ធមេត្រី ដែលយើងបានចងជាមួយគេនោះ ឲ្យបានខ្ជាប់ខ្ជួនទេ យើងក៏លែងរវីរវល់នឹងពួកគេដែរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា «លុះគ្រានេះកន្លងផុតទៅ យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស អ៊ីស្រាអែលដូចតទៅ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងទាំងប៉ុន្មាន ក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យទាំងនោះទុក នៅក្នុងចិត្តរបស់ពួកគេ យើងនឹងបានទៅជាព្រះរបស់ពួកគេ ហើយគេជាប្រជារាស្ត្ររបស់យើង។ ពេលនោះនឹងលែងមាននរណា បង្រៀនជនរួមជាតិរបស់ខ្លួន ហើយក៏លែងមាននរណានិយាយប្រាប់ បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំ គេនឹងស្គាល់យើងគ្រប់ៗគ្នា ដ្បិតយើងនឹងអត់ឱនឲ្យគេ ចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត ហើយយើងក៏មិននឹកនាពីអំពើបាបរបស់គេ ទៀតដែរ» ។ ដោយព្រះអង្គហៅសម្ពន្ធមេត្រីនេះថាជាសម្ពន្ធមេត្រីថ្មីដូច្នេះ ព្រះអង្គចាត់ទុកសម្ពន្ធមេត្រីមុនថាជាសម្ពន្ធមេត្រីចាស់។ ធម្មតា អ្វីៗដែលចាស់ ហើយកាន់តែចាស់ទៅៗ នោះមុខជាត្រូវសាបសូន្យបាត់ទៅមិនខាន។
ហេប្រឺ 8:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯដែលបង្រួមសេចក្ដីអធិប្បាយទាំងប៉ុន្មានអម្បាញ់មិញនេះ នោះគឺថា យើងរាល់គ្នាមានសំដេចសង្ឃ១អង្គយ៉ាងនោះ ដែលទ្រង់បានគង់ខាងស្តាំបល្ល័ង្កនៃឫទ្ធានុភាពនៅស្ថានសួគ៌ ជាអ្នកមានការងារក្នុងទីបរិសុទ្ធ ហើយក្នុងរោងឧបោសថដ៏ពិត ដែលព្រះអម្ចាស់បានដំឡើង មិនមែនជាមនុស្សទេ។ ឯសំដេចសង្ឃទាំងប៉ុន្មាន នោះបានតាំងឲ្យមានងារ សំរាប់នឹងថ្វាយដង្វាយ ហើយយញ្ញបូជា បានជាត្រូវឲ្យព្រះអង្គនេះបានអ្វីនឹងថ្វាយដែរ ដ្បិតបើសិនជាទ្រង់គង់នៅផែនដី នោះទ្រង់មិនបានធ្វើជាសង្ឃទេ ពីព្រោះមានពួកសង្ឃដែលថ្វាយដង្វាយ តាមក្រិត្យវិន័យហើយ ដែលគេជាគំរូ ហើយជាស្រមោល ពីរបស់នៅស្ថានសួគ៌វិញ ដូចជាព្រះបានបង្គាប់លោកម៉ូសេ ក្នុងកាលដែលលោករៀបនឹងធ្វើរោងឧបោសថថា «ចូរប្រយ័តនឹងធ្វើគ្រប់ទាំងអស់ តាមគំរូដែលអញបានបង្ហាញឯងនៅលើភ្នំ» តែឥឡូវនេះវិញ ដែលទ្រង់ជាអ្នកកណ្តាលរបស់សេចក្ដីសញ្ញា១ដ៏ប្រសើរជាងប៉ុណ្ណា ដែលសេចក្ដីសញ្ញានោះបានតាំងឡើង លើពាក្យសន្យាប្រសើរជាងផង នោះទ្រង់ក៏បានទទួលការងារដ៏ប្រសើរជាងប៉ុណ្ណោះដែរ ដ្បិតបើសិនជាសញ្ញាចាស់ឥតមានកំហុស នោះមិនបានរកកន្លែងឲ្យបានតាំង១ទៀតឡើយ ពីព្រោះ ដែលទ្រង់ចាប់សេចក្ដីកំហុស នោះទ្រង់មានបន្ទូលទៅគេថា «មើល ព្រះអម្ចាស់មានបន្ទូលថា នឹងមានថ្ងៃមក ដែលអញនឹងតាំងសញ្ញាថ្មី ដល់វង្សានុវង្សនៃពួកអ៊ីស្រាអែល នឹងពួកយូដា មិនមែនតាមសេចក្ដីសញ្ញា ដែលអញបានតាំងនឹងពួកឰយុកោគេ នៅថ្ងៃដែលអញបានចាប់ដៃ នាំគេចេញពីស្រុកអេស៊ីព្ទនោះទេ ព្រោះគេមិនបានកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញនោះឡើយ ហើយអញបានបែរចេញពីគេដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ព្រះអម្ចាស់មានបន្ទូលថា ឯសេចក្ដីសញ្ញា ដែលអញនឹងតាំងដល់វង្សានុវង្សនៃពួកអ៊ីស្រាអែលក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រិត្យវិន័យអញនៅក្នុងគំនិតគេ ហើយនឹងកត់ទុក នៅក្នុងចិត្តគេផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្ររបស់អញ នោះមិនចាំបាច់ឲ្យគ្រប់គ្នាបង្រៀនអ្នកជិតខាងនឹងបងប្អូនខ្លួនថា ចូរស្គាល់ព្រះអម្ចាស់នោះទេ ដ្បិតក្នុងពួកគេ មនុស្សនឹងស្គាល់អញគ្រប់គ្នា តាំងពីអ្នកតូច រហូតដល់អ្នកធំហើយ ពីព្រោះអញនឹងអាណិតមេត្តាចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយអញនឹងលែងនឹកចាំពីអំពើបាប នឹងសេចក្ដីទទឹងច្បាប់របស់គេទៀត» រីឯពាក្យដែលថា «ថ្មី» នោះគឺថា ព្រះទ្រង់បានធ្វើឲ្យសេចក្ដីមុនទៅជាចាស់ហើយ ឯរបស់ណាដែលត្រឡប់ជាចាស់ ហើយមានវ័យកន្លង នោះក៏ជិតនឹងសូន្យបាត់ដែរ។