ហេប្រឺ 7:11-28
ហេប្រឺ 7:11-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ប្រសិនបើមនុស្សបានគ្រប់លក្ខណ៍ តាមរយៈការងារជាសង្ឃខាងពួកលេវីទៅហើយ (ដ្បិតក្រោមការងារនោះ ប្រជាជនបានទទួលក្រឹត្យវិន័យ) តើចាំបាច់ឲ្យមានសង្ឃមួយទៀត ដែលមិនបានតាំងឡើងតាមរបៀបលោកអើរ៉ុន គឺតាមរបៀបលោកម៉ិលគីស្សាដែកវិញធ្វើអ្វី? ប្រសិនបើការងារជាសង្ឃមានការផ្លាស់ប្ដូរ នោះក្រឹត្យវិន័យក៏ត្រូវតែមានការផ្លាស់ប្ដូរដែរ។ ដ្បិតឯព្រះអង្គ ដែលសេចក្ដីទាំងនេះបានថ្លែងទុកមក ទ្រង់កើតពីកុលសម្ព័ន្ធមួយទៀត ដែលគ្មានអ្នកណាមួយធ្លាប់បានបម្រើនៅអាសនាឡើយ។ ព្រះអម្ចាស់នៃយើង បានប្រសូតពីកុលសម្ព័ន្ធយូដា ហើយលោកម៉ូសេមិនបានមានប្រសាសន៍អ្វីអំពីកុលសម្ព័ន្ធនោះ ខាងឯការងារជាសង្ឃឡើយ។ សេចក្ដីនេះក៏រឹងរឹតតែច្បាស់ថែមទៀត នៅពេលមានសង្ឃមួយផ្សេងទៀតកើតឡើង តាមបែបលោកម៉ិលគីស្សាដែក។ សង្ឃនោះមិនបានតាំងឡើងតាមក្រឹត្យវិន័យ ដែលមានបញ្ញត្តិខាងសាច់ឈាមទេ គឺតាមព្រះចេស្តានៃព្រះជន្មដ៏មិនចេះសាបសូន្យនោះវិញ។ ដ្បិតមានបន្ទាល់ពីព្រះអង្គថា «អ្នកជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» ។ ដូច្នេះ បញ្ញត្តិដែលមានពីមុន ត្រូវទុកមួយឡែក ព្រោះខ្សោយ ហើយឥតប្រយោជន៍ (ដ្បិតក្រឹត្យវិន័យមិនដែលនាំឲ្យបានគ្រប់លក្ខណ៍ឡើយ)។ ម្យ៉ាងទៀត សេចក្តីសង្ឃឹមមួយដ៏ប្រសើរជាង បានចូលមក ដែលតាមរយៈសេចក្តីសង្ឃឹមនោះ យើងអាចចូលទៅជិតព្រះបាន។ នេះមិនមែនដោយឥតមានពាក្យសម្បថឡើយ ដ្បិតអស់អ្នកដែលបានធ្វើជាសង្ឃពីមុន មានមុខងារជាសង្ឃ ដោយគ្មានសម្បថ តែព្រះអង្គនេះវិញ ទ្រង់បានទទួលមុខងារជាសង្ឃ មានទាំងពាក្យសម្បថ ដោយសារព្រះទ្រង់មានព្រះបន្ទូលមកកាន់ព្រះអង្គថា «ព្រះអម្ចាស់បានស្បថ ហើយទ្រង់មិនផ្លាស់ប្ដូរគំនិតឡើយថា "អ្នកជាសង្ឃនៅអស់កល្បជានិច្ច"» ។ ដូច្នេះ ព្រះយេស៊ូវបានត្រឡប់ជាអ្នកធានាសេចក្ដីសញ្ញាមួយដែលប្រសើរជាង។ លើសពីនេះ ពីមុនពួកសង្ឃមានគ្នាជាច្រើន ព្រោះគេតែងតែស្លាប់ ពុំអាចបន្ដមុខងារនៅជាប់ស្ថិតស្ថេរបានឡើយ តែព្រះយេស៊ូវមានមុខងារជាសង្ឃជាប់ជាអចិន្ត្រៃយ៍ ព្រោះព្រះអង្គនៅជាប់អស់កល្បជានិច្ច។ ដោយហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះ ដល់អស់អ្នកដែលចូលជិតព្រះតាមរយៈព្រះអង្គ ដ្បិតព្រះអង្គមានព្រះជន្មរស់នៅជានិច្ច ដើម្បីទូលអង្វរឲ្យពួកគេ។ ដ្បិតគួរឲ្យមានសម្តេចសង្ឃយ៉ាងនេះសម្រាប់យើង ដែលទ្រង់បរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង បានញែកចេញពីមនុស្សបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត។ ព្រះអង្គមិនចាំបាច់នឹងថ្វាយយញ្ញបូជារាល់ថ្ងៃ ដូចសម្តេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនឯងជាមុន រួចមក ដោយព្រោះបាបរបស់ប្រជាជននោះទេ ដ្បិតព្រះអង្គបានថ្វាយយញ្ញបូជា ម្ដងជាសូរេច គឺនៅពេលដែលព្រះអង្គថ្វាយអង្គទ្រង់នោះឯង។ ដ្បិតក្រឹត្យវិន័យតែងតាំងមនុស្សឲ្យធ្វើជាសម្តេចសង្ឃ ដោយគេមានភាពទន់ខ្សោយ តែពាក្យសម្បថដែលមកក្រោយក្រឹត្យវិន័យ បានតែងតាំងព្រះរាជបុត្រា ដែលគ្រប់លក្ខណ៍នៅអស់កល្បជានិច្ចវិញ។
ហេប្រឺ 7:11-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មុខងារបូជាចារ្យជាគ្រឹះនៃគម្ពីរវិន័យរបស់ប្រជារាស្ត្រអ៊ីស្រាអែល ប្រសិនបើមុខងារជាបូជាចារ្យបានគ្រប់លក្ខណៈ ដោយសារពួកលេវីហើយនោះ តើចាំបាច់តែងតាំងបូជាចារ្យមួយទៀត តាមរបៀបព្រះបាទម៉ិលគីស្សាដែកធ្វើអ្វី? ម្ដេចក៏មិននិយាយពីបូជាចារ្យតាមរបៀបលោកអើរ៉ុនទៅវិញ។ ប្រសិនបើមានការផ្លាស់ប្ដូរមុខងារបូជាចារ្យ នោះក៏ត្រូវតែមានការផ្លាស់ប្ដូរក្រឹត្យវិន័យដែរ។ រីឯបូជាចារ្យដែលមានចែងក្នុងអត្ថបទទាំងនេះ ព្រះអង្គកើតក្នុងកុលសម្ព័ន្ធមួយដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើជាបូជាចារ្យឡើយ។ យើងសុទ្ធតែបានដឹងច្បាស់ទាំងអស់គ្នាថា ព្រះអម្ចាស់នៃយើងប្រសូតមកក្នុងកុលសម្ព័ន្ធ*យូដា។ ពេលលោកម៉ូសេនិយាយអំពីបូជាចារ្យ លោកពុំដែលនិយាយពីកុលសម្ព័ន្ធនេះទេ។ ប្រសិនបើមានការតែងតាំងបូជាចារ្យមួយរូបទៀត ដូចព្រះបាទម៉ិលគីស្សាដែក សេចក្ដីនេះក៏រឹតតែច្បាស់ជាងទៅទៀត។ ព្រះអង្គមិនបានទទួលមុខងារជាបូជាចារ្យ តាមវិន័យ ដែលជាបទបញ្ជារបស់មនុស្សឡើយ គឺព្រះអង្គបានទទួលមុខងារនេះ តាមឫទ្ធានុភាពនៃព្រះជន្មមិនចេះសាបសូន្យ ដ្បិតគម្ពីរបានផ្ដល់សក្ខីភាពអំពីព្រះអង្គថា «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបព្រះបាទម៉ិលគីស្សាដែក» ។ ដូច្នេះ បទបញ្ជាដែលមានពីមុនមកត្រូវលុបបំបាត់ចោលហើយ ព្រោះគ្មានប្រសិទ្ធភាព គ្មានសារប្រយោជន៍អ្វីទេ ដ្បិតក្រឹត្យវិន័យពុំបានធ្វើឲ្យអ្វីមួយទៅជាគ្រប់លក្ខណៈឡើយ។ ម្យ៉ាងទៀត សេចក្ដីសង្ឃឹមមួយដ៏ប្រសើរជាងបានមកដល់ ហើយដោយសារសេចក្ដីសង្ឃឹមនេះ យើងអាចចូលទៅជិតព្រះជាម្ចាស់បាន។ លើសពីនេះ មានព្រះបន្ទូលសម្បថ។ បូជាចារ្យឯទៀតៗបានទទួលមុខងារជាបូជាចារ្យ ដោយគ្មានព្រះបន្ទូលសម្បថទេ។ រីឯព្រះយេស៊ូវិញ ព្រះអង្គបានទទួលមុខងារជាបូជាចារ្យ ដោយព្រះជាម្ចាស់ទ្រង់បានស្បថ គឺព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ព្រះអង្គថា «“ព្រះអង្គជាបូជាចារ្យអស់កល្បជានិច្ច” ព្រះអម្ចាស់ទ្រង់បានស្បថ ហើយព្រះអង្គនឹងមិនប្រែប្រួលឡើយ» ។ ដូច្នេះ ដោយមានព្រះបន្ទូលសម្បថយ៉ាងនេះ បានសេចក្ដីថា ព្រះយេស៊ូធានារ៉ាប់រងនូវសម្ពន្ធមេត្រី*មួយរឹតតែប្រសើរជាងទៅទៀត។ លើសពីនេះ មានគ្នាជាច្រើនបានធ្វើបូជាចារ្យតៗគ្នា ព្រោះពួកគេតែងតែស្លាប់ ពុំអាចធ្វើបូជាចារ្យជាអចិន្ត្រៃយ៍ឡើយ។ រីឯព្រះយេស៊ូវិញ ព្រះអង្គមានមុខងារជាបូជាចារ្យ ដែលពុំអាចផ្ទេរទៅឲ្យនរណាទេ ព្រោះព្រះអង្គគង់នៅអស់កល្បជានិច្ច។ ហេតុនេះហើយបានជាព្រះអង្គក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិតព្រះជាម្ចាស់ តាមរយៈព្រះអង្គ បានជាស្ថាពរ ដ្បិតព្រះអង្គមានព្រះជន្មរស់រហូត ដើម្បីទូលអង្វរព្រះជាម្ចាស់ឲ្យពួកគេ។ មានតែមហាបូជាចារ្យដ៏ប្រសើរដូចព្រះយេស៊ូនេះហើយ ដែលយើងត្រូវការ គឺមហាបូជាចារ្យដ៏វិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប ព្រមទាំងខ្ពង់ខ្ពស់លើសស្ថានបរមសុខ*ទៅទៀត។ ព្រះអង្គមិនត្រូវការថ្វាយយញ្ញបូជារៀងរាល់ថ្ងៃ ដូចមហាបូជាចារ្យឯទៀតៗថ្វាយ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតព្រះអង្គបានថ្វាយព្រះកាយព្រះអង្គផ្ទាល់ជាយញ្ញបូជា ម្ដងជាសូរេច។ ក្រឹត្យវិន័យបានតែងតាំងមនុស្សទន់ខ្សោយឲ្យធ្វើជាមហាបូជាចារ្យ។ រីឯព្រះបន្ទូលសម្បថ ដែលមានមកតាមក្រោយក្រឹត្យវិន័យ បានតែងតាំងព្រះបុត្រា ដែលគ្រប់លក្ខណៈអស់កល្បជានិច្ច ឲ្យធ្វើជាមហាបូជាចារ្យវិញ។
ហេប្រឺ 7:11-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ បើសិនជាមនុស្សបានគ្រប់លក្ខណ៍ ដោយសារការងារជាសង្ឃ ខាងពួកលេវី ដ្បិតគឺក្រោមការងារនោះ ដែលប្រជាជនបានទទួលក្រិត្យវិន័យទៅហើយ នោះតើត្រូវការអ្វីឲ្យមានសង្ឃ១ទៀត ដែលមិនបានតាំងឡើងតាមរបៀបលោកអើរ៉ុន គឺតាមរបៀបលោកម៉ិលគីស្សាដែកវិញធ្វើអី ពីព្រោះ បើការងារជាសង្ឃបានផ្លាស់ប្រែទៅ នោះក្រិត្យវិន័យក៏ត្រូវផ្លាស់ប្រែដែរ ដ្បិតឯព្រះអង្គ ដែលគេបានទាយសេចក្ដីទាំងនេះពីទ្រង់ ទ្រង់កើតពីពូជអំបូរ១ទៀត ដែលគ្មានអ្នកណាមួយបានធ្វើការបំរើនៅអាសនាឡើយ ដ្បិតច្បាស់ជាព្រះអម្ចាស់នៃយើង ទ្រង់បានកើតពីពូជអំបូរយូដា ហើយលោកម៉ូសេមិនបានមានប្រសាសន៍ពីពូជអំបូរនោះ ខាងឯការងារជាសង្ឃឡើយ សេចក្ដីនេះក៏រឹងរឹតតែច្បាស់ជាងទៅទៀត ដោយមានសង្ឃ១ផ្សេងទៀតកើតឡើង តាមបែបលោកម៉ិលគីស្សាដែក សង្ឃនោះមិនបានតាំងឡើងតាមក្រិត្យវិន័យ ដែលមានសេចក្ដីបញ្ញត្តខាងសាច់ឈាមទេ គឺតាមព្រះចេស្តារបស់ជីវិតដ៏មិនចេះសូន្យឡើយនោះវិញ ដ្បិតមានសេចក្ដីបន្ទាល់ពីទ្រង់ថា «ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» ឯសេចក្ដីបញ្ញត្តដែលមានពីមុនមក នោះត្រូវលើកចោលវិញ ដោយព្រោះខ្សោយ ហើយឥតប្រយោជន៍ (ពីព្រោះក្រិត្យវិន័យមិនដែលនាំឲ្យបានគ្រប់លក្ខណ៍ឡើយ) ក៏មានសេចក្ដីសង្ឃឹមដ៏ប្រសើរជាងបានចូលមកផង ដែលយើងរាល់គ្នានឹងចូលទៅជិតព្រះបាន ដោយសារសេចក្ដីសង្ឃឹមនោះ។ ពួកសង្ឃទាំងនោះ គេបានតាំងឲ្យមានងារ ដោយឥតមានសម្បថទេ តែទ្រង់វិញ មានទាំងពាក្យសម្បថផង ដោយសារព្រះដែលមានបន្ទូលពីទ្រង់ថា «ព្រះអម្ចាស់ទ្រង់បានស្បថ ហើយមិនដែលផ្លាស់គំនិតឡើយថា ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» ហើយដោយព្រោះការងារនោះ ដែលមិនមែនឥតពាក្យសម្បថដូច្នោះ បានជាព្រះយេស៊ូវទ្រង់ជាអ្នកធានា ពីសេចក្ដីសញ្ញា១ដ៏ប្រសើរជាង មួយទៀត ពួកសង្ឃទាំងនោះមានគ្នាជាច្រើន ពីព្រោះគេតែងតែស្លាប់ មិននៅជាប់ស្ថិតស្ថេរទេ តែទ្រង់មានការងារជាសង្ឃឥតផ្ទេរឡើយ ពីព្រោះទ្រង់នៅជាប់អស់កល្បជានិច្ចវិញ ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ។ គួរឲ្យមានសំដេចសង្ឃយ៉ាងនោះសំរាប់យើង ដែលទ្រង់បរិសុទ្ធ ឥតពុតមាយា ឥតសៅហ្មង ដែលបានញែកចេញពីមនុស្សបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត ទ្រង់មិនចាំបាច់នឹងថ្វាយយញ្ញបូជាជារាល់ថ្ងៃ ដូចជាសំដេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនជាមុនដំបូង រួចមកដោយព្រោះបាបរបស់ជនទាំងឡាយនោះទេ ដ្បិតទ្រង់បានថ្វាយយញ្ញបូជានោះ១ដងជាសំរេច គឺក្នុងកាលដែលទ្រង់ថ្វាយព្រះអង្គទ្រង់នោះឯង ព្រោះឯក្រិត្យវិន័យ នោះតែងតាំងមនុស្សឲ្យធ្វើជាសំដេចសង្ឃ ដែលគេមានសេចក្ដីកំសោយ តែសេចក្ដីសម្បថដែលមកក្រោយក្រិត្យវិន័យ នោះបានតាំងព្រះរាជបុត្រាវិញ ដែលទ្រង់បានគ្រប់លក្ខណ៍នៅអស់កល្បជានិច្ច។