ហេប្រឺ 7:1-28

ហេប្រឺ 7:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ិលគី‌ស្សាដែក ជា​ស្តេច​ក្រុង​សាឡិម និង​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ជួប​លោក​អ័ប្រា‌ហាំ ក្រោយ​ពី​បាន​បំផ្លាញ​ពួក​ស្តេច​នា​នា ហើយ​ក៏​បាន​ជូន​ពរ​លោក លោក​អ័ប្រា‌ហាំ​បាន​យក​ចំណែក​មួយ​ភាគ​ដប់ ពី​អ្វីៗ​ទាំង​អស់​មក​ជូន​លោក​ម៉ិល​គីស្សាដែក។ នាម​របស់​ស្តេចអង្គ​នោះ ដំបូង​មាន​ន័យ​ថា «ស្តេច​នៃ​សេចក្តី​សុចរិត» រួច​មក លោក​ជា​ស្តេច​ក្រុង​សាឡិម ដែល​មាន​ន័យ​ថា «ស្តេច​នៃ​សេចក្តី​សុខ​សាន្ត»។ លោក​គ្មាន​មាតា‌បិតា គ្មាន​ពង្សា‌វតារ ក៏​គ្មាន​ដើម​កំណើត ឬ​ចុង​បញ្ចប់​ឡើយ គឺ​មាន​ភាព​ដូច​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​នៅ​ជា​សង្ឃ​រហូត​តទៅ។ ចូរ​ពិចារណា​មើល​ពី​ស្តេច​អង្គ​នេះ ដែល​មាន​ឋានៈ​ធំយ៉ា​ង​ណា បាន​ជា​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​របស់​យើង បាន​ថ្វាយ​មួយ​ភាគ​ដប់ ពី​អ្វីៗ​ដែល​លោក​រឹប​អូស​បាន។ រីឯ​ពួក​កូន​ចៅ​លេវី ដែល​ទទួល​ការ‌ងារ​ជា​សង្ឃ គេ​បាន​ទទួល​បញ្ជា​តាម​ក្រឹត្យ‌វិន័យ ឲ្យ​ហូត​យក​មួយ​ភាគ​ដប់​ពី​ប្រជា‌ជន គឺ​ពី​ពួក​បង‌ប្អូន​របស់​គេ ទោះ​បើ​អ្នក​ទាំង​នោះ​ជា​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ​ដូច​គ្នា​ក៏​ដោយ។ ប៉ុន្ដែ លោក​ម៉ិលគី‌ស្សាដែក​នេះ ដែល​មិន​ជា​ប់​សាច់​ញាតិ​អ្វី​នឹង​គេ លោក​បាន​ទទួល​ចំណែក​មួយ​ភាគ​ដប់ពី​លោក​អ័ប្រា‌ហាំ ហើយ​ក៏​ឲ្យ​ពរ​ដល់​លោក ដែល​បាន​ទទួល​សេចក្តី​សន្យា។ ធម្មតា អ្នក​ធំ​តែង​ឲ្យ​ពរ​អ្នក​តូច យើង​ពុំ​អាច​ប្រកែក​បាន​ឡើយ។ ក្នុង​ករណី​មួយ​នេះ មនុស្ស​ដែល​តែង​តែ​ស្លាប់ ទទួល​តង្វាយ​មួយ​ភាគ​ដប់ តែ​ក្នុង​ករណី​មួយ​ទៀត គឺ​ម្នាក់ដែលគម្ពីរ​ធ្វើ​ប​ន្ទាល់​ថា លោក​មាន​ជីវិត​រស់​នៅ។ គេ​អាច​និយាយ​បាន​ថា លោក​លេវី​ដែល​ទទួល​តង្វាយ​មួយ​ភាគ​ដប់ លោកក៏​បាន​ថ្វាយ​មួយ​ភាគ​ដប់ តាម​រយៈ​លោក​អ័ប្រា‌ហាំដែរ ដ្បិត​កាល​លោក​ម៉ិលគី‌ស្សាដែក​បាន​ជួប​លោក​អ័ប្រា‌ហាំ នោះ​លោក​លេវី​ស្ថិត​នៅ​ក្នុង​ខ្លួន​បុព្វ​បុរស​របស់​លោក​នៅ​ឡើយ។ ដូច្នេះ ប្រសិន‌បើ​មនុស្ស​បាន​គ្រប់​លក្ខណ៍ តាម​រយៈ​ការ‌ងារ​ជា​សង្ឃខាង​ពួក​លេវី​ទៅ​ហើយ (ដ្បិត​ក្រោម​ការ​ងារ​នោះ ប្រជា‌ជន​បាន​ទទួល​ក្រឹត្យ‌វិន័យ) តើ​ចាំ​បាច់​ឲ្យ​មាន​សង្ឃ​មួយ​ទៀត ដែល​មិន​បាន​តាំង​ឡើង​តាម​របៀបលោក​អើ​រ៉ុន គឺ​តាម​របៀប​លោក​ម៉ិលគី‌ស្សាដែក​វិញ​ធ្វើ​អ្វី? ប្រសិន‌បើ​ការ‌ងារ​ជា​សង្ឃ​មាន​ការ​ផ្លាស់​ប្ដូរ នោះ​ក្រឹត្យ‌វិន័យ​ក៏​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ។ ដ្បិត​ឯ​ព្រះ‌អង្គ ដែល​សេចក្ដី​ទាំង​នេះ​បាន​ថ្លែង​ទុក​មក ទ្រង់​កើត​ពីកុល​សម្ព័ន្ធ​មួយ​ទៀត ដែល​គ្មាន​អ្នក​ណា​មួយ​ធ្លាប់​បាន​បម្រើ​នៅ​អាសនា​ឡើយ។ ព្រះ‌អម្ចាស់​នៃ​យើង បាន​ប្រសូត​ពី​កុល​សម្ព័ន្ធ​យូដា ហើយ​លោក​ម៉ូសេ​មិន​បាន​មាន​ប្រសាសន៍​អ្វី​អំពី​កុល​សម្ព័ន្ធ​នោះ ខាង​ឯ​ការ‌ងារ​ជា​សង្ឃ​ឡើយ។ សេចក្ដី​នេះ​ក៏​រឹង​រឹត​តែ​ច្បាស់ថែម​ទៀត នៅ​ពេល​មាន​សង្ឃ​មួយ​ផ្សេង​ទៀត​កើត​ឡើង តាម​បែប​លោក​ម៉ិលគី‌ស្សាដែក។ សង្ឃ​នោះ​មិន​បាន​តាំង​ឡើង​តាម​ក្រឹត្យ‌វិន័យ ដែល​មាន​បញ្ញត្តិ​ខាង​សាច់​ឈាម​ទេ គឺ​តាម​ព្រះ‌ចេស្តា​នៃ​ព្រះជន្ម​ដ៏​មិន​ចេះ​សាប​សូន្យ​នោះ​វិញ។ ដ្បិត​មាន​បន្ទាល់​ពី​ព្រះ‌អង្គ​ថា «អ្នក​ជា​សង្ឃ​នៅ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិលគី‌ស្សាដែក» ។ ដូច្នេះ បញ្ញត្តិ​ដែល​មាន​ពី​មុន ត្រូវ​ទុក​មួយ​ឡែក ព្រោះ​ខ្សោយ ហើយ​ឥត​ប្រយោជន៍ (ដ្បិត​ក្រឹត្យ‌វិន័យ​មិន​ដែល​នាំ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ឡើយ)។ ម្យ៉ាង​ទៀត សេចក្តី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង បាន​ចូល​មក ដែល​តាម​រយៈ​សេចក្តី​សង្ឃឹម​នោះ យើង​អាច​ចូល​ទៅ​ជិត​ព្រះ​បាន។ នេះ​មិន​មែន​ដោយ​ឥត​មាន​ពាក្យ​សម្បថ​ឡើយ ដ្បិត​អស់​អ្នក​ដែលបាន​ធ្វើ​ជា​សង្ឃ​ពី​មុន មាន​មុខ​ងារ​ជា​សង្ឃ ដោយ​គ្មាន​សម្បថ តែ​ព្រះ‌អង្គ​នេះ​វិញ ទ្រង់​បាន​ទទួល​មុខ​ងារ​ជា​សង្ឃ មាន​ទាំង​ពាក្យ​សម្បថ ដោយ​សារ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌អង្គ​ថា «ព្រះ‌អម្ចាស់​បាន​ស្បថ ហើយ​ទ្រង់​មិន​ផ្លាស់​ប្ដូរ​គំនិត​ឡើយថា "អ្នក​ជា​សង្ឃ​នៅ​អស់​កល្ប​ជានិច្ច"» ។ ដូច្នេះ ព្រះ‌យេស៊ូវ​បាន​ត្រឡប់​ជា​អ្នក​ធានា​សេចក្ដី​សញ្ញា​មួយ​ដែល​ប្រសើរ​ជាង។ លើស​ពី​នេះ ពី​មុន​ពួក​សង្ឃ​មាន​គ្នា​ជា​ច្រើន ព្រោះ​គេ​តែង​តែ​ស្លាប់ ពុំ​អាច​បន្ដ​មុខ​ងារ​នៅ​ជាប់​ស្ថិត‌ស្ថេរ​បាន​ឡើយ តែ​ព្រះ​យេស៊ូវ​មាន​មុខ​ងារ​ជា​សង្ឃ​ជាប់​ជា​អចិន្ត្រៃយ៍ ព្រោះ​ព្រះ‌អង្គ​នៅ​ជាប់​អស់​កល្ប​ជានិច្ច។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​អាច​សង្គ្រោះ ដល់​អស់​អ្នក​ដែល​ចូល​ជិត​ព្រះ​តាម​រយៈ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នៅ​ជានិច្ច ដើម្បី​ទូល​អង្វរ​ឲ្យ​ពួកគេ។ ដ្បិត​គួរ​ឲ្យ​មាន​សម្តេច​សង្ឃ​យ៉ាង​នេះ​សម្រាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត។ ព្រះ‌អង្គ​មិន​ចាំ​បាច់​នឹង​ថ្វាយ​យញ្ញ‌បូជា​រាល់​ថ្ងៃ ដូច​សម្តេច​សង្ឃ ដែល​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន​ឯង​ជា​មុន រួច​មក ដោយ​ព្រោះ​បាប​របស់​ប្រជា‌ជន​នោះ​ទេ ដ្បិត​ព្រះ‌អង្គ​បាន​ថ្វាយ​យញ្ញ‌បូជា ម្ដង​ជា​សូរេច គឺ​នៅ​ពេល​ដែល​ព្រះ‌អង្គ​ថ្វាយ​អង្គ​ទ្រង់​នោះ​ឯង។ ដ្បិត​ក្រឹត្យ‌វិន័យ​តែង​តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​សម្តេច​សង្ឃ ដោយ​គេ​មាន​ភាព​ទន់​ខ្សោយ តែ​ពាក្យ​សម្បថ​ដែល​មក​ក្រោយ​ក្រឹត្យ‌វិន័យ បាន​តែង​តាំង​ព្រះ‌រាជ‌បុត្រា ដែល​គ្រប់​លក្ខណ៍​នៅ​អស់​កល្ប​ជានិច្ច​វិញ។

ចែក​រំលែក
អាន ហេប្រឺ 7

ហេប្រឺ 7:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​នេះ ជា​ព្រះ‌មហា‌ក្សត្រ​នៅ​ក្រុង​សាឡឹម និង​ជា​បូជា‌ចារ្យ*​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ស្ដេច​បាន​ទៅ​ជួប​លោក​អប្រាហាំ ដែល​វិល​មក​ពី​វាយ​ឈ្នះ​ស្ដេច​នានា ហើយ​ស្ដេច​ជូន​ពរ​លោក។ លោក​អប្រាហាំ​បាន​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ចំនួន​មួយ​ភាគ​ដប់ មក​ថ្វាយ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក។ ព្រះ‌នាម​របស់​ស្ដេច​អង្គ​នេះ​មាន​ន័យ​ថា «ស្ដេច​ប្រកប​ដោយ​សេចក្ដី​សុចរិត» ហើយ​ព្រះរាជា​ជា​ស្ដេច​ក្រុង​សាឡឹម​ថែម​ទៀត ដែល​មាន​ន័យ​ថា «ស្ដេច​នៃ​សេចក្ដី​សុខ‌សាន្ត»។ ស្ដេច​គ្មាន​មាតា‌បិតា និង​គ្មាន​វង្ស​ត្រកូល​ទេ ហើយ​ជីវិត​របស់​ស្ដេច​ក៏​គ្មាន​ដើម​កំណើត និង​ចុង​បញ្ចប់​ដែរ។ ស្ដេច​ដូច​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ស្ថិត​នៅ​ជា​បូជា‌ចារ្យ*​រហូត​ត​រៀង​ទៅ។ សូម​បងប្អូន​ពិចារណា​មើល​ចុះ ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​នេះ​មាន​ឋានៈ​ធំ​ប៉ុន​ណា បាន​ជា​លោក​អប្រាហាំ បុព្វបុរស*​របស់​យើង យក​អ្វីៗ​ដែល​លោក​រឹប​អូស​បាន​ពី​ចម្បាំង ចំនួន​មួយ​ភាគ​ដប់​មក​ថ្វាយ​ដូច្នេះ!។ អស់​អ្នក​ក្នុង​ពូជ‌ពង្ស​របស់​លោក​លេវី*​ដែល​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ*​នោះ ក៏​បាន​ទទួល​បញ្ជា​ឲ្យ​ហូត​យក​តង្វាយ​មួយ​ភាគ​ដប់*​ពី​ប្រជា‌ជន ស្រប​តាម​ក្រឹត្យ‌វិន័យ* គឺ​ហូត​យក​ពី​អស់​អ្នក​ជា​សាច់​ឈាម​របស់​ខ្លួន ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ដូច​គ្នា។ ចំណែក​ឯ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​វិញ លោក​គ្មាន​ជាប់​សាច់‌ញាតិ​អ្វី​នឹង​កូន​ចៅ​លោក​លេវី​ទេ តែ​លោក​បាន​យក​ទ្រព្យ​ចំនួន​មួយ​ភាគ​ដប់​ពី​លោក​អប្រាហាំ! ស្ដេច​ក៏​ជូន​ពរ​ដល់​លោក​អប្រាហាំ ដែល​បាន​ទទួល​ព្រះ‌បន្ទូល​សន្យា! ធម្មតា អ្នក​ទទួល​ពរ​មាន​ឋានៈ​តូច​ជាង​អ្នក​ឲ្យ​ពរ ត្រង់​ចំណុច​នេះ យើង​ពុំ​អាច​ប្រកែក​ឡើយ។ លោក​លេវីដែល​ទទួល​តង្វាយ​មួយ​ភាគ​នោះ ជា​មនុស្ស​តែងតែ​ស្លាប់។ រីឯ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​វិញ ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ដូច​គម្ពីរ​បាន​បញ្ជាក់​ស្រាប់។ យើង​អាច​ពោល​ឲ្យ​អស់​សេចក្ដី​ថា សូម្បី​តែ​លោក​លេវី ដែល​តែង​ទទួល​តង្វាយ​មួយ​ភាគ​ដប់ ក៏​បាន​យក​អ្វីៗ​មួយ​ភាគ​ដប់ ថ្វាយ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក តាម​រយៈ​លោក​អប្រាហាំ​ដែរ ដ្បិត​នៅ​ពេល​ដែល​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ទៅ​ជួប​លោក​អប្រាហាំ​នោះ លោក​លេវី​ស្ថិត​នៅ​ក្នុង​លោក​អប្រាហាំ​នៅ​ឡើយ។ មុខងារ​បូជា‌ចារ្យ​ជា​គ្រឹះ​នៃ​គម្ពីរ‌វិន័យ​របស់​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ប្រសិន​បើ​មុខងារ​ជា​បូជា‌ចារ្យ​បាន​គ្រប់​លក្ខណៈ ដោយ‌សារ​ពួក​លេវី​ហើយ​នោះ តើ​ចាំបាច់​តែង‌តាំង​បូជា‌ចារ្យ​មួយ​ទៀត តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​និយាយ​ពី​បូជា‌ចារ្យ​តាម​របៀប​លោក​អើរ៉ុន​ទៅ​វិញ។ ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ​មុខងារ​បូជា‌ចារ្យ នោះ​ក៏​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ក្រឹត្យ‌វិន័យ​ដែរ។ រីឯ​បូជា‌ចារ្យ​ដែល​មាន​ចែង​ក្នុង​អត្ថ‌បទ​ទាំង​នេះ ព្រះអង្គ​កើត​ក្នុង​កុល‌សម្ព័ន្ធ​មួយ​ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើ​ជា​បូជា‌ចារ្យ​ឡើយ។ យើង​សុទ្ធ​តែ​បាន​ដឹង​ច្បាស់​ទាំង​អស់​គ្នា​ថា ព្រះ‌អម្ចាស់​នៃ​យើង​ប្រសូត​មក​ក្នុង​កុល‌សម្ព័ន្ធ*​យូដា។ ពេល​លោក​ម៉ូសេ​និយាយ​អំពី​បូជា‌ចារ្យ លោក​ពុំ​ដែល​និយាយ​ពី​កុល‌សម្ព័ន្ធ​នេះ​ទេ។ ប្រសិន​បើ​មាន​ការ​តែង‌តាំង​បូជា‌ចារ្យ​មួយ​រូប​ទៀត ដូច​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក សេចក្ដី​នេះ​ក៏​រឹត​តែ​ច្បាស់​ជាង​ទៅ​ទៀត។ ព្រះអង្គមិន​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ តាម​វិន័យ ដែល​ជា​បទ‌បញ្ជា​របស់​មនុស្ស​ឡើយ គឺ​ព្រះអង្គ​បាន​ទទួល​មុខងារ​នេះ តាម​ឫទ្ធា‌នុភាព​នៃ​ព្រះ‌ជន្ម​មិន​ចេះ​សាប‌សូន្យ ដ្បិត​គម្ពីរ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះអង្គ​ថា «ព្រះអង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក» ។ ដូច្នេះ បទ‌បញ្ជា​ដែល​មាន​ពី​មុន​មក​ត្រូវ​លុប​បំបាត់​ចោល​ហើយ ព្រោះ​គ្មាន​ប្រសិទ្ធ‌ភាព គ្មាន​សារ‌ប្រយោជន៍​អ្វី​ទេ ដ្បិត​ក្រឹត្យ‌វិន័យ​ពុំ​បាន​ធ្វើ​ឲ្យ​អ្វី​មួយ​ទៅ​ជា​គ្រប់​លក្ខណៈ​ឡើយ។ ម្យ៉ាង​ទៀត សេចក្ដី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង​បាន​មក​ដល់ ហើយ​ដោយ‌សារ​សេចក្ដី​សង្ឃឹម​នេះ យើង​អាច​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់​បាន។ លើស​ពី​នេះ មាន​ព្រះ‌បន្ទូល​សម្បថ។ បូជា‌ចារ្យ​ឯ​ទៀតៗ​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ ដោយ​គ្មាន​ព្រះ‌បន្ទូល​សម្បថ​ទេ។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ ដោយ​ព្រះ‌ជាម្ចាស់​ទ្រង់​បាន​ស្បថ គឺ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះអង្គ​ថា «“ព្រះអង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ជានិច្ច” ព្រះ‌អម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​ព្រះអង្គ​នឹង​មិន​ប្រែ‌ប្រួល​ឡើយ» ។ ដូច្នេះ ដោយ​មាន​ព្រះ‌បន្ទូល​សម្បថ​យ៉ាង​នេះ បាន​សេចក្ដី​ថា ព្រះ‌យេស៊ូ​ធានា​រ៉ាប់‌រង​នូវ​សម្ពន្ធ‌មេត្រី*​មួយ​រឹត​តែ​ប្រសើរ​ជាង​ទៅ​ទៀត។ លើស​ពី​នេះ មាន​គ្នា​ជា​ច្រើន​បាន​ធ្វើ​បូជា‌ចារ្យ​តៗ​គ្នា ព្រោះ​ពួក​គេ​តែងតែ​ស្លាប់ ពុំ​អាច​ធ្វើ​បូជា‌ចារ្យ​ជា​អចិន្ត្រៃយ៍​ឡើយ។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​មាន​មុខងារ​ជា​បូជា‌ចារ្យ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​ឲ្យ​នរណា​ទេ ព្រោះ​ព្រះអង្គ​គង់​នៅ​អស់‌កល្ប​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់ តាម​រយៈ​ព្រះអង្គ បាន​ជា​ស្ថាពរ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​រហូត ដើម្បី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ពួក​គេ។ មាន​តែ​មហា​បូជា‌ចារ្យ​ដ៏​ប្រសើរ​ដូច​ព្រះ‌យេស៊ូ​នេះ​ហើយ ដែល​យើង​ត្រូវ​ការ គឺ​មហា​បូជា‌ចារ្យ​ដ៏វិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង ខុស​ប្លែក​ពី​មនុស្ស​បាប ព្រម​ទាំង​ខ្ពង់‌ខ្ពស់​លើស​ស្ថាន​បរម‌សុខ*​ទៅ​ទៀត។ ព្រះអង្គ​មិន​ត្រូវ​ការ​ថ្វាយ​យញ្ញ‌បូជា​រៀង​រាល់​ថ្ងៃ ដូច​មហា​បូជា‌ចារ្យ​ឯ​ទៀតៗ​ថ្វាយ ព្រោះ​បាប​ខ្លួន​ឯង​ផ្ទាល់​ផង និង​បាប​ប្រជា‌ជន​ផង​នោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​ថ្វាយ​ព្រះ‌កាយ​ព្រះអង្គ​ផ្ទាល់​ជា​យញ្ញ‌បូជា ម្ដង​ជា​សូរេច។ ក្រឹត្យ‌វិន័យ​បាន​តែង‌តាំង​មនុស្ស​ទន់​ខ្សោយ​ឲ្យ​ធ្វើ​ជា​មហា​បូជា‌ចារ្យ។ រីឯ​ព្រះ‌បន្ទូល​សម្បថ ដែល​មាន​មក​តាម​ក្រោយ​ក្រឹត្យ‌វិន័យ បាន​តែង‌តាំង​ព្រះ‌បុត្រា ដែល​គ្រប់​លក្ខណៈ​អស់‌កល្ប​ជានិច្ច ឲ្យ​ធ្វើ​ជា​មហា​បូជា‌ចារ្យ​វិញ។

ចែក​រំលែក
អាន ហេប្រឺ 7

ហេប្រឺ 7:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​លោក​ម៉ិល‌គីស្សាដែក ស្តេច​ក្រុង​សាឡិម ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​នេះ ដែល​បាន​ទៅ​ជួប​នឹង​លោក​អ័ប្រា‌ហាំ ក្នុង​កាល​ដែល​ត្រឡប់​ពី​វាយ​បំផ្លាញ​ពួក​ស្តេច​វិញ ក៏​បាន​ប្រទាន​ពរ​ដល់​លោក ហើយ​លោក​អ័ប្រា‌ហាំ​បាន​យក​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អស់​ជូន​លោក នាម​ស្តេច​នោះ ដើម​ដំបូង​ស្រាយ​ថា ស្តេច​នៃ​សេចក្ដី​សុចរិត រួច​មក​ជា​ស្តេច​ក្រុង​សាឡិម គឺ​ថា ជា​ស្តេច​នៃ​សេចក្ដី​សុខ‌សាន្ត លោក​គ្មាន​មាតា‌បិតា គ្មាន​ពង្សាវតារ​ទេ ក៏​គ្មាន​ថ្ងៃ​កំណើត ឬ​ថ្ងៃ​ស្លាប់​ដែរ លោក​មាន​ភាព​ដូច​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ក៏​នៅ​ជា​សង្ឃ​ជា​រៀង​រាប​ដរាប​ត​ទៅ ចូរ​ពិចារណា​ពី​លោក​នោះ ដែល​ជា​ធំ​ដល់​ម៉្លេះ បាន​ជា​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ បាន​ជូន​របឹប​១​ភាគ​ក្នុង​១០​ផង រីឯ​ខាង​ឯ​ពួក​កូន​ចៅ​លេវី ដែល​ទទួល​ការ‌ងារ​ជា​សង្ឃ គេ​បាន​ទទួល​បង្គាប់​តាម​ក្រិត្យ‌វិន័យ ឲ្យ​ហូត​យក​១​ភាគ​ក្នុង​១០​ពី​ប្រជា‌ជន​ដែរ គឺ​ពី​ពួក​បង​ប្អូន​គេ​ទាំង​ប៉ុន្មាន ទោះ​បើ​ពួក​នោះ​កើត​អំពី​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ​ក៏​ដោយ តែ​លោក​ម៉ិល‌គីស្សាដែក​នេះ ដែល​មិន​បាន​រាប់​ជា​វង្សា​គេ​ទេ នោះ​បាន​ទទួល​១​ភាគ​ក្នុង​១០ ពី​លោក​អ័ប្រា‌ហាំ​វិញ ហើយ​ក៏​ឲ្យ​ពរ ដល់​លោក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​ផង ហើយ​ច្បាប់​នេះ​ដែល​ថា គឺ​អ្នក​ធំ​តែង​ឲ្យ​ពរ​ដល់​អ្នក​តូច នោះ​ប្រកែក​មិន​បាន​ឡើយ រីឯ​នៅ​ទី​នេះ មនុស្ស​ដែល​តែង‌តែ​ស្លាប់ គេ​ទទួល​១​ភាគ​ក្នុង​១០ តែ​នៅ​ទី​នោះ​មាន​សេចក្ដី​បន្ទាល់​ថា លោក​នេះ​រស់​នៅ ហើយ​លោក​លេវី ដែល​ទទួល​ដង្វាយ​១​ភាគ​ក្នុង​១០ នោះ​លោក​ឧបមា​ដូច​ជា​បាន​ថ្វាយ​១​ភាគ​ក្នុង​១០​ដែរ ដោយ‌សារ​លោក​អ័ប្រា‌ហាំ ដ្បិត​កាល​លោក​ម៉ិល‌គីស្សាដែក​បាន​ទៅ​ចួប​នឹង​លោក​អ័ប្រា‌ហាំ នោះ​លោក​លេវី​នៅ​ជា​ពូជ ក្នុង​ខ្លួន​នៃ​ឰយុកោ​លោក​នៅ​ឡើយ។ ដូច្នេះ បើ​សិន​ជា​មនុស្ស​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​ការ‌ងារ​ជា​សង្ឃ ខាង​ពួក​លេវី ដ្បិត​គឺ​ក្រោម​ការ‌ងារ​នោះ ដែល​ប្រជា‌ជន​បាន​ទទួល​ក្រិត្យ‌វិន័យ​ទៅ​ហើយ នោះ​តើ​ត្រូវ​ការ​អ្វី​ឲ្យ​មាន​សង្ឃ​១​ទៀត ដែល​មិន​បាន​តាំង​ឡើង​តាម​របៀប​លោក​អើរ៉ុន គឺ​តាម​របៀប​លោក​ម៉ិល‌គីស្សាដែក​វិញ​ធ្វើ​អី ពី​ព្រោះ បើ​ការ‌ងារ​ជា​សង្ឃ​បាន​ផ្លាស់​ប្រែ​ទៅ នោះ​ក្រិត្យ‌វិន័យ​ក៏​ត្រូវ​ផ្លាស់​ប្រែ​ដែរ ដ្បិត​ឯ​ព្រះ‌អង្គ ដែល​គេ​បាន​ទាយ​សេចក្ដី​ទាំង​នេះ​ពី​ទ្រង់ ទ្រង់​កើត​ពី​ពូជ​អំបូរ​១​ទៀត ដែល​គ្មាន​អ្នក​ណា​មួយ​បាន​ធ្វើ​ការ​បំរើ​នៅ​អាសនា​ឡើយ ដ្បិត​ច្បាស់​ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​បាន​កើត​ពី​ពូជ​អំបូរ​យូដា ហើយ​លោក​ម៉ូសេ​មិន​បាន​មាន​ប្រសាសន៍​ពី​ពូជ​អំបូរ​នោះ ខាង​ឯ​ការ‌ងារ​ជា​សង្ឃ​ឡើយ សេចក្ដី​នេះ​ក៏​រឹង​រឹត‌តែ​ច្បាស់​ជាង​ទៅ​ទៀត ដោយ​មាន​សង្ឃ​១​ផ្សេង​ទៀត​កើត​ឡើង តាម​បែប​លោក​ម៉ិល‌គីស្សាដែក សង្ឃ​នោះ​មិន​បាន​តាំង​ឡើង​តាម​ក្រិត្យ‌វិន័យ ដែល​មាន​សេចក្ដី​បញ្ញត្ត​ខាង​សាច់​ឈាម​ទេ គឺ​តាម​ព្រះ‌ចេស្តា​របស់​ជីវិត​ដ៏​មិន​ចេះ​សូន្យ​ឡើយ​នោះ​វិញ ដ្បិត​មាន​សេចក្ដី​បន្ទាល់​ពី​ទ្រង់​ថា «ឯង​ជា​សង្ឃ​នៅ​អស់​‌កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក» ឯ​សេចក្ដី​បញ្ញត្ត​ដែល​មាន​ពី​មុន​មក នោះ​ត្រូវ​លើក​ចោល​វិញ ដោយ​ព្រោះ​ខ្សោយ ហើយ​ឥត​ប្រយោជន៍ (ពី​ព្រោះ​ក្រិត្យ‌វិន័យ​មិន​ដែល​នាំ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ឡើយ) ក៏​មាន​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​ជាង​បាន​ចូល​មក​ផង ដែល​យើង​រាល់​គ្នា​នឹង​ចូល​ទៅ​ជិត​ព្រះ​បាន ដោយ‌សារ​សេចក្ដី​សង្ឃឹម​នោះ។ ពួក​សង្ឃ​ទាំង​នោះ គេ​បាន​តាំង​ឲ្យ​មាន​ងារ ដោយ​ឥត​មាន​សម្បថ​ទេ តែ​ទ្រង់​វិញ មាន​ទាំង​ពាក្យ​សម្បថ​ផង ដោយ‌សារ​ព្រះ​ដែល​មាន​បន្ទូល​ពី​ទ្រង់​ថា «ព្រះ‌អម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​មិន​ដែល​ផ្លាស់​គំនិត​ឡើយ​ថា ឯង​ជា​សង្ឃ​នៅ​អស់​‌កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក» ហើយ​ដោយ​ព្រោះ​ការ‌ងារ​នោះ ដែល​មិន​មែន​ឥត​ពាក្យ​សម្បថ​ដូច្នោះ បាន​ជា​ព្រះ‌យេស៊ូវ​ទ្រង់​ជា​អ្នក​ធានា ពី​សេចក្ដី​សញ្ញា​១​ដ៏​ប្រសើរ​ជាង មួយ​ទៀត ពួក​សង្ឃ​ទាំង​នោះ​មាន​គ្នា​ជា​ច្រើន ពី​ព្រោះ​គេ​តែង‌តែ​ស្លាប់ មិន​នៅ​ជាប់​ស្ថិត‌ស្ថេរ​ទេ តែ​ទ្រង់​មាន​ការ‌ងារ​ជា​សង្ឃ​ឥត​ផ្ទេរ​ឡើយ ពី​ព្រោះ​ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​វិញ ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ​សព្វ​គ្រប់​បាន ដល់​មនុស្ស​ទាំង​អស់ ដែល​ចូល​ទៅ​ឯ​ព្រះ ដោយ‌សារ​ទ្រង់ ដ្បិត​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​ជានិច្ច ដើម្បី​នឹង​ជួយ​អង្វរ​ជំនួស​គេ។ គួរ​ឲ្យ​មាន​សំដេច​សង្ឃ​យ៉ាង​នោះ​សំរាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ឥត​ពុត​មាយា ឥត​សៅ‌ហ្មង ដែល​បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត ទ្រង់​មិន​ចាំ​បាច់​នឹង​ថ្វាយ​យញ្ញ‌បូជា​ជា​រាល់​ថ្ងៃ ដូច​ជា​សំដេច​សង្ឃ ដែល​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន​ជា​មុន​ដំបូង រួច​មក​ដោយ​ព្រោះ​បាប​របស់​ជន​ទាំង‌ឡាយ​នោះ​ទេ ដ្បិត​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​នោះ​១​ដង​ជា​សំរេច គឺ​ក្នុង​កាល​ដែល​ទ្រង់​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​នោះ​ឯង ព្រោះ​ឯ​ក្រិត្យ‌វិន័យ នោះ​តែង‌តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​សំដេច​សង្ឃ ដែល​គេ​មាន​សេចក្ដី​កំសោយ តែ​សេចក្ដី​សម្បថ​ដែល​មក​ក្រោយ​ក្រិត្យ‌វិន័យ នោះ​បាន​តាំង​ព្រះ‌រាជ‌បុត្រា​វិញ ដែល​ទ្រង់​បាន​គ្រប់​លក្ខណ៍​នៅ​អស់​‌កល្ប​ជានិច្ច។

ចែក​រំលែក
អាន ហេប្រឺ 7