ហេប្រឺ 6:17-20
ហេប្រឺ 6:17-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ នៅពេលព្រះសព្វព្រះហឫទ័យចង់បង្ហាញឲ្យបានរឹតតែច្បាស់ ដល់អស់អ្នកដែលត្រូវទទួលសេចក្ដីសន្យាទុកជាមត៌ក អំពីបំណងដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ ព្រះអង្គក៏ធានាសេចក្ដីសន្យានោះ ដោយពាក្យសម្បថ ដើម្បីឲ្យយើងដែលបានរត់មកជ្រកកោន បានទទួលការលើកចិត្តយ៉ាងខ្លាំង ប្រយោជន៍នឹងចាប់យកសេចក្តីសង្ឃឹម ដែលដាក់នៅមុខយើង តាមរយៈសេចក្ដីពីរយ៉ាងដែលមិនចេះប្រែប្រួល ហើយព្រះទ្រង់មិនចេះកុហកឡើយ។ យើងមានសេចក្ដីសង្ឃឹមនេះ ដូចជាយុថ្កានៃព្រលឹងដ៏ជាប់មាំមួន ថានឹងបានចូលទៅខាងក្នុងវាំងនន ជាកន្លែងដែលព្រះយេស៊ូវបានយាងចូលទៅជំនួសយើង ដូចជាអ្នកនាំមុខ ហើយព្រះអង្គក៏បានត្រឡប់ជាសម្តេចសង្ឃអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក។
ហេប្រឺ 6:17-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យបង្ហាញឲ្យអស់អ្នកដែលទទួលមត៌ក តាមព្រះបន្ទូលសន្យា បានដឹងរឹតតែច្បាស់ថា បើព្រះអង្គសម្រេចព្រះហឫទ័យយ៉ាងណាហើយនោះ ព្រះអង្គមិនប្រែប្រួលទេ។ ហេតុនេះ ព្រះអង្គមានព្រះបន្ទូលស្បថថែមលើព្រះបន្ទូលសន្យាទៀត។ ចំពោះយើងដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលព្រះអង្គដាក់នៅខាងមុខយើង ព្រះអង្គក៏បានលើកទឹកចិត្តយើងយ៉ាងខ្លាំង ដោយមានព្រះបន្ទូលទាំងពីរយ៉ាងដែលពុំចេះប្រែប្រួល ហើយព្រះជាម្ចាស់មិនចេះកុហកក្នុងព្រះបន្ទូលនេះឡើយ។ សេចក្ដីសង្ឃឹមនេះប្រៀបបីដូចជាយុថ្កាមួយដ៏ជាប់មាំមួន សម្រាប់ព្រលឹងរបស់យើង ហើយក៏បានចូលហួសវាំងននទៅក្នុងទីសក្ការៈថែមទៀតផង គឺឆ្ពោះទៅកាន់កន្លែងដែលព្រះយេស៊ូបានយាងចូលទៅមុន ដើម្បីជាប្រយោជន៍ដល់យើង ហើយព្រះអង្គក៏បានទទួលឋានៈជាមហាបូជាចារ្យ*រហូតអស់កល្បជានិច្ច តាមរបៀបព្រះបាទម៉ិលគីស្សាដែក។
ហេប្រឺ 6:17-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចំណែកខាងព្រះ ដែលទ្រង់មានព្រះហឫទ័យសង្វាតលើសទៅទៀត ចង់សំដែងឲ្យពួកគ្រងសេចក្ដីសន្យាទុកជាមរដក បានឃើញព្រះទ័យសំរេចរបស់ទ្រង់ថា មិនចេះប្រែប្រួលឡើយ នោះទ្រង់ក៏បញ្ចូលពាក្យសម្បថដូច្នោះដែរ ដើម្បីឲ្យយើងរាល់គ្នា ដែលបានរត់មកចាប់កាន់សេចក្ដីសង្ឃឹម ដែលដាក់នៅមុខយើង ទុកជាទីជ្រកកោន បានសេចក្ដីកំឡាចិត្តឡើងជាខ្លាំង ដោយសារសេចក្ដីទាំង២មុខនេះដ៏មិនចេះប្រែប្រួល ដែលខាងឯសេចក្ដីទាំង២នោះ ព្រះទ្រង់កុហកពុំបានទេ យើងខ្ញុំមានសេចក្ដីសង្ឃឹមនោះ ទុកដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន ដែលចូលទៅខាងក្នុងនៃវាំងនន ជាកន្លែងដែលព្រះយេស៊ូវទ្រង់បានយាងចូលទៅ ជំនួសយើងរាល់គ្នា ទុកដូចជាអ្នកនាំមុខ ដោយទ្រង់បានត្រឡប់ជាសំដេចសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក។