ហេប្រឺ 6:1-16
ហេប្រឺ 6:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរឲ្យយើងចេញពីសេចក្តីបង្រៀនខាងឯបឋមសិក្សាអំពីព្រះគ្រីស្ទទៅ ហើយឈានទៅរកភាពពេញវ័យវិញ មិនត្រូវចាក់គ្រឹះសាជាថ្មីអំពីការប្រែចិត្តពីកិច្ចការដែលស្លាប់ អំពីជំនឿដល់ព្រះ អំពីសេចក្តីបង្រៀនខាងការជ្រមុជទឹក ការដាក់ដៃលើ ការរស់ពីស្លាប់ឡើងវិញ និងការជំនុំជម្រះទោសអស់កល្បជានិច្ចនោះទៀតឡើយ។ ប្រសិនបើព្រះអនុញ្ញាត នោះយើងនឹងនិយាយពីរឿងនេះ។ ដ្បិតអស់អ្នកដែលបានភ្លឺម្តងមកហើយ ហើយបានភ្លក់អំណោយទានពីស្ថានសួគ៌ ក៏មានចំណែកជាមួយព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងបានភ្លក់ព្រះបន្ទូលដ៏ល្អរបស់ព្រះ និងព្រះចេស្ដាទាំងឡាយនៃបរលោក ហើយបន្ទាប់មក ប្រសិនបើគេធ្លាក់ចេញពីជំនឿ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀតបានឡើយ ព្រោះគេបានឆ្កាងព្រះរាជបុត្រារបស់ព្រះសាជាថ្មី ព្រមទាំងធ្វើឲ្យព្រះអង្គអាម៉ាស់មុខជាសាធារណៈទៀតផង។ ដ្បិតដីដែលបានទទួលទឹកភ្លៀងធ្លាក់មកជាញឹកញាប់ ហើយបង្កើតភោគផលមានប្រយោជន៍ដល់អ្នកដែលភ្ជួររាស់ នោះបានទទួលព្រះពរពីព្រះហើយ។ ផ្ទុយទៅវិញ ប្រសិនបើដីណាដែលដុះសុទ្ធតែបន្លា និងអញ្ចាញ ដីនោះឥតប្រយោជន៍អ្វីឡើយ ក៏ជិតនឹងត្រូវបណ្តាសាដែរ ហើយចុងបំផុតនឹងត្រូវដុតចោលមិនខាន។ បងប្អូនស្ងួនភ្លាអើយ ទោះបើយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថា មានការប្រសើរជាច្រើនឆ្ពោះទៅរកការសង្គ្រោះ។ ដ្បិតព្រះទ្រង់មិនមែនអយុត្តិធម៌ ហើយភ្លេចកិច្ចការ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមព្រះអង្គ ដោយបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើទៀតនោះទេ។ យើងចង់ឲ្យអ្នករាល់គ្នាម្នាក់ៗបានសម្ដែងចេញជាចិត្តឧស្សាហ៍ដូចគ្នាទាំងអស់ ប្រយោជន៍ឲ្យមានជំនឿពេញលេញដោយសង្ឃឹម រហូតដល់ចុងបំផុត ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្ដើយឡើយ គឺឲ្យត្រាប់តាមអស់អ្នកដែលទទួលបានព្រះបន្ទូលសន្យាទុកជាមត៌ក ដោយមានជំនឿ និងសេចក្ដីអត់ធ្មត់វិញ។ កាលព្រះទ្រង់មានព្រះបន្ទូលសន្យានឹងលោកអ័ប្រាហាំ ព្រះអង្គបានយកព្រះអង្គទ្រង់ផ្ទាល់មកស្បថ ព្រោះគ្មានអ្នកណាធំជាង ដើម្បីឲ្យព្រះអង្គយកអ្នកនោះមកស្បថបានឡើយ។ ព្រះអង្គមានព្រះបន្ទូលថា «យើងប្រាកដជានឹងឲ្យពរដល់អ្នក ហើយចម្រើនពូជពង្សអ្នកឲ្យច្រើនឡើង» ។ ដូច្នេះ ក្រោយពីលោកអ័ប្រាហាំបានរង់ចាំយ៉ាងអត់ធ្មត់ លោកក៏បានទទួលតាមសេចក្ដីសន្យានោះមែន។ ដ្បិតមនុស្សតែងស្បថដោយអាងអ្វីមួយដែលធំជាងខ្លួន ហើយពាក្យសម្បថនោះជាការបញ្ជាក់ ដើម្បីបញ្ចប់ទំនាស់គ្រប់បែបយ៉ាង។
ហេប្រឺ 6:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ ត្រូវឈោងចាប់យកសេចក្ដីណាដែលមានខ្លឹមសារ គ្រប់លក្ខណៈរបស់មនុស្សពេញវ័យ ដោយទុកសេចក្ដីផ្សេងៗនៅដើមដំបូងស្ដីអំពីព្រះគ្រិស្តនោះសិន យើងមិនបាច់ចាក់គ្រឹះសាជាថ្មីទៀតទេ គឺដូចជានិយាយអំពីការកែប្រែចិត្តគំនិត ឈប់ប្រព្រឹត្តអំពើឥតបានការ អំពីជំនឿលើព្រះជាម្ចាស់ អំពីសេចក្ដីបង្រៀនពីការជ្រមុជផ្សេងៗ អំពីពិធីដាក់ដៃ* អំពីការរស់ឡើងវិញ ឬអំពីការវិនិច្ឆ័យទោសអស់កល្បជានិច្ចនោះឡើយ។ ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ យើងនឹងបរិយាយអំពីសេចក្ដីដូចតទៅនេះ។ មានអ្នកខ្លះបានទទួលពន្លឺម្ដងរួចហើយ ថែមទាំងបានស្គាល់ឱជារសនៃព្រះអំណោយទានពីស្ថានបរមសុខ* បានរួមចំណែកជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ* ព្រមទាំងស្គាល់ឱជារសនៃព្រះបន្ទូលដ៏ល្អវិសេសរបស់ព្រះជាម្ចាស់ និងស្គាល់ឫទ្ធានុភាពទាំងឡាយនៃបរលោកទៀតផង។ ប្រសិនបើគេបែរជាធ្លាក់ខ្លួនបាត់ជំនឿវិញនោះ គេមុខជាពុំអាចកែប្រែចិត្តគំនិតសាជាថ្មីម្ដងទៀតឡើយ ដ្បិតខ្លួនគេផ្ទាល់បានឆ្កាងព្រះបុត្រារបស់ព្រះជាម្ចាស់សាជាថ្មី ព្រមទាំងបានបន្ថោកកិត្តិយសព្រះអង្គជាសាធារណៈផង។ ដីណាទទួលទឹកភ្លៀងដែលធ្លាក់មកជាញឹកញាប់ ហើយផ្ដល់ភោគផលល្អដល់អ្នកភ្ជួររាស់ ដីនោះក៏ទទួលព្រះពរពីព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ ប្រសិនបើដីនោះដុះសុទ្ធតែបន្លា និងអញ្ចាញ គេនឹងចាត់ទុកថាគ្មានតម្លៃ ជិតត្រូវបណ្ដាសា ហើយគេមុខជាដុតចោលមិនខាន។ ប៉ុន្តែ បងប្អូនដ៏ជាទីស្រឡាញ់អើយ ទោះបីយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថា បងប្អូនស្ថិតនៅលើមាគ៌ាដ៏ល្អប្រសើរបំផុតឆ្ពោះទៅរកការសង្គ្រោះ ដ្បិតព្រះជាម្ចាស់មិនមែនអយុត្ដិធម៌ទេ ព្រះអង្គមិនភ្លេចអំពើដែលបងប្អូនបានប្រព្រឹត្ត ហើយក៏មិនភ្លេចសេចក្ដីស្រឡាញ់ដែលបងប្អូនបានសម្តែងចំពោះព្រះនាមព្រះអង្គ ដោយបងប្អូនបានបម្រើប្រជាជនដ៏វិសុទ្ធ កាលពីដើម និងឥឡូវនេះដែរ។ យើងចង់ឲ្យបងប្អូនម្នាក់ៗ នៅតែមានចិត្តខ្នះខ្នែងរហូតដល់ចុងបញ្ចប់ គឺធ្វើឲ្យសេចក្ដីសង្ឃឹមរបស់បងប្អូនបានពេញលក្ខណៈ ដើម្បីកុំឲ្យបងប្អូនក្លាយទៅជាខ្ជិលច្រអូស តែឲ្យយកតម្រាប់តាមអស់អ្នកដែលបានទទួលមត៌ក តាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿ និងចេះស៊ូទ្រាំ។ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យានឹងលោកអប្រាហាំ ព្រះអង្គបានស្បថដោយយកព្រះអង្គផ្ទាល់ធ្វើជាប្រធាន ព្រោះគ្មាននរណាមានឋានៈធំជាងព្រះអង្គ ធ្វើជាប្រធានសម្បថឡើយ។ ព្រះអង្គមានព្រះបន្ទូលថាៈ «យើងនឹងឲ្យពរអ្នកយ៉ាងច្រើនបរិបូណ៌ ហើយក៏នឹងធ្វើឲ្យពូជពង្សរបស់អ្នកបានកើនចំនួនច្រើនឡើងដែរ» ។ ដោយលោកអប្រាហាំព្យាយាមទន្ទឹងរង់ចាំ លោកក៏បានទទួលតាមព្រះបន្ទូលសន្យាមែន។ មនុស្សតែងតែស្បថដោយយកអ្វីៗធំជាងខ្លួនមកធ្វើជាប្រធាន ហើយសម្បថនោះធ្វើឲ្យពាក្យសម្ដីរបស់គេយកជាការបាន ដើម្បីបញ្ចប់ការទាស់ទែងគ្នាគ្រប់យ៉ាង។
ហេប្រឺ 6:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរឲ្យយើងឈប់ ខាងឯសេចក្ដីបថមសិក្សានៃព្រះបន្ទូលព្រះគ្រីស្ទ ហើយខំឲ្យបានជឿនទៅមុខ ដរាបដល់ពេញខ្នាតចុះ មិនត្រូវតាំងសេចក្ដីដើមនោះជាថ្មីឡើងវិញ ដូចជាសេចក្ដីប្រែចិត្តចេញពីការស្លាប់ នឹងសេចក្ដីជំនឿជឿដល់ព្រះ ហើយនឹងសេចក្ដីបង្រៀនពីបុណ្យជ្រមុជ ការដាក់ដៃ សេចក្ដីរស់ពីស្លាប់ឡើងវិញ នឹងសេចក្ដីជំនុំជំរះកាត់ទោស ដល់អស់កល្បជានិច្ចនោះឡើយ បើសិនជាព្រះទ្រង់អនុញ្ញាតឲ្យ នោះយើងរាល់គ្នានឹងធ្វើការនោះឯង ដ្បិតឯពួកអ្នកដែលបានភ្លឺម្តង ទាំងភ្លក់អំណោយទាននៃស្ថានសួគ៌ ក៏បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ ហើយភ្លក់ព្រះបន្ទូលដ៏ល្អនៃព្រះ នឹងការឫទ្ធិបារមីរបស់បរលោកនាយ រួចធ្លាក់ទៅវិញ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀតទេ ដោយព្រោះគេបានឆ្កាងព្រះរាជបុត្រានៃព្រះ ខាងឯខ្លួនគេរួចទៅហើយ ព្រមទាំងធ្វើឲ្យទ្រង់ហាលមុខនៅកណ្តាលជំនុំផង ដ្បិតដីណាបានបៀមទឹកភ្លៀង ដែលធ្លាក់មកជាញយៗ រួចបង្កើតជាបន្លែមានប្រយោជន៍ដល់អ្នកដែលភ្ជួររាស់ នោះបានទទួលព្រះពរហើយ តែដីណាដែលបង្កើតសុទ្ធតែបន្លា នឹងអញ្ចាញវិញ ដីនោះត្រូវបោះបង់ចោលចេញ ក៏ជិតនឹងត្រូវបណ្តាសាហើយ លុះដល់ចុងបំផុតនឹងត្រូវដុតចោលផង។ ពួកស្ងួនភ្ងាអើយ ទោះបើយើងខ្ញុំនិយាយដូច្នេះក៏ដោយ គង់តែយើងខ្ញុំទុកចិត្តខាងឯអ្នករាល់គ្នាថា បានសេចក្ដីប្រសើរជាង គឺជាសេចក្ដីដែលត្រូវខាងសេចក្ដីសង្គ្រោះវិញ ដ្បិតព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ តែយើងខ្ញុំចង់ឲ្យអ្នករាល់គ្នានិមួយៗ បានសំដែងចេញជាចិត្តឧស្សាហ៍ដូចគ្នាទាំងអស់ ប្រយោជន៍ឲ្យបានសេចក្ដីជំនឿដ៏ពេញលេញរបស់សេចក្ដីសង្ឃឹម ដរាបដល់ចុងបំផុត ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្តើយឡើយ គឺឲ្យត្រាប់តាមពួកអ្នក ដែលគ្រងបានសេចក្ដីសន្យាទុកជាមរដក ដោយចិត្តជឿ ហើយអត់ធន់វិញ។ ដ្បិតកាលព្រះបានសន្យានឹងលោកអ័ប្រាហាំ នោះពីព្រោះគ្មានអ្នកណាធំជាង សំរាប់ឲ្យទ្រង់បានស្បថដោយអ្នកនោះទេ បានជាទ្រង់ស្បថដោយព្រះអង្គទ្រង់វិញថា «ដែលឲ្យពរ នោះអញនឹងឲ្យដល់ឯងមែន ហើយដែលចំរើន នោះអញនឹងចំរើនពូជឯងមែន» ហើយលោកបានទទួលសេចក្ដីសន្យានោះ ដោយព្រោះលោកមានសេចក្ដីអត់ធន់ជាយូរ ដ្បិតឯមនុស្ស គេតែងតែស្បថដោយអ្នកណាដែលធំជាងខ្លួន ហើយពាក្យសម្បថនោះ ក៏រាំងរាគ្រប់ទាំងផ្លូវទាស់ទែងគ្នា ដើម្បីឲ្យការនោះបានសំរេច