ហេប្រឺ 5:5-11

ហេប្រឺ 5:5-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​តម្កើង​ព្រះ‌អង្គ​ទ្រង់​ឡើង​ធ្វើ​ជា​សម្តេច​សង្ឃ​ដែរ គឺ​ព្រះ​ទេ​តើ​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​ព្រះ‌អង្គ​ថា៖ «អ្នក​ជា​កូន​របស់​យើង យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃ​នេះ» ហើយ​ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​នៅ​កន្លែង​មួយ​ទៀត​ថា៖ «អ្នក​ជា​សង្ឃ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែក» ។ កាល​ព្រះ‌អង្គ​គង់​នៅ​ក្នុង​សាច់​ឈាម​នៅ​ឡើយ ព្រះ‌អង្គ​បាន​ពោល​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក ដល់​ព្រះ​ដែល​អាច​នឹង​ប្រោស​ឲ្យ​ព្រះ‌អង្គ​រួច​ពី​ស្លាប់ ហើយ​ដោយ​ព្រោះ​ព្រះ‌អង្គ​កោត​ខ្លាច ព្រះ​ក៏​ស្ដាប់​ពាក្យ​ព្រះ‌អង្គ។ ទោះ​បើ​ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​ក៏​ដោយ ក៏​ព្រះ‌អង្គ​បាន​រៀន​ស្តាប់​បង្គាប់ តាម​រយៈការ​ដែល​ព្រះ‌អង្គ​រង​ទុក្ខ​លំបាក។ កាល​បាន​គ្រប់​លក្ខណ៍​ហើយ នោះ​ព្រះ‌អង្គ​ក៏​បាន​ត្រឡប់​ជា​ប្រភព​នៃ​ការ​សង្គ្រោះ ដ៏​នៅ​អស់​កល្ប​ជានិច្ច ដល់​អស់​អ្នក​ណា​ដែល​ស្តាប់​បង្គាប់​ព្រះ‌អង្គ ហើយ​ព្រះ‌ក៏​បាន​តាំង​ព្រះ‌អង្គ​ជា​សម្តេច​សង្ឃ តាម​របៀប​លោក​ម៉ិលគី‌ស្សាដែក។ ត្រង់​ចំណុច​នេះ យើង​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ជា​សេចក្ដី​ដែល​ពិបាក​នឹង​ពន្យល់ ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ព្រងើយ​នឹង​ការ​ស្ដាប់។

ចែក​រំលែក
អាន ហេប្រឺ 5

ហេប្រឺ 5:5-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​ព្រះ‌គ្រិស្ត​វិញ​ក៏​ដូច្នោះ​ដែរ ព្រះអង្គ​ពុំ​បាន​លើក​តម្កើង​ព្រះអង្គ​ផ្ទាល់​ធ្វើ​ជា​មហា​បូជា‌ចារ្យ​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ទេ​តើ​ដែល​បាន​តែង‌តាំង​ព្រះអង្គ ដោយ​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះអង្គ​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន ទទួល​ព្រះអង្គ​ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ» ។ ព្រះ‌ជាម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​វគ្គ​មួយ​ទៀត​ថា៖ «ព្រះអង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក» ។ កាល​ព្រះ‌គ្រិស្ត​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ព្រះអង្គ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក ទូល‌អង្វរ ទូល​សូម​ព្រះ‌ជាម្ចាស់ ដែល​អាច​សង្គ្រោះ​ព្រះអង្គ​ឲ្យ​រួច​ពី​ស្លាប់។ ដោយ​ព្រះ‌គ្រិស្ត​បាន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌ជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​ទូល‌អង្វរ។ ថ្វី‌ដ្បិត​តែ​ព្រះអង្គ​ជា​ព្រះ‌បុត្រា​ក៏​ដោយ ក៏​ព្រះអង្គ​បាន​រៀន​ស្ដាប់​បង្គាប់ ដោយ​រង‌ទុក្ខ​លំបាក។ បន្ទាប់​ពី​ព្រះអង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ព្រះអង្គ​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច សម្រាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះអង្គ ហើយ​ព្រះ‌ជាម្ចាស់​ក៏​ប្រកាស​តែង‌តាំង​ព្រះអង្គ​ជា​មហា​បូជា‌ចារ្យ តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ដែរ។ ត្រង់​ចំណុច​នេះ យើង​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ជា​សេចក្ដី​ដែល​ពិបាក​ពន្យល់ ព្រោះ​បងប្អូន​បែរ​ជា​ក្រ​នឹង​យល់។

ចែក​រំលែក
អាន ហេប្រឺ 5

ហេប្រឺ 5:5-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​ដំកើង​ព្រះ‌អង្គ​ទ្រង់​ឡើង​ធ្វើ​ជា​សំដេច​សង្ឃ​ដែរ គឺ​ជា​ព្រះ​វិញ​ទេ​តើ​ដែល​មាន​បន្ទូល​ទៅ​ទ្រង់​ថា «ឯង​ជា​កូន​អញៗ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ» ដូច​ក្នុង​បទ​១​ទៀត ព្រះ​ក៏​មាន​បន្ទូល​ថា «ឯង​ជា​សង្ឃ​នៅ​អស់​‌កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក» ហើយ​កាល​ទ្រង់​គង់​នៅ​ក្នុង​សាច់​ឈាម​នៅ​ឡើយ នោះ​ទ្រង់​បាន​ពោល​ពាក្យ​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក ដល់​ព្រះ​ដែល​អាច​នឹង​ប្រោស​ឲ្យ​ទ្រង់​រួច​ពី​ស្លាប់ ហើយ​ដោយ​ព្រោះ​ទ្រង់​កោត‌ខ្លាច បាន​ជា​ព្រះ​ព្រម​ទទួល​ទ្រង់ ហើយ​ទោះ​បើ​ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​ក៏​ដោយ គង់​តែ​ទ្រង់​បាន​រៀន​ស្តាប់​បង្គាប់ ដោយ‌សារ​ការ​ដែល​ទ្រង់​រង​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​នោះ​ដែរ រួច​កាល​ទ្រង់​បាន​គ្រប់​លក្ខណ៍​ហើយ នោះ​ទ្រង់​បាន​ត្រឡប់​ជា​មេ​បង្កើត នៃ​សេចក្ដី​សង្គ្រោះ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដល់​អស់​អ្នក​ណា​ដែល​ស្តាប់​បង្គាប់​ទ្រង់ ដោយ​ព្រះ​បាន​តាំង​ងារ​ទ្រង់​ជា​សំដេច​សង្ឃ តាម​របៀប​លោក​ម៉ិល‌គីស្សាដែក។ យើង​ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​នឹង​អធិប្បាយ​ពី​លោក​នោះ ដែល​ពិបាក​ពន្យល់ ដ្បិត​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ព្រងើយ​នឹង​ការ​ស្តាប់

ចែក​រំលែក
អាន ហេប្រឺ 5