ហេប្រឺ 5:1-11
ហេប្រឺ 5:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រប់ទាំងសម្តេចសង្ឃដែលគេជ្រើសរើសក្នុងចំណោមមនុស្ស ត្រូវបានតែងតាំងឲ្យមានទំនាក់ទំនងជាមួយព្រះ តំណាងឲ្យពួកគេក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញយូជាសម្រាប់លោះបាប។ លោកមានអធ្យាស្រ័យដល់មនុស្សខ្លៅល្ងង់ និងមនុស្សវង្វេង ព្រោះលោកក៏មានភាពទន់ខ្សោយដែរ ហើយដោយហេតុនេះ លោកត្រូវថ្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់ខ្លួនលោកផ្ទាល់ ក៏ដូចជាសម្រាប់អំពើបាបរបស់ប្រជាជនដែរ។ គ្មានអ្នកណាតាំងខ្លួនឯងឲ្យបំពេញមុខងារដ៏ប្រសើរនេះបានឡើយ គឺមានតែពេលដែលព្រះត្រាស់ហៅ ដូចលោកអើរ៉ុនប៉ុណ្ណោះ។ ដូច្នេះ ព្រះគ្រីស្ទក៏មិនបានតម្កើងព្រះអង្គទ្រង់ឡើងធ្វើជាសម្តេចសង្ឃដែរ គឺព្រះទេតើដែលមានព្រះបន្ទូលទៅព្រះអង្គថា៖ «អ្នកជាកូនរបស់យើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ» ហើយព្រះអង្គក៏មានព្រះបន្ទូលនៅកន្លែងមួយទៀតថា៖ «អ្នកជាសង្ឃអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» ។ កាលព្រះអង្គគង់នៅក្នុងសាច់ឈាមនៅឡើយ ព្រះអង្គបានពោលពាក្យអធិស្ឋាន និងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យព្រះអង្គរួចពីស្លាប់ ហើយដោយព្រោះព្រះអង្គកោតខ្លាច ព្រះក៏ស្ដាប់ពាក្យព្រះអង្គ។ ទោះបើព្រះអង្គជាព្រះរាជបុត្រាក៏ដោយ ក៏ព្រះអង្គបានរៀនស្តាប់បង្គាប់ តាមរយៈការដែលព្រះអង្គរងទុក្ខលំបាក។ កាលបានគ្រប់លក្ខណ៍ហើយ នោះព្រះអង្គក៏បានត្រឡប់ជាប្រភពនៃការសង្គ្រោះ ដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ព្រះអង្គ ហើយព្រះក៏បានតាំងព្រះអង្គជាសម្តេចសង្ឃ តាមរបៀបលោកម៉ិលគីស្សាដែក។ ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកនឹងពន្យល់ ព្រោះអ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្ដាប់។
ហេប្រឺ 5:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេជ្រើសរើសមហាបូជាចារ្យគ្រប់ៗរូបពីចំណោមមនុស្ស ហើយតែងតាំងសម្រាប់ឲ្យទាក់ទងជាមួយព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់មនុស្សលោក ក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញបូជារំដោះបាបមនុស្ស។ លោកមហាបូជាចារ្យអាចមានអធ្យាស្រ័យដល់មនុស្សល្ងិតល្ងង់ និងមនុស្សវង្វេងបាន ព្រោះខ្លួនលោកផ្ទាល់ក៏ទន់ខ្សោយ ហើយដោយលោកទន់ខ្សោយ ដូច្នេះ លោកត្រូវថ្វាយយញ្ញបូជាសម្រាប់ឲ្យខ្លួនលោកផ្ទាល់ និងប្រជារាស្ត្ររួចពីបាប។ គ្មាននរណាតាំងខ្លួនឯងឲ្យបំពេញមុខងារដ៏ប្រសើរនេះបានឡើយ គឺទាល់តែព្រះជាម្ចាស់ត្រាស់ហៅដូចលោកអើរ៉ុន ទើបបំពេញបាន។ រីឯព្រះគ្រិស្តវិញក៏ដូច្នោះដែរ ព្រះអង្គពុំបានលើកតម្កើងព្រះអង្គផ្ទាល់ធ្វើជាមហាបូជាចារ្យឡើយ គឺព្រះជាម្ចាស់ទេតើដែលបានតែងតាំងព្រះអង្គ ដោយមានព្រះបន្ទូលមកកាន់ព្រះអង្គថា៖ «ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែលបាន ទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ» ។ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលនៅក្នុងវគ្គមួយទៀតថា៖ «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបព្រះបាទម៉ិលគីស្សាដែក» ។ កាលព្រះគ្រិស្តរស់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គបានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែក ទូលអង្វរ ទូលសូមព្រះជាម្ចាស់ ដែលអាចសង្គ្រោះព្រះអង្គឲ្យរួចពីស្លាប់។ ដោយព្រះគ្រិស្តបានគោរពប្រណិប័តន៍ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏ប្រោសប្រទានតាមពាក្យទូលអង្វរ។ ថ្វីដ្បិតតែព្រះអង្គជាព្រះបុត្រាក៏ដោយ ក៏ព្រះអង្គបានរៀនស្ដាប់បង្គាប់ ដោយរងទុក្ខលំបាក។ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ព្រះអង្គក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ ហើយព្រះជាម្ចាស់ក៏ប្រកាសតែងតាំងព្រះអង្គជាមហាបូជាចារ្យ តាមរបៀបព្រះបាទម៉ិលគីស្សាដែកដែរ។ ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកពន្យល់ ព្រោះបងប្អូនបែរជាក្រនឹងយល់។
ហេប្រឺ 5:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីព្រោះអស់ទាំងសំដេចសង្ឃ ដែលគេរើសយកពីពួកមនុស្ស នោះបានតាំងសំរាប់មនុស្ស ក្នុងអស់ទាំងការខាងឯព្រះ ដើម្បីនឹងថ្វាយដង្វាយ នឹងយញ្ញបូជា ដោយព្រោះបាប ជាអ្នកដែលមានអធ្យាស្រ័យដល់មនុស្សខ្លៅល្ងង់ នឹងមនុស្សវង្វេងផង ដោយព្រោះលោកក៏មានសេចក្ដីកំសោយ នៅព័ទ្ធជុំវិញខ្លួនដែរ ហើយដោយហេតុនោះ បានជាលោកត្រូវថ្វាយដង្វាយ ដោយព្រោះបាបរបស់ខ្លួនលោក ដូចជាតែងថ្វាយ ដោយព្រោះបាបនៃបណ្តាជនដែរ គ្មានអ្នកណាលើកខ្លួនដល់ងារដ៏ប្រសើរនោះឡើយ មានតែអ្នកដែលព្រះទ្រង់ហៅប៉ុណ្ណោះ តួយ៉ាងដូចជាលោកអើរ៉ុន ដូច្នេះ ព្រះគ្រីស្ទក៏មិនបានដំកើងព្រះអង្គទ្រង់ឡើងធ្វើជាសំដេចសង្ឃដែរ គឺជាព្រះវិញទេតើដែលមានបន្ទូលទៅទ្រង់ថា «ឯងជាកូនអញៗបានបង្កើតឯងនៅថ្ងៃនេះ» ដូចក្នុងបទ១ទៀត ព្រះក៏មានបន្ទូលថា «ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» ហើយកាលទ្រង់គង់នៅក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យអធិស្ឋាន នឹងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់ ហើយទោះបើទ្រង់ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្តាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ រួចកាលទ្រង់បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើត នៃសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ទ្រង់ ដោយព្រះបានតាំងងារទ្រង់ជាសំដេចសង្ឃ តាមរបៀបលោកម៉ិលគីស្សាដែក។ យើងខ្ញុំមានសេចក្ដីជាច្រើននឹងអធិប្បាយពីលោកនោះ ដែលពិបាកពន្យល់ ដ្បិតអ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្តាប់