ហេប្រឺ 4:3-13
ហេប្រឺ 4:3-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះទ្រង់មានព្រះបន្ទូលថា៖ «យើងបានស្បថទាំងកំហឹងថា "ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាករបស់យើងឡើយ"» តែចំពោះយើងវិញ យើងជឿថានឹងបានចូលទៅក្នុងសេចក្ដីសម្រាកនោះ ទោះបើកិច្ចការទាំងប៉ុន្មានបានសម្រេច តាំងពីកំណើតពិភពលោកមកក៏ដោយ។ ដ្បិតមានកន្លែងមួយ ដែលព្រះអង្គមានព្រះបន្ទូលអំពីថ្ងៃទីប្រាំពីរដូច្នេះថា៖ «ហើយព្រះទ្រង់សម្រាក ពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គ នៅថ្ងៃទីប្រាំពីរ»។ ហើយនៅកន្លែងនេះ ព្រះអង្គមានព្រះបន្ទូលម្តងទៀតថា៖ «ពួកគេនឹងមិនបានចូលទៅក្នុងសេចក្ដីសម្រាករបស់យើងឡើយ»។ ដូច្នេះ ក្នុងកាលដែលនៅតែបើកឲ្យអ្នកខ្លះចូលទៅក្នុងសេចក្ដីសម្រាកនោះ ហើយអស់អ្នកដែលឮដំណឹងល្អពីដើមមិនបានចូល ព្រោះគេមិនស្ដាប់បង្គាប់។ ព្រះអង្គកំណត់ «ថ្ងៃនេះ» មួយទៀត ដោយមានព្រះបន្ទូលតាមរយៈព្រះបាទដាវីឌក្រោយមកទៀត ដូចមានសេចក្ដីដកស្រង់រួចមកហើយថា «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮសំឡេងព្រះអង្គ នោះមិនត្រូវតាំងចិត្តរឹងរូសឡើយ»។ ដ្បិត ប្រសិនបើលោកយ៉ូស្វេបានឲ្យគេសម្រាកមែន នោះព្រះមិនមានព្រះបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។ ដូច្នេះ នៅតែមានសប្ប័ទ ជាថ្ងៃសម្រាកសម្រាប់ប្រជារាស្ត្ររបស់ព្រះដដែល ដ្បិតអ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះ នោះក៏បានសម្រាកពីការនឿយហត់ទាំងប៉ុន្មាន ដូចជាព្រះបានសម្រាកពីកិច្ចការរបស់ព្រះអង្គដែរ។ ដូច្នេះ យើងត្រូវសង្វាតចូលទៅក្នុងសេចក្ដីសម្រាកនោះ ដើម្បីកុំឲ្យអ្នកណាម្នាក់ ដួលទៅតាមពួកអ្នកដែលមិនស្ដាប់បង្គាប់នោះឡើយ។ ដ្បិតព្រះបន្ទូលរបស់ព្រះរស់នៅ ហើយពូកែ ក៏មុតជាងដាវមុខពីរ ដែលអាចចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណចេញពីគ្នា កាត់សន្លាក់ និងខួរឆ្អឹងចេញពីគ្នា ហើយក៏វិនិច្ឆ័យគំនិត និងបំណងដែលនៅក្នុងចិត្ត។ គ្មានសត្វលោកណាដែលអាចលាក់ពីព្រះភក្ត្រព្រះអង្គបានឡើយ គឺទាំងអស់នៅជាអាក្រាតចំពោះព្រះនេត្រព្រះអង្គ ដែលយើងត្រូវទូលរៀបរាប់ទូលថ្វាយព្រះអង្គ។
ហេប្រឺ 4:3-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់មានព្រះបន្ទូលថា «យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឲ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត»។ ចំពោះយើងជាអ្នកជឿវិញ យើងបានចូលមកសម្រាកជាមួយព្រះអង្គហើយ។ ពិតមែនហើយ ព្រះជាម្ចាស់បានបង្ហើយកិច្ចការរបស់ព្រះអង្គ តាំងពីកំណើតពិភពលោកមកម៉្លេះ ដ្បិតមានចែងទុកត្រង់វគ្គមួយស្ដីអំពីថ្ងៃទីប្រាំពីរថាៈ ព្រះជាម្ចាស់បង្ហើយកិច្ចការទាំងអស់នៅថ្ងៃទីប្រាំពីរ រួចព្រះអង្គក៏សម្រាក ។ ក្នុងអត្ថបទគម្ពីរខាងលើនេះមានចែងសាជាថ្មីថា: «ពួកគេនឹងមិនបានចូលទៅសម្រាកជាមួយយើងជាដាច់ខាត»។ ព្រះជាម្ចាស់បានតម្រូវឲ្យអ្នកខ្លះចូលទៅសម្រាក ក៏ប៉ុន្តែ ដោយអស់អ្នកដែលទទួលដំណឹងល្អពីមុនមិនបានចូល ព្រោះគេមិនស្ដាប់បង្គាប់ ព្រះអង្គក៏កំណត់យក“ថ្ងៃនេះ”មួយទៀត គឺព្រះអង្គមានព្រះបន្ទូលតាមរយៈព្រះបាទដាវីឌជាយូរអង្វែងក្រោយមកទៀត ដូចមានចែងទុកនៅខាងលើនេះស្រាប់ថា: «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសឡើយ»។ ប្រសិនបើលោកយ៉ូស្វេនាំប្រជារាស្ដ្រឲ្យបានសម្រាកមែន ក្រោយមកទៀតនោះ ព្រះជាម្ចាស់មុខជាពុំមានព្រះបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។ ដូច្នេះ ព្រះជាម្ចាស់បានតម្រូវទុកឲ្យមានថ្ងៃសម្រាកមួយទៀត សម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គ ដូចព្រះអង្គសម្រាកនៅថ្ងៃទីប្រាំពីរដែរ ដ្បិតអ្នកណាចូលទៅសម្រាកជាមួយព្រះជាម្ចាស់ អ្នកនោះបានបង្ហើយកិច្ចការរបស់ខ្លួន ដូចព្រះជាម្ចាស់បង្ហើយកិច្ចការរបស់ព្រះអង្គដែរ។ ហេតុនេះ យើងត្រូវតែខ្នះខ្នែងចូលទៅរកសម្រាកជាមួយព្រះអង្គនោះវិញ កុំឲ្យមាននរណាម្នាក់ធ្លាក់ខ្លួនទៅយកតម្រាប់តាមពួកអ្នកដែលមិនស្ដាប់បង្គាប់នោះឡើយ ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិមុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តមនុស្ស។ គ្មានសត្វលោកណាមួយដែលព្រះបន្ទូលមើលមិនឃើញឡើយ ចំពោះព្រះនេត្ររបស់ព្រះអង្គ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះ។ យើងត្រូវទូលរៀបរាប់ថ្វាយព្រះបន្ទូលពីគ្រប់កិច្ចការទាំងអស់។
ហេប្រឺ 4:3-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តាមសេចក្ដីដែលទ្រង់មានបន្ទូលថា «អញបានស្បថទាំងកំហឹងថា វារាល់គ្នាមិនត្រូវចូលទៅក្នុងសេចក្ដីសំរាករបស់អញសោះឡើយ» តែយើងរាល់គ្នាដែលជឿ យើងចូលក្នុងសេចក្ដីសំរាកនោះវិញ ទោះបើការទាំងប៉ុន្មានបានសំរេច តាំងពីកំណើតលោកីយមកក៏ដោយ ដ្បិតនៅកន្លែងណាមួយ នោះទ្រង់មានបន្ទូលពីថ្ងៃទី៧ដូច្នេះថា «ព្រះទ្រង់បានឈប់សំរាក ពីអស់ទាំងការរបស់ទ្រង់នៅថ្ងៃទី៧» ហើយនៅកន្លែងនេះទៀតថា «វារាល់គ្នាមិនត្រូវចូល ទៅក្នុងសេចក្ដីសំរាករបស់អញសោះឡើយ» ដូច្នេះ ដែលនៅតែបើកឲ្យអ្នកខ្លះបានចូលទៅក្នុងសេចក្ដីសំរាកនោះ ហើយពួកអ្នកដែលឮដំណឹងល្អពីដើម គេមិនបានចូលទេ ដោយព្រោះមិនជឿ នោះបានជាទ្រង់ដាក់កំណត់ថ្ងៃ១ទៀតថា «នៅថ្ងៃនេះ» ដូច្នេះវិញ ទាំងមានបន្ទូលដោយសារហ្លួងដាវីឌ ជាយូរក្រោយមក តាមពាក្យអម្បាញ់មិញ ដែលថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូសឡើយ» បើសិនជាលោកយ៉ូស្វេបានឲ្យគេឈប់សំរាក នោះក្រោយមក ទ្រង់មិនមានបន្ទូលពីថ្ងៃ១ទៀតទេ ដូច្នេះ មានសេចក្ដីឈប់សំរាក ទុកសំរាប់រាស្ត្ររបស់ព្រះនៅខាងមុខ ដ្បិតអ្នកណាដែលចូលទៅក្នុងសេចក្ដីសំរាករបស់ទ្រង់ហើយ នោះក៏បានឈប់សំរាក ពីការខ្លួនប្រព្រឹត្តទាំងប៉ុន្មាន ដូចជាព្រះបានឈប់ ពីការដែលទ្រង់ធ្វើដែរ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាសង្វាតនឹងចូល ទៅក្នុងសេចក្ដីសំរាកនោះ ក្រែងលោអ្នកណាដួលទៅ តាមក្បួនមិនជឿ ដូចជាគេដែរ ពីព្រោះ ឯព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់ នឹងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសំរេចដែរ គ្មានអ្វីកើតមក ដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់។