ហេប្រឺ 4:13-16
ហេប្រឺ 4:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្មានសត្វលោកណាដែលអាចលាក់ពីព្រះភក្ត្រព្រះអង្គបានឡើយ គឺទាំងអស់នៅជាអាក្រាតចំពោះព្រះនេត្រព្រះអង្គ ដែលយើងត្រូវទូលរៀបរាប់ទូលថ្វាយព្រះអង្គ។ ដូច្នេះ ដោយយើងមានសម្តេចសង្ឃដ៏ខ្ពង់ខ្ពស់មួយអង្គ ដែលបានយាងកាត់អស់ទាំងជាន់ស្ថានសួគ៌ គឺព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះ នោះយើងត្រូវកាន់ជាប់តាមជំនឿដែលយើងប្រកាសនោះចុះ។ ដ្បិតសម្តេចសង្ឃរបស់យើង មិនមែនព្រះអង្គមិនចេះអាណិតអាសូរ ដល់ភាពទន់ខ្សោយរបស់យើងនោះទេ គឺព្រះអង្គត្រូវរងការល្បងលគ្រប់បែបយ៉ាង ដូចយើងដែរ តែមិនបានប្រព្រឹត្តអំពើបាបឡើយ។ ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
ហេប្រឺ 4:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គ្មានសត្វលោកណាមួយដែលព្រះបន្ទូលមើលមិនឃើញឡើយ ចំពោះព្រះនេត្ររបស់ព្រះអង្គ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះ។ យើងត្រូវទូលរៀបរាប់ថ្វាយព្រះបន្ទូលពីគ្រប់កិច្ចការទាំងអស់។ ដោយយើងមានមហាបូជាចារ្យ*មួយរូបដ៏ប្រសើរឧត្ដម ដែលបានយាងកាត់ស្ថានបរមសុខ* គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះឲ្យបានមាំមួន ដ្បិតយើងមានមហាបូជាចារ្យ ដែលអាចរួមសុខទុក្ខជាមួយយើង ជាមនុស្សទន់ខ្សោយ គឺព្រះអង្គក៏ត្រូវរងការល្បងលគ្រប់ចំពូកដូចយើងដែរ តែព្រះអង្គមិនបានប្រព្រឹត្តអំពើបាបសោះឡើយ ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណ ទាំងទុកចិត្ត ដើម្បីឲ្យបានទទួលព្រះហឫទ័យមេត្តា និងព្រះគុណ ទុកជាជំនួយនៅពេលណាដែលយើងត្រូវការ។
ហេប្រឺ 4:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្មានអ្វីកើតមក ដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់។ ដូច្នេះ ដែលមានសំដេចសង្ឃយ៉ាងធំ១អង្គ ដែលទ្រង់បានយាងកាត់អស់ទាំងជាន់ស្ថានសួគ៌ គឺព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ នោះត្រូវតែឲ្យយើងមានចិត្តដាច់ស្រឡះនឹងជឿតាមចុះ ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្ដីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្ដីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាមកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្ដីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ។