ហេប្រឺ 4:1-7
ហេប្រឺ 4:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ កាលកំពុងនៅមានព្រះបន្ទូលសន្យា ឲ្យចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអង្គនៅឡើយ ចូរយើងភ័យខ្លាចចុះ ក្រែងអ្នករាល់គ្នាណាម្នាក់ មើលទៅដូចជាឈោងទៅមិនដល់។ ដ្បិតដំណឹងល្អបានមកដល់យើង ដូចជាគេដែរ ប៉ុន្តែ ព្រះបន្ទូលដែលគេបានឮ គ្មានប្រយោជន៍ដល់គេសោះ ព្រោះមិនបានភ្ជាប់នឹងជំនឿ រួមជាមួយអស់អ្នកដែលបានស្ដាប់។ ព្រះទ្រង់មានព្រះបន្ទូលថា៖ «យើងបានស្បថទាំងកំហឹងថា "ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាករបស់យើងឡើយ"» តែចំពោះយើងវិញ យើងជឿថានឹងបានចូលទៅក្នុងសេចក្ដីសម្រាកនោះ ទោះបើកិច្ចការទាំងប៉ុន្មានបានសម្រេច តាំងពីកំណើតពិភពលោកមកក៏ដោយ។ ដ្បិតមានកន្លែងមួយ ដែលព្រះអង្គមានព្រះបន្ទូលអំពីថ្ងៃទីប្រាំពីរដូច្នេះថា៖ «ហើយព្រះទ្រង់សម្រាក ពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គ នៅថ្ងៃទីប្រាំពីរ»។ ហើយនៅកន្លែងនេះ ព្រះអង្គមានព្រះបន្ទូលម្តងទៀតថា៖ «ពួកគេនឹងមិនបានចូលទៅក្នុងសេចក្ដីសម្រាករបស់យើងឡើយ»។ ដូច្នេះ ក្នុងកាលដែលនៅតែបើកឲ្យអ្នកខ្លះចូលទៅក្នុងសេចក្ដីសម្រាកនោះ ហើយអស់អ្នកដែលឮដំណឹងល្អពីដើមមិនបានចូល ព្រោះគេមិនស្ដាប់បង្គាប់។ ព្រះអង្គកំណត់ «ថ្ងៃនេះ» មួយទៀត ដោយមានព្រះបន្ទូលតាមរយៈព្រះបាទដាវីឌក្រោយមកទៀត ដូចមានសេចក្ដីដកស្រង់រួចមកហើយថា «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮសំឡេងព្រះអង្គ នោះមិនត្រូវតាំងចិត្តរឹងរូសឡើយ»។
ហេប្រឺ 4:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដែលថាឲ្យយើងចូលទៅសម្រាកជាមួយព្រះអង្គនោះ នៅស្ថិតស្ថេរនៅឡើយ ដូច្នេះ យើងត្រូវភ័យខ្លាច ក្រែងលោមានបងប្អូនណាម្នាក់នឹកស្មានថាខ្លួនចូលទៅមិនទាន់ ដ្បិតយើងក៏បានទទួលដំណឹងល្អ*ដូចពួកគេដែរ។ ប៉ុន្តែ ព្រះបន្ទូលដែលគេស្ដាប់ គ្មានប្រយោជន៍អ្វីដល់គេទេ ព្រោះព្រះបន្ទូលដែលគេបានឮនោះពុំបានជ្រួតជ្រាបចូលក្នុងចិត្តគេ ដោយជំនឿឡើយ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា «យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឲ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត»។ ចំពោះយើងជាអ្នកជឿវិញ យើងបានចូលមកសម្រាកជាមួយព្រះអង្គហើយ។ ពិតមែនហើយ ព្រះជាម្ចាស់បានបង្ហើយកិច្ចការរបស់ព្រះអង្គ តាំងពីកំណើតពិភពលោកមកម៉្លេះ ដ្បិតមានចែងទុកត្រង់វគ្គមួយស្ដីអំពីថ្ងៃទីប្រាំពីរថាៈ ព្រះជាម្ចាស់បង្ហើយកិច្ចការទាំងអស់នៅថ្ងៃទីប្រាំពីរ រួចព្រះអង្គក៏សម្រាក ។ ក្នុងអត្ថបទគម្ពីរខាងលើនេះមានចែងសាជាថ្មីថា: «ពួកគេនឹងមិនបានចូលទៅសម្រាកជាមួយយើងជាដាច់ខាត»។ ព្រះជាម្ចាស់បានតម្រូវឲ្យអ្នកខ្លះចូលទៅសម្រាក ក៏ប៉ុន្តែ ដោយអស់អ្នកដែលទទួលដំណឹងល្អពីមុនមិនបានចូល ព្រោះគេមិនស្ដាប់បង្គាប់ ព្រះអង្គក៏កំណត់យក“ថ្ងៃនេះ”មួយទៀត គឺព្រះអង្គមានព្រះបន្ទូលតាមរយៈព្រះបាទដាវីឌជាយូរអង្វែងក្រោយមកទៀត ដូចមានចែងទុកនៅខាងលើនេះស្រាប់ថា: «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសឡើយ»។
ហេប្រឺ 4:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ដែលនៅមានសេចក្ដីសន្យាទុកមក ឲ្យបានចូលក្នុងសេចក្ដីសំរាករបស់ទ្រង់ នោះត្រូវឲ្យយើងរាល់គ្នាខ្លាចចុះ ក្រែងអ្នករាល់គ្នាណាមួយមើលទៅដូចជាឈោងទៅមិនដល់ ដ្បិតដំណឹងល្អបានផ្សាយមកយើងរាល់គ្នាដូចជាដល់គេដែរ ប៉ុន្តែ ព្រះបន្ទូលដែលគេឮ នោះគ្មានប្រយោជន៍ដល់គេសោះ ដោយព្រោះមិនបានលាយនឹងសេចក្ដីជំនឿ ក្នុងចិត្តនៃពួកអ្នកដែលឮនោះ តាមសេចក្ដីដែលទ្រង់មានបន្ទូលថា «អញបានស្បថទាំងកំហឹងថា វារាល់គ្នាមិនត្រូវចូលទៅក្នុងសេចក្ដីសំរាករបស់អញសោះឡើយ» តែយើងរាល់គ្នាដែលជឿ យើងចូលក្នុងសេចក្ដីសំរាកនោះវិញ ទោះបើការទាំងប៉ុន្មានបានសំរេច តាំងពីកំណើតលោកីយមកក៏ដោយ ដ្បិតនៅកន្លែងណាមួយ នោះទ្រង់មានបន្ទូលពីថ្ងៃទី៧ដូច្នេះថា «ព្រះទ្រង់បានឈប់សំរាក ពីអស់ទាំងការរបស់ទ្រង់នៅថ្ងៃទី៧» ហើយនៅកន្លែងនេះទៀតថា «វារាល់គ្នាមិនត្រូវចូល ទៅក្នុងសេចក្ដីសំរាករបស់អញសោះឡើយ» ដូច្នេះ ដែលនៅតែបើកឲ្យអ្នកខ្លះបានចូលទៅក្នុងសេចក្ដីសំរាកនោះ ហើយពួកអ្នកដែលឮដំណឹងល្អពីដើម គេមិនបានចូលទេ ដោយព្រោះមិនជឿ នោះបានជាទ្រង់ដាក់កំណត់ថ្ងៃ១ទៀតថា «នៅថ្ងៃនេះ» ដូច្នេះវិញ ទាំងមានបន្ទូលដោយសារហ្លួងដាវីឌ ជាយូរក្រោយមក តាមពាក្យអម្បាញ់មិញ ដែលថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូសឡើយ»