ហេប្រឺ 3:7-19

ហេប្រឺ 3:7-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុនេះ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​ព្រះ‌អង្គ នោះ​មិន​ត្រូវ​តាំង​ចិត្ត​រឹង​រូស​ឡើយ ដូច​កាល​គ្រា​បះ‌បោរ​នៅ​ថ្ងៃ​ដែល​មាន​ការ​ល្បង​ល នៅ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង​ល​យើង ហើយ​គេ​ឃើញ​កិច្ច‌ការ​ដែល​យើង​ធ្វើ អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខឹង​នឹង​មនុស្សជំនាន់​នោះ ហើយ​ថា "ពួក​គេ​ចេះ​តែ​មាន​ចិត្ត​វង្វេង​ជា​ដរាប គេ​មិន​ស្គាល់​ផ្លូវ​របស់​យើង​សោះ"។ ដូច្នេះ យើង​ស្បថ​ទាំង​កំហឹង​ថា "ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​យើង​ឡើយ"» ។ ដូច្នេះ បង‌ប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​មាន​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ចិត្ត​អាក្រក់​បែរ​ចេញ​ពី​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់។ ផ្ទុយ​ទៅ​វិញ ចូរ​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ ក្នុង​កាលដែល​នៅ​តែ​មាន​ពាក្យ​ថា «ថ្ងៃ​នេះ» នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹង​រូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប។ ប្រសិន‌បើ​យើង​កាន់​ខ្ជាប់​តាម​ចិត្ត​ជឿ​ជាក់​ដែល​យើង​មានតាំង​ពី​ដំបូង រហូត​ដល់​ចុង​បំផុត​មែន នោះ​យើង​ពិត​ជា​មាន​ចំណែក​ជា​មួយ​ព្រះ‌គ្រីស្ទ​ហើយ ព្រោះ​មាន​សេចក្តី​ចែង​ថា៖ «នៅ​ថ្ងៃ​នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​ព្រះ‌អង្គ នោះមិន​ត្រូវ​តាំង​ចិត្ត​រឹង‌រូស ដូច​កាល​គ្រា​បះ‌បោរ​នោះ​ឡើយ»។ ដ្បិត​តើ​អ្នក​ណា​ដែល​បាន​ឮ ហើយ​បះ‌បោរ​នោះ? តើ​មិន​មែន​ជា​អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ​ឬ? តើ​ព្រះ‌អង្គ​ក្រោធ​នឹង​អ្នក​ណា ក្នុង​រយៈ​សែសិប​ឆ្នាំ​នោះ? តើ​មិន​មែន​ជា​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​សាក​សព​របស់​គេ​បាន​ដួល នៅ​ទី​រហោ‌ស្ថាន​ទេ​ឬ? តើ​ព្រះ‌អង្គ​បាន​ស្បថ​នឹង​អ្នក​ណា​ថា ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះ‌អង្គ? តើ​មិន​មែន​នឹង​អស់​អ្នក​ដែល​មិន​ព្រម​ស្តាប់​បង្គាប់​ទេ​ឬ? ដូច្នេះ យើង​ឃើញ​ថា អ្នក​ទាំង​នោះ​ពុំ​អាច​ចូល​ទៅ​បាន ដោយ​ព្រោះ​គេ​មិន​ជឿ។

ចែក​រំលែក
អាន ហេប្រឺ 3

ហេប្រឺ 3:7-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ ដូច​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​មាន​ព្រះ‌បន្ទូល​ថា៖ «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង របស់​ព្រះអង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ដូច​នៅ​គ្រា​បះ‌បោរ ក្នុង​ថ្ងៃ​ដែល​គេ​ល្បង‌ល​ព្រះអង្គ នៅ​វាល​រហោ​ស្ថាន​នោះ​ឡើយ បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង ដើម្បី​សាក​មើល​យើង ហើយ​គេ​ឃើញ​កិច្ចការ​ដែល​យើង​បាន​ធ្វើ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាស់​ចិត្ត​នឹង មនុស្ស​នៅ​ជំនាន់​នោះ​ណាស់ ហើយ​យើង​បាន​ពោល​ថា: ចិត្ត​របស់​ពួក​គេ​ចេះ​តែ​វង្វេង​រហូត​ទៅ គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា ថា មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាក ជា​មួយ​យើង​ជា​ដាច់​ខាត» ។ ដូច្នេះ បងប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​នរណា​ម្នាក់ ក្នុង​ចំណោម​បងប្អូន បែរ​ជា​មាន​ចិត្ត​អាក្រក់​លែង​ជឿ រហូត​ដល់​ទៅ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ផ្ទុយ​ទៅ​វិញ ចូរ​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ជា​រៀង​រាល់​ថ្ងៃ គឺ​គ្រប់​ពេល​ដែល​មាន​ចែង​ក្នុង​គម្ពីរ​ថា«ថ្ងៃ​នេះ!» នៅ​ឡើយ ដើម្បី​កុំ​ឲ្យ​បងប្អូន​ណា​ម្នាក់​ប្រកាន់​ចិត្ត​រឹង‌រូស ដោយ​ចាញ់​បោក​បាប*។ ប្រសិន​បើ​យើង​រក្សា​ជំហរ​រឹង‌ប៉ឹង ដែល​យើង​មាន​តាំង​ពី​ដំបូង​មក រហូត​ដល់​ចុង​បញ្ចប់​មែន​នោះ យើង​បាន​ចូល​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​ហើយ ព្រោះ​ក្នុង​គម្ពីរ​មាន​ចែង​ថា «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង របស់​ព្រះអង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ដូច​នៅ​គ្រា​បះ‌បោរ នោះ​ឡើយ»។ តើ​នរណា​ខ្លះ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌ជាម្ចាស់ ហើយ​បែរ​ជា​នាំ​គ្នា​បះ‌បោរ? អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ​ឬ? ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នោះ តើ​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​នរណា​ខ្លះ? ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ត្រូវ​ស្លាប់​ចោល​ឆ្អឹង​នៅ​វាល​រហោ‌ស្ថាន​នោះ​ឬ? តើ​ព្រះអង្គ​បាន​ប្ដេជ្ញា​ថា​មិន​ឲ្យ​នរណា​ខ្លះ​ចូល​មក​សម្រាក​ជា​មួយ​ព្រះអង្គ? គឺ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះអង្គ​នោះ​ឬ? ដូច្នេះ យើង​ឃើញ​ថា​ពួក​គេ​ពុំ​បាន​ចូល​ទៅ​សម្រាក​មក​ពី​ពួក​គេ​គ្មាន​ជំនឿ។

ចែក​រំលែក
អាន ហេប្រឺ 3

ហេប្រឺ 3:7-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ចូរ​ប្រយ័ត​បង​ប្អូន​អើយ ក្រែង​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ មាន​ចិត្ត​អាក្រក់ ដោយ​មិន​ជឿ ព្រម​ទាំង​បោះ​បង់​ចោល​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដូច​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មាន​បន្ទូល​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស​ឡើយ ដូច​កាល​គ្រា​បះ‌បោរ នៅ​ថ្ងៃ​ដែល​មាន​សេចក្ដី​ល្បួង នៅ​ក្នុង​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ពួក​ឰយុកោ​ឯង​រាល់​គ្នា​បាន​ល្បង​អញ ទាំង​សាក​អញ​មើល ហើយ​ក៏​ឃើញ​ការ​អញ​ធ្វើ នៅ​រវាង​៤០​ឆ្នាំ​ផង​នោះ ដូច្នេះ អញ​ក៏​គ្នាន់‌ក្នាញ់​នឹង​មនុស្ស​ដំណ​នោះ ហើយ​និយាយ​ថា វា​រាល់​គ្នា​ចេះ​តែ​មាន​ចិត្ត​វង្វេង​ជា​ដរាប ហើយ​មិន​បាន​ស្គាល់​ផ្លូវ​របស់​អញ​សោះ បាន​ជា​អញ​ស្បថ​ទាំង​កំហឹង​ថា វា​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​អញ​សោះ​ឡើយ» តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា «ថ្ងៃ​នេះ» នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹង‌រូស ដោយ​សេចក្ដី​បញ្ឆោត​របស់​អំពើ​បាប ដ្បិត​បើ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្ដី​ជំនឿ​ដើម ដរាប​ដល់​ចុង​បំផុត​មែន នោះ​ពិត​ជា​យើង​បាន​ត្រឡប់​ជា​អ្នក​មាន​ចំណែក​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ​ហើយ កំពុង​ដែល​នៅ​មាន​សេចក្ដី​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស ដូច​កាល​គ្រា​បះ‌បោរ​នោះ​ឡើយ» ចុះ​តើ​អ្នក​ណា​ដែល​ឮ រួច​កើត​បះ‌បោរ​នោះ តើ​មិន​មែន​ជា​អស់​អ្នក ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទេ​ឬ​អី តើ​ទ្រង់​គ្នាន់‌ក្នាញ់​នឹង​អ្នក​ណា នៅ​រវាង​៤០​ឆ្នាំ​នោះ តើ​មិន​មែន​នឹង​អស់​អ្នក​ដែល​បាន​ធ្វើ​បាប ដែល​សាក​សព​របស់​គេ​បាន​ដួល នៅ​ទី​រហោ‌ស្ថាន​ទេ​ឬ​អី ហើយ​តើ​ទ្រង់​បាន​ស្បថ​នឹង​អ្នក​ណា​ថា «វា​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​អញ​សោះ​ឡើយ» បើ​មិន​មែន​នឹង​អស់​អ្នក ដែល​មិន​ស្តាប់​បង្គាប់​ទេ ដូច្នេះ យើង​ឃើញ​ថា អ្នក​ទាំង​នោះ​ពុំ​អាច​នឹង​ចូល​បាន​ទេ ដោយ​ព្រោះ​គេ​មិន​ជឿ។

ចែក​រំលែក
អាន ហេប្រឺ 3